បណ្ដាស្ដេចទី២ ២:១-២៥

  • អេលីយ៉ា​បាន​ត្រូវ​ខ្យល់​ព្យុះ​នាំ​យក​ទៅ (​១​-​១៨)

    • អេលីសេ​យក​អាវ​ពិសេស​របស់​អេលីយ៉ា (​១៣, ១៤)

  • អេលីសេ​ធ្វើ​ឲ្យ​ទឹក​នៅ​ក្រុង​យេរីខូ​ទៅ​ជា​ស្អាត (​១៩​-​២២)

  • ខ្លា​ឃ្មុំ​សម្លាប់​ក្មេង​ប្រុស​ៗ​ដែល​មក​ពី​ក្រុង​បេតអែល (​២៣​-​២៥)

 កាល​ដែល​ព្រះ​យេហូវ៉ា​ហៀបនឹង​លើក​អេលីយ៉ា+ឡើង​ទៅ​លើ​មេឃ​ដោយ​ខ្យល់​ព្យុះ+ អេលីយ៉ា​និង​អេលីសេ+បាន​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​គីលកាល។+ ២  អេលីយ៉ា​បាន​និយាយ​ទៅ​កាន់​អេលីសេ​ថា​៖ ​«​សូម​ចាំ​នៅ​ទី​នេះ​សិន ព្រោះ​ព្រះ​យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ក្រុង​បេតអែល​»។ រួច​អេលីសេ​បាន​តប​ទៅ​វិញ​ថា​៖ ​«​ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ និង​ស្បថ​ចំពោះ​លោក​ម្ចាស់​ថា ខ្ញុំ​នឹង​មិន​ចាក​ចេញ​ពី​លោក​ឡើយ​»។ ដូច្នេះ ពួក​គាត់​ក៏​ចុះ​ទៅ​ក្រុង​បេតអែល។+ ៣  រួច​មក កូន​ចៅ​របស់​ពួក​អ្នក​ប្រកាស​ទំនាយ*នៅ​បេតអែល​បាន​មក​ជួប​អេលីសេ ហើយ​ប្រាប់​ថា​៖ ​«​តើ​អ្នក​ដឹង​ទេ ថ្ងៃ​នេះ​ព្រះ​យេហូវ៉ា​នឹង​យក​លោក​ម្ចាស់​ដែល​ជា​ប្រមុខ​របស់​អ្នក​ទៅ​ហើយ?​»។+ អេលីសេ​ក៏​តប​ទៅ​វិញ​ថា​៖ ​«​ខ្ញុំ​ដឹង​ហើយ។ មិន​បាច់​និយាយ​ទៀត​ទេ​»។ ៤  បន្ទាប់​មក អេលីយ៉ា​បាន​និយាយ​ទៅ​កាន់​អេលីសេ​ថា​៖ ​«​សូម​ចាំ​នៅ​ទី​នេះ​សិន ព្រោះ​ព្រះ​យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ក្រុង​យេរីខូ​»។+ រួច​អេលីសេ​បាន​តប​ទៅ​វិញ​ថា​៖ ​«​ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ និង​ស្បថ​ចំពោះ​លោក​ម្ចាស់​ថា ខ្ញុំ​នឹង​មិន​ចាក​ចេញ​ពី​លោក​ម្ចាស់​ឡើយ​»។ ដូច្នេះ ពួក​គាត់​ក៏​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរីខូ។ ៥  ពេល​នោះ កូន​ចៅ​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​ដែល​នៅ​ក្រុង​យេរីខូ​ក៏​បាន​មក​ជួប​អេលីសេ ហើយ​ប្រាប់​ថា​៖ ​«​តើ​អ្នក​ដឹង​ទេ ថ្ងៃ​នេះ​ព្រះ​យេហូវ៉ា​នឹង​យក​លោក​ម្ចាស់​ដែល​ជា​ប្រមុខ​របស់​អ្នក​ទៅ​ហើយ?