បណ្ដាស្ដេចទី២ ១៨:១-៣៧

  • ហេសេគា​ជា​ស្ដេច​ស្រុក​យូដា (​១​-​៨)

  • រៀប​រាប់​អំពី​ការ​ដួល​រលំ​នៃ​រាជាណាចក្រ​អ៊ីស្រាអែល​ម្ដង​ទៀត (​៩​-​១២)

  • សានហេរីប​លុក​លុយ​ស្រុក​យូដា (​១៣​-​១៨)

  • រ៉ាបសាកេ​ប្រមាថ​មើល​ងាយ​ព្រះ​យេហូវ៉ា (​១៩​-​៣៧)

១៨  នៅ​ឆ្នាំ​ទី​៣​ក្នុង​រាជ្យ​ហូស៊ា+ជា​កូន​អេឡា​ស្ដេច​ស្រុក​អ៊ីស្រាអែល ហេសេគា+ជា​កូន​អេហាស+ បាន​គ្រង​រាជ្យ​លើ​ស្រុក​យូដា។ ២  ពេល​នោះ គាត់​មាន​អាយុ​២៥​ឆ្នាំ។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​២៩​ឆ្នាំ។ ម្ដាយ​របស់​គាត់​ឈ្មោះ​អាប៊ីយ៉ា​ជា​កូន​សាការី។+ ៣  គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត+ ដូច​ដាវីឌ​ជា​បុព្វ​បុរស​របស់​គាត់​ដែរ។+ ៤  គាត់​ជា​អ្នក​បំបាត់​ចោល​ទី​ខ្ពស់​ពិសិដ្ឋ+ ហើយ​កម្ទេច​បង្គោល​ថ្ម និង​កាប់​បំបាក់​បង្គោល​ឈើ​ពិសិដ្ឋ។*+ មួយ​ទៀត គាត់​ក៏​បំបាក់​បំបែក​រូប​ពស់​ស្ពាន់​ដែល​ម៉ូសេ​បាន​ធ្វើ​ដែរ។+ រហូត​មក​ដល់​គ្រា​នោះ បណ្ដា​ជន​អ៊ីស្រាអែល​បាន​ជូន​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​ចំពោះ​រូប​នោះ ហើយ​គេ​ធ្លាប់​ហៅ​រូប​នោះ​ថា​នេហ៊ូសេថាន់។ ៥  គាត់​បាន​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា+ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ហើយ​គ្មាន​ស្ដេច​យូដា​ណា​ដូច​គាត់​ឡើយ ទោះ​ជា​មុន​ឬ​ក្រោយ​គាត់​ក្ដី។ ៦  គាត់​បាន​កាន់​តាម​ព្រះ​យេហូវ៉ា​ជា​និច្ច+ ឥត​បែរ​ចេញ​ពី​លោក​ឡើយ។ គាត់​តែង​តែ​កាន់​តាម​អស់​ទាំង​បញ្ញត្តិ​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ដល់​ម៉ូសេ។ ៧  ដូច្នេះ ព្រះ​យេហូវ៉ា​បាន​នៅ​ជា​មួយ​នឹង​គាត់។ ឯ​ការ​ប្រព្រឹត្ត​ទាំង​អស់​របស់​គាត់​សុទ្ធតែ​ប្រកប​ដោយ​ប្រាជ្ញា។ ម្យ៉ាង​ទៀត ហេសេគា​បាន​បះ​បោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​អាស៊ីរី ហើយ​មិន​ព្រម​បម្រើ​ស្ដេច​នោះ​ទេ។+ ៨  គាត់​ថែម​ទាំង​បាន​វាយ​ឈ្នះ​ពួក​ភីលីស្ទីន+ រហូត​ដល់​ក្រុង​កាសា​និង​តំបន់​ជុំវិញ គឺ​ចាប់​ពី​ប៉ម​ចាំ​យាម​រហូត​ដល់​ក្រុង​ដែល​មាន​កំពែង​រឹង​មាំ។* ៩  នៅ​ឆ្នាំ​ទី​៤​ក្នុង​រាជ្យ​ហេសេគា