បណ្ដាស្ដេចទី២ ២២:១-២០

  • យ៉ូសៀស​ជា​ស្ដេច​ស្រុក​យូដា (​១, ២)

  • ការ​ណែនាំ​សម្រាប់​ការ​ជួស​ជុល​វិហារ (​៣​-​៧)

  • សៀវភៅ​នៃ​ក្រឹត្យ​វិន័យ​បាន​ត្រូវ​រក​ឃើញ (​៨​-​១៣)

  • ទំនាយ​របស់​ហ៊ូលដា​ស្ដី​អំពី​អន្តរាយ (​១៤​-​២០)

២២  ពេល​យ៉ូសៀស+បាន​គ្រង​រាជ្យ គាត់​មាន​អាយុ​៨​ឆ្នាំ។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​៣១​ឆ្នាំ។+ ម្ដាយ​របស់​គាត់​ឈ្មោះ​យេដាយដា​ជា​កូន​អាដាយ៉ា​ជា​អ្នក​មក​ពី​ក្រុង​បូសកាត។+ ២  គាត់​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ហើយ​ដើរ​តាម​គន្លង​របស់​ដាវីឌ​ជា​បុព្វ​បុរស​របស់​គាត់។+ គាត់​បាន​កាន់​តាម​បញ្ញត្តិ​ទាំង​អស់​របស់​ព្រះ​យ៉ាង​ដិត​ដល់។* ៣  នៅ​ឆ្នាំ​ទី​១៨​ក្នុង​រាជ្យ​យ៉ូសៀស ស្ដេច​បាន​ចាត់​លេខាធិការ​ម្នាក់​ឈ្មោះ​សាផាន ដែល​ត្រូវ​ជា​កូន​អាសាលៀ និង​ជា​ចៅ​មេស៊ូឡាម ឲ្យ​ទៅ​ឯ​វិហារ​ព្រះ​យេហូវ៉ា+ ដោយ​បង្គាប់​ថា​៖ ៤  ​«​ចូរ​ឡើង​ទៅ​ជួប​ហ៊ីលគីយ៉ា+ជា​សម្ដេច​សង្ឃ ហើយ​ប្រាប់​គាត់​ឲ្យ​ប្រមូល​ប្រាក់​ពី​វិហារ​ព្រះ​យេហូវ៉ា+ គឺ​ជា​ប្រាក់​ដែល​ពួក​អ្នក​យាម​ទ្វារ​បាន​ទទួល​ពី​បណ្ដា​ជន ដែល​បាន​យក​មក​ជូន​ព្រះ។+ ៥  រួច​ចូរ​ប្រគល់​ប្រាក់​ឲ្យ​ពួក​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​ការ​ជួស​ជុល​វិហារ​ព្រះ​យេហូវ៉ា។ បន្ទាប់​មក អ្នក​ទាំង​នោះ​នឹង​ចាត់​ចែង​បង់​ប្រាក់​ឲ្យ​ជាង​ដែល​ធ្វើ​ការ​ជួស​ជុល​នៅ​វិហារ​ព្រះ​យេហូវ៉ា+ ៦  គឺ​ជាង​ឈើ ជាង​ថ្ម និង​ជាង​សំណង់។ ពួក​គេ​ត្រូវ​ប្រើ​ប្រាក់​នោះ​សម្រាប់​ទិញ​ឈើ​និង​ថ្ម​ដាប់ ដើម្បី​ជួស​ជុល​វិហារ។+ ៧  ប៉ុន្តែ មិន​ចាំ​បាច់​សួរ​នាំ​ពួក​បុរស​ដែល​ទទួល​ភារកិច្ច​កាន់​ប្រាក់​នោះ​ទេ ព្រោះ​ពួក​គេ​ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត​»។+ ៨  ក្រោយ​មក ហ៊ីលគីយ៉ា​ជា​សម្ដេច​សង្ឃ​បាន​ប្រាប់​សាផាន​ជា​លេខាធិការ​ថា​៖+ ​«​ខ្ញុំ​បាន​រក​ឃើញ​សៀវភៅ​ច្បាប់+នៅ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា​»។ ដូច្នេះ ហ៊ីលគីយ៉ា​បាន​ប្រគល់​សៀវភៅ​នោះ​ទៅ​ឲ្យ​សាផាន រួច​សាផាន​ក៏​យក​មក​អាន។+ ៩  បន្ទាប់​មក សាផាន​បាន​ចូល​ទៅ​ជួប​ស្ដេច ហើយ​ជម្រាប​ថា​៖ ​«​គេ​បាន​ប្រមូល​ប្រាក់​ពី​វិហារ​ព្រះ រួច​ប្រគល់​ដល់​ពួក​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​ការ​ជួស​ជុល​វិហារ​ព្រះ​យេហូវ៉ា​ហើយ​»។+ ១០  ខណៈ​នោះ សាផាន​ក៏​ជម្រាប​ស្ដេច​ដែរ​ថា​៖ ​«​ហ៊ីលគីយ៉ា​ជា​សម្ដេច​សង្ឃ​បាន​រក​ឃើញ​សៀវភៅ​មួយ+ ហើយ​គាត់​ក៏​ប្រគល់​ឲ្យ​ខ្ញុំ​»។ រួច​មក សាផាន​អាន​សៀវភៅ​នោះ​ឲ្យ​ស្ដេច​ស្ដាប់។ ១១  ពេល​ដែល​ស្ដេច​បាន​ឮ​ពាក្យ​ក្នុង​សៀវភៅ​នោះ​ភ្លាម គាត់​ក៏​ចាប់​ហែក​អាវ។+ ១២  ពេល​នោះ ស្ដេច​បាន​ហៅ​ហ៊ីលគីយ៉ា​ជា​សម្ដេច​សង្ឃ អាហាយខាម+ជា​កូន​សាផាន និង​អាកបូរ​ជា​កូន​មីកាយ៉ា សាផាន​ជា​លេខាធិការ​និង​អាសាយ៉ា​ជា​អ្នក​បម្រើ ឲ្យ​មក​ជួប​គាត់ ហើយ​បង្គាប់​ពួក​គេ​ថា​៖ ១៣  ​«​សូម​អស់​លោក​ទៅ​សួរ​ព្រះ​យេហូវ៉ា តាង​នាម​ខ្ញុំ​និង​បណ្ដា​ជន​យូដា​ទាំង​អស់ អំពី​សេចក្ដី​ទាំង​ប៉ុន្មាន​ក្នុង​សៀវភៅ​ដែល​ទើប​តែ​រក​ឃើញ​នោះ​ផង។ ព្រះ​យេហូវ៉ា​ច្បាស់​ជា​មាន​សេចក្ដី​ក្រោធ​ជា​ខ្លាំង​ហើយ+ ព្រោះ​បុព្វ​បុរស​របស់​យើង​មិន​បាន​ធ្វើ​តាម​បញ្ញត្តិ​ទាំង​ប៉ុន្មាន​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​នោះ​ទេ​»។ ១៤  ដូច្នេះ ហ៊ីលគីយ៉ា​ជា​សម្ដេច​សង្ឃ អាហាយខាម អាកបូរ សាផាន និង​អាសាយ៉ា បាន​ទៅ​ជួប​ហ៊ូលដា​ជា​ស្ត្រី​ប្រកាស​ទំនាយ។+ ហ៊ូលដា​គឺ​ជា​ប្រពន្ធ​សាលូម​ជា​អ្នក​មើល​ខុស​ត្រូវ​ខាង​សម្លៀក​បំពាក់។* សាលូម​ជា​កូន​ធីកវ៉ា ត្រូវ​ជា​ចៅ​ហាហាក់។ ហ៊ូលដា​រស់​នៅ​ក្នុង​សង្កាត់​ថ្មី​ក្នុង​ក្រុង​យេរូសាឡិម។ កាល​ទៅ​ដល់​ហើយ ពួក​គេ​សួរ​នាង​តាម​ពាក្យ​ដែល​ស្ដេច​បង្គាប់។+ ១៥  នាង​ក៏​ឆ្លើយ​តប​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​ទៅ​ប្រាប់​អ្នក​ដែល​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​មក​ឯ​ខ្ញុំ​វិញ​ថា​៖ ១៦  ​«​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹ខ្ញុំ​នឹង​នាំ​ឲ្យ​មាន​អន្តរាយ​មក​លើ​ក្រុង​នេះ រួម​ទាំង​បណ្ដា​ជន​ក្នុង​ក្រុង​នេះ ស្រប​តាម​ពាក្យ​ក្នុង​សៀវភៅ​ដែល​ស្ដេច​ស្រុក​យូដា​បាន​អាន។+ ១៧  ព្រោះ​ពួក​គេ​បាន​លះ​ចោល​ខ្ញុំ ហើយ​បាន​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​ជូន​ព្រះ​ឯ​ទៀត។+ ស្នា​ដៃ​របស់​ពួក​គេ​បាន​បណ្ដាល​ឲ្យ​ខ្ញុំ​ខឹង​ជា​ខ្លាំង។+ ដូច្នេះ ខ្ញុំ​នឹង​បំផ្លាញ​ក្រុង​នេះ​ឲ្យ​សាប​សូន្យ ប្រៀប​ដូច​ជា​ភ្លើង​ឆាប​ឆេះ​ដែល​ពន្លត់​មិន​បាន​ឡើយ›​»។+ ១៨  ចំណែក​ឯ​ស្ដេច​ស្រុក​យូដា​ដែល​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​មក​សួរ​ព្រះ​យេហូវ៉ា សូម​ទៅ​ប្រាប់​គាត់​វិញ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​មាន​ប្រសាសន៍​ថា​៖ ‹អ្នក​បាន​ឮ​ពាក្យ​ក្នុង​សៀវភៅ​នោះ​ហើយ។ ១៩  អ្នក​បាន​បង្ហាញ​ចិត្ត​ស្លូត​បូត​និង​ចិត្ត​រាប​ទាប+នៅ​ចំពោះ​ព្រះ​យេហូវ៉ា កាល​ដែល​អ្នក​បាន​ឮ​ពាក្យ​ដែល​ខ្ញុំ​ទាស់​នឹង​ក្រុង​នេះ និង​បណ្ដា​ជន​ក្នុង​ក្រុង​នេះ​ដែរ។ ម្យ៉ាង​ទៀត ក្រោយ​ពី​អ្នក​បាន​ឮ​ថា​បណ្ដា​ជន​យូដា​នឹង​ត្រូវ​រង​បណ្ដាសា ហើយ​នឹង​ត្រូវ​បំផ្លាញ​ចោល អ្នក​បាន​ហែក​អាវ+ហើយ​យំ​នៅ​ចំពោះ​ខ្ញុំ។ ខ្ញុំ​បាន​ឮ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ហើយ។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ២០  ហេតុ​នេះ អ្នក​នឹង​មិន​ឃើញ​អន្តរាយ​ដែល​ខ្ញុំ​នឹង​នាំ​មក​លើ​ក្រុង​នេះ​ឡើយ។ អ្នក​នឹង​ស្លាប់​ដោយ​សុខ​សាន្ត ហើយ​នឹង​ត្រូវ​បញ្ចុះ​ជា​មួយ​នឹង​បុព្វ​បុរស​របស់​អ្នក›​»​›​»។ ក្រោយ​ពី​ស្ដាប់​រួច ពួក​គេ​ក៏​នាំ​ពាក្យ​ទាំង​នោះ​ទៅ​ជម្រាប​ស្ដេច​វិញ។

កំណត់សម្គាល់

ន័យ​ត្រង់​«​ឥត​បែរ​ទៅ​ខាង​ឆ្វេង​ឬ​ខាង​ស្ដាំ​ឡើយ​»​
ប្រហែល​ជា​សម្លៀក​បំពាក់​របស់​ស្ដេច​ឬ​សង្ឃ