បណ្ដាស្ដេចទី២ ៥:១-២៧

  • ណាម៉ាន​បាន​ជា​ពី​ជំងឺ​ឃ្លង់​តាម​រយៈ​អេលីសេ (​១​-​១៩)

  • កេហាស៊ី​ដែល​មាន​ចិត្ត​លោភ​លន់​បាន​កើត​ជំងឺ​ឃ្លង់ (​២០​-​២៧)

 នៅ​ស្រុក​ស៊ីរី​មាន​បុរស​ម្នាក់​ឈ្មោះ​ណាម៉ាន គាត់​ជា​មេ​ទ័ព​ដ៏​អង់អាច ហើយ​មាន​មុខ​មាត់។ ស្ដេច​ស្រុក​ស៊ីរី​ស្រឡាញ់​ពេញ​ចិត្ត​គាត់​ណាស់ ព្រោះ​ណាម៉ាន​បាន​សង្គ្រោះ​ពួក​ស៊ីរី​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ ប៉ុន្តែ គាត់​មាន​ជំងឺ​ឃ្លង់។ ២  នៅ​ថ្ងៃ​មួយ ទ័ព​ស៊ីរី​បាន​ទៅ​វាយលុក​ទឹក​ដី​អ៊ីស្រាអែល ហើយ​ក៏​ចាប់​បាន​ក្មេង​ស្រី​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់។ ក្មេង​ស្រី​នោះ​ក៏​បាន​ទៅ​ជា​អ្នក​បម្រើ​របស់​ប្រពន្ធ​ណាម៉ាន។ ៣  នៅ​ពេល​មួយ នាង​និយាយ​ទៅ​កាន់​ចៅហ្វាយ​ស្រី​ថា​៖ ​«​នៅ​ស្រុក​សាម៉ារី​មាន​អ្នក​ប្រកាស​ទំនាយ​ម្នាក់+ បើ​លោក​ម្ចាស់​ទៅ​ជួប​គាត់ គាត់​នឹង​ធ្វើ​ឲ្យ​លោក​ម្ចាស់​ជា​សះ​ស្បើយ​ពី​ជំងឺ​ឃ្លង់​ពុំ​ខាន​»។+ ៤  ដូច្នេះ គាត់*ក៏​ទៅ​ជម្រាប​ស្ដេច​ស្រុក​ស៊ីរី​អំពី​អ្វី​ដែល​ក្មេង​ស្រី​ជន​ជាតិ​អ៊ីស្រាអែល​នោះ​បាន​ប្រាប់។ ៥  រួច​មក ស្ដេច​ស្រុក​ស៊ីរី​បាន​និយាយ​ថា​៖ ​«​ចូរ​ទៅ​ចុះ! ខ្ញុំ​នឹង​ផ្ញើ​សំបុត្រ​មួយ​ឲ្យ​ស្ដេច​ស្រុក​អ៊ីស្រាអែល​»។ ដូច្នេះ ណាម៉ាន​ក៏​ធ្វើ​ដំណើរ​ទៅ ទាំង​នាំ​យក​ប្រាក់​១០​ថាលិន* មាស​៦.០០០​ដុំ និង​សម្លៀក​បំពាក់​១០​បន្លាស់​ទៅ​ជា​មួយ។ ៦  ពេល​ទៅ​ដល់ ណាម៉ាន​ក៏​ជូន​សំបុត្រ​នោះ​ដល់​ស្ដេច​ស្រុក​អ៊ីស្រាអែល។ សំបុត្រ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ​៖ ​«​អ្នក​ដែល​យក​សំបុត្រ​នេះ​មក​ប្រគល់​ឲ្យ​អ្នក គឺ​ជា​អ្នក​បម្រើ​របស់​ខ្ញុំ​ឈ្មោះ​ណាម៉ាន។ ខ្ញុំ​បាន​ចាត់​គាត់​ទៅ ដើម្បី​ឲ្យ​អ្នក​ព្យាបាល​គាត់​ឲ្យ​ជា​សះ​ស្បើយ​ពី​ជំងឺ​ឃ្លង់​»។ ៧  ក្រោយ​ពី​ស្ដេច​ស្រុក​អ៊ីស្រាអែល​អាន​សំបុត្រ​ចប់​ភ្លាម គាត់​ក៏​ចាប់​ហែក​អាវ ហើយ​និយាយ​ថា​៖ ​«​តើ​ខ្ញុំ​ជា​អ្វី? ខ្ញុំ​មិន​មែន​ជា​ព្រះ​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ឬ​រស់​បាន​ទេ។+ មើល! ស្ដេច​នេះ​បាន​ចាត់​បុរស​កើត​ឃ្លង់​នេះ មក​ឲ្យ​ខ្ញុំ​ព្យាបាល! ដូច​អស់​លោក​ឃើញ​ស្រាប់​ហើយ គាត់​ចង់​រក​រឿង​នឹង​ខ្ញុំ​ច្បាស់​ណាស់​»។ ៨  ឯ​អេលីសេ​ជា​តំណាង​ព្រះ​ពិត ក៏​បាន​ឮ​ដំណឹង​នោះ​ដែរ។ ពេល​នោះ គាត់​ក៏​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​ស្ដេច​ថា​៖ ​«​ហេតុ​អ្វី​ក៏​ស្ដេច​ហែក​អាវ​ដូច្នេះ? សូម​ចាត់​បុរស​នោះ​មក​ឯ​ខ្ញុំ ដើម្បី​ឲ្យ​គាត់​ដឹង​ថា​នៅ​ស្រុក​អ៊ីស្រាអែល​មាន​អ្នក​ប្រកាស​ទំនាយ​ម្នាក់​ពិត​មែន​»។+ ៩  ដូច្នេះ ណាម៉ាន​ក៏​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​អេលីសេ អម​ដោយ​ទ័ព​សេះ​និង​ទ័ព​រទេះ​ចម្បាំង​របស់​គាត់។ ពេល​ទៅ​ដល់ ពួក​គេ​បាន​ឈរ​នៅ​មុខ​ផ្ទះ​អេលីសេ។ ១០  ខណៈ​នោះ អេលីសេ​ក៏​ចាត់​អ្នក​បម្រើ​ឲ្យ​ទៅ​ប្រាប់​ណាម៉ាន​ថា​៖ ​«​ចូរ​ទៅ​មុជ​ទឹក​ក្នុង​ទន្លេ​យ៉ូដាន់+ឲ្យ​បាន​៧​ដង​ទៅ+ នោះ​ស្បែក​របស់​អ្នក​នឹង​ជា​ស្អាត​ឡើង​វិញ​»។ ១១  ពេល​ឮ​ដូច្នោះ ណាម៉ាន​ក៏​ខឹង​យ៉ាង​ខ្លាំង ហើយ​បម្រុង​នឹង​ចាក​ចេញ​ភ្លាម។ ប៉ុន្តែ មុន​ចាក​ចេញ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​គិត​ស្មានថា​គាត់​នឹង​ចេញ​មក​ជួប​ខ្ញុំ ហើយ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​គាត់។ រួច​រា​ដៃ​ពី​លើ​ដំបៅ​របស់​ខ្ញុំ ឲ្យ​រោគ​ឃ្លង់​បាន​ជា​សះ​ស្បើយ។ ១២  តើ​ទន្លេ​អាបាណា​និង​ទន្លេផាផា​នៅ​ក្រុង​ដាម៉ាស់+មិន​ល្អ​ជាង​ទន្លេ​ទាំង​ឡាយ​នៅ​ស្រុក​អ៊ីស្រាអែល​ទេ​ឬ? បើ​ខ្ញុំ​ទៅ​មុជ​ក្នុង​ទន្លេ​ទាំង​នោះ តើ​មិន​បាន​ជា​ស្អាត​ទេ​ឬ?​»។ រួច​គាត់​ក៏​ចេញ​ទៅ​ទាំង​មាន​កំហឹង​យ៉ាង​ខ្លាំង។ ១៣  ឯ​ពួក​អ្នក​បម្រើ​របស់​ណាម៉ាន​ក៏​ចូល​ទៅ​ជិត​គាត់ ហើយ​ជម្រាប​ថា​៖ ​«​លោក​ម្ចាស់* បើ​អ្នក​ប្រកាស​ទំនាយ​នោះ​ប្រាប់​លោក​ឲ្យ​ធ្វើ​អ្វី​ពិបាក លោក​មុខ​ជា​ធ្វើ​តាម មែន​ទេ? គាត់​គ្រាន់​តែ​ឲ្យ​លោក​ទៅ​‹មុជ​ទឹក​ដើម្បី​ជា​ស្អាត›​ទេ​តើ ម្ដេច​ក៏​លោក​មិន​ព្រម​ធ្វើ​តាម​ទៅ​វិញ?