បណ្ដាស្ដេចទី២ ២៣:១-៣៧

  • ការ​រៀប​ចំ​ឡើង​វិញ​របស់​យ៉ូសៀស (​១​-​២០)

  • ការ​ធ្វើ​បុណ្យ​រំលង (​២១​-​២៣)

  • ការ​រៀប​ចំ​ថែម​ទៀត​របស់​យ៉ូសៀស (​២៤​-​២៧)

  • សេចក្ដី​ស្លាប់​របស់​យ៉ូសៀស (​២៨​-​៣០)

  • យេហូអាហាស​ជា​ស្ដេច​ស្រុក​យូដា (​៣១​-​៣៣)

  • យេហូយ៉ាគីម​ជា​ស្ដេច​ស្រុក​យូដា (​៣៤​-​៣៧)

២៣  ស្ដេច​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​បុរស​ចាស់​ទុំ​ទាំង​អស់​នៅ​ក្រុង​យេរូសាឡិម និង​នៅ​ស្រុក​យូដា​ទាំង​មូល ឲ្យ​មក​ជួប​គាត់។+ ២  ក្រោយ​មក ស្ដេច​បាន​ឡើង​ទៅ​ឯ​វិហារ​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​ពួក​អ្នក​ស្រុក​យូដា រួម​ទាំង​អ្នក​ដែល​រស់​នៅ​ក្រុង​យេរូសាឡិម ពួក​សង្ឃ និង​ពួក​អ្នក​ប្រកាស​ទំនាយ ពោល​គឺ​បណ្ដា​ជន​ទាំង​អស់ ចាប់​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ។ រួច​មក ស្ដេច​បាន​អាន​សៀវភៅ+នៃ​កិច្ច​ព្រម​ព្រៀង+ ដែល​គេ​បាន​រក​ឃើញ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា ឲ្យ​ពួក​គេ​ស្ដាប់។+ ៣  ស្ដេច​ឈរ​នៅ​ក្បែរ​សសរ​វិហារ។ បន្ទាប់​មក គាត់​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា+ ដោយ​សន្យា​ថា​គាត់​នឹង​ដើរ​តាម​ព្រះ​យេហូវ៉ា ហើយ​កាន់​តាម​ច្បាប់ បញ្ញត្តិ និង​សេចក្ដី​រំលឹក​ទាំង​ប៉ុន្មាន​របស់​លោក​យ៉ាង​អស់​ពី​កម្លាំង​កាយ​ចិត្ត និង​ដោយ​ខំ​ព្យាយាម​ធ្វើ​តាម​ពាក្យ​ក្នុង​កិច្ច​ព្រម​ព្រៀង​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​នេះ។ រីឯ​បណ្ដា​ជន​ទាំង​អស់ ពួក​គេ​ក៏​យល់​ព្រម​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង​នោះ​ដែរ។+ ៤  ក្រោយ​មក ស្ដេច​បាន​បង្គាប់​ហ៊ីលគីយ៉ា+ជា​សម្ដេច​សង្ឃ សង្ឃ​ថ្នាក់​បន្ទាប់ និង​ពួក​អ្នក​យាម​ទ្វារ ឲ្យ​យក​ប្រដាប់​ប្រដា​សម្រាប់​គោរព​បូជា​ដល់​ព្រះ​បាល​ចេញ​ពី​វិហារ​ព្រះ​យេហូវ៉ា។ ស្ដេច​ក៏​ឲ្យ​គេ​យក​ប្រដាប់​ប្រដា​សម្រាប់​គោរព​បូជា​ដល់​បង្គោល​ឈើ​ពិសិដ្ឋ*+ និង​ផ្កាយ​ទាំង​ឡាយ ចេញ​ពី​វិហារ​ដែរ។ រួច​មក គាត់​ដុត​ប្រដាប់​ប្រដា​ទាំង​នោះ​នៅ​ជ្រលង​គីដ្រុន ខាង​ក្រៅ​ក្រុង​យេរូសាឡិម ហើយ​គាត់​ក៏​យក​ផេះ​ទៅ​ក្រុង​បេតអែល។+ ៥  គាត់​បាន​បណ្ដេញ​ពួក​សង្ឃ​នៃ​ព្រះ​មិន​ពិត​ចេញ ហើយ​មិន​ឲ្យ​បម្រើ​នៅ​ទី​នោះ​ទៀត គឺ​ពួក​សង្ឃ​ដែល​បណ្ដា​ស្ដេច​ស្រុក​យូដា​បាន​តែង​តាំង​ឲ្យ​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​នៅ​ទី​ខ្ពស់​ពិសិដ្ឋ​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា និង​តំបន់​ជុំវិញ​ក្រុង​យេរូសាឡិម។ គាត់​ក៏​បណ្ដេញ​ពួក​សង្ឃ​ដែល​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​ជូន​ព្រះ​បាល ព្រះ​អាទិត្យ ព្រះ​ចន្ទ កញ្ចុំ​ផ្កាយ និង​ផ្កាយ​ទាំង​ឡាយ​ផង​ដែរ។+ ៦  ស្ដេច​បាន​យក​បង្គោល​ឈើ​ពិសិដ្ឋ*+ចេញ​ពី​វិហារ​ព្រះ​យេហូវ៉ា ហើយ​យក​ទៅ​ដុត​ចោល+នៅ​ជ្រលង​គីដ្រុន ខាង​ក្រៅ​ក្រុង​យេរូសាឡិម។ បន្ទាប់​មក គាត់​ក៏​យក​ទៅ​កិន​ឲ្យ​ហ្មត់ រួច​យក​ទៅ​បាច​លើ​ផ្នូរ​របស់​បណ្ដា​ជន។+ ៧  ម្យ៉ាង​ទៀត គាត់​បាន​បំផ្លាញ​កន្លែង​រស់​នៅ​របស់​ពួក​បុរស​ដែល​បម្រើ​បុរស​ឯ​ទៀត​ខាង​ផ្លូវ​ភេទ+ ចេញ​អស់​ពី​វិហារ​ព្រះ​យេហូវ៉ា។ កន្លែង​ទាំង​នោះ​ក៏​ជា​កន្លែង​ដែល​ពួក​ស្ត្រី​ត្បាញ​ក្រណាត់​ធ្វើ​ខ្ទម​តូច​ៗ​សម្រាប់​គោរព​បូជា​ដល់​បង្គោល​ឈើ​ពិសិដ្ឋ។* ៨  បន្ទាប់​មក ស្ដេច​បាន​កោះ​ហៅ​សង្ឃ​ទាំង​អស់​ពី​ក្រុង​នា​នា​ក្នុង​ស្រុក​យូដា។ គាត់​បាន​បន្ទាប​បន្ថោក​ទី​ខ្ពស់​ពិសិដ្ឋ​របស់​ពួក​គេ ជា​កន្លែង​ដែល​ពួក​សង្ឃ​ធ្លាប់​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង គឺ​ចាប់​ពី​ក្រុង​កេបា+រហូត​ដល់​បៀរសេបា។+ ដូច្នេះ គេ​មិន​អាច​គោរព​បូជា​នៅ​ទី​នោះ​ទៀត​បាន​ឡើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​បាន​បំផ្លាញ​ទី​ខ្ពស់​ពិសិដ្ឋ​ដែល​នៅ​ខ្លោង​ទ្វារ​របស់​យ៉ូស្វេ​ជា​ចៅហ្វាយ​ក្រុង (​ពេល​ចូល​ខ្លោង​ទ្វារ ឃើញ​ទី​ខ្ពស់​នោះ​នៅ​ខាង​ឆ្វេង​ដៃ​)។ ៩  រីឯ​ពួក​សង្ឃ​ដែល​ធ្លាប់​បម្រើ​នៅ​ទី​ខ្ពស់​ពិសិដ្ឋ​វិញ ពួក​គេ​មិន​បាន​បម្រើ​នៅ​ទី​បូជា​របស់​ព្រះ​យេហូវ៉ា​ក្នុង​ក្រុង​យេរូសាឡិម​ឡើយ។+ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​គេ​អាច​បរិភោគ​នំ​ប៉័ង​ឥត​ដំបែ​ជា​មួយ​នឹង​សង្ឃ​ឯ​ទៀត​បាន។ ១០  បន្ថែម​ទៅ​ទៀត ស្ដេច​បាន​បន្ទាប​បន្ថោក​តូផែត+ ដែល​ជា​កន្លែង​គោរព​បូជា​នៅ​ជ្រលង​ហ៊ីណំ*+ ដើម្បី​កុំ​ឲ្យ​គេ​អាច​ដុត​កូន​ប្រុស​កូន​ស្រី​ខ្លួន​ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​ម៉ូឡេក​ទៀត។+ ១១  ចំណែក​ឯ​សេះ​ដែល​បណ្ដា​ស្ដេច​ស្រុក​យូដា​ធ្លាប់​ប្រើ​សម្រាប់​គោរព​បូជា​ដល់​ព្រះ​អាទិត្យ គាត់​បាន​ហាម​មិន​ឲ្យ​គេ​ដឹក​ចូល​ក្នុង​វិហារ​ព្រះ​យេហូវ៉ា ដោយ​កាត់​តាម​ល្វែង​វិហារ​ឆ្លង​កាត់​បន្ទប់*ណាថានមេលេក​ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់។ ពេល​នោះ គាត់​ក៏​បាន​ដុត​បំផ្លាញ​រទេះ​សម្រាប់​គោរព​បូជា​ដល់​ព្រះ​អាទិត្យ​ដែរ។+ ១២  ម្យ៉ាង​ទៀត ស្ដេច​បាន​បំផ្លាញ​ទី​បូជា​ផ្សេង​ៗ​ដែល​បណ្ដា​ស្ដេច​ស្រុក​យូដា​បាន​សង់​លើ​ដំបូល+បន្ទប់​ខាង​លើ​របស់​អេហាស។ គាត់​ក៏​បាន​បំផ្លាញ​ទី​បូជា​ដែល​ម៉ាណាសេ​បាន​សង់​នៅ​ទី​ធ្លា​ទាំង​ពីរ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា​ដែរ។+ គាត់​បំផ្លាញ​ទី​បូជា​ទាំង​នោះ​ឲ្យ​ខ្ទេច​ខ្ទី ហើយ​យក​កម្ទេច​ទៅ​បោះ​ចោល​នៅ​ជ្រលង​គីដ្រុន។ ១៣  គាត់​ក៏​បាន​បន្ទាប​បន្ថោក​ទី​ខ្ពស់​ពិសិដ្ឋ​ដែល​នៅ​ទល់​មុខ​នឹង​ក្រុង​យេរូសាឡិម​ដែរ។ ទី​ខ្ពស់​ទាំង​នោះ​នៅ​ប៉ែក​ខាង​ត្បូង​ភ្នំ​ដើម​អូលីវ គឺ​ជា​ទី​ខ្ពស់​ពិសិដ្ឋ​ដែល​សាឡូម៉ូន​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​សង់​ជូន​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម គឺ​ព្រះ​នាង​អាសថារ៉ូត​របស់​ជន​ជាតិ​ស៊ីដូន ព្រះ​កេម៉ូស​របស់​ជន​ជាតិ​ម៉ូអាប់ និង​ព្រះ​មីលខម+របស់​ជន​ជាតិ​អាំម៉ូន។+ ១៤  គាត់​ក៏​បាន​បំបាក់​បំបែក​បង្គោល​ឈើ​ពិសិដ្ឋ*+និង​បង្គោល​ថ្ម​ពិសិដ្ឋ ហើយ​យក​ឆ្អឹង​មនុស្ស​ទៅ​ដាក់​ពេញ​នៅ​ទី​នោះ។ ១៥  លើស​ពី​នោះ គាត់​បាន​ផ្ដួល​រំលំ​ទី​បូជា​នៅ​ក្រុង​បេតអែល ហើយ​បំផ្លាញ​ទី​ខ្ពស់​ពិសិដ្ឋ​ដែល​យេរ៉ូបោម​ជា​កូន​ណេបាត​បាន​សង់ ជា​អ្វី​ដែល​នាំ​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។+ រួច​មក គាត់​បាន​ដុត​បំផ្លាញ​ទី​ខ្ពស់​ពិសិដ្ឋ​និង​បង្គោល​ឈើ​ពិសិដ្ឋ* ឲ្យ​ទៅ​ជា​ផេះ។+ ១៦  នៅ​ពេល​នោះ យ៉ូសៀស​បាន​បែរ​ទៅ​ឃើញ​កន្លែង​បញ្ចុះ​សព​នៅ​លើ​ភ្នំ ដូច្នេះ​គាត់​ក៏​បង្គាប់​គេ​ឲ្យ​យក​ឆ្អឹង​ខ្មោច​ពី​ទី​នោះ​ទៅ​ដុត​លើ​ទី​បូជា។ ហេតុ​នេះ ទី​បូជា​នោះ​លែង​ពិសិដ្ឋ​សម្រាប់​ការ​គោរព​បូជា​ត​ទៅ​ទៀត។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង ដូច​ព្រះ​យេហូវ៉ា​បាន​ប្រកាស​ទុក​ជា​មុន តាម​រយៈ​តំណាង​លោក។+ ១៧  ពេល​នោះ ស្ដេច​បាន​សួរ​ពួក​អ្នក​ក្រុង​ថា​៖ ​«​តើ​នោះ​ជា​ផ្នូរ​របស់​អ្នក​ណា?​»។ ពួក​គេ​ឆ្លើយ​ថា​៖ ​«​នោះ​ជា​ផ្នូរ​របស់​បុរស​តំណាង​ព្រះ​ពិត​ដែល​មក​ពី​ស្រុក​យូដា+ ជា​អ្នក​ប្រកាស​ទុក​ជា​មុន អំពី​អ្វី​ដែល​លោក​បាន​ធ្វើ​ចំពោះ​ទី​បូជា​នៅ​ក្រុង​បេតអែល​នេះ​»។ ១៨  ដូច្នេះ គាត់​និយាយ​ថា​៖ ​«​ចូរ​ទុក​ផ្នូរ​នេះ​ចុះ កុំ​ប៉ះ​ពាល់​ឆ្អឹង​គាត់​ឡើយ​»។ ហេតុ​នេះ ពួក​គេ​មិន​បាន​ប៉ះ​ពាល់​ឆ្អឹង​គាត់​ទេ ព្រម​ទាំង​ឆ្អឹង​របស់​អ្នក​ប្រកាស​ទំនាយ​ដែល​មក​ពី​ស្រុក​សាម៉ារី។+ ១៩  បន្ថែម​ទៅ​ទៀត ដូច​អ្វី​ដែល​គាត់​បាន​ធ្វើ​នៅ​ក្រុង​បេតអែល គាត់​ក៏​បាន​ធ្វើ​នៅ​ក្រុង​ទាំង​ឡាយ​ក្នុង​ស្រុក​សាម៉ារី​ដែរ+ គឺ​គាត់​បាន​បំផ្លាញ​វិហារ​នៅ​លើ​ទី​ខ្ពស់​ពិសិដ្ឋ​នា​នា ជា​កន្លែង​ដែល​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​សង់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ព្រះ​មាន​សេចក្ដី​ក្រោធ​ជា​ខ្លាំង។+ ២០  ឯ​ពួក​សង្ឃ​ដែល​បម្រើ​នៅ​ទី​ខ្ពស់​ពិសិដ្ឋ គាត់​បាន​សម្លាប់​ពួក​គេ​នៅ​លើ​ទី​បូជា​ទាំង​នោះ​ទៅ។ គាត់​ក៏​ដុត​ឆ្អឹង​មនុស្ស​នៅ​លើ​ទី​បូជា​ទាំង​នោះ​ដែរ។+ ក្រោយ​មក គាត់​វិល​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ។ ២១  បន្ទាប់​មក ស្ដេច​បាន​បង្គាប់​បណ្ដា​ជន​ទាំង​អស់​ថា​៖ ​«​ចូរ​ធ្វើ​បុណ្យ​រំលង+ជូន​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដូច​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​»។+ ២២  តាំង​ពី​គ្រា​ពួក​អ្នក​សម្រេច​ក្ដី​លើ​ស្រុក​អ៊ីស្រាអែល រហូត​ដល់​គ្រា​ស្ដេច​ស្រុក​អ៊ីស្រាអែល​និង​គ្រា​ស្ដេច​ស្រុក​យូដា មិន​ដែល​មាន​បុណ្យ​រំលង​ណា​ដូច​បុណ្យ​រំលង​នេះ​ឡើយ។+ ២៣  នៅ​ឆ្នាំ​ទី​១៨​ក្នុង​រាជ្យ​យ៉ូសៀស គេ​បាន​ធ្វើ​បុណ្យ​រំលង​ជូន​ព្រះ​យេហូវ៉ា​នៅ​ក្រុង​យេរូសាឡិម។ ២៤  