បណ្ដាស្ដេចទី២ ៧:១-២០
៧ អេលីសេក៏និយាយថា៖ «ចូរស្ដាប់ប្រសាសន៍របស់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ាបានមានប្រសាសន៍ដូច្នេះថា៖ ‹ថ្ងៃស្អែកថ្មើរនេះ នៅផ្សារ* ម្សៅម៉ដ្ឋមួយរង្វាល់*នឹងមានតម្លៃតែមួយហ្សេគិល* ហើយស្រូវ*ពីររង្វាល់ក៏មានតម្លៃមួយហ្សេគិលដែរ›»។+
២ ពេលឮដូច្នេះ នាយទាហានជំនិតម្នាក់របស់ស្ដេច បាននិយាយទៅកាន់អេលីសេជាតំណាងព្រះពិតថា៖ «បើទោះជាព្រះយេហូវ៉ាបើកទ្វារទំនប់នៅលើមេឃក្ដី ក៏រឿងនេះមិនអាចទៅរួចដែរ»។+ អេលីសេក៏ឆ្លើយទៅវិញថា៖ «អ្នកនឹងឃើញរឿងនេះដោយផ្ទាល់ភ្នែក+ តែអ្នកនឹងមិនបានបរិភោគទេ»។+
៣ នៅពេលនោះ មានអ្នកកើតជំងឺឃ្លង់បួននាក់អង្គុយនៅខ្លោងទ្វារក្រុង។+ ពួកគេក៏និយាយគ្នាថា៖ «ហេតុអ្វីក៏យើងអង្គុយរង់ចាំស្លាប់នៅទីនេះដូច្នេះ?
៤ បើយើងអង្គុយនៅទីនេះយើងក៏ស្លាប់ ហើយបើយើងចូលក្នុងក្រុង+ យើងក៏ស្លាប់ដោយការអត់ឃ្លានដែរ។ ដូច្នេះ ចូរយើងទៅជំរំទ័ពស៊ីរីទៅ ក្រែងលោពួកគេទុកជីវិតឲ្យយើង តែបើពួកគេសម្លាប់យើង ស្លាប់ក៏ស្លាប់ទៅចុះ»។
៥ លុះពេលព្រលប់ ពួកគេក៏ចូលទៅជំរំទ័ពស៊ីរី។ ប៉ុន្តែ ពេលទៅដល់ជំរំ ពួកគេមិនឃើញមានអ្នកណាម្នាក់សោះ។
៦ ព្រោះព្រះយេហូវ៉ាបានធ្វើឲ្យពួកស៊ីរី ឮសូរសន្ធឹកកងទ័ពសេះនិងទ័ពរទេះចម្បាំងដ៏ធំ។+ ដូច្នេះ ពួកគេក៏និយាយគ្នាថា៖ «វរហើយ! ស្ដេចស្រុកអ៊ីស្រាអែលបានទៅពឹង*ពួកស្ដេចជនជាតិហេត និងពួកស្ដេចនៅស្រុកអេហ្ស៊ីប ឲ្យមកច្បាំងនឹងយើងហើយ!»។
៧ ភ្លាមនោះ ពួកគេរត់ទៅទាំងយប់យកតែរួចខ្លួនប៉ុណ្ណោះ ដោយទុកចោលត្រសាល សេះ លា និងរបស់របរទាំងអស់នៅក្នុងជំរំ។
៨ ពេលបុរសកើតឃ្លង់ទាំងនោះទៅដល់ជំរំទ័ព ពួកគេក៏ចូលទៅត្រសាលមួយ ហើយបរិភោគអាហារទៅ។ បន្ទាប់មក ពួកគេយកមាសប្រាក់និងសម្លៀកបំពាក់ពីត្រសាលនោះទៅលាក់ទុក។ រួចពួកគេមកវិញ ហើយចូលទៅត្រសាលមួយទៀត ក៏ប្រមូលរបស់របរពីក្នុងនោះទៅលាក់ទុកដែរ។
៩ ក្រោយមក ពួកគេបាននិយាយគ្នាថា៖ «យើងធ្វើដូច្នេះមិនត្រូវទេ ព្រោះថ្ងៃនេះយើងដឹងដំណឹងល្អ! បើយើងនៅបង្អែបង្អង់ចាំរហូតដល់ភ្លឺ យើងនឹងទទួលទោសមិនខាន។ ឥឡូវ ចូរយើងនាំដំណឹងនេះទៅប្រាប់ពួកអ្នកបម្រើស្ដេច»។
១០ ដូច្នេះ ពួកគេក៏ត្រឡប់ទៅក្រុងវិញ។ ពេលទៅដល់ ពួកគេស្រែកប្រាប់ពួកអ្នកយាមទ្វារក្រុងថា៖ «យើងបានចូលទៅក្នុងជំរំទ័ពស៊ីរី តែមិនឃើញអ្នកណានៅទីនោះឡើយ ហើយក៏មិនឮសំឡេងអ្នកណាដែរ។ យើងឃើញសល់តែត្រសាល សេះនិងលាដែលពួកគេចងទុកចោលប៉ុណ្ណោះ»។
១១ ពេលឮដូច្នេះ ពួកអ្នកយាមក៏ស្រែកប្រាប់បន្ត ហើយគេក៏នាំដំណឹងនោះទៅជម្រាបស្ដេច។