​»។ ១៤  ដូច្នេះ ណាម៉ាន​ក៏​ព្រម​ចុះ​ទៅ​មុជ​ទឹក​នៅ​ទន្លេយ៉ូដាន់​អស់​៧​ដង តាម​បង្គាប់​របស់​តំណាង​ព្រះ​ពិត។+ ក្រោយ​ពី​មុជ​រួច ស្បែក​គាត់​ប្រែ​ជា​ស្អាត​ឡើង​វិញ+ ដូច​ស្បែក​របស់​កូន​ក្មេង។+ ១៥  ក្រោយ​នោះ ណាម៉ាន​និង​ក្រុម​របស់​គាត់​ក៏​ត្រឡប់​ទៅ​ជួប​អេលីសេ​ជា​តំណាង​ព្រះ​ពិត។+ ណាម៉ាន​ក៏​ឈរ​នៅ​មុខ​អេលីសេ ហើយ​និយាយ​ថា​៖ ​«​ឥឡូវ ខ្ញុំ​ដឹង​ថា​នៅ​លើ​ផែនដី​គ្មាន​ព្រះ​ណា​ទៀត ក្រៅ​ពី​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ឡើយ។+ សូម​លោក​មេត្តា​ទទួល​អំណោយ​ពី​ខ្ញុំ​ផង​ចុះ​»។ ១៦  ប៉ុន្តែ អេលីសេ​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ និង​ជា​ព្រះ​ដែល​ខ្ញុំ​កំពុង​បម្រើ​ថា ខ្ញុំ​មិន​ព្រម​ទទួល​អំណោយ​របស់​អ្នក​ទេ​»។+ យ៉ាង​ណា​ក្ដី ណាម៉ាន​ចេះ​តែ​ទទូច​ឲ្យ​គាត់​ទទួល​អំណោយ​នោះ តែ​គាត់​មិន​ព្រម​ទទួល​ឡើយ។ ១៧  នៅ​ទី​បំផុត ណាម៉ាន​បាន​និយាយ​ថា​៖ ​«​បើ​លោក​មិន​ព្រម​ទទួល​ទេ សូម​លោក​អនុញ្ញាត​ឲ្យ​ខ្ញុំ​យក​ដី​ខ្លះ ដាក់​លើ​ខ្នង​លា​ពីរ​ដឹក​ទៅ​វិញ​ផង ព្រោះ​ខ្ញុំ​នឹង​មិន​ជូន​គ្រឿង​បូជា​ដល់​ព្រះ​ណា​ទៀត ក្រៅ​ពី​ព្រះ​យេហូវ៉ា​ឡើយ។ ១៨  ប៉ុន្តែ សូម​ព្រះ​យេហូវ៉ា​មេត្តា​អនុគ្រោះ​ឲ្យ​ខ្ញុំ​រឿង​មួយ គឺ​ពេល​ស្ដេច​របស់​ខ្ញុំ​ចូល​ទៅ​វិហារ គោរព​បូជា​ដល់​ព្រះ​រីម៉ូន ខ្ញុំ​ជា​អ្នក​ជួយ​ទប់​គាត់ ហើយ​ក៏​ត្រូវ​លំឱន​កាយ​នៅ​វិហារ​ព្រះ​នោះ​ដែរ។ ពេល​ខ្ញុំ​ធ្វើ​ដូច្នោះ សូម​ព្រះ​យេហូវ៉ា​មេត្តា​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ផង​»។ ១៩  ក្រោយ​ពី​ឮ​ដូច្នេះ អេលីសេ​ក៏​និយាយ​ទៅ​ណាម៉ាន​ថា​៖ ​«​ចូរ​ត្រឡប់​ទៅ​វិញ​ដោយ​សុខ​សាន្ត​ចុះ​»។ រួច​គាត់​ក៏​ចាក​ចេញ​ទៅ។ លុះ​គាត់​ធ្វើ​ដំណើរ​បាន​ឆ្ងាយ​បន្តិច ២០  កេហាស៊ី+ជា​អ្នក​បម្រើ​អេលីសេ​ដែល​ជា​តំណាង​ព្រះ​ពិត+ បាន​គិត​ក្នុង​ចិត្ត​ថា​៖ ‹លោក​ម្ចាស់​ខ្ញុំ​ឲ្យ​ណាម៉ាន​ជា​ជន​ជាតិ​ស៊ីរី+ត្រឡប់​ទៅ​វិញ ដោយ​មិន​ព្រម​ទទួល​អំណោយ​ពី​គាត់​សោះ។ ដូច្នេះ ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​ថា ខ្ញុំ​នឹង​រត់​ទៅ​តាម​គាត់ ហើយ​សុំ​អំណោយ​ខ្លះ›។ ២១  បន្ទាប់​មក កេហាស៊ី​ក៏​រត់​ទៅ​តាម​ណាម៉ាន។ ឯ​ណាម៉ាន គាត់​ឃើញ​ថា​មាន​មនុស្ស​ម្នាក់​រត់​តាម​ក្រោយ​គាត់។ ពេល​នោះ គាត់​ក៏​ចុះ​ពី​លើ​រទេះ​ទៅ​ជួប​កេហាស៊ី រួច​សួរ​ថា​៖ ​«​តើ​មាន​រឿង​អ្វី?