បណ្ដាស្ដេចទី២ ២៤:១-២០

  • ការ​បះ​បោរ​ប្រឆាំង​និង​សេចក្ដី​ស្លាប់​របស់​យេហូយ៉ាគីម (​១​-​៧)

  • យេហូយ៉ាគីន​ជា​ស្ដេច​ស្រុក​យូដា (​៨, ៩)

  • ការ​នាំ​យក​ទៅ​ស្រុក​បាប៊ីឡូន​លើក​ទី១ (​១០​-​១៧)

  • សេដេគា​ជា​ស្ដេច​ស្រុក​យូដា។ ការ​បះ​បោរ​របស់​គាត់ (​១៨​-​២០)

២៤  ក្នុង​រាជ្យ​យេហូយ៉ាគីម នេប៊ូក្នេសា+ជា​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​មក​ច្បាំង​នឹង​គាត់។ យេហូយ៉ាគីម​ក៏​ចុះ​ចូល ហើយ​ព្រម​បម្រើ​ស្ដេច​នេប៊ូក្នេសា។ ប៉ុន្តែ បី​ឆ្នាំ​ក្រោយ​មក គាត់​បាន​បះ​បោរ​ប្រឆាំង​នឹង​នេប៊ូក្នេសា​វិញ។ ២  គ្រា​នោះ ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​ទ័ព​ខាល់ដេ+ ទ័ព​ស៊ីរី ទ័ព​ម៉ូអាប់ និង​ទ័ព​អាំម៉ូន​ចូល​វាយលុក​ស្រុក​យូដា។ ព្រះ​យេហូវ៉ា​ធ្វើ​ដូច្នេះ ដើម្បី​បំផ្លាញ​ពួក​យូដា គឺ​ដូច​លោក​បាន​មាន​ប្រសាសន៍+តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​លោក។ ៣  ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​ចំពោះ​ពួក​យូដា តាម​បង្គាប់​ព្រះ​យេហូវ៉ា គឺ​ដើម្បី​ដក​ពួក​គេ​ចេញ​ពី​មុខ​លោក+ ដោយ​សារ​អំពើ​ខុស​ឆ្គង​ទាំង​ប៉ុន្មាន​ដែល​ម៉ាណាសេ​បាន​ប្រព្រឹត្ត+ ៤  និង​ព្រោះ​តែ​ម៉ាណាសេ​បាន​ធ្វើ​ឲ្យ​ក្រុង​យេរូសាឡិម​ពេញ​ទៅ​ដោយ​ឈាម ដោយ​សម្លាប់​មនុស្ស​ដែល​គ្មាន​ទោស+យ៉ាង​ច្រើន​សន្ធឹក។ ព្រះ​យេហូវ៉ា​មិន​ព្រម​អភ័យ​ទោស​ឲ្យ​ឡើយ។+ ៥  រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​យេហូយ៉ាគីម​បាន​ធ្វើ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​យូដា។+ ៦  ក្រោយ​មក យេហូយ៉ាគីម​បាន​ស្លាប់ ហើយ​បាន​ត្រូវ​បញ្ចុះ​ជា​មួយ​នឹង​បុព្វ​បុរស​របស់​គាត់។+ យេហូយ៉ាគីន​ជា​កូន​ក៏​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។ ៧  ឯ​ស្ដេច​ស្រុក​អេហ្ស៊ីប​វិញ គាត់​មិន​ហ៊ាន​ចេញ​ពី​ស្រុក​ទេ ដោយ​សារ​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​ដណ្ដើម​យក​ទឹក​ដី​ស្រុក​អេហ្ស៊ីប+ ចាប់​ពី​ជ្រលង​អេហ្ស៊ីប+ រហូត​ដល់​ទន្លេ​អឺប្រាត។+ ៨  ពេល​យេហូយ៉ាគីន+គ្រង​រាជ្យ គាត់​មាន​អាយុ​១៨​ឆ្នាំ។ គាត់​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​បាន​បី​ខែ។+ ម្ដាយ​របស់​គាត់​ឈ្មោះ​នេហូសថា​ជា​កូន​អេលណាថាន ជា​អ្នក​ក្រុង​យេរូសាឡិម។ ៩  យេហូយ៉ាគីន​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត តាម​គន្លង​ឪពុក​របស់​គាត់។ ១០  ក្នុង​អំឡុង​គ្រា​នោះ ពល​ទ័ព​របស់​នេប៊ូក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​ឡើង​ទៅ​ឡោម​ព័ទ្ធ​ច្បាំង​នឹង​ក្រុង​យេរូសាឡិម។+ ១១  ក្រោយ​មក