យ៉ូសៀស​បាន​បណ្ដេញ​គ្រូ​ខាប​និង​គ្រូ​ទាយ+ទាំង​អស់​ចេញ​ពី​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា។ បន្ថែម​ទៅ​ទៀត គាត់​ក៏​បាន​បំផ្លាញ​រូប​សំណាក​ធេរ៉ាភីម+ រូប​ព្រះ​គួរ​ឲ្យ​ខ្ពើម​រអើម និង​អ្វី​ៗ​ផ្សេង​ទៀត​ដែល​គួរ​ឲ្យ​ស្អប់ខ្ពើម​ដែរ។ គាត់​ធ្វើ​ដូច្នេះ​ឲ្យ​ស្រប​តាម​អ្វី​ដែល​បាន​ចែង​ទុក​ក្នុង​ច្បាប់​ម៉ូសេ+ ក្នុង​សៀវភៅ​ដែល​ហ៊ីលគីយ៉ា​ជា​សម្ដេច​សង្ឃ​បាន​រក​ឃើញ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា។+ ២៥  មុន​នោះ គ្មាន​ស្ដេច​ណា​ដូច​យ៉ូសៀស ដែល​បាន​បែរ​មក​រក​ព្រះ​យេហូវ៉ា ដោយ​អស់​ពី​កម្លាំង​កាយ​ចិត្ត+ តាម​គ្រប់​ទាំង​ច្បាប់​របស់​ម៉ូសេ​ឡើយ ហើយ​ក្រោយ​គាត់​ក៏​គ្មាន​ដែរ។ ២៦  ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​យេហូវ៉ា​នៅ​តែ​មាន​សេចក្ដី​ក្រោធ​ជា​ខ្លាំង​ចំពោះ​បណ្ដា​ជន​យូដា ដោយ​សារ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​ម៉ាណាសេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​លោក។+ ២៧  ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​ដក​យូដា​ចេញ​ពី​មុខ​ខ្ញុំ+ ដូច​ខ្ញុំ​បាន​ដក​អ៊ីស្រាអែល​ដែរ។+ ខ្ញុំ​នឹង​លែង​ទទួល​ស្គាល់​ក្រុង​យេរូសាឡិម​ជា​ក្រុង​ដែល​ខ្ញុំ​បាន​ជ្រើស​រើស ព្រម​ទាំង​វិហារ​ដែល​ខ្ញុំ​ធ្លាប់​និយាយ​ថា​៖ ‹ទី​នោះ​ជា​តំណាង​នាម​របស់​ខ្ញុំ›​»។+ ២៨  រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​យ៉ូសៀស​បាន​ធ្វើ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​យូដា។ ២៩  ក្នុង​រាជ្យ​យ៉ូសៀស ផារ៉ូណេកូ​ជា​ស្ដេច​ស្រុក​អេហ្ស៊ីប​បាន​ចេញ​ទៅ​ជួយ​ស្ដេច​ស្រុក​អាស៊ីរី​នៅ​ក្បែរ​ទន្លេ​អឺប្រាត។ ពេល​នោះ ស្ដេច​យ៉ូសៀស​បាន​ចេញ​ទៅ​ច្បាំង​នឹង​ផារ៉ូ​ណេកូ។ ពេល​ផារ៉ូ​ណេកូ​ឃើញ​យ៉ូសៀស គាត់​ក៏​សម្លាប់​យ៉ូសៀស​នៅ​មេគីដោ​ទៅ។+ ៣០  ក្រោយ​មក ពួក​អ្នក​បម្រើ​យ៉ូសៀស​បាន​ដឹក​សព​គាត់​ពី​មេគីដោ​ទៅ​ក្រុង​យេរូសាឡិម ហើយ​បញ្ចុះ​សព​គាត់​នៅ​កន្លែង​បញ្ចុះ​សព។ រួច​មក បណ្ដា​ជន​បាន​ចាក់​ប្រេង​តែង​តាំង យេហូអាហាស​ជា​កូន​ឲ្យ​ឡើង​ធ្វើ​ជា​ស្ដេច​បន្ទាប់​ពី​ឪពុក​គាត់។+ ៣១  