​»។ ២២  គាត់​ក៏​ឆ្លើយ​តប​ថា​៖ ​«​គ្មាន​រឿង​អ្វី​ទេ គ្រាន់​តែ​លោក​ម្ចាស់​ខ្ញុំ​ចាត់​ខ្ញុំ​ឲ្យ​មក​ប្រាប់​លោក​ថា​៖ ‹មាន​កូន​ចៅ​ពួក​អ្នក​ប្រកាស​ទំនាយ​ពីរ​នាក់​ទើប​តែ​មក​ជួប​ខ្ញុំ ពី​តំបន់​ភ្នំ​អេប្រាអ៊ីម។ សូម​លោក​ឲ្យ​ប្រាក់​ពួក​គេ​មួយ​ថាលិន និង​សម្លៀក​បំពាក់​ពីរ​បន្លាស់​ផង›​»។+ ២៣  ណាម៉ាន​បាន​និយាយ​ថា​៖ ​«​យក​ពីរ​ថាលិន​ចុះ​»​ ហើយ​គាត់​ក៏​បង្ខំ​កេហាស៊ី​ឲ្យ​យក។+ ណាម៉ាន​បាន​ច្រក​សម្លៀក​បំពាក់​ពីរ​បន្លាស់​និង​ប្រាក់​ពីរ​ថាលិន​ក្នុង​បាវ​ពីរ រួច​បង្គាប់​អ្នក​បម្រើ​ពីរ​នាក់​ឲ្យ​លី​បាវ​នោះ​ទៅ​ជា​មួយ​កេហាស៊ី។ ២៤  ពេល​កេហាស៊ី​ទៅ​ដល់​អូផែល* គាត់​ក៏​យក​បាវ​ពី​អ្នក​បម្រើ​ពីរ​នាក់​នោះ ទៅ​ដាក់​ក្នុង​ផ្ទះ​គាត់ រួច​ប្រាប់​ពួក​គេ​ឲ្យ​ត្រឡប់​ទៅ​វិញ។ ក្រោយ​ពី​ពួក​គេ​ចាក​ចេញ​ទៅ ២៥  គាត់​ក៏​ចូល​ទៅ​ឯ​អេលីសេ។ ពេល​នោះ អេលីសេ​សួរ​គាត់​ថា​៖ ​«​កេហាស៊ី តើ​អ្នក​ទើប​មក​ពី​ណា?​»។ គាត់​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​មិន​បាន​ទៅ​ណា​ទេ លោក​ម្ចាស់​»។+ ២៦  រួច​អេលីសេ​បាន​និយាយ​ថា​៖ ​«​តើ​អ្នក​ស្មានថា​ខ្ញុំ​មិន​ដឹង​ថា​អ្នក​រត់​ទៅ​តាម​បុរស​នោះ ហើយ​គាត់​បាន​ចុះ​ពី​រទេះ​មក​ទទួល​អ្នក​ទេ​ឬ? ពេល​នេះ មិន​មែន​ជា​ពេល​ដែល​ត្រូវ​ទទួល​យក​ប្រាក់ សម្លៀក​បំពាក់ ឬ​ចម្ការ​អូលីវ ចម្ការ​ទំពាំង​បាយ​ជូរ គោ ចៀម ឬ​អ្នក​បម្រើ​ប្រុស​ស្រី​ទេ។+ ២៧  ដូច្នេះ ជំងឺ​ឃ្លង់​របស់​ណាម៉ាន+នឹង​ធ្លាក់​មក​លើ​អ្នក​វិញ ហើយ​មក​លើ​កូន​ចៅ​របស់​អ្នក​ជា​រៀង​ដរាប​ត​ទៅ​»។ រំពេច​នោះ ស្បែក​គាត់​ក៏​ស​ស្គុស* ហើយ​គាត់​ចេញ​ទៅ​ទាំង​កើត​ជំងឺ​ឃ្លង់។+

កំណត់សម្គាល់

ប្រហែល​ជា​សំដៅ​លើ​ណាម៉ាន
មួយ​ថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ន័យ​ត្រង់​«​លោក​ឪពុក​»​
មាន​ទី​តាំង​នៅ​ក្រុង​សាម៉ារី។ កន្លែង​នោះ​ប្រហែល​ជា​បន្ទាយ​ឬ​ភ្នំ​តូច​មួយ
ន័យ​ត្រង់​«​ស​ដូច​ព្រិល​»​