នេប៊ូក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​ទៅ​ក្រុង​យេរូសាឡិម កាល​ដែល​ពល​ទ័ព​របស់​គាត់​កំពុង​ឡោម​ព័ទ្ធ​ក្រុង​នោះ។ ១២  ខណៈ​នោះ យេហូយ៉ាគីន​ជា​ស្ដេច​ស្រុក​យូដា រួម​ទាំង​ម្ដាយ ពួក​អ្នក​បម្រើ ពួក​អ្នក​គ្រប់​គ្រង និង​មន្ត្រី​ជាន់​ខ្ពស់​របស់​គាត់+ បាន​ចេញ​ទៅ​សុំ​ចុះ​ចាញ់​ស្ដេច​ស្រុក​បាប៊ីឡូន។+ បន្ទាប់​មក ស្ដេច​ស្រុក​បាប៊ីឡូន​ចាប់​គាត់​ធ្វើ​ជា​ឈ្លើយ។ នេះ​បាន​កើត​ឡើង​នៅ​ឆ្នាំ​ទី​៨​ក្នុង​រាជ្យ​នេប៊ូក្នេសា។+ ១៣  រួច​មក នេប៊ូក្នេសា​បាន​ប្រមូល​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ពី​វិហារ​ព្រះ​យេហូវ៉ា​និង​វិមាន​ស្ដេច។+ គាត់​បាន​កាត់​គ្រឿង​មាស​ទាំង​អស់​ជា​បំណែក​ៗ គឺ​គ្រឿង​មាស​ដែល​សាឡូម៉ូន​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​ធ្វើ​សម្រាប់​វិហារ​ព្រះ​យេហូវ៉ា។+ នេះ​បាន​កើត​ឡើង​ដូច​ព្រះ​យេហូវ៉ា​បាន​ប្រកាស​ទុក​ជា​មុន​មែន។ ១៤  គាត់​បាន​ចាប់​យក​អ្នក​ក្រុង​យេរូសាឡិម​ទៅ​ធ្វើ​ជា​ឈ្លើយ គឺ​ពួក​អ្នក​គ្រប់​គ្រង+ ទាហាន​ដ៏​អង់អាច ពួក​សិប្បករ និង​ជាង​ដែក។+ សរុប​ចំនួន​គឺ​១០.០០០​នាក់។ គាត់​ទុក​ឲ្យ​នៅ​សល់​តែ​បណ្ដា​ជន​ក្រី​ក្រ​ប៉ុណ្ណោះ។+ ១៥  គាត់​បាន​ចាប់​ស្ដេច​យេហូយ៉ាគីន+ រួម​ទាំង​ម្ដាយ​របស់​ស្ដេច បណ្ដា​ប្រពន្ធ​របស់​ស្ដេច មន្ត្រី​ជាន់​ខ្ពស់ និង​ពួក​អ្នក​ធំ រួច​នាំ​ចេញ​ពី​ក្រុង​យេរូសាឡិម​ធ្វើ​ដំណើរ​ទៅ​ស្រុក​បាប៊ីឡូន។+ ១៦  ស្ដេច​ស្រុក​បាប៊ីឡូន​បាន​ចាប់​ទាហាន​ដ៏​អង់អាច​ចំនួន​៧.០០០​នាក់ យក​ទៅ​ធ្វើ​ជា​ឈ្លើយ រួម​ទាំង​ពួក​សិប្បករ និង​ជាង​ដែក​ចំនួន​១.០០០​នាក់។ ពួក​គេ​ទាំង​អស់​នោះ​ជា​ទាហាន​ដ៏​ខ្លាំង​ក្លា​ដែល​បាន​ហ្វឹកហាត់​សម្រាប់​ចម្បាំង។ ១៧  ស្ដេច​ស្រុក​បាប៊ីឡូនបាន​តែង​តាំង​ម៉ាថានៀ​ជា​ឪពុកមា​របស់​យេហូយ៉ាគីន+ ឲ្យ​ធ្វើ​ជា​ស្ដេច​ជំនួស​វិញ ហើយ​ក៏​ប្ដូរ​ឈ្មោះ​ម៉ាថានៀ​ទៅ​ជា​សេដេគា។+ ១៨  ពេល​សេដេគា​បាន​គ្រង​រាជ្យ គាត់​មាន​អាយុ​២១​ឆ្នាំ។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​១១​ឆ្នាំ។ ម្ដាយ​របស់​គាត់​ឈ្មោះ​ហាមូថល+ជា​កូន​យេរេមា ជា​អ្នក​ក្រុង​លិបណា។ ១៩  សេដេគា​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត តាម​គន្លង​យេហូយ៉ាគីម​ដែរ។+ ២០  ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​ចំពោះ​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា ដោយ​សារ​ព្រះ​យេហូវ៉ា​មាន​សេចក្ដី​ក្រោធ​នឹង​ពួក​គេ។ លោក​បាន​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​លោក​ទៅ។+ ក្រោយ​មក សេដេគា​បាន​បះ​បោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​បាប៊ីឡូន។+

កំណត់សម្គាល់