បណ្ដាស្ដេចទី២ ៣:១-២៧
៣ នៅឆ្នាំទី១៨នៃរាជ្យយេហូសាផាតជាស្ដេចស្រុកយូដា យេហូរ៉ាម+ជាកូនអាហាប់បានគ្រប់គ្រងជាស្ដេចស្រុកអ៊ីស្រាអែលនៅក្រុងសាម៉ារី។ គាត់បានគ្រប់គ្រងអស់រយៈពេល១២ឆ្នាំ។
២ គាត់តែងតែប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត តែមិនដល់ឪពុកម្ដាយរបស់គាត់ទេ។ ព្រោះគាត់បានផ្ដួលរំលំបង្គោលថ្ម ដែលឪពុកគាត់បានធ្វើសម្រាប់គោរពបូជាដល់ព្រះបាល។+
៣ ទោះជាយ៉ាងនោះក្ដី គាត់នៅតែប្រព្រឹត្តអំពើខុសឆ្គងដូចយេរ៉ូបោមជាកូនណេបាត ដែលជាអ្នកនាំឲ្យជនជាតិអ៊ីស្រាអែលធ្វើខុស។+
៤ រីឯមេសាជាស្ដេចស្រុកម៉ូអាប់ គាត់ចិញ្ចឹមចៀមជាច្រើន។ គាត់ធ្លាប់ជូនសួយអាករដល់ស្ដេចស្រុកអ៊ីស្រាអែល នូវចៀមចំនួន១០០.០០០ក្បាល និងចៀមឈ្មោលដែលមិនទាន់កាត់រោមចំនួន១០០.០០០ក្បាលដែរ។
៥ ប៉ុន្តែ មិនយូរក្រោយពីអាហាប់បានស្លាប់+ ស្ដេចស្រុកម៉ូអាប់បានបះបោរប្រឆាំងនឹងស្ដេចស្រុកអ៊ីស្រាអែល។+
៦ ដូច្នេះ ស្ដេចយេហូរ៉ាមក៏ចេញពីក្រុងសាម៉ារីទៅប្រមូលទ័ពអ៊ីស្រាអែលទាំងអស់។
៧ បន្ថែមទៅទៀត គាត់បានផ្ញើសារទៅយេហូសាផាតជាស្ដេចស្រុកយូដាថា៖ «ស្ដេចស្រុកម៉ូអាប់បានបះបោរប្រឆាំងនឹងខ្ញុំហើយ។ ដូច្នេះ ខ្ញុំនឹងទៅច្បាំងនឹងស្ដេចស្រុកម៉ូអាប់ តើលោកចង់ទៅជាមួយខ្ញុំទេ?»។ ស្ដេចយេហូសាផាតបានឆ្លើយតបថា៖ «ខ្ញុំចង់ទៅ+ ព្រោះខ្ញុំក៏ដូចជាលោក ហើយរាស្ត្រខ្ញុំក៏ដូចជារាស្ត្ររបស់លោក។ ឯសេះរបស់ខ្ញុំក៏ដូចជាសេះរបស់លោកដែរ»។+
៨ រួចគាត់*ក៏សួរថា៖ «តើយើងគួរទៅតាមផ្លូវណា?»។ គាត់*ក៏ឆ្លើយតបថា៖ «តាមតំបន់ស្ងាត់ជ្រងំក្នុងស្រុកអេដំ»។
៩ ក្រោយពីសម្រេចគ្នារួច ស្ដេចស្រុកអ៊ីស្រាអែល ស្ដេចស្រុកយូដា និងស្ដេចស្រុកអេដំ+ ក៏ធ្វើដំណើរចេញទៅជាមួយគ្នា។ លុះធ្វើដំណើរអស់៧ថ្ងៃ ពួកគេខ្វះទឹកសម្រាប់កងទ័ពនិងហ្វូងសត្វដែលមកជាមួយ។
១០ ស្ដេចអ៊ីស្រាអែលបាននិយាយថា៖ «មិនគួរណាព្រះយេហូវ៉ានាំស្ដេចទាំងបីរូបមកប្រគល់ក្នុងកណ្ដាប់ដៃជនជាតិម៉ូអាប់សោះ!»។
