បទទំនួញ ៣:១-៦៦

  • យេរេមា​បង្ហាញ​អារម្មណ៍​និង​សេចក្ដី​សង្ឃឹម​របស់​គាត់

    • «​ខ្ញុំ​នឹង​អត់​ធ្មត់​រង់​ចាំ​លោក​ត​ទៅ​ទៀត​»​ (​២១)

    • រៀង​រាល់​ព្រឹក សេចក្ដី​មេត្តា​ករុណា​របស់​ព្រះ​រមែង​ថ្មី​ជា​និច្ច (​២២, ២៣)

    • ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ល្អ​ចំពោះ​អ្នក​ដែល​សង្ឃឹម​លើ​លោក (​២៥)

    • ជា​ការ​ល្អ​ប្រសើរ​ដែល​មនុស្ស​ពាក់​នឹម​ក្នុង​កាល​ដែល​នៅ​វ័យ​ក្មេង (​២៧)

    • លោក​ដាក់​ពពក​ឃាំង​ដើម្បី​កុំ​ឲ្យ​ទៅ​ជិត​លោក (​៤៣, ៤៤)

א [​អាល់ឡេហ្វ​]  ខ្ញុំ​ជា​មនុស្ស​ដែល​បាន​ឃើញ​ទុក្ខ​វេទនា​ដោយ​សារ​តែ​ដំបង​នៃ​កំហឹង​របស់​លោក។  ២  លោក​បាន​បណ្ដេញ​ខ្ញុំ​ចេញ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ដើរ​ក្នុង​ភាព​ងងឹត​មិន​មែន​ក្នុង​ពន្លឺ​ទេ។+  ៣  លោក​ប្រឆាំង​ខ្ញុំ​ម្ដង​ហើយ​ម្ដង​ទៀត​ពេញ​មួយ​ថ្ងៃ។+ ב [​បេត​]  ៤  លោក​បាន​ធ្វើ​ឲ្យ​ស្បែក​និង​រូប​កាយ​របស់​ខ្ញុំ​ខ្សោយ​ទៅ​ៗ។ លោក​បាន​បំបាក់​ឆ្អឹង​របស់​ខ្ញុំ។  ៥  លោក​បាន​ធ្វើ​របង​ព័ទ្ធ​ជុំវិញ​ខ្ញុំ។ លោក​បាន​ធ្វើ​ឲ្យ​រុក្ខជាតិ​ពុល+ដុះ​ឡោម​ព័ទ្ធ​ខ្ញុំ​ហើយ​លោក​បាន​ឲ្យ​ទុក្ខ​លំបាក​ហ៊ុម​ខ្ញុំ​ជុំ​ជិត។  ៦  លោក​បង្ខំ​ខ្ញុំ​ឲ្យ​អង្គុយ​ក្នុង​ទី​ងងឹត ដូច​ជា​មនុស្ស​ដែល​ស្លាប់​យូរ​មក​ហើយ។ ג [​គីមេល​]  ៧  លោក​ធ្វើ​របង​ព័ទ្ធ​ជុំវិញ​ខ្ញុំ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​អាច​គេច​ខ្លួន​បាន។ លោក​បាន​យក​ខ្នោះ​ស្ពាន់​យ៉ាង​ធ្ងន់​មក​ដាក់​ខ្ញុំ។+  ៨  ពេល​ខ្ញុំ​ខំ​ស្រែក​អង្វរ​សុំ​លោក​ឲ្យ​ជួយ លោក​បដិសេធ*សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ។+  ៩  លោក​បាន​ដាក់​ថ្ម​ធំ​ៗ​រាំង​ផ្លូវ​ខ្ញុំ។ លោក​បាន​ធ្វើ​ឲ្យ​ផ្លូវ​របស់​ខ្ញុំ​ពិបាក​ដើរ។+ ד [​ដាលេត​] ១០  លោក​ពួន​ចាំ​ប្រហារ​ខ្ញុំ​ដូច​ជា​ខ្លា​ឃ្មុំ និង​ដូច​ជា​តោ​ដែល​កំពុង​លប​ចាំ​សង្គ្រុប​ខ្ញុំ។+ ១១  