បទចម្រៀងសាឡូម៉ូន ៣:១-១១

  • ស្ត្រី​វ័យ​ក្មេង (​១​-​៥)

    • ‹ក្នុង​ពេល​រាត្រី ខ្ញុំ​នឹក​ដល់​ម្ចាស់​ស្នេហ៍› (​)

  • កូន​ស្រី​ស៊ីយ៉ូន (​៦​-​១១)

    • ពណ៌នា​អំពី​ក្បួន​ដង្ហែ​របស់​សាឡូម៉ូន

 ​«​ក្នុង​ពេល​រាត្រីខ្ញុំ​គេង​អាល័យ​នឹក​ដល់​ម្ចាស់​ស្នេហ៍។+ ខ្ញុំ​ចង់​ជួប​គាត់​ខ្លាំង​ណាស់ តែ​មិន​ឃើញ​គាត់​ទេ។+  ២  ខ្ញុំ​នឹង​ក្រោក​ឡើង ហើយ​ដើរ​ពាស​ពេញ​ក្រុងគឺ​ដើរ​តាម​ផ្លូវ​នា​នា​និង​ទី​លាន​សាធារណៈខ្ញុំ​នឹង​តាម​រក​ម្ចាស់​ស្នេហ៍​របស់​ខ្ញុំ​ឲ្យ​ឃើញ។ ខ្ញុំ​ចង់​ជួប​គាត់​ខ្លាំង​ណាស់ តែ​មិន​ឃើញ​គាត់​ទេ។  ៣  ពួក​អ្នក​យាម​ដែល​កំពុង​ល្បាត​ក្រុង ក៏​បាន​ឃើញ​ខ្ញុំ។+ ដូច្នេះ ខ្ញុំ​សួរ​ពួក​គេ​ថា​៖ ‹តើ​ឃើញ​ម្ចាស់​ស្នេហ៍​ខ្ញុំ​ទេ?›។  ៤  ក្រោយ​ពី​ខ្ញុំ​ដើរ​ហួស​ពួក​គេ​បន្តិចខ្ញុំ​បាន​ប្រទះ​ឃើញ​ម្ចាស់​ស្នេហ៍​របស់​ខ្ញុំ។ ខ្ញុំ​ក៏​ឱប​គាត់​ជាប់ មិន​ព្រម​លែង​ឡើយទាល់​តែ​ខ្ញុំ​បាន​នាំ​គាត់​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ម្ដាយ​ខ្ញុំ+គឺ​ចូល​ទៅ​បន្ទប់​ខាង​ក្នុង​ផ្ទះ​របស់​ម្ដាយ​ដែល​បាន​បង្កើត​ខ្ញុំ​មក។  ៥  ឱ​កូន​ស្រី​នៃ​ក្រុង​យេរូសាឡិម​អើយ ខ្ញុំ​សុំ​ឲ្យ​ពួក​នាង​ស្បថដោយ​យក​ប្រើស​និង​ក្ដាន់​ញី​នៅ​ឯ​វាល​ជា​សាក្សី​ថា​៖ពួក​នាង​មិន​ត្រូវ​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ស្រឡាញ់​ទេ លុះ​ត្រា​តែ​អារម្មណ៍​នោះ​ផុស​ចេញ​ពី​ចិត្ត​របស់​ខ្ញុំ​»។+  ៦  ​«​តើ​អ្វី​នោះ​ដូច​ជា​ផ្សែង​ហុយ​ទ្រ​លោម​ចេញ​ពី​តំបន់​ស្ងាត់​ជ្រងំវា​ជះ​ក្លិន​ជ័រ​ល្វីង​ទេស​និង​ម្សៅ​ក្រអូបរួម​ទាំង​គ្រឿង​ក្រអូប​គ្រប់​យ៉ាង​របស់​ពួក​ឈ្មួញ?​»។+  ៧  ​«​មើល​ហ្ន៎! នោះ​ជា​គ្រែ​ស្នែង​របស់​សាឡូម៉ូន។ មាន​ទាហាន​ខ្លាំង​ក្លា​៦០​នាក់​ហែហម​មក​ជា​មួយ​ផងពួក​គេ​សុទ្ធ​តែ​ជា​បុរស​អង់អាច​របស់​អ៊ីស្រាអែល។+  ៨  បុរស​ទាំង​អស់​នោះ​ប្រដាប់​ដោយ​ដាវពួក​គេ​ថ្នឹក​ធ្វើ​សង្គ្រាម​ណាស់ហើយ​មាន​ដាវ​សៀត​នៅ​ចង្កេះ​គ្រប់​ៗ​គ្នាដើម្បី​ចាំ​ការ​ពារ ក្រែង​លោ​មាន​ភាព​តក់​ស្លុត​កើត​ឡើង​នៅ​ពេល​យប់​»។  ៩  ​«​នោះ​ជា​គ្រែ​ស្នែង​របស់​ស្ដេច​សាឡូម៉ូនគាត់​បាន​ធ្វើ​គ្រែ​ស្នែង​នោះ​ពី​ឈើ​ដែល​មក​ពី​ភ្នំ​ស្រុក​លីបង់​ទុក​សម្រាប់​គាត់​ផ្ទាល់។+ ១០  គាត់​បាន​ធ្វើ​បង្គោល​គ្រែ​ស្នែង​ពី​ប្រាក់ហើយ​បង្អែក​ពី​មាស។ ចំណែក​ឯ​កន្លែង​អង្គុយ​វិញ​ធ្វើ​ពី​រោម​ចៀម​ពណ៌​ស្វាយ។ កូន​ស្រី​នៃ​ក្រុង​យេរូសាឡិម​បាន​តុបតែង​ផ្នែក​ខាង​ក្នុងដោយ​សេចក្ដី​ស្រឡាញ់​»។ ១១  ​«​ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយចូរ​នាំ​គ្នា​ចេញ​ទៅ​ក្រៅ ទៅ​មើល​ស្ដេច​សាឡូម៉ូនពាក់​មកុដ*ដែល​ម្ដាយ​គាត់+បាន​ធ្វើ​ឲ្យ​គាត់គឺ​បាន​ធ្វើ​ឲ្យ​គាត់​ក្នុង​ថ្ងៃ​រៀប​ការ​របស់​គាត់ជា​ថ្ងៃ​ដែល​គាត់​សប្បាយ​រីករាយ​ក្រៃ​លែង​»។

កំណត់សម្គាល់

ឬ​«​កម្រង​»​