ត្រូវ​នឹង​ឆ្នាំ​ទី​៧​នៃ​រាជ្យ​ហូស៊ា+ជា​កូន​អេឡា​ស្ដេច​ស្រុក​អ៊ីស្រាអែល សាលម៉ាននីសឺ​ជា​ស្ដេច​ស្រុក​អាស៊ីរី​បាន​ឡើង​ទៅ​ឡោម​ព័ទ្ធ​ច្បាំង​នឹង​ក្រុង​សាម៉ារី។+ ១០  លុះ​បី​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ​ទី​៦​ក្នុង​រាជ្យ​ហេសេគា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​៩​នៃ​រាជ្យ​ហូស៊ា​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ពួក​អាស៊ីរី​ដណ្ដើម​យក​បាន​ក្រុង​សាម៉ារី។+ ១១  រួច​មក ស្ដេច​ស្រុក​អាស៊ីរី​បាន​និរទេស​ជន​ជាតិ​អ៊ីស្រាអែល+ទៅ​ស្រុក​អាស៊ីរី ហើយ​បាន​ឲ្យ​ពួក​គេ​រស់​នៅ​ក្នុង​តំបន់​ហាឡា និង​តំបន់​ហាបោ​ជិត​ទន្លេ​កូសាន រួម​ទាំង​ក្នុង​បណ្ដា​ក្រុង​របស់​ពួក​មេឌី។+ ១២  នេះ​គឺ​ដោយ​សារ​ពួក​គេ​មិន​បាន​ស្ដាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​គេ។ ពួក​គេ​តែង​តែ​បំពាន​កិច្ច​ព្រម​ព្រៀង​របស់​លោក ដោយ​មិន​ធ្វើ​តាម​បង្គាប់​របស់​ម៉ូសេ ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា។+ ពួក​គេ​មិន​បាន​ស្ដាប់​ឬ​ធ្វើ​តាម​ឡើយ។ ១៣  នៅ​ឆ្នាំ​ទី​១៤​នៃ​រាជ្យ​ហេសេគា សានហេរីប​ស្ដេច​ស្រុក​អាស៊ីរី+ឡើង​ទៅ​ច្បាំង​ដណ្ដើម​យក​បាន​ក្រុង​ទាំង​អស់​ដែល​មាន​កំពែង​រឹង​មាំ ក្នុង​ស្រុក​យូដា។+ ១៤  ដូច្នេះ ហេសេគា​ជា​ស្ដេច​ស្រុក​យូដា​បាន​ផ្ញើ​សារ​ទៅ​ស្ដេច​ស្រុក​អាស៊ីរី​នៅ​ក្រុង​ឡាគីស​ថា​៖ ​«​ខ្ញុំ​ធ្វើ​ខុស​ហើយ។ សូម​ដក​ថយ​ចេញ​ពី​ខ្ញុំ​ទៅ។ អ្វី​ដែល​លោក​ចង់​បាន ខ្ញុំ​ព្រម​ឲ្យ​»។ ស្ដេច​ស្រុក​អាស៊ីរី​ក៏​បង្គាប់​ស្ដេច​ហេសេគា ឲ្យ​បង់​ប្រាក់​៣០០​ថាលិន* និង​មាស​៣០​ថាលិន។ ១៥  ហេតុ​នេះ ហេសេគា​ក៏​ប្រមូល​ប្រាក់​ទាំង​អស់​ពី​ក្នុង​វិហារ​ព្រះ​យេហូវ៉ា និង​ពី​ក្នុង​ឃ្លាំង​វិមាន​ស្ដេច។+ ១៦  ហេសេគា​ក៏​បាន​ដក​យក*ទ្វារ​និង​បង្គោល​ទ្វារ​ពី​វិហារ+ព្រះ​យេហូវ៉ា ដែល​គាត់​បាន​ស្រោប​ដោយ​មាស+ យក​ទៅ​ប្រគល់​ឲ្យ​ស្ដេច​ស្រុក​អាស៊ីរី។ ១៧  បន្ទាប់​មក ស្ដេច​ស្រុក​អាស៊ីរី​ក៏​បាន​ចាត់​ថើថាន* រ៉ាបសារី* និង​រ៉ាបសាកេ* ឲ្យ​នាំ​ទ័ព​យ៉ាង​ច្រើន​ពី​ក្រុង​ឡាគីស+ ទៅ​ជួប​ស្ដេច​ហេសេគា​នៅ​ក្រុង​យេរូសាឡិម។+ ពេល​ទៅ​ដល់ ពួក​គេ​ឈរ​នៅ​ក្បែរ​ប្រឡាយ​ចេញ​ពី​អាង​ទឹក​ខាង​លើ ដែល​នៅ​តាម​ផ្លូវ​ទៅ​វាល​អ្នក​បោក​គក់។+ ១៨  រួច​មក ពួក​គេ​បាន​ស្រែក​ហៅ​ឲ្យ​ស្ដេច​ចេញ​មក។ ខណៈ​នោះ មន្ត្រី​បី​នាក់​បាន​ចេញ​មក​ជួប​ពួក​គេ គឺ​អេលាគីម+ជា​កូន​ហ៊ីលគីយ៉ា​ដែល​មើល​ការ​ខុស​ត្រូវ​ក្នុង​វិមាន​ស្ដេច សេបណា+ជា​លេខាធិការ និង​យ៉ូអា​ជា​កូន​អេសាភ​ជា​អ្នក​កត់​ត្រា។ ១៩  ដូច្នេះ រ៉ាបសាកេ​ក៏​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​ចូរ​ទៅ​ប្រាប់​ហេសេគា​ថា​៖ ‹ស្ដេច​ស្រុក​អាស៊ីរី​ជា​ស្ដេច​ដ៏​ខ្លាំង​ក្លា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​តើ​អ្នក​ឯង​អាង​លើ​អ្វី?+ ២០  អ្នក​ឯង​និយាយ​ថា​៖ ‹ខ្ញុំ​មាន​យុទ្ធសាស្ត្រ​និង​កម្លាំង​ទ័ព​គ្រប់​គ្រាន់ ដើម្បី​ធ្វើ​ចម្បាំង›។ ប៉ុន្តែ ពាក្យ​ទាំង​នេះ​សុទ្ធតែ​ឥត​បាន​ការ​ទេ។ តើ​អ្នក​ឯង​ទុក​ចិត្ត​លើ​អ្នក​ណា បាន​ជា​ហ៊ាន​បះ​បោរ​ប្រឆាំង​ដូច្នេះ?+ ២១  តើ​អ្នក​ឯង​ទុក​ចិត្ត​លើ​ស្រុក​អេហ្ស៊ីប​ដែល​ប្រៀប​ដូច​ជា​ដើម​ត្រែង​ដែល​បាក់​ឬ?+ អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ផារ៉ូ​ស្ដេច​ស្រុក​អេហ្ស៊ីប គឺ​ដូច​ជា​ច្រត់​ដៃ​លើ​ដើម​ត្រែង​បាក់ ដែល​នាំ​ឲ្យ​ធ្លុះ​ដៃ​ប៉ុណ្ណោះ។ ផារ៉ូ​ស្ដេច​ស្រុក​អេហ្ស៊ីប​គឺ​ដូច​នេះ​ឯង​ដល់​អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​គាត់។ ២២  បើ​អ្នក​រាល់​គ្នា​និយាយ​មក​កាន់​ខ្ញុំ​ថា​៖ ‹យើង​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង›+ តើ​ឲ្យ​ទុក​ចិត្ត​ម្ដេច​បាន? ព្រោះ​ហេសេគា​បាន​បំផ្លាញ​ទី​បូជា​និង​ទី​ខ្ពស់​ពិសិដ្ឋ​របស់​ព្រះ+ រួច​និយាយ​ទៅ​កាន់​បណ្ដា​ជន​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​ថា​៖ ‹ចូរ​អ្នក​រាល់​គ្នា​មក​ក្រាប​គោរព​នៅ​ចំពោះ​ទី​បូជា​នេះ នៅ​ក្រុង​យេរូសាឡិម​វិញ›​»​›។+ ២៣  ឥឡូវ​សាកល្បង​ភ្នាល់​នឹង​ស្ដេច​ស្រុក​អាស៊ីរី​ជា​ម្ចាស់​របស់​ខ្ញុំ​មើល ខ្ញុំ​នឹង​ឲ្យ​សេះ​២.