១១ យេហូសាផាតបានសួរថា៖ «តើនៅទីនេះមានអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ាឬទេ? សូមឲ្យយើងទៅសួរគាត់ដើម្បីបានការណែនាំពីព្រះយេហូវ៉ា»។+ ពេលនោះ អ្នកបម្រើម្នាក់របស់ស្ដេចអ៊ីស្រាអែលបានឆ្លើយថា៖ «គឺមានម្នាក់ ឈ្មោះអេលីសេ+ជាកូនសាផាត គាត់ធ្លាប់បម្រើអេលីយ៉ា»។*+
១២ រួចមក យេហូសាផាតបាននិយាយថា៖ «គាត់អាចប្រាប់យើងនូវការណែនាំពីព្រះយេហូវ៉ា»។ ដូច្នេះ ស្ដេចស្រុកអ៊ីស្រាអែលនិងយេហូសាផាត ព្រមទាំងស្ដេចស្រុកអេដំ បានធ្វើដំណើរទៅជួបអេលីសេ។
១៣ ពេលពួកគេទៅដល់ អេលីសេក៏សួរស្ដេចអ៊ីស្រាអែលថា៖ «ហេតុអ្វីមកសួរខ្ញុំ?*+ ម្ដេចក៏មិនទៅសួរពួកអ្នកប្រកាសទំនាយរបស់ឪពុកម្ដាយលោកវិញទៅ?»។+ ប៉ុន្តែ ស្ដេចស្រុកអ៊ីស្រាអែលបានឆ្លើយតបថា៖ «ទេ! ព្រោះព្រះយេហូវ៉ាជាអ្នកនាំយើងមកប្រគល់ក្នុងកណ្ដាប់ដៃជនជាតិម៉ូអាប់»។
១៤ អេលីសេតបទៅវិញថា៖ «ខ្ញុំស្បថដោយនូវនាមព្រះយេហូវ៉ាជាព្រះដែលមានជីវិតរស់នៅ ជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌ និងជាព្រះដែលខ្ញុំកំពុងបម្រើថា កុំតែខ្ញុំយល់ដល់យេហូសាផាត+ជាស្ដេចស្រុកយូដាទេ ម្ល៉េះខ្ញុំនឹងមិនមើលមុខអ្នកឡើយ។+
១៥ យ៉ាងណាក្ដី សូមនាំអ្នកលេងពិណម្នាក់មកឯខ្ញុំ»។+ ពេលអ្នកលេងពិណចាប់ផ្ដើមដេញ អេលីសេក៏ទទួលឫទ្ធានុភាពពីព្រះយេហូវ៉ា។+
១៦ រួចគាត់និយាយថា៖ «ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ ‹ចូរជីកប្រឡាយឲ្យច្រើនតាមជ្រលងភ្នំនេះ
១៧ ព្រោះព្រះយេហូវ៉ាបានប្រាប់ថា៖ «បើទោះជាអ្នកមិនឮសូរខ្យល់និងមិនឃើញភ្លៀងក្ដី ក៏ជ្រលងភ្នំនេះនឹងមានទឹកសម្បូរហូរហៀរដែរ។+ អ្នករាល់គ្នានឹងមានទឹកផឹក ហើយហ្វូងសត្វនិងសត្វឯទៀតរបស់អ្នកក៏មានទឹកផឹកដែរ»›។
១៨ នេះជារឿងងាយទេចំពោះព្រះយេហូវ៉ា+ ប៉ុន្តែលោកនឹងធ្វើលើសពីនេះទៅទៀត គឺលោកនឹងប្រគល់ជនជាតិម៉ូអាប់មកក្នុងកណ្ដាប់ដៃអ្នក។+
១៩ ដូច្នេះ អ្នកត្រូវបំផ្លាញក្រុងទាំងអស់ដែលមានកំពែងរឹងមាំ+ រួមទាំងក្រុងសំខាន់ៗ។ អ្នកក៏ត្រូវកាប់រំលំដើមឈើល្អៗ ព្រមទាំងចាក់លុបប្រភពទឹកទាំងប៉ុន្មានដែរ។ ចំណែកដីល្អៗវិញ អ្នកត្រូវយកថ្មទៅចាក់បង្ខូចលើដីទាំងនោះ»។+