​»។ អេលីសេ​ក៏​តប​ទៅ​វិញ​ថា​៖ ​«​ខ្ញុំ​ដឹង​ហើយ។ មិន​បាច់​និយាយ​ទៀត​ទេ​»។ ៦  ក្រោយ​មក អេលីយ៉ា​បាន​និយាយ​ទៅ​កាន់​អេលីសេ​ថា​៖ ​«​សូម​ចាំ​នៅ​ទី​នេះ​សិន ព្រោះ​ព្រះ​យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ទន្លេយ៉ូដាន់​»។ រួច​អេលីសេ​បាន​តប​ទៅ​វិញ​ថា​៖ ​«​ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ និង​ស្បថ​ចំពោះ​លោក​ម្ចាស់​ថា ខ្ញុំ​នឹង​មិន​ចាក​ចេញ​ពី​លោក​ម្ចាស់​ឡើយ​»។ ដូច្នេះ ពួក​គាត់​ទាំង​ពីរ​ក៏​ធ្វើ​ដំណើរ​ចេញ​ទៅ។ ៧  ឯ​កូន​ចៅ​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​ចំនួន​៥០​នាក់​ក៏​បាន​ទៅ​ដែរ ហើយ​ពួក​គេ​បាន​ឈរ​មើល​ពួក​គាត់​ពី​ចម្ងាយ កាល​ដែល​ពួក​គាត់​ឈរ​នៅ​ជិត​ទន្លេយ៉ូដាន់។ ៨  បន្ទាប់​មក អេលីយ៉ា​ក៏​បាន​ដោះ​អាវ*របស់​គាត់+យក​មក​មូរ រួច​វាយ​ទឹក​ទន្លេ​នោះ។ រំពេច​នោះ ទឹក​ទន្លេ​ក៏​ញែក​ចេញ​ពី​គ្នា ដើម្បី​ពួក​គាត់​ទាំង​ពីរ​អាច​ដើរ​ឆ្លង​តាម​បាត​ទន្លេ។+ ៩  កាល​ដែល​ពួក​គាត់​ដើរ​ឆ្លង​ផុត​ហើយ អេលីយ៉ា​បាន​និយាយ​ទៅ​កាន់​អេលីសេ​ថា​៖ ​«​មុន​នឹង​ខ្ញុំ​ត្រូវ​នាំ​យក​ទៅ តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?​»។ ដូច្នេះ អេលីសេ​បាន​និយាយ​ថា​៖ ​«​សូម​ឲ្យ​ឫទ្ធានុភាព*ពី​ព្រះ+ដល់​ខ្ញុំ មួយ​ជា​ពីរ​ផង​»។+ ១០  អេលីយ៉ា​បាន​ឆ្លើយ​ថា​៖ ​«​សំណូម​ពរ​របស់​អ្នក​ពិបាក​ណាស់។ ប៉ុន្តែ បើ​អ្នក​ឃើញ​ខ្ញុំ កាល​ដែល​ខ្ញុំ​ត្រូវ​នាំ​យក​ទៅ អ្នក​នឹង​ទទួល​មែន តែ​បើ​អ្នក​មិន​ឃើញ​ទេ នោះ​អ្នក​នឹង​មិន​ទទួល​ឡើយ​»។ ១១  កាល​ដែល​អេលីយ៉ា​និង​អេលីសេ​ដើរ​បណ្ដើរ​និយាយ​គ្នា​បណ្ដើរ ស្រាប់​តែ​ឃើញ​មាន​រទេះ​ចម្បាំង​ជា​ភ្លើង​ដែល​ទឹម​ដោយ​សេះ​ភ្លើង+លេច​មក ញែក​ពួក​គាត់​ទាំង​ពីរ​ចេញ​ពី​គ្នា។ ពេល​នោះ ខ្យល់​ព្យុះ​បាន​យក​អេលីយ៉ា​ឡើង​ទៅ​លើ​មេឃ។+ ១២  អេលីសេ​ក៏​សម្លឹង​ទៅ​គាត់ ហើយ​ស្រែក​ឡើង​ថា​៖ ​«​លោក​ឪពុក លោក​ឪពុក​ខ្ញុំ​អើយ! នុ៎ះ​ន៏! រទេះ​ចម្បាំង​នៃ​អ៊ីស្រាអែល និង​ពល​សេះ!