បណ្ដាស្ដេចទី២ ១៦:១-២០

  • អេហាស​ជា​ស្ដេច​ស្រុក​យូដា (​១​-​៦)

  • អេហាស​ឲ្យ​ជំនូន​ដល់​ស្ដេច​ស្រុក​អាស៊ីរី (​៧​-​៩)

  • អេហាស​យក​លំនាំ​តាម​ទី​បូជា​របស់​ព្រះ​ដទៃ (​១០​-​១៨)

  • សេចក្ដី​ស្លាប់​របស់​អេហាស (​១៩, ២០)

១៦  នៅ​ឆ្នាំ​ទី​១៧​ក្នុង​រាជ្យ​ភេកា​ជា​កូន​រេម៉ាលៀ អេហាស+ជា​កូន​យ៉ូថាម​បាន​គ្រប់​គ្រង​ជា​ស្ដេច​លើ​ស្រុក​យូដា។ ២  ពេល​នោះ គាត់​មាន​អាយុ​២០​ឆ្នាំ ហើយ​គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​១៦​ឆ្នាំ។ គាត់​មិន​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ដូច​ដាវីឌ​ជា​បុព្វ​បុរស​របស់​គាត់​ទេ។+ ៣  ផ្ទុយ​ទៅ​វិញ គាត់​បាន​ដើរ​តាម​គន្លង​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល+ ហើយ​ថែម​ទាំង​ដុត​កូន​របស់​ខ្លួន​ជូន​ជា​គ្រឿង​បូជា*ទៀត​ផង។+ គាត់​បាន​ធ្វើ​តាម​ទង្វើ​ដ៏​គួរ​ឲ្យស្អប់​ខ្ពើម​របស់​ប្រជា​ជាតិ​នា​នា+ ដែល​ព្រះ​យេហូវ៉ា​បាន​បណ្ដេញ​ចេញ​ពី​មុខ​ជន​ជាតិ​អ៊ីស្រាអែល។ ៤  បន្ថែម​ទៅ​ទៀត គាត់​ក៏​បាន​ជូន​គ្រឿង​បូជា និង​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​នៅ​លើ​ទី​ខ្ពស់​ពិសិដ្ឋ+ នៅ​ទី​ទួល និង​នៅ​ក្រោម​ដើម​ឈើ​ខៀវ​ខ្ចី។+ ៥  នៅ​គ្រា​នោះ រេសិន​ជា​ស្ដេច​ស្រុក​ស៊ីរី និង​ភេកា​កូន​រេម៉ាលៀ​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល បាន​រួម​គ្នា​ឡើង​ទៅ​ច្បាំង​នឹង​អេហាស។+ ពួក​គេ​បាន​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម តែ​មិន​អាច​ដណ្ដើម​យក​ក្រុង​នោះ​បាន​ទេ។ ៦  ពេល​នោះ រេសិន​ជា​ស្ដេច​ស្រុក​ស៊ីរី​បាន​ដណ្ដើម​យក​ក្រុង​អេឡាត+ ហើយ​គាត់​ក៏​ប្រគល់​ឲ្យ​ជន​ជាតិ​អេដំ​វិញ។ គាត់​បាន​បណ្ដេញ​ជន​ជាតិ​យូដា​ចេញ​ពី​ក្រុង​អេឡាត ហើយ​ឲ្យ​ជន​ជាតិ​អេដំ​ចូល​ទៅ​រស់​នៅ​ក្នុង​ក្រុង​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។ ៧  ដូច្នេះ អេហាស​បាន​ចាត់​ពួក​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជម្រាប​ធីឡាតភីលីសឺ+ជា​ស្ដេច​ស្រុក​អាស៊ីរី​ថា​៖ ​«​ខ្ញុំ​ជា​អ្នក​បម្រើ​និង​ជា​កូន​ចៅ​របស់​លោក។ ស្ដេច​ស្រុក​ស៊ីរី​និង​ស្ដេច​ស្រុក​អ៊ីស្រាអែល​កំពុង​រួម​ដៃ​គ្នា​ប្រយុទ្ធ​នឹង​ខ្ញុំ សូម​លោក​ឡើង​មក​ជួយ​សង្គ្រោះ​ខ្ញុំ​ផង​»។ ៨  រួច​មក អេហាស​បាន​ប្រមូល​មាស​ប្រាក់​ទាំង​អស់​ពី​វិហារ​ព្រះ​យេហូវ៉ា​និង​ពី​ឃ្លាំង​វិមាន​ស្ដេច យក​ទៅ​ប្រគល់​ឲ្យ​ស្ដេច​ស្រុក​អាស៊ីរី​ជា​ជំនូន។+ ៩  ស្ដេច​អាស៊ីរី​ក៏​ធ្វើ​តាម​សំណូម​ពរ​របស់​អេហាស។ គាត់​ក៏​ទៅ​ច្បាំង​នឹង​ក្រុង​ដាម៉ាស់ ហើយ​ដណ្ដើម​យក​បាន​ក្រុង​នោះ។ គាត់​បាន​និរទេស​បណ្ដា​ជន​ក្នុង​ក្រុង​នោះ​ទៅ​តំបន់​គា។+ នៅ​ពេល​នោះ គាត់​ក៏​បាន​សម្លាប់​រេសិន​ដែរ។+ ១០  បន្ទាប់​មក ស្ដេច​អេហាស​បាន​ទៅ​ក្រុង​ដាម៉ាស់ ដើម្បី​ជួប​ធីឡាតភីលីសឺ​ជា​ស្ដេច​ស្រុក​អាស៊ីរី។ នៅ​ទី​នោះ​អេហាស​បាន​ឃើញ​ទី​បូជា​ធំ​មួយ។ ដូច្នេះ គាត់​ក៏​ផ្ញើ​គំរូ​និង​ទ្រង់​ទ្រាយ​នៃ​ទី​បូជា​នោះ​ទៅ​ឲ្យ​យូរ៉ាយ៉ា​ជា​សង្ឃ។+ ១១  យូរ៉ាយ៉ា+ក៏​សង់​ទី​បូជា​មួយ+ តាម​ការ​ណែនាំ​ទាំង​អស់​ដែល​ស្ដេច​អេហាស​បាន​ផ្ញើ​ពី​ក្រុង​ដាម៉ាស់។ យូរ៉ាយ៉ា​បាន​សង់​ទី​បូជា​នោះ​រួច​រាល់ មុន​នឹង​ស្ដេច​អេហាស​ត្រឡប់​ពី​ក្រុង​ដាម៉ាស់​វិញ។ ១២  កាល​ស្ដេច​អេហាស​បាន​មក​ដល់ គាត់​ឃើញ​ទី​បូជា​នោះ ហើយ​ក៏​ចូល​ទៅ​ជូន​គ្រឿង​បូជា​នៅ​លើ​នោះ​ទៅ។+ ១៣  បន្ថែម​ទៅ​ទៀត គាត់​ក៏​ជូន​គ្រឿង​បូជា​ដុត និង​គ្រឿង​បូជា​ពី​ស្រូវ​ឲ្យ​ផ្សែង​ហុយ​ឡើង ព្រម​ជា​មួយ​នឹង​គ្រឿង​បូជា​ជា​ស្រា​ផង​ដែរ។ គាត់​ថែម​ទាំង​បាន​ប្រោះ​ឈាម​នៃ​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ទៅ​លើ​ទី​បូជា​នោះ​ផង​ដែរ។ ១៤  រីឯ​ទី​បូជា​ធ្វើ​ពី​ស្ពាន់+ ដែល​ស្ថិត​នៅ​ខាង​មុខ​វិហារ​ព្រះ​យេហូវ៉ា ស្ដេច​ឲ្យ​គេ​លើក​ចេញ​ពី​កន្លែង​ដើម​ដែល​ស្ថិត​នៅ​ចន្លោះ​វិហារ​ព្រះ​យេហូវ៉ា​និង​ទី​បូជា​របស់​គាត់ ហើយ​យក​ទៅ​ដាក់​នៅ​ប៉ែក​ខាង​ជើង​ទី​បូជា​របស់​គាត់​វិញ។ ១៥  ស្ដេច​អេហាស​បាន​បង្គាប់​យូរ៉ាយ៉ា+ជា​សង្ឃ​ថា​៖ ​«​ចូរ​ជូន​គ្រឿង​បូជា​ដុត​នៅ​ពេល​ព្រឹក និង​គ្រឿង​បូជា​ពី​ស្រូវ​នៅ​ពេល​ល្ងាច+ ព្រម​ទាំង​ជូន​គ្រឿង​បូជា​ដុត និង​គ្រឿង​បូជា​ពី​ស្រូវ​របស់​ស្ដេច​លើ​ទី​បូជា​ដ៏​ធំ​នេះ ឲ្យ​ផ្សែង​ហុយ​ឡើង។+ អ្នក​ក៏​ត្រូវ​ជូន​គ្រឿង​បូជា​ដុត គ្រឿង​បូជា​ពី​ស្រូវ និង​គ្រឿង​បូជា​ជា​ស្រា​របស់​បណ្ដា​ជន​ទាំង​អស់​ដែរ។ បន្ថែម​ទៅ​ទៀត អ្នក​ត្រូវ​ប្រោះ​ឈាម​នៃ​គ្រឿង​បូជា​ដុត និង​ឈាម​នៃ​គ្រឿង​បូជា​ឯ​ទៀត​ទៅ​លើ​ទី​បូជា​ដ៏​ធំ​នោះ។ ឯ​ទី​បូជា​ធ្វើ​ពី​ស្ពាន់​វិញ ចាំ​ខ្ញុំ​គិត​សិន​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​»។ ១៦  ក្រោយ​ពី​ស្ដាប់​រួច យូរ៉ាយ៉ា​ជា​សង្ឃ​ក៏​ធ្វើ​តាម​បង្គាប់​របស់​ស្ដេច​អេហាស​គ្រប់​ជំពូក។+ ១៧  លើស​ពី​នោះ​ទៅ​ទៀត អេហាស​បាន​កាត់​បន្ទះ​ជុំវិញ​រទេះ​ទឹក+ទៅ​ជា​បំណែក​ៗ ហើយ​ដក​ចាន​ក្លាំ​ចេញ​ពី​រទេះ​ទាំង​នោះ។+ គាត់​ក៏​បាន​យក​អាង​ធំ*ចេញ​ពី​លើ​គោ​ស្ពាន់+ ទៅ​ដាក់​នៅ​លើ​កម្រាល​ថ្ម​វិញ។+ ១៨  គាត់​បាន​បំបាត់​ចោល​រោង​សម្រាប់​ប្រើ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ដែល​គេ​បាន​សង់​នៅ​វិហារ និង​បិទ​ច្រក​ចូល​ដែល​ស្ដេច​ធ្វើ​ដំណើរ​ទៅ​វិហារ​ព្រះ​យេហូវ៉ា។ គាត់​ធ្វើ​ដូច្នោះ ដើម្បី​ផ្គាប់​ចិត្ត​ស្ដេច​ស្រុក​អាស៊ីរី។ ១៩  រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អេហាស​បាន​ធ្វើ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​យូដា។+ ២០  ក្រោយ​មក អេហាស​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​ជា​មួយ​នឹង​បុព្វ​បុរស​គាត់​នៅ​ក្រុង​ដាវីឌ។ រួច​មក ហេសេគា*+ជា​កូន​ក៏​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។

កំណត់សម្គាល់

ន័យ​ត្រង់​«​គាត់​ធ្វើ​ឲ្យ​កូន​គាត់​ឆ្លង​កាត់​ភ្លើង​»​
ន័យ​ត្រង់​«​សមុទ្រ​»​
មាន​ន័យ​ថា​«​ព្រះ​យេហូវ៉ា​ពង្រឹង​កម្លាំង​»​