០០០​ក្បាល​ដល់​អ្នក​ឯង ចាំ​មើល​ថា​អ្នក​ឯង​អាច​រក​អ្នក​ជិះ​បាន​ឬ​យ៉ាង​ណា។+ ២៤  ទោះ​ជា​អ្នក​ឯង​ពឹង​ទ័ព​សេះ​និង​ទ័ព​រទេះ​ចម្បាំង​របស់​ពួក​អេហ្ស៊ីប​ក្ដី តើ​អ្នក​ឯង​អាច​ច្បាំង​ឈ្នះ​អភិបាល​តូច​តាច​បំផុត​របស់​ម្ចាស់​ខ្ញុំ​បាន​ទេ? ២៥  គឺ​ព្រះ​យេហូវ៉ា​ទេ​តើ ដែល​បាន​បង្គាប់​ខ្ញុំ​ឲ្យ​មក​ច្បាំង​បំផ្លាញ​ក្រុង​នេះ។ ព្រះ​យេហូវ៉ា​ផ្ទាល់​បាន​និយាយ​មក​កាន់​ខ្ញុំ​ថា​៖ ‹ចូរ​ឡើង​ទៅ​ច្បាំង​ហើយ​បំផ្លាញ​ក្រុង​នោះ​ចោល​ទៅ›​»។ ២៦  ខណៈ​នោះ អេលាគីម​ជា​កូន​ហ៊ីលគីយ៉ា សេបណា+ និង​យ៉ូអា ក៏​និយាយ​ទៅ​កាន់​រ៉ាបសាកេ+ថា​៖ ​«​សូម​លោក​និយាយ​មក​កាន់​យើង​ខ្ញុំ​ជា​ភាសា​អេរ៉ាម*ចុះ+ ព្រោះ​យើង​ខ្ញុំ​អាច​យល់​បាន។ សូម​កុំ​និយាយ​ជា​ភាសា​របស់​ពួក​យើង*អី ក្រែង​បណ្ដា​ជន​នៅ​លើ​កំពែង​ក្រុង​ស្ដាប់​បាន​»។+ ២៧  ប៉ុន្តែ រ៉ាបសាកេ​តប​ទៅ​វិញ​ថា​៖ ​«​តើ​ម្ចាស់​ខ្ញុំ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​និយាយ​តែ​ជា​មួយ​នឹង​ម្ចាស់​ឯង​និង​ពួក​ឯង​ប៉ុណ្ណោះ​ឬ? គឺ​ឲ្យ​ពួក​អ្នក​នៅ​លើ​កំពែង​ក្រុង​ស្ដាប់​ឮ​ដែរ​ទេ​តើ។ ពួក​គេ​ក៏​នឹង​ស៊ី​លាមក ហើយ​ផឹក​ទឹក​នោម​របស់​ខ្លួន​ជា​មួយ​នឹង​ពួក​ឯង​ដែរ​»។ ២៨  បន្ទាប់​មក រ៉ាបសាកេ​ក៏​ឈរ​បន្លឺ​សំឡេង​ខ្លាំង​ៗ​ជា​ភាសា​របស់​ជន​ជាតិ​យូដា​ថា​៖ ​«​ចូរ​ស្ដាប់​ប្រសាសន៍​របស់​ស្ដេច​ស្រុក​អាស៊ីរី​ជា​ស្ដេច​ដ៏​ខ្លាំង​ក្លា។+ ២៩  លោក​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹កុំ​ចាញ់​បញ្ឆោត​របស់​ហេសេគា​ឲ្យ​សោះ ព្រោះ​គាត់​មិន​អាច​សង្គ្រោះ​អ្នក​រាល់​គ្នា​ពី​កណ្ដាប់​ដៃ​ខ្ញុំ​បាន​ឡើយ។+ ៣០  កុំ​ជឿ​តាម​ហេសេគា ទៅ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា ដោយ​សារ​តែ​គាត់​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ច្បាស់​ជា​សង្គ្រោះ​យើង​មិន​ខាន ហើយ​ក្រុង​នេះ​នឹង​មិន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស៊ីរី​នោះ​ទេ​»។+ ៣១  កុំ​ស្ដាប់​ហេសេគា​ឲ្យ​សោះ ព្រោះ​ស្ដេច​ស្រុក​អាស៊ីរី​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​ចូរ​ព្រម​ចុះ​ចូល​នឹង​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​នឹង​បាន​បរិភោគ​ផ្លែ​ទំពាំង​បាយ​ជូរ​និង​ផ្លែ​ល្វា​ពី​ចម្ការ​របស់​ខ្លួន