១២ ពេលឮដំណឹងនោះភ្លាម ស្ដេចក្រោកឡើងទាំងយប់ ហើយប្រាប់ពួកអ្នកបម្រើគាត់ថា៖ «នេះច្បាស់ជាកលល្បិចរបស់ពួកស៊ីរីហើយ។ ពួកគេដឹងថាយើងកំពុងអត់ឃ្លាន+ ដូច្នេះពួកគេក៏ចេញពីជំរំ ហើយទៅពួនខ្លួននៅឯវាល ដោយនិយាយគ្នាថា៖ ‹ពួកអ៊ីស្រាអែលមុខជាចេញពីក្រុងមិនខាន។ នៅពេលនោះ យើងនឹងចាប់ពួកគេទាំងរស់ រួចវាយយកក្រុងរបស់ពួកគេ›»។+
១៣ អ្នកបម្រើម្នាក់ក៏និយាយថា៖ «សូមលោកម្ចាស់ចាត់បុរសខ្លះឲ្យយកសេះប្រាំ ពីចំណោមសេះដែលនៅសល់ក្នុងក្រុង រួចជិះទៅពិនិត្យមើល។ បើពួកគេមិនទៅ ក៏ពួកគេនឹងស្លាប់ដូចបណ្ដាជនអ៊ីស្រាអែលឯទៀតដែរ»។
១៤ ដូច្នេះ ស្ដេចក៏ចាត់ពួកគេឲ្យទៅជំរំទ័ពស៊ីរី ដោយនិយាយថា៖ «ចូរទៅពិនិត្យមើលចុះ»។ រួចពួកគេទឹមរទេះចម្បាំងពីរ ហើយក៏ចេញទៅ។
១៥ ដូច្នេះ ពួកគេក៏ទៅតាមបុរសកើតឃ្លង់ទាំងនោះរហូតដល់តំបន់ទន្លេយ៉ូដាន់។ នៅតាមផ្លូវ ពួកគេឃើញសុទ្ធតែសម្លៀកបំពាក់និងរបស់របរដែលពួកស៊ីរីបានបោះចោលក្នុងកាលដែលរត់គេចខ្លួន។ ក្រោយមក ពួកអ្នកនាំសារក៏ត្រឡប់ទៅរាយការណ៍ប្រាប់ស្ដេចវិញ។
១៦ ចំណែកបណ្ដាជនក៏បានឮដំណឹងនោះដែរ ហើយពួកគេបានចេញទៅប្រមូលយករបស់របរពីជំរំទ័ពស៊ីរី។ ហេតុនេះ ម្សៅម៉ដ្ឋមួយរង្វាល់មានតម្លៃតែមួយហ្សេគិល ហើយស្រូវពីររង្វាល់មានតម្លៃមួយហ្សេគិល ដូចព្រះយេហូវ៉ាបានមានប្រសាសន៍មែន។+
១៧ ឯនាយទាហានជំនិតដែលស្ដេចបានចាត់ឲ្យមើលការខុសត្រូវនៅខ្លោងទ្វារក្រុង បានត្រូវបណ្ដាជនជាន់ស្លាប់នៅទីនោះទៅ។ នេះបានកើតឡើងស្របតាមពាក្យដែលតំណាងព្រះពិតបានប្រាប់ស្ដេច កាលដែលស្ដេចបានទៅជួបគាត់។
១៨ រឿងនេះបានកើតឡើងដូចតំណាងព្រះពិតបានប្រាប់ស្ដេចថា៖ «ថ្ងៃស្អែកថ្មើរនេះ នៅផ្សារម្សៅម៉ដ្ឋមួយរង្វាល់នឹងមានតម្លៃតែមួយហ្សេគិល ហើយស្រូវពីររង្វាល់ក៏មានតម្លៃមួយហ្សេគិលដែរ»។+
១៩ ពេលនោះ នាយទាហានជំនិតរបស់ស្ដេចក៏និយាយទៅកាន់តំណាងព្រះពិតថា៖ «ទោះជាព្រះយេហូវ៉ាបើកទ្វារទំនប់នៅលើមេឃក្ដី ក៏រឿងនេះមិនអាចទៅរួចដែរ»។ អេលីសេក៏ឆ្លើយទៅវិញថា៖ «អ្នកនឹងឃើញរឿងនេះដោយផ្ទាល់ភ្នែក តែអ្នកនឹងមិនបានបរិភោគទេ»។
២០ ហេតុការណ៍នេះបានកើតឡើងមែន ព្រោះបណ្ដាជនបានជាន់គាត់ស្លាប់នៅខ្លោងទ្វារក្រុង។
កំណត់សម្គាល់
^ ឬ«ទ្វារក្រុងសាម៉ារី»
^ ន័យត្រង់«សៀ»។ មួយសៀស្មើនឹង៧,៣៣លីត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
^ មួយហ្សេគិលស្មើនឹង១១,៤ក្រាម។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
^ ភាសាហេប្រឺ«ស៊ីអូរ៉ា» ស្រូវម្យ៉ាងដែលថោកជាងស្រូវសាលី ហើយច្រើនតែជាអាហាររបស់មនុស្សក្រីក្រ
^ ន័យត្រង់«ជួល»