​»។+ ក្រោយ​មក អេលីសេ​ក៏​លែង​ឃើញ​អេលីយ៉ា​ទៀត ហើយ​គាត់​បាន​ចាប់​ហែក​សម្លៀក​បំពាក់​របស់​គាត់​ជា​ពីរ​ចំណែក។+ ១៣  ក្រោយ​ពី​នោះ​គាត់​បាន​យក​អាវ*+របស់​អេលីយ៉ា​ដែល​បាន​ជ្រុះ​មក ហើយ​ក៏​ត្រឡប់​ទៅ​ឈរ​ក្បែរ​ច្រាំង​ទន្លេយ៉ូដាន់​វិញ។ ១៤  បន្ទាប់​មក អេលីសេ​បាន​យក​អាវ​នោះ ទៅ​វាយ​ទឹក​ទន្លេ រួច​និយាយ​ថា​៖ ​«​តើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អេលីយ៉ា​នៅ​ឯ​ណា?​»។ ពេល​គាត់​វាយ​ទឹក​ទន្លេ នោះ​ទន្លេ​ក៏​ញែក​ចេញ​ពី​គ្នា រួច​គាត់​ក៏​ដើរ​ឆ្លង​ទៅ។+ ១៥  ពេល​នោះ កូន​ចៅ​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​ដែល​នៅ​ក្រុង​យេរីខូ បាន​ឃើញ​អេលីសេ​ពី​ចម្ងាយ រួច​ពួក​គេ​បាន​និយាយ​ថា​៖ ​«​ឫទ្ធានុភាព*ដែល​ព្រះ​បាន​ឲ្យ​ដល់​អេលីយ៉ា​បាន​ស្ថិត​លើ​អេលីសេ​ហើយ​»។+ ដូច្នេះ ពួក​គេ​បាន​ទៅ​ជួប​អេលីសេ ហើយ​ក៏​ក្រាប​គោរព​នៅ​ចំពោះ​គាត់។ ១៦  ពួក​គេ​ក៏​និយាយ​ទៅ​កាន់​អេលីសេ​ថា​៖ ​«​ពួក​យើង​ខ្ញុំ​មាន​បុរស​ពេញ​កម្លាំង​ចំនួន​៥០​នាក់ សូម​លោក​ឲ្យ​ពួក​គេ​ទៅ​ស្វែង​រក​ម្ចាស់​របស់​លោក​ទៅ។ ប្រហែល​ជា​ខ្យល់​ពី​ព្រះ​យេហូវ៉ា​បាន​យក​គាត់​ទៅ​ភ្នំ​ឬ​ជ្រលង​ណា​មួយ​ហើយ​»។+ ប៉ុន្តែ អេលីសេ​បាន​ប្រាប់​ថា​៖ ​«​មិន​ចាំ​បាច់​ចាត់​ពួក​គេ​ទេ​»។ ១៧  ទោះ​ជា​ប្រាប់​ដូច្នោះ​ក្ដី ពួក​គេ​នៅ​តែ​ទទូច​សុំ​ដដែល រហូត​ដល់​អេលីសេ​មាន​អារម្មណ៍​ខ្មាស ហើយ​យល់​ព្រម​នឹង​ពួក​គេ។ ម្ល៉ោះ​ហើយ គាត់​បាន​និយាយ​ថា​៖ ​«​ចូរ​ចាត់​ពួក​គេ​ចុះ​»។ ដូច្នេះ ពួក​គេ​បាន​ចាត់​បុរស​៥០​នាក់​នោះ​ឲ្យ​ទៅ​រក​អស់​បី​ថ្ងៃ តែ​រក​មិន​ឃើញ​សោះ។ ១៨  បន្ទាប់​មក ពួក​គេ​ក៏​ត្រឡប់​មក​ជួប​អេលីសេ​នៅ​ក្រុង​យេរីខូ​វិញ។+ ពេល​ឃើញ​ពួក​គេ អេលីសេ​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ប្រាប់​ហើយ​ថា​កុំ​ទៅ មែន​ទេ?