លោក​បាន​បណ្ដេញ​ខ្ញុំ​ចេញ​ពី​ផ្លូវ ហើយ​ហែក​ខ្ញុំ​ឲ្យ​ខ្ទេច​ខ្ទី។* លោក​បាន​ធ្វើ​ឲ្យ​គេ​បោះ​បង់​ខ្ញុំ​ចោល។+ ១២  លោក​យឹត​ធ្នូ ហើយ​យក​ខ្ញុំ​ទុក​ជា​គោល​ដៅ​បាញ់​សម្រាប់​ព្រួញ​របស់​លោក។ ה [​ហេ​] ១៣  លោក​បាន​យក​ព្រួញ​ពី​ក្នុង​បំពង់ មក​បាញ់​ទម្លុះ​តម្រង​នោម​របស់​ខ្ញុំ។ ១៤  មនុស្ស​ទាំង​អស់​សើច​ចំអក​ឲ្យ​ខ្ញុំ ហើយ​ពួក​គេ​ច្រៀង​ឡកឡឺយ​ឲ្យ​ខ្ញុំ​ពេញ​មួយ​ថ្ងៃ។ ១៥  លោក​បាន​ចម្អែត​ខ្ញុំ​ដោយ​អ្វី​ៗ​ដែល​ជូរ​ចត់ ហើយ​ឲ្យ​ខ្ញុំ​ផឹក​ពី​ដើម​ឈើ​ល្វីង​រហូត​ដល់​ឆ្អែត។+ ו [​វ៉ោ​] ១៦  លោក​ឲ្យ​ខ្ញុំ​ទំពា​ក្រួស​រហូត​ដល់​បាក់​ធ្មេញ លោក​ធ្វើ​ឲ្យ​ខ្ញុំ​ក្រាប​ចុះ​ក្នុង​ផេះ។+ ១៧  លោក​ដក​យក​សេចក្ដី​សុខ​ចេញ​ពី​ខ្ញុំ។ ខ្ញុំ​បាន​ភ្លេច​អស់​នូវ​អ្វី​ល្អ​ៗ។ ១៨  ដូច្នេះ ខ្ញុំ​និយាយ​ថា​៖ ​«​ភាព​រុង​រឿង​របស់​ខ្ញុំ​បាន​វិនាស​បាត់​ទៅ​ហើយ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​លើ​ព្រះ​យេហូវ៉ា​ក៏​រលាយ​ទៅ​ដែរ​»។ ז [​ហ្សាយីន​] ១៩  សូម​ចាំ​ថា​ខ្ញុំ​កំពុង​រង​ទុក្ខ​វេទនា​និង​គ្មាន​ផ្ទះ​សម្បែង+ ហើយ​ត្រូវ​បរិភោគ​ដើម​ល្វីង​និង​រុក្ខជាតិ​ពុល។+ ២០  លោក​ប្រាកដ​ជា​នឹង​ចង​ចាំ​ខ្ញុំ ហើយ​នឹង​ឱន​មក​ឯ​ខ្ញុំ។+ ២១  ខ្ញុំ​នឹក​ឃើញ​រឿង​នោះ​នៅ​ក្នុង​ចិត្ត។ ហេតុ​នេះ ខ្ញុំ​នឹង​អត់​ធ្មត់​រង់​ចាំ​លោក​ត​ទៅ​ទៀត។+ ח [​ហេត​] ២២  នេះ​ដោយ​សារ​ព្រះ​យេហូវ៉ា​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ទើប​បាន​ជា​យើង​មិន​វិនាស​សូន្យ​បាត់+ ហើយ​សេចក្ដី​មេត្តា​ករុណា​របស់​លោក​មិន​ដែល​កន្លង​ផុត​ឡើយ។+ ២៣  រៀង​រាល់​ព្រឹក សេចក្ដី​មេត្តា​ករុណា​របស់​លោក​រមែង​ថ្មី​ជា​និច្ច។+ សេចក្ដី​ស្មោះ​ត្រង់​របស់​លោក​មាន​ជា​បរិបូរ។+ ២៤  ខ្ញុំ​បាន​និយាយ​ហើយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ចំណែក​របស់​ខ្ញុំ។+ ហេតុ​នេះ ខ្ញុំ​នឹង​អត់​ធ្មត់​រង់​ចាំ​លោក​ត​ទៅ​ទៀត​»។+ ט [​ថេត​] ២៥  ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ល្អ​ចំពោះ​អ្នក​ដែល​សង្ឃឹម​លើ​លោក+​និង​ចំពោះ​អ្នក​ដែល​បន្ត​ស្វែង​រក​លោក។+ ២៦  ជា​ការ​ល្អ​ប្រសើរ​ដែល​អត់​ធ្មត់*+រង់​ចាំ​សេចក្ដី​សង្គ្រោះ​ពី​ព្រះ​យេហូវ៉ា។+ ២៧  ជា​ការ​ល្អ​ប្រសើរ​ដែល​មនុស្ស​ពាក់​នឹម​ក្នុង​កាល​ដែល​នៅ​វ័យ​ក្មេង។+ י [​យ៉ូដ​] ២៨  ចូរ​ឲ្យ​គាត់​អង្គុយតែ​ម្នាក់​ឯង ហើយ​នៅ​ស្ងៀម ពេល​លោក​ដាក់​នឹម​លើ​គាត់។+ ២៩  ចូរ​ឲ្យ​គាត់​ក្រាប​មុខ​ដល់​ដី។+ បើ​ធ្វើ​ដូច្នេះ គាត់​ប្រហែល​ជា​នៅ​តែ​មាន​សេចក្ដី​សង្ឃឹម។+ ៣០  ចូរ​ឲ្យ​គាត់​ហុច​ថ្ពាល់​ទៅ​ឲ្យ​អ្នក​ដែល​កំពុង​វាយ​ប្រហារ​គាត់។ ចូរ​ឲ្យ​គាត់​រង​ការ​ជេរ​ប្រមាថ​យ៉ាង​ខ្លាំង។ כ [​កាប​] ៣១  ព្រោះ​ព្រះ​យេហូវ៉ា​នឹង​មិន​បោះ​បង់​ចោល​យើង​រហូត​ទេ។+ ៣២  ទោះ​ជា​លោក​ធ្វើ​ឲ្យ​យើង​រង​ទុក្ខ​លំបាក​ក៏​ដោយ ក៏​លោក​នឹង​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ស្រប​តាម​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ជា​បរិបូរ​របស់​លោក​ដែរ។+ ៣៣  ពី​ព្រោះ​លោក​មិន​ដែល​សប្បាយ​ចិត្ត​ធ្វើ​ឲ្យ​មនុស្ស​រង​ទុក្ខ​វេទនា​ឬ​រង​ទុក្ខ​លំបាក​ឡើយ។+ ל [​ឡាមេត​] ៣៤  ការ​ធ្វើ​ទុក្ខ​បៀត​បៀន​អ្នក​ដែល​ជាប់​គុក​ទាំង​អស់​នៅ​ផែនដី+ ៣៥  ការ​មិន​ផ្ដល់​យុត្តិធម៌​ដល់​មនុស្ស​នៅ​ចំពោះ​មុខ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត+ ៣៦  ការ​កាត់​ក្ដី​ដោយ​អយុត្តិធម៌ព្រះ​យេហូវ៉ា​មិន​ត្រា​ប្រណី​ចំពោះ​ការ​ប្រព្រឹត្ត​បែប​នោះ​ឡើយ។ מ [​មេម​] ៣៧  ដូច្នេះ ប្រសិន​បើ​ព្រះ​យេហូវ៉ា​មិន​ចេញ​បង្គាប់​ឲ្យ​អ្វី​មួយ​កើត​ឡើង​ទេ តើ​អ្នក​ណា​អាច​បង្គាប់​ឲ្យ​កើត​ឡើង​បាន? ៣៨  អ្វី​អាក្រក់​និង​អ្វី​ល្អ​មិន​ចេញ​មក​ជា​មួយ​គ្នា​ពី​មាត់​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ទេ។ ៣៩  មនុស្ស​ដែល​មាន​ជីវិត​មិន​គួរ​ត្អូញត្អែរ​អំពី​ផល​វិបាក​ដែល​មក​ពី​ការ​ប្រព្រឹត្ត​ខុស​ឆ្គង​របស់​ខ្លួន​ឡើយ។+ נ [​នុន​] ៤០  ចូរ​យើង​ត្រិះរិះ​ពិចារណា​យ៉ាង​ដិត​ដល់​អំពី​ការ​ប្រព្រឹត្ត​របស់​យើង+​ហើយ​ត្រឡប់​មក​ឯ​ព្រះ​យេហូវ៉ា​វិញ។+ ៤១  ចូរ​យើង​អង្វរ​ព្រះ​នៅ​ស្ថាន​សួគ៌​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទាំង​លើ​ក​ដៃ​ទៅ​លោក​ដោយ​ពោល​ថា​៖+ ៤២  ​«​យើង​បាន​ធ្វើ​ខុស ហើយ​បាន​បះ​បោរ​ប្រឆាំង​លោក។+ លោក​មិន​អភ័យ​ទោស​ឲ្យ​យើង​ទេ។+ ס [​សាមេក​] ៤៣  លោក​មិន​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង​ទេ ដោយ​សារ​លោក​ខឹង​យើង។+ លោក​បាន​ដេញ​តាម​ហើយ​សម្លាប់​យើង​ដោយ​គ្មាន​មេត្តា។+ ៤៤  លោក​ដាក់​ពពក​ឃាំង​ដើម្បី​កុំ​ឲ្យ​សេចក្ដី​អធិដ្ឋាន​របស់​យើង​បាន​ទៅ​ដល់​លោក។+ ៤៥  លោក​បាន​ធ្វើ​ឲ្យ​ប្រជា​ជាតិ​នា​នា​ចាត់​ទុក​យើង​ដូច​ជា​សំរាម​និង​ជា​អ្វី​ដ៏​គួរ​ឲ្យ​ខ្ពើម​រអើម​»។ פ [​ភេ​] ៤៦  សត្រូវ​ទាំង​អស់​របស់​យើង​បាន​និយាយ​មើល​ងាយ​យើង។+ ៤៧  យើង​ជួប​តែ​ការ​ភ័យ​ខ្លាច​និង​អន្ទាក់+ ហើយ​ជួប​តែ​អន្តរាយ​និង​ត្រូវ​គេ​បោះ​បង់​ចោល។+ ៤៨  ទឹក​ភ្នែក​ខ្ញុំ​ហូរ​រហាម​ដូច​ទឹក​ហូរ ព្រោះ​តែ​អន្តរាយ​របស់​កូន​ស្រី​នៃ​រាស្ត្រ​ខ្ញុំ។+ ע [​អាយីន​] ៤៩  ខ្ញុំ​យំ​ឥត​ល្ហែ ទឹក​ភ្នែក​ខ្ញុំ​ហូរ​ឥត​ឈប់។+ ៥០  ខ្ញុំ​យំ​រហូត​ដល់​ព្រះ​យេហូវ៉ា​ឱន​មើល​ពី​ស្ថាន​សួគ៌​មក។+ ៥១  ខ្ញុំ​វេទនា​ចិត្ត​ខ្លាំង​ណាស់ ពេល​ឃើញ​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​កូន​ស្រី​នៃ​ក្រុង​របស់​ខ្ញុំ។+ צ [​សាដេ​] ៥២  ពួក​សត្រូវ​ដេញ​តាម​ប្រមាញ់​ខ្ញុំ​ដោយ​គ្មាន​មូលហេតុ ដូច​គេ​ប្រមាញ់​សត្វ​ស្លាប។ ៥៣  ពួក​គេ​ព្យាយាម​បញ្ចប់​ជីវិត​ខ្ញុំ​ក្នុង​រណ្ដៅ។ ពួក​គេ​យក​ថ្ម​គប់​ខ្ញុំ​ឥត​ឈប់​ឈរ។ ៥៤  ទឹក​ហូរ​លិច​ក្បាល​ខ្ញុំ ហើយ​ខ្ញុំ​ពោល​ថា​៖ ​«​ខ្ញុំ​មុខ​ជា​ស្លាប់​មិន​ខាន!​»។ ק [​ឃូហ្វ​] ៥៥  ឱ​ព្រះ​យេហូវ៉ា​អើយ ខ្ញុំ​បាន​ស្រែក​រក​នាម​របស់​លោក​ពី​រណ្ដៅ​ដ៏​ជ្រៅ។+ ៥៦  សូម​លោក​មេត្តា​ស្ដាប់​សំឡេង​ខ្ញុំ ហើយ​សូម​