បណ្ដាស្ដេចទី២ ១៩:១-៣៧

  • ហេសេគា​ស្វែង​រក​ជំនួយ​ពី​ព្រះ​តាម​រយៈ​អេសាយ (​១​-​៧)

  • សានហេរីប​គំរាម​កំហែង​ក្រុង​យេរូសាឡិម (​៨​-​១៣)

  • សេចក្ដី​អធិដ្ឋាន​របស់​ហេសេគា (​១៤​-​១៩)

  • អេសាយ​ប្រាប់​ចម្លើយ​របស់​ព្រះ (​២០​-​៣៤)

  • ទេវតា​សម្លាប់​ពួក​អាស៊ីរី​អស់​១៨៥.០០០​នាក់ (​៣៥​-​៣៧)

១៩  ក្រោយ​ពី​ស្ដេច​ហេសេគា​បាន​ឮ​ដំណឹង​នោះ​ភ្លាម គាត់​ក៏​ចាប់​ហែក​អាវ ហើយ​ស្លៀក​បាវ រួច​ចូល​ទៅ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា។+ ២  បន្ទាប់​មក គាត់​បង្គាប់​អេលាគីម​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​វិមាន​ស្ដេច សេបណា​ជា​លេខាធិការ និង​ពួក​បុរស​ចាស់​ទុំ​ពី​ចំណោម​ពួក​សង្ឃ ឲ្យ​ស្លៀក​បាវ ហើយ​ឲ្យ​ទៅ​ជួប​អេសាយ​ជា​អ្នក​ប្រកាស​ទំនាយ+ ដែល​ត្រូវ​ជា​កូន​អាម៉ុស។ ៣  ពួក​គេ​បាន​ប្រាប់​អេសាយ​ថា​៖ ​«​ស្ដេច​ហេសេគា​បាន​និយាយ​ដូច្នេះ​ថា​៖ ‹ថ្ងៃ​នេះ​ជា​ថ្ងៃ​មាន​ទុក្ខ ជា​ថ្ងៃ​រង​ការ​អាម៉ាស់ និង​ត្រូវ​គេ​មើល​ងាយ គឺ​ប្រៀប​ដូច​ជា​ស្ត្រី​ដែល​ហៀបនឹង​សម្រាល​កូន តែ​គ្មាន​កម្លាំង​នឹង​សម្រាល​ទេ។+ ៤  ស្ដេច​ស្រុក​អាស៊ីរី​បាន​ចាត់​រ៉ាបសាកេ​ឲ្យ​មក​ចំអក​មើល​ងាយ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ។+ ប្រហែល​ជា​ព្រះ​យេហូវ៉ា​នឹង​ឮ​ពាក្យ​ប្រមាថ​មើល​ងាយ​ទាំង​នោះ ហើយ​លោក​នឹង​ដាក់​ទោស​គាត់។ ដូច្នេះ សូម​ជួយ​អធិដ្ឋាន+ឲ្យ​យើង​ទាំង​អស់​គ្នា​ដែល​នៅ​សល់​ក្នុង​ក្រុង​នេះ​ផង›​»។ ៥  ដូច្នេះ ពួក​អ្នក​បម្រើ​របស់​ស្ដេច​ហេសេគា​ក៏​បាន​ចូល​ទៅ​ជួប​អេសាយ ដើម្បី​ជម្រាប​ពាក្យ​ទាំង​នោះ។+ ៦  ក្រោយ​ពី​អេសាយ​ស្ដាប់​រួច គាត់​ក៏​ប្រាប់​ពួក​គេ​ថា​៖ ​«​សូម​ទៅ​ជម្រាប​ម្ចាស់​របស់​អ្នក​វិញ​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​កុំ​ខ្លាច+ដោយ​សារ​ពាក្យ​ដែល​អ្នក​បាន​ឮ​ឡើយ គឺ​ជា​ពាក្យ​ដែល​ពួក​អ្នក​បម្រើ​ស្ដេច​ស្រុក​អាស៊ីរី​បាន​ប្រមាថ​មើល​ងាយ​ខ្ញុំ។+ ៧  ខ្ញុំ​នឹង​បណ្ដាល​ឲ្យ​ចិត្ត​គាត់​ធ្វើ​តាម​គំនិត​ខ្ញុំ។ គាត់​នឹង​ឮ​ដំណឹង​មួយ ហើយ​ត្រឡប់​ទៅ​ស្រុក​គាត់​វិញ។ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​គាត់​ស្លាប់​នៅ​ក្នុង​ស្រុក​របស់​គាត់​»​›​»។+ ៨  ក្រោយ​មក រ៉ាបសាកេ​បាន​ឮ​ដំណឹង​ថា​ស្ដេច​ស្រុក​អាស៊ីរី​បាន​ដក​ថយ​ចេញ​ពី​ក្រុង​ឡាគីស។+ គាត់​ក៏​ត្រឡប់​ទៅ​ជួប​ស្ដេច​របស់​គាត់​វិញ ហើយ​ឃើញ​ស្ដេច​កំពុង​ច្បាំង​នឹង​ក្រុង​លិបណា។+ ៩  លំដាប់​នោះ មាន​គេ​នាំ​ដំណឹង​មក​ប្រាប់​ស្ដេច​ស្រុក​អាស៊ីរី​ថា​៖ ​«​ទៀហាកា​ជា​ស្ដេច​ស្រុក​អេត្យូពី​បាន​មក​ច្បាំង​នឹង​លោក​ហើយ​»។ ដូច្នេះ គាត់​ក៏​ចាត់​ពួក​អ្នក​នាំ​សារ+ឲ្យ​ទៅ​ជួប​ហេសេគា​ម្ដង​ទៀត ហើយ​ប្រាប់​គាត់​ថា​៖ ១០  ​«​អ្នក​រាល់​គ្នា​ត្រូវ​ប្រាប់​ហេសេគា​ជា​ស្ដេច​ស្រុក​យូដា​ថា​៖ ‹កុំ​ឲ្យ​ព្រះ​របស់​អ្នក ដែល​អ្នក​ទុក​ចិត្ត បញ្ឆោត​អ្នក ដោយ​ធានា​ថា​៖ ​«​ក្រុង​យេរូសាឡិម​នឹង​មិន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស៊ីរី​ឡើយ​»។+ ១១  មើល! អ្នក​បាន​ដឹង​ថា​បណ្ដា​ស្ដេច​ស្រុក​អាស៊ីរី​បាន​បំផ្លាញ​ស្រុក​ទាំង​ប៉ុន្មាន​រួច​ទៅ​ហើយ។+ តើ​អ្នក​ស្មានថា​អ្នក​នឹង​រួច​ខ្លួន​ឬ? ១២  ឯ​ប្រជា​ជាតិ​នា​នា​ដែល​បុព្វ​បុរស​ខ្ញុំ​បាន​បំផ្លាញ​ចោល​នោះ តើ​ព្រះ​របស់​ពួក​គេ​អាច​សង្គ្រោះ​ពួក​គេ​បាន​ឬ? ចុះ​ពួក​កូសាន ពួក​ហារ៉ាន+ និង​ពួក​រេសែភ តើ​ឥឡូវ​នៅ​ឯ​ណា? ឯ​ពួក​អេដែន​ដែល​រស់​នៅ​តំបន់​ថេលអាសសា​វិញ តើ​ពួក​គេ​នៅ​ឯ​ណា? ១៣  តើ​ស្ដេច​នៃ​ក្រុង​ហាម៉ាត ក្រុង​អើផាត និង​ក្រុង​សេផាវែម ក្រុង​ហេណា និង​ក្រុង​អ៊ីវ៉ា នៅ​ឯ​ណា?›​»។+ ១៤  ហេសេគា​ក៏​ទទួល​សំបុត្រ​ពី​ដៃ​របស់​ពួក​អ្នក​នាំ​សារ រួច​យក​មក​អាន។ រួច​មក ហេសេគា​បាន​ឡើង​ទៅ​វិហារ​ព្រះ​យេហូវ៉ា ហើយ​លា​សំបុត្រ​នោះ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។+ ១៥  បន្ទាប់​មក ហេសេគា​ក៏​អធិដ្ឋាន+នៅ​មុខ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​អើយ លោក​ជា​ព្រះ​ដែល​អង្គុយ​លើ​បល្ល័ង្ក​លើ*បណ្ដា​ចេរូប៊ីន+ គឺ​លោក​តែ​មួយ​ប៉ុណ្ណោះ ជា​ព្រះ​ពិត​លើ​រាជាណាចក្រ​ទាំង​អស់​នៅ​ផែនដី។+ លោក​បាន​បង្កើត​ផ្ទៃ​មេឃ​និង​ផែនដី។ ១៦  ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​លោក​មើល​ផង។+ ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​ផ្ទៀង​ត្រចៀក​ស្ដាប់​ផង។+ សូម​ស្ដាប់​ពាក្យ​ប្រមាថ​របស់​សានហេរីប ជា​ពាក្យ​មើល​ងាយ​ដល់​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ។ ១៧  ឱ​ព្រះ​យេហូវ៉ា​អើយ! បណ្ដា​ស្ដេច​ស្រុក​អាស៊ីរី​ពិត​ជា​បាន​បំផ្លាញ​ប្រជាជាតិ​នា​នា​និង​ទឹក​ដី​របស់​ពួក​គេ​មែន។+ ១៨  ពួក​គេ​ក៏​បាន​ដុត​បំផ្លាញ​ព្រះ​របស់​ប្រជាជាតិ​ទាំង​នោះ​ដែរ ព្រោះ​ព្រះ​ទាំង​នោះ គឺ​ធ្វើ​ពី​ឈើ​ពី​ថ្ម ជា​ស្នា​ដៃ​របស់​មនុស្ស+ មិន​មែន​ជា​ព្រះ​ពិត​ទេ។+ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​អាច​បំផ្លាញ​ចោល​បាន។ ១៩  ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ពី​កណ្ដាប់​ដៃ​របស់​សានហេរីប​ផង ដើម្បី​ឲ្យ​គ្រប់​ប្រជា​ជាតិ​នៅ​ផែនដី​បាន​ដឹង​ថា​មាន​តែ​ព្រះ​យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ ជា​ព្រះ​ពិត​»។+ ២០  បន្ទាប់​មក អេសាយ​ជា​កូន​អាម៉ុស​បាន​ឲ្យ​គេ​នាំ​ពាក្យ​ទៅ​ប្រាប់​ហេសេគា​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ៊ីស្រាអែល​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹ខ្ញុំ​បាន​ឮ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក+អំពី​សានហេរីប​ជា​ស្ដេច​ស្រុក​អាស៊ីរី​ហើយ។+ ២១  ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទាស់​នឹង​សានហេរីប​ថា​៖ ​«​កូន​ក្រមុំ​បរិសុទ្ធ​នៃ​ស៊ីយ៉ូន*ស្អប់ខ្ពើម​អ្នក ហើយ​ប្រមាថ​មើល​ងាយ​អ្នក។ ឯ​កូន​ស្រី​ក្រុង​យេរូសាឡិម​ក៏​គ្រវី​ក្បាល​ចំអក​ឲ្យ​អ្នក​ដែរ។ ២២  តើ​អ្នក​បាន​ប្រមាថ​មើល​ងាយ​អ្នក​ណា?+ តើ​អ្នក​បាន​ដំឡើង​សំឡេង​ដាក់​អ្នក​ណា?+ តើ​អ្នក​កំពុង​ក្រអឺត​ដាក់​អ្នក​ណា? អ្នក​កំពុង​ប្រឆាំង​នឹង​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល​ហើយ!