២០ លុះព្រឹកឡើង នៅវេលាដែលគេជូនគ្រឿងបូជាពីស្រូវ+ ស្រាប់តែមានទឹកហូរមកពីទិសខាងស្រុកអេដំ ចូលពេញជ្រលងភ្នំ។
២១ នៅពេលពួកម៉ូអាប់បានឮថាស្ដេចទាំងបីបានលើកគ្នាមកច្បាំង ពួកគេក៏បានប្រមូលពួកបុរសដែលអាចចូលច្បាំងទាំងក្មេងទាំងចាស់ ហើយចាត់ឲ្យទៅការពារតាមព្រំដែន។
២២ លុះថ្ងៃរះឡើង ពន្លឺថ្ងៃជះទៅលើផ្ទៃទឹក។ ពេលពួកម៉ូអាប់ក្រោកឡើងពីព្រលឹម ពួកគេមើលទៅលើផ្ទៃទឹកដែលនៅខាងមុខ ឃើញពណ៌ក្រហមដូចជាឈាម។
២៣ ពេលនោះ ពួកគេនិយាយថា៖ «នោះគឺជាឈាម! ស្ដេចទាំងនោះច្បាស់ជាសម្លាប់គ្នាឯងហើយ។ ចូរយើងទៅប្រមូលយករបស់របរពួកគេទៅ!»។+
២៤ ក៏ប៉ុន្តែ ពេលពួកម៉ូអាប់ចូលទៅក្នុងជំរំអ៊ីស្រាអែល ទ័ពអ៊ីស្រាអែលក៏ក្រោកឡើងវាយប្រហារពួកគេ ឲ្យបាក់ទ័ពខ្ចាត់ខ្ចាយអស់ទៅ។+ រួចមក ទ័ពអ៊ីស្រាអែលដេញតាមប្រហារពួកម៉ូអាប់ រហូតដល់ក្នុងស្រុករបស់ពួកគេ។
២៥ ពួកអ៊ីស្រាអែលបានរំលំក្រុងនានា ហើយពួកគេម្នាក់ៗនាំគ្នាយកថ្មទៅចោលលើដីស្រែចម្ការល្អៗពេញទាំងអស់។ រួចពួកគេចាក់លុបប្រភពទឹកទាំងប៉ុន្មាន+ ព្រមទាំងកាប់រំលំដើមឈើល្អៗផងដែរ។+ នៅទីបំផុត មានតែក្រុងកៀហារ៉ាសែតទេ+ ដែលនៅសល់កំពែងព័ទ្ធជុំវិញ។ ប៉ុន្តែ ទ័ពខ្សែដង្ហក់បានឡោមព័ទ្ធ ហើយវាយប្រហារទៅលើក្រុងនោះ។
២៦ ពេលដែលស្ដេចស្រុកម៉ូអាប់ឃើញថាខ្លួនចាញ់ចម្បាំងហើយ គាត់ក៏បាននាំទ័ព៧០០នាក់ប្រដាប់ដោយដាវ សម្រុកចូលទៅវាយស្ដេចស្រុកអេដំ+ តែគាត់មិនអាចចូលទៅវាយបានទេ។
២៧ ដូច្នេះ ស្ដេចម៉ូអាប់ក៏យកកូនប្រុសច្បងរបស់ខ្លួនដែលនឹងត្រូវស្នងរាជ្យ ជូនជាគ្រឿងបូជាដុត+នៅលើកំពែងក្រុង ហើយក៏កើតមានកំហឹងនឹងពួកអ៊ីស្រាអែលយ៉ាងខ្លាំង។ ហេតុនេះ ពួកអ៊ីស្រាអែលបានដកទ័ពថយចេញពីស្ដេចម៉ូអាប់ ហើយពួកគេត្រឡប់ទៅស្រុករបស់ខ្លួនវិញ។
កំណត់សម្គាល់
^ តាមមើលទៅជាយេហូសាផាត
^ តាមមើលទៅជាយេហូរ៉ាម
^ ឬ«ធ្លាប់ចាក់ទឹកលាងដៃអេលីយ៉ា»
^ ឬ«តើអ្នកមករំខានខ្ញុំធ្វើអ្វី?»