បណ្ដាស្ដេចទី២ ១៧:១-៤១

  • ហូស៊ា​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល (​១​-​៤)

  • ការ​ដួល​រលំ​នៃ​រាជាណាចក្រ​អ៊ីស្រាអែល (​៥, ៦)

  • ពួក​អ៊ីស្រាអែល​បាន​ត្រូវ​និរទេស​ដោយ​ព្រោះ​តែ​ការ​ក្បត់​ជំនឿ (​៧​-​២៣)

  • ជន​ជាតិ​ដទៃ​បាន​ត្រូវ​នាំ​យក​ទៅ​រស់​នៅ​ក្នុង​បណ្ដា​ក្រុង​របស់​ពួក​សាម៉ារី (​២៤​-​២៦)

  • ការ​លាយ​ឡំ​ជំនឿ​សាសនា​របស់​ពួក​សាម៉ារី (​២៧​-​៤១)

១៧  នៅ​ឆ្នាំ​ទី​១២​ក្នុង​រាជ្យ​អេហាស​ជា​ស្ដេច​ស្រុក​យូដា ហូស៊ា+ជា​កូន​អេឡា​បាន​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល ហើយ​គាត់​គ្រប់​គ្រង​នៅ​ក្រុង​សាម៉ារី​អស់​រយៈ​ពេល​៩​ឆ្នាំ។ ២  គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត តែ​មិន​ដល់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ដែល​នៅ​មុន​ៗ​គាត់​ទេ។ ៣  នៅ​គ្រា​នោះ សាលម៉ាននីសឺ​ជា​ស្ដេច​ស្រុក​អាស៊ីរី​បាន​មក​ច្បាំង​នឹង​ហូស៊ា។+ ហូស៊ា​បាន​ចុះ​ចាញ់ ហើយ​សុខ​ចិត្ត​បម្រើ​ស្ដេច​ស្រុក​អាស៊ីរី ថែម​ទាំង​យល់​ព្រម​បង់​សួយ​អាករ​ដល់​គាត់​ទៀត​ផង។+ ៤  ប៉ុន្តែ​ក្រោយ​មក ហូស៊ា​បាន​ក្បត់​នឹង​ស្ដេច​ស្រុក​អាស៊ីរី ដោយ​ចាត់​អ្នក​នាំ​សារ​ទៅ​ជួប​សូ ជា​ស្ដេច​ស្រុក​អេហ្ស៊ីប+ ហើយ​លែង​បង់​សួយ​អាករ​ដល់​ស្ដេច​ស្រុក​អាស៊ីរី​ទៀត។ ពេល​ស្ដេច​ស្រុក​អាស៊ីរី​ដឹង​អំពី​រឿង​នោះ គាត់​ក៏​ចាប់​ហូស៊ា​ដាក់​ច្រវាក់ យក​ទៅ​ឃុំ​ឃាំង​ក្នុង​គុក។ ៥  គ្រា​នោះ ស្ដេច​ស្រុក​អាស៊ីរី​បាន​ចូល​មក​ឈ្លានពាន​ទឹក​ដី​អ៊ីស្រាអែល​ទាំង​មូល ហើយ​ទៅ​ឡោម​ព័ទ្ធ​ក្រុង​សាម៉ារី​អស់​រយៈ​ពេល​បី​ឆ្នាំ។ ៦  នៅ​ឆ្នាំ​ទី​៩​ក្នុង​រាជ្យ​ហូស៊ា ស្ដេច​ស្រុក​អាស៊ីរី​ដណ្ដើម​យក​បាន​ក្រុង​សាម៉ារី។+ បន្ទាប់​មក គាត់​បាន​និរទេស​ជន​ជាតិ​អ៊ីស្រាអែល+ទៅ​ស្រុក​អាស៊ីរី ហើយ​បាន​ឲ្យ​ពួក​គេ​រស់​នៅ​ក្នុង​តំបន់​ហាឡា និង​តំបន់​ហាបោ​ជិត​ទន្លេ​កូសាន+ រួម​ទាំង​ក្រុង​ផ្សេង​ៗ​របស់​ពួក​មេឌី។+ ៧  រឿង​នេះ​បាន​កើត​ឡើង​ដោយ​សារ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​បាន​រំដោះ​ពួក​គេ​ចេញ​ពី​កណ្ដាប់​ដៃ​ផារ៉ូ​ជា​ស្ដេច​ស្រុក​អេហ្ស៊ីប។+ ពួក​គេ​បាន​គោរព​បូជា*ដល់​ព្រះ​ឯ​ទៀត។+ ៨  ពួក​គេ​ក៏បាន​ធ្វើ​តាម​ទំនៀម​ទម្លាប់​របស់​ប្រជា​ជាតិ​នា​នា ដែល​ព្រះ​យេហូវ៉ា​បាន​បណ្ដេញ​ចេញ​ពី​មុខ​ពួក​គេ។ បន្ថែម​ទៅ​ទៀត ពួក​គេ​ក៏​ធ្វើ​តាម​ទម្លាប់​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ដែរ។ ៩  ជន​ជាតិ​អ៊ីស្រាអែល​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។ ពួក​គេ​ចេះ​តែ​ធ្វើ​ទី​ខ្ពស់​ពិសិដ្ឋ​នៅ​ក្រុង​ទាំង​ឡាយ+ គឺ​ចាប់​ពី​ប៉ម​ចាំ​យាម​រហូត​ដល់​ក្រុង​ដែល​មាន​កំពែង​រឹង​មាំ។* ១០  ម្យ៉ាង​ទៀត ពួក​គេ​តែង​តែ​បញ្ឈរ​បង្គោល​ថ្ម​និង​បង្គោល​ឈើ​ពិសិដ្ឋ*+ នៅ​លើ​ទី​ទួល​និង​នៅ​ក្រោម​ដើម​ឈើ​ខៀវ​ខ្ចី។+ ១១  ឯ​នៅ​លើ​ទី​ខ្ពស់​ពិសិដ្ឋ​វិញ ពួក​គេ​តែង​តែ​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង តាម​ទំនៀម​ទម្លាប់​របស់​ប្រជា​ជាតិ​នា​នា ដែល​ព្រះ​យេហូវ៉ា​បាន​បណ្ដេញ​ចេញ​ពី​មុខ​ពួក​គេ។+ ពួក​គេ​បាន​ប្រព្រឹត្ត​អ្វី​ដែល​អាក្រក់​ជា​និច្ច ហើយ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ខឹង​នឹង​ពួក​គេ។ ១២  ពួក​គេ​បន្ត​គោរព​បម្រើ​រូប​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម។+ ស្ដី​អំពី​រឿង​នេះ ព្រះ​យេហូវ៉ា​ធ្លាប់​ហាម​ពួក​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ដូច្នេះ​ឡើយ!​»។+ ១៣  តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ​និង​ពួក​អ្នក​មើល​ធ្លុះ ព្រះ​យេហូវ៉ា​តែង​តែ​ព្រមាន​បណ្ដា​ជន​អ៊ីស្រាអែល​និង​បណ្ដា​ជន​យូដា+ថា​៖ ​«​ចូរ​លះ​ចោល​ផ្លូវ​អាក្រក់​របស់​អ្នក​រាល់​គ្នា​ទៅ+ ហើយ​ធ្វើ​តាម​បង្គាប់​និង​បញ្ញត្តិ​របស់​ខ្ញុំ គឺ​ច្បាប់​ទាំង​អស់​ដែល​ខ្ញុំ​បាន​ឲ្យ​ដល់​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ច្បាប់​ដែល​ខ្ញុំ​ឲ្យ​ដល់​អ្នក​រាល់​គ្នា តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ​ជា​អ្នក​បម្រើ​របស់​ខ្ញុំ​»។ ១៤  ប៉ុន្តែ ពួក​គេ​មិន​បាន​ស្ដាប់​លោក​ទេ។ ពួក​គេ​នៅ​តែ​រឹង​ចចេស​ដូច​បុព្វ​បុរស​ពួក​គេ គឺ​ជា​អ្នក​ដែល​មិន​បាន​បង្ហាញ​ជំនឿ​លើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្លួន។+ ១៥  ពួក​គេ​មិន​បាន​កាន់​តាម​ច្បាប់​របស់​ព្រះ ហើយ​ក៏​មិន​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង+ដែល​លោក​បាន​ធ្វើ​ជា​មួយ​នឹង​បុព្វ​បុរស​របស់​ពួក​គេ​ដែរ។ ឯ​សេចក្ដី​រំលឹក​របស់​លោក​វិញ ពួក​គេ​មិន​បាន​ធ្វើ​តាម​សោះ។+ ពួក​គេ​ចេះ​តែ​គោរព​បូជា​រូប​ព្រះ​ដែល​ឥត​បាន​ការ+ ហេតុ​នេះ​ពួក​គេ​ក៏​ទៅ​ជា​មនុស្ស​ដែល​ឥត​បាន​ការ​ដែរ។+ ពួក​គេ​ធ្វើ​តាម​ប្រជា​ជាតិ​ដែល​នៅ​ជុំវិញ គឺ​ប្រជា​ជាតិ​ដែល​ព្រះ​យេហូវ៉ា​បាន​ហាម​ពួក​គេ​មិន​ឲ្យ​ធ្វើ​តាម​ឡើយ។+ ១៦  ជន​ជាតិ​អ៊ីស្រាអែល​ចេះ​តែ​លះ​ចោល​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្លួន។ ពួក​គេ​បាន​ធ្វើ​រូប​កូន​គោ​ពីរ​ពី​លោហៈ+ និង​បង្គោល​ឈើ​ពិសិដ្ឋ*+ ថែម​ទាំង​ក្រាប​គោរព​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ+ ហើយ​គោរព​បម្រើ​ព្រះ​បាល​ផង​ដែរ។+ ១៧  បន្ថែម​ទៅ​ទៀត ពួក​គេ​បាន​ដុត​កូន​ប្រុស​កូន​ស្រី​ខ្លួន​ជា​គ្រឿង​បូជា+ ហើយ​មើល​ប្រផ្នូល ព្រម​ទាំង​ទស្សន៍​ទាយ​ទៀត​ផង។+ ពួក​គេ​បាន​បណ្ដោយ​ខ្លួន​ឲ្យ​ប្រព្រឹត្ត​អ្វី​ដែល​អាក្រក់​ជា​និច្ច ហើយ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ខឹង។ ១៨  ដូច្នេះ ព្រះ​យេហូវ៉ា​ខឹង​នឹង​ជន​ជាតិ​អ៊ីស្រាអែល​ជា​ខ្លាំង។ ម្ល៉ោះ​ហើយ លោក​បាន​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​លោក​ទៅ+ ដោយ​មិន​ទុក​ឲ្យ​សល់​កុលសម្ព័ន្ធ​ណា​មួយ​ឡើយ លើក​លែង​តែ​កុលសម្ព័ន្ធ​យូដា​មួយ​ប៉ុណ្ណោះ។ ១៩  ក្រោយ​មក សូម្បី​តែ​កុលសម្ព័ន្ធ​យូដា​ក៏​មិន​បាន​កាន់​តាម​បញ្ញត្តិ​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្លួន​ដែរ។+ ផ្ទុយ​ទៅ​វិញ ពួក​គេ​ធ្វើ​តាម​ទំនៀម​ទម្លាប់​របស់​បណ្ដា​ជន​អ៊ីស្រាអែល។+ ២០  ព្រះ​យេហូវ៉ា​ឈប់​ទទួល​ស្គាល់​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់។ លោក​បាន​ធ្វើ​ឲ្យ​ពួក​គេ​អាម៉ាស់​មុខ ដោយ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ខ្មាំង​សត្រូវ រហូត​ដល់​ពួក​គេ​បាត់​ចេញ​ពី​មុខ​លោក​ទៅ។ ២១  ព្រះ​យេហូវ៉ា​បាន​ផ្ដាច់​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ពូជ​ពង្ស​របស់​ដាវីឌ។ ពួក​គេ​ក៏​បាន​តែង​តាំង​យេរ៉ូបោម​ជា​កូន​ណេបាត​ឲ្យ​ធ្វើ​ជា​ស្ដេច​គ្រប់​គ្រង​លើ​ពួក​គេ​វិញ។+ ប៉ុន្តែ យេរ៉ូបោម​បាន​នាំ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​បែរ​ចេញ​ពី​លោក ព្រម​ទាំង​នាំ​ពួក​គេ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដ៏​ធ្ងន់​ធ្ងរ​ទៀត​ផង។ ២២  ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​តែង​តែ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​តាម​គន្លង​របស់​យេរ៉ូបោម+ ហើយ​ក៏​មិន​បាន​បែរ​ចេញ​ពី​អំពើ​ខុស​ឆ្គង​ទាំង​នោះ​ឡើយ។ ២៣  ហេតុ​នេះ ព្រះ​យេហូវ៉ា​បាន​បណ្ដេញ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​មុខ​លោក ដូច​ដែល​លោក​បាន​មាន​ប្រសាសន៍​តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ​ជា​អ្នក​បម្រើ​លោក។+ ម្ល៉ោះ​ហើយ ជន​ជាតិ​អ៊ីស្រាអែល​បាន​ត្រូវ​និរទេស​ទៅ​ទឹក​ដី​អាស៊ីរី+ ហើយ​ពួក​គេ​រស់​នៅ​ទី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។ ២៤  គ្រា​នោះ ស្ដេច​ស្រុក​អាស៊ីរី​បាន​នាំ​ជន​ជាតិ​ដទៃ​ពី​ក្រុង​បាប៊ីឡូន ក្រុង​គូថា ក្រុង​អាវ៉ា ក្រុង​ហាម៉ាត និង​ក្រុង​សេផាវែម+ ឲ្យ​ទៅ​រស់​នៅ​តាម​បណ្ដា​ក្រុង​ក្នុង​ស្រុក​សាម៉ារី ជំនួស​ជន​ជាតិ​អ៊ីស្រាអែល​វិញ។ ហេតុ​នេះ ជន​ជាតិ​ដទៃ​ក៏​បាន​រស់​នៅ​ពេញ​ក្នុង​ស្រុក​សាម៉ារី។ ២៥  ពេល​ពួក​គេ​មក​រស់​នៅ​ដំបូង ពួក​គេ​មិន​បាន​កោត​ខ្លាច*ព្រះ​យេហូវ៉ា​ទេ។ ដូច្នេះ ព្រះ​យេហូវ៉ា​ប្រើ​សត្វ​តោ​ឲ្យ​ទៅ​ប្រហារ​ពួក​គេ​អស់​មួយ​ចំនួន​ទៅ។+ ២៦  ក្រោយ​មក មាន​គេ​ទៅ​ជម្រាប​ស្ដេច​ស្រុក​អាស៊ីរី​ថា​៖ ​«​ជន​ជាតិ​ដទៃ​ដែល​លោក​បាន​ឲ្យ​ទៅ​រស់​នៅ​តាម​បណ្ដា​ក្រុង​ក្នុង​ស្រុក​សាម៉ារី​នោះ ពួក​គេ​មិន​ស្គាល់​ទំនៀម​ទម្លាប់​សាសនា និង​ព្រះ​នៃ​ស្រុក​នោះ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​នៃ​ស្រុក​នោះ​ប្រើ​សត្វ​តោ​ឲ្យ​ទៅ​ប្រហារ​ពួក​គេ​»។ ២៧  លំដាប់​នោះ ស្ដេច​ស្រុក​អាស៊ីរី​ក៏​បញ្ជា​ថា​៖ ​«​ចូរ​បញ្ជូន​សង្ឃ​ម្នាក់​ដែល​អ្នក​បាន​ចាប់​ពី​ទី​នោះ ឲ្យ​ត្រឡប់​ទៅ​វិញ ដើម្បី​ឲ្យ​គាត់​បង្រៀន​អំពី​ទំនៀម​ទម្លាប់​សាសនា និង​ព្រះ​នៃ​ស្រុក​នោះ​»។ ២៨  ដូច្នេះ គេ​ក៏​បញ្ជូន​សង្ឃ​ម្នាក់ ឲ្យត្រឡប់​ទៅរស់​នៅ​ក្នុង​ក្រុង​បេតអែល+នៅ​ស្រុក​សាម៉ារី​វិញ។ សង្ឃ​នោះ​ក៏​ចាប់​ផ្ដើម​បង្រៀន​បណ្ដា​ជន​នៅ​ទី​នោះ​ឲ្យ​ចេះ​កោត​ខ្លាច​ព្រះ​យេហូវ៉ា។+ ២៩  ក៏​ប៉ុន្តែ ជន​ជាតិ​ដទៃ​ទាំង​នោះ​បាន​ធ្វើ​រូប​ព្រះ​សម្រាប់​ពួក​គេ​រៀង​ៗ​ខ្លួន ហើយ​ក៏​យក​ទៅ​តម្កល់​ក្នុង​វិហារ​លើ​ទី​ខ្ពស់​ពិសិដ្ឋ​ដែល​ពួក​សាម៉ារី​បាន​សង់​ពី​មុន។ ជន​ជាតិ​ទាំង​នោះ​បាន​ធ្វើ​ដូច្នេះ​នៅ​តាម​ក្រុង​នា​នា​ដែល​ពួក​គេ​រស់​នៅ។ ៣០  អ្នក​មក​ពី​ក្រុង​បាប៊ីឡូន​បាន​ធ្វើ​រូប​ព្រះសិកូតបេណូត។ ឯ​អ្នក​មក​ពី​ក្រុង​គូថា​ធ្វើ​រូប​ព្រះ​នើកាល។ ចំណែក​អ្នក​មក​ពី​ក្រុង​ហាម៉ាត+ធ្វើ​រូប​ព្រះ​អាស៊ីម៉ា ៣១  ហើយ​អ្នក​មក​ពី​ក្រុង​អាវ៉ា​ធ្វើ​រូប​ព្រះ​នីបហាស​និង​ថើថាក។ រីឯ​អ្នក​មក​ពី​ក្រុង​សេផាវែម​បាន​ដុត​កូន​របស់​ពួក​គេ ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​អាត្រាម៉ាលេក​និង​ព្រះ​អាណែម៉ាលេក ជា​ព្រះ​របស់​ខ្លួន។+ ៣២  ប៉ុន្តែ ជន​ជាតិ​ទាំង​នោះ​ក៏​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ដែរ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​គេ​បាន​តែង​តាំង​បណ្ដា​ជន​ធម្មតា​ឲ្យ​ធ្វើ​ជា​សង្ឃ ហើយ​ឲ្យ​ពួក​គេ​បម្រើ​នៅ​កន្លែង​គោរព​បូជា​លើ​ទី​ខ្ពស់​ពិសិដ្ឋ។+ ៣៣  ថ្វី​ដ្បិត​តែ​ពួក​គេ​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ក៏​ពិត​មែន តែ​ពួក​គេ​នៅ​តែ​គោរព​បូជា​ដល់​ព្រះ​របស់​ពួក​គេ​រៀង​ខ្លួន តាម​ទំនៀម​ទម្លាប់​សាសនា​ដើម​របស់​ពួក​គេ​ដដែល។+ ៣៤  ពួក​គេ​នៅ​តែ​កាន់​តាម​ទំនៀម​ទម្លាប់​សាសនា​របស់​ពួក​គេ​រហូត​ដល់​សព្វ​ថ្ងៃ ហើយ​គ្មាន​នរណា​ម្នាក់​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ឡើយ។ ពួក​គេ​ក៏​មិន​បាន​កាន់​តាម​ច្បាប់ បញ្ញត្តិ និង​ការ​វិនិច្ឆ័យ ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ដល់​កូន​ចៅ​យ៉ាកុប​ដែរ។ យ៉ាកុប​ជា​អ្នក​ដែល​ព្រះ​បាន​ឲ្យ​ឈ្មោះ​ថា​អ៊ីស្រាអែល។+ ៣៥  ពេល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ជន​ជាតិ​អ៊ីស្រាអែល+ លោក​បាន​បង្គាប់​ពួក​គេ​ថា​៖ ​«​អ្នក​មិន​ត្រូវ​កោត​ខ្លាច​ព្រះ​ណា​ទៀត​ឡើយ ហើយ​ក៏​មិន​ត្រូវ​ក្រាប​គោរព​ចំពោះ​ព្រះ​ទាំង​នោះ​ដែរ។ អ្នក​មិន​ត្រូវ​បម្រើ​ឬ​ជូន​គ្រឿង​បូជា​ដល់​ព្រះ​ទាំង​នោះ​ឲ្យ​សោះ។+ ៣៦  ប៉ុន្តែ អ្នក​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ា​វិញ+ ជា​ព្រះ​ដែល​បាន​សង្គ្រោះ​អ្នក​ពី​ស្រុក​អេហ្ស៊ីប ដោយ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា។+ អ្នក​ត្រូវ​ក្រាប​គោរព​និង​ជូន​គ្រឿង​បូជា​ដល់​លោក​តែ​មួយ​ប៉ុណ្ណោះ។ ៣៧  ឯ​ច្បាប់ ការ​វិនិច្ឆ័យ និង​បញ្ញត្តិ​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ឲ្យ​នោះ អ្នក​ត្រូវ​ធ្វើ​តាម​ឲ្យ​បាន​ដិត​ដល់។+ អ្នក​មិន​ត្រូវ​កោត​ខ្លាច​ព្រះ​ណា​ទៀត​ឡើយ។ ៣៨  អ្នក​មិន​ត្រូវ​ភ្លេច​កិច្ច​ព្រម​ព្រៀង​ដែល​ខ្ញុំ​បាន​ធ្វើ​ជា​មួយ​នឹង​អ្នក​ទេ+ ហើយ​អ្នក​មិន​ត្រូវ​កោត​ខ្លាច​ព្រះ​ណា​ទៀត​ឡើយ។ ៣៩  ប៉ុន្តែ អ្នក​ត្រូវ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ ព្រោះ​លោក​ជា​អ្នក​ដែល​នឹង​សង្គ្រោះ​អ្នក​ពី​កណ្ដាប់​ដៃ​ពួក​ខ្មាំង​សត្រូវ​»។ ៤០  ពួក​គេ​មិន​បាន​ស្ដាប់​បង្គាប់​លោក​ទេ តែ​បែរ​ជា​កាន់​តាម​ទំនៀម​ទម្លាប់​សាសនា​ពី​មុន​ទៅ​វិញ។+ ៤១  ជន​ជាតិ​ដទៃ​ទាំង​នោះ​ចាប់​ផ្ដើម​កោត​ខ្លាច​ព្រះ​យេហូវ៉ា+ តែ​ពួក​គេ​នៅ​គោរព​បម្រើ​រូប​ព្រះ​របស់​ពួក​គេ​ដដែល។ កូន​ចៅ​របស់​ពួក​គេ​បន្ត​ធ្វើ​តាម​បុព្វ​បុរស​របស់​ខ្លួន ដរាប​ដល់​សព្វ​ថ្ងៃ។

កំណត់សម្គាល់

ន័យ​ត្រង់​«​កោត​ខ្លាច​»​
នេះ​សំដៅ​លើ​គ្រប់​ទី​កន្លែង ទោះ​ជា​មាន​មនុស្ស​តិច​ឬ​ច្រើន​ក្ដី
មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​
មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​
ឬ​«​គោរព​ប្រណិប័តន៍​»​