ហើយ​គ្រប់​គ្នា​នឹង​ផឹក​ទឹក​ពី​អណ្ដូង​របស់​ខ្លួន ៣២  រហូត​ដល់​ខ្ញុំ​នាំ​អ្នក​រាល់​គ្នា​ទៅ​នៅ​ស្រុក​មួយ​ដូច​ស្រុក​អ្នក​រាល់​គ្នា​ដែរ+ គឺ​ស្រុក​ដែល​ពោរ​ពេញ​ទៅ​ដោយ​ស្រូវ ស្រា​ថ្មី* នំ​ប៉័ង និង​ចម្ការ​ទំពាំងបាយជូរ ផ្លែអូលីវ និង​ទឹក​ឃ្មុំ។ អ្នក​រាល់​គ្នា​អាច​រស់​រាន ឥត​ស្លាប់​ឡើយ។ កុំ​ស្ដាប់​ហេសេគា​ឲ្យ​សោះ ព្រោះ​គាត់​បញ្ឆោត​អ្នក​រាល់​គ្នា​ទេ ដោយ​និយាយ​ថា​៖ ‹ព្រះ​យេហូវ៉ានឹងសង្គ្រោះ​យើង​រាល់​គ្នា›។ ៣៣  ក្នុង​ចំណោម​ព្រះ​របស់​ប្រជា​ជាតិ​ទាំង​ឡាយ គ្មាន​ព្រះ​ណា​អាច​សង្គ្រោះ​ពួក​គេ​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស៊ីរី​បាន​ទេ។ ៣៤  សូម្បី​តែ​ព្រះ​នៃ​ក្រុង​ហាម៉ាត+និង​ក្រុង​អើផាត ព្រះ​នៃ​ក្រុង​សេផាវែម+ ក្រុង​ហេណា​និង​ក្រុង​អ៊ីវ៉ា ក៏​មិន​អាច​សង្គ្រោះ​ស្រុក​សាម៉ារី​ពី​កណ្ដាប់​ដៃ​របស់​ខ្ញុំ​បាន​ដែរ។+ ៣៥  បើ​បណ្ដា​ព្រះ​ទាំង​នោះ​មិន​អាច​សង្គ្រោះ​ទឹក​ដី​របស់​ពួក​គេ​ពី​កណ្ដាប់​ខ្ញុំ​បាន​ទៅ​ហើយ ចុះ​ទម្រាំ​ព្រះ​យេហូវ៉ា តើ​នឹង​អាច​សង្គ្រោះ​ក្រុង​យេរូសាឡិម​ពី​កណ្ដាប់​ដៃ​ខ្ញុំ​ម្ដេច​បាន?​»​›​»។+ ៣៦  ប៉ុន្តែ បណ្ដា​ជន​បាន​នៅ​ស្ងៀម មិន​និយាយ​អ្វី​សោះ ព្រោះ​ស្ដេច​បាន​បង្គាប់​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​តប​ឆ្លើយ​ឡើយ​»។+ ៣៧  ឯ​អេលាគីម​ជា​កូន​ហ៊ីលគីយ៉ា​ដែល​មើល​ការ​ខុស​ត្រូវ​ក្នុង​វិមាន​ស្ដេច សេបណា​ជា​លេខាធិការ និង​យ៉ូអា​ជា​កូន​អេសាភ​ជា​អ្នក​កត់​ត្រា បាន​ចូល​ទៅ​ជួប​ហេសេគា ទាំង​អាវ​រហែក ហើយ​ជម្រាប​គាត់​តាម​ពាក្យ​សម្ដី​ទាំង​អស់​របស់​រ៉ាបសាកេ។

កំណត់សម្គាល់

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​
នេះ​សំដៅ​លើ​គ្រប់​ទី​កន្លែង ទោះ​ជា​មាន​មនុស្ស​តិច​ឬ​ច្រើន​ក្ដី
មួយ​ថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ន័យ​ត្រង់​«​កាត់​»​
ឬ​«​មេ​លើ​អ្នក​កាន់​ពែង​ស្ដេច​»​
ឬ​«​មេ​លើ​មន្ត្រី​ជាន់​ខ្ពស់​»​
ឬ​«​មេ​បញ្ជាការ​»​
ន័យ​ត្រង់​«​ភាសា​របស់​ជន​ជាតិ​យូដា​»​
ឬ​«​ភាសា​ស៊ីរី​»​
ឬ​«​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​»​