+ ២៣  អ្នក​បាន​ចាត់​ពួក​អ្នក​នាំ​សារ+ឲ្យ​មក​ចំអក​មើល​ងាយ​ព្រះ​យេហូវ៉ា+ ហើយ​ក៏​និយាយ​ថា​៖ ‹ដោយ​សារ​មាន​រទេះ​ចម្បាំង​ដ៏​ច្រើនខ្ញុំ​នឹង​ឡើង​ទៅ​លើ​កំពូល​ភ្នំ​នា​នាខ្ញុំ​នឹង​ចូល​ព្រៃ​ជ្រៅ​នៃ​តំបន់​ភ្នំ​លីបង់។ ខ្ញុំ​នឹង​កាប់​រំលំ​ដើម​ស៊ីដារ​ខ្ពស់​ៗ​និង​ដើម​យូនីពើ​ប្រណីត​ៗ។ ខ្ញុំ​នឹង​ចូល​ជ្រៅ​បំផុត​ក្នុង​ព្រៃ​ឧទ្យាន​ដ៏​ស្រស់បំព្រង។ ២៤  ខ្ញុំ​នឹង​ជីក​អណ្ដូង​នៅ​ស្រុក​ដទៃ ហើយ​ផឹក​ទឹក​នៅ​ទី​នោះខ្ញុំ​នឹង​ធ្វើ​ឲ្យ​ផ្លូវ​ទឹក​ទាំង​អស់*នៅ​ស្រុក​អេហ្ស៊ីប​រីង​ស្ងួត​ទៅ​ដោយ​បាត​ជើង​របស់​ខ្ញុំ›។ ២៥  តើ​អ្នក​មិន​បាន​ឮ​ទេ​ឬ? តាំង​ពី​យូរ​លង់​មក​ហើយ ខ្ញុំ​បាន​កំណត់​ទុក។+ តាំង​ពី​យូរ​មក​ហើយ ខ្ញុំ​បាន​ត្រៀម​ទុក។+ឥឡូវ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​រឿង​នោះ​កើត​ឡើង។+ អ្នក​នឹង​បំផ្លាញ​បណ្ដា​ក្រុង​ដែល​មាន​កំពែង​រឹង​មាំ​ឲ្យ​ទៅ​ជា​គំនរ​បាក់​បែក។+ ២៦  អ្នក​ក្រុង​ទាំង​នោះ​នឹង​គ្មាន​កម្លាំង​ត​ទល់​ទេពួក​គេ​នឹង​ភ័យ​ខ្លាច ហើយ​អាម៉ាស់​មុខ។ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ស្មៅ​នៅ​ឯ​វាល ឬ​រុក្ខជាតិ​នៅ​តាម​ចម្ការ+ហើយ​ប្រៀប​ដូច​ជា​ស្មៅ​នៅ​លើ​ដំបូល​ដែល​ក្រៀម​ស្វិត​ទៅ​ដោយ​ខ្យល់​ក្ដៅ​ពី​ទិស​ខាង​កើត។ ២៧  ចំណែក​អ្នក​វិញ ខ្ញុំ​ដឹង​គ្រប់​សកម្មភាព​របស់​អ្នក ទាំង​ពេល​អង្គុយ​ទាំង​ពេល​ចេញ​ទៅ ទាំង​ពេល​មក​វិញ។+ ខ្ញុំ​ក៏​ដឹង​ដែរ​ពេល​ណា​អ្នក​ខឹង​នឹង​ខ្ញុំ។+ ២៨  ខ្ញុំ​បាន​ឮ​សម្រែក​កំហឹង​របស់​អ្នក​ហើយ+ដូច្នេះ ខ្ញុំ​នឹង​ដាក់​កន្លុះ​នៅ​ច្រមុះ​អ្នក ព្រម​ទាំង​ដាក់​បង្ហៀរ+នៅ​មាត់​អ្នកហើយ​ខ្ញុំ​នឹង​ដឹក​អ្នក​ត្រឡប់​ទៅ​តាម​ផ្លូវ​ដែល​អ្នក​បាន​ធ្វើ​ដំណើរ​មក​»។+ ២៩  ​«​‹នេះ​ជា​សញ្ញា​សម្គាល់​សម្រាប់​អ្នក* គឺ​នៅ​ឆ្នាំ​នេះ​អ្នក​នឹង​បរិភោគ​ផល​ដែល​ដុះ​ឯកឯង ហើយ​នៅ​ឆ្នាំ​បន្ទាប់​អ្នក​ក៏​នឹង​បរិភោគ​ស្រូវ​ដែល​ដុះ​ឯង​ដែរ។+ ប៉ុន្តែ នៅ​ឆ្នាំ​ទី​៣​អ្នក​នឹង​សាប​ព្រោះ ហើយ​ប្រមូល​ផល ព្រម​ទាំង​ដាំ​ដើម​ទំពាំង​បាយ​ជូរ ហើយ​បរិភោគ​ផល​ដែរ។+ ៣០  ចំណែក​ឯ​ពូជ​ពង្ស​យូដា​ដែល​រួច​ជីវិត​និង​នៅ​សេស​សល់+ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ដើម​ឈើ​ដែល​ចាក់​ឫស​ជ្រៅ ហើយ​បង្កើត​ផល។ ៣១  ព្រោះ​អ្នក​ដែល​នៅ​សេស​សល់ ពួក​គេ​នឹង​ចេញ​មក​ពី​ក្រុង​យេរូសាឡិម ហើយ​អ្នក​ដែល​រួច​ជីវិត​នឹង​ចេញ​ពី​ភ្នំ​ស៊ីយ៉ូន​មក។ ដោយ​ចិត្ត​ខ្នះ​ខ្នែង ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​នៅ​ស្ថាន​សួគ៌ នឹង​ធ្វើ​ឲ្យ​រឿង​នេះ​កើត​ឡើង​មែន។+ ៣២  ​«​‹ហេតុ​នេះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​អំពី​ស្ដេច​ស្រុក​អាស៊ីរី​ថា​៖+ ​«​គាត់​នឹង​មិន​ចូល​មក​ក្នុង​ក្រុង​នេះ​ទេ+ហើយ​ក៏​មិន​បាញ់​ព្រួញ​ចូល​មក​ដែរ។ គាត់​នឹង​មិន​ប្រើ​ខែលឬ​លើក​ដី​ឡើង​កំពែង​ដើម្បី​ចូល​មក​វាយលុក​ក្រុង​នេះ​ឡើយ។+ ៣៣  គាត់​នឹង​ត្រឡប់​ទៅ​វិញ​តាម​ផ្លូវ​ដែល​គាត់​មកគាត់​នឹង​មិន​ចូល​មក​ក្នុង​ក្រុង​នេះ​ទេ​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ៣៤  ​«​ខ្ញុំ​នឹង​ការពារ​ហើយ​សង្គ្រោះ​ក្រុង​នេះ+ដោយ​យល់​ដល់​នាម​របស់​ខ្ញុំ+ហើយ​ដោយ​យល់​ដល់​ដាវីឌ​ជា​អ្នក​បម្រើ​ខ្ញុំ​»​›​»។+ ៣៥  នៅ​យប់​នោះ ទេវតា​មួយ​រូប​របស់​ព្រះ​យេហូវ៉ា​បាន​ចេញ​ទៅ​សម្លាប់​ទ័ព​អាស៊ីរី​ក្នុង​ជំរំ​អស់​ចំនួន​១៨៥.០០០​នាក់។+ លុះ​ព្រលឹម​ឡើង គេ​ឃើញ​មាន​សុទ្ធតែ​សាក​សព​ទាំង​អស់។+ ៣៦  ដូច្នេះ សានហេរីប​ជា​ស្ដេច​ស្រុក​អាស៊ីរី​ក៏​ត្រឡប់​ទៅ​ក្រុង​នីនីវេ​វិញ។+ ៣៧  នៅ​ថ្ងៃ​មួយ កាល​គាត់​កំពុង​ក្រាប​គោរព​ព្រះ​នីសរ៉ូក​ក្នុង​វិហារ កូន​របស់​គាត់​ឈ្មោះ​អាត្រាម៉ាលេក​និង​សារេសឺ បាន​នាំ​គ្នា​សម្លាប់​គាត់​ទៅ។+ រួច​មក ពួក​គេ​បាន​រត់​គេច​ទៅ​ទឹក​ដី​អារ៉ារ៉ាត។+ ក្រោយ​មក អេសាហាដិន+ជា​កូន​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។

កំណត់សម្គាល់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​រវាង​»​
នេះ​សំដៅ​លើ​ក្រុង​ស៊ីយ៉ូន​ឬ​អ្នក​ស្នាក់​នៅ​ទី​នោះ
ឬ​«​ធ្វើឲ្យព្រែក​ទន្លេ​នីល​»​
នេះ​សំដៅ​លើ​ហេសេគា