​»។ ១៩  ក្រោយ​មក ពួក​បុរស​ក្នុង​ក្រុង​បាន​មក​ជួប​អេលីសេ ហើយ​និយាយ​ថា​៖ ​«​ដូច​លោក​ម្ចាស់​ឃើញ​ហើយ​ថា​ក្រុង​នេះ​មាន​ទី​តាំង​ល្អ+ តែ​ទឹក​មិន​ល្អ​សោះ ហើយ​ដី​ក៏​មិន​អំណោយ​ផល​ដែរ​»។ ២០  អេលីសេ​ក៏​តប​ទៅ​វិញ​ថា​៖ ​«​សូម​យក​អំបិល​ដាក់​ក្នុង​កូន​ចាន​ថ្មី​មក​ឲ្យ​ខ្ញុំ​»។ ពួក​គេ​ក៏​យក​មក​ឲ្យ​គាត់។ ២១  បន្ទាប់​មក អេលីសេ​ក៏​ធ្វើ​ដំណើរ​ទៅ​ប្រភព​ទឹក រួច​បាច​អំបិល​ទៅ​ក្នុង​នោះ+ ហើយ​គាត់​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹ខ្ញុំ​បាន​ធ្វើ​ឲ្យ​ទឹក​នេះ​ស្អាត​ហើយ។ ចាប់​ពី​ពេល​នេះ​ទៅ ទឹក​នេះ​នឹង​ធ្វើ​ឲ្យ​ដំណាំ​មាន​ផល​ផ្លែ* ហើយ​មិន​បណ្ដាល​ឲ្យ​ស្លាប់​ទៀត​ទេ›​»។ ២២  ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ទឹក​នោះ​ក៏​បាន​ប្រែ​ជា​ល្អ ដូច​ព្រះ​បាន​មាន​ប្រសាសន៍​តាម​រយៈ​អេលីសេ​មែន។ ២៣  ក្រោយ​មក អេលីសេ​បាន​ធ្វើ​ដំណើរ​ឡើង​ទៅ​ក្រុង​បេតអែល គាប់​ជួន​នៅ​តាម​ផ្លូវ គាត់​ជួប​ក្មេង​ប្រុស​មួយ​ក្រុម​មក​ពី​ក្រុង​នោះ។ កាល​ពួក​គេ​ឃើញ​គាត់ ពួក​គេ​ក៏​តាំង​ស្រែក​មើល​ងាយ​គាត់+ម្ដង​ហើយ​ម្ដង​ទៀត​ថា​៖ ​«​ឡើង​ទៅ អា​តម្ពែក! ឡើង​ទៅ អា​តម្ពែក!​»។ ២៤  ក្រោយ​មក គាត់​ក៏​បែរ​ទៅ​ពួក​គេ ហើយ​ដាក់​បណ្ដាសា​ពួក​គេ​ក្នុង​នាម​ព្រះ​យេហូវ៉ា។ រួច​មក មាន​ខ្លា​ឃ្មុំ​ពីរ​ក្បាល+ចេញ​ពី​ព្រៃ​មក​ហែក​សម្លាប់​ក្មេង​ទាំង​នោះ​អស់​៤២​នាក់។+ ២៥  ក្រោយ​នោះ គាត់​បន្ត​ដំណើរ​ទៅ​ភ្នំ​កើមែល+ ហើយ​ពី​ទី​នោះ​គាត់​ក៏​ត្រឡប់​ទៅ​ក្រុង​សាម៉ារី​វិញ។

កំណត់សម្គាល់

​«​កូន​ចៅ​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​»​ តាម​មើល​ទៅ​នេះ​សំដៅ​លើ​សាលា​មួយ​ដែល​បង្រៀន​ពួក​អ្នក​ប្រកាស​ទំនាយ ឬ​សំដៅ​លើ​ក្រុម​របស់​អ្នក​ប្រកាស​ទំនាយ
ឬ​«​អាវ​សម្រាប់​អ្នក​ប្រកាស​ទំនាយ​»​
នេះ​ក៏​អាច​សំដៅ​លើ​ចិត្ត​ក្លាហាន​និង​ចិត្ត​ខ្នះ​ខ្នែង​របស់​អេលីយ៉ា​ដែរ
ឬ​«​អាវ​សម្រាប់​អ្នក​ប្រកាស​ទំនាយ​»​
នេះ​ក៏​អាច​សំដៅ​លើ​ចិត្ត​ក្លាហាន​និង​ចិត្ត​ខ្នះ​ខ្នែង​របស់​អេលីយ៉ា​ដែរ
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ទឹក​នេះ​នឹង​លែង​បណ្ដាល​ឲ្យ​មាន​ការ​រលូត​»​