ពេល​យេហូអាហាស+គ្រង​រាជ្យ គាត់​មាន​អាយុ​២៣​ឆ្នាំ។ គាត់​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​បាន​បី​ខែ។ ម្ដាយ​របស់​គាត់​ឈ្មោះ​ហាមូថល+ជា​កូន​យេរេមា​ជា​អ្នក​ក្រុង​លិបណា។ ៣២  យេហូអាហាស​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត តាម​គន្លង​របស់​បុព្វ​បុរស​គាត់។+ ៣៣  ក្រោយ​មក ផារ៉ូ​ណេកូ+បាន​ចាប់​គាត់​យក​ទៅ​ដាក់​គុក​នៅ​ក្រុង​រីបឡា+ក្នុង​ទឹក​ដី​ហាម៉ាត ដើម្បី​កុំ​ឲ្យ​គាត់​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​ទៀត។ ពេល​នោះ ផារ៉ូ​ណេកូ​បាន​តម្រូវ​ឲ្យ​បណ្ដា​ជន​ស្រុក​យូដា​បង់​សួយ​អាករ​ជា​ប្រាក់​ចំនួន​១០០​ថាលិន* និង​មាស​ចំនួន​មួយ​ថាលិន។+ ៣៤  រួច​មក ផារ៉ូ​ណេកូ​តែង​តាំង​អេលាគីម​ជា​កូន​យ៉ូសៀស​ឲ្យ​ធ្វើ​ជា​ស្ដេច​ជំនួស​វិញ ហើយ​ក៏​ប្ដូរ​ឈ្មោះ​អេលាគីម​ទៅ​ជា​យេហូយ៉ាគីម។ ចំណែក​ឯ​យេហូអាហាស​វិញ ផារ៉ូណេកូ​បាន​នាំ​យក​ទៅ​ស្រុក​អេហ្ស៊ីប។+ ក្រោយ​មក យេហូអាហាស​បាន​ស្លាប់​នៅ​ទី​នោះ។+ ៣៥  យេហូយ៉ាគីម​បាន​បង់​សួយ​អាករ​ជា​មាស​ប្រាក់​ដល់​ផារ៉ូ​តាម​ការ​ទាម​ទារ​របស់​គាត់។ ដើម្បី​បាន​ប្រាក់​គ្រប់​គ្រាន់​បង់​ឲ្យ​ផារ៉ូ​ណេកូ យេហូយ៉ាគីម​បាន​បង្ខំ​បណ្ដា​ជន​ឲ្យ​បង់​ពន្ធ​តាម​តម្លៃ​ដី​របស់​ពួក​គេ​រៀង​ខ្លួន។ ៣៦  ពេល​យេហូយ៉ាគីម+បាន​គ្រង​រាជ្យ គាត់​មាន​អាយុ​២៥​ឆ្នាំ។ គាត់​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​១១​ឆ្នាំ។+ ម្ដាយ​របស់​គាត់​ឈ្មោះ​សេបាយដា​ជា​កូន​ភេដាយ៉ា​ជា​អ្នក​ក្រុង​រូម៉ា។ ៣៧  យេហូយ៉ាគីម​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត+ តាម​គន្លង​របស់​បុព្វ​បុរស​គាត់។+

កំណត់សម្គាល់

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​
មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​
មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​
មើល​និយម​ន័យ​ពាក្យ​«​កេហេណា​»​
ឬ​«​បន្ទប់​ពិសា​អាហារ​»​
មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​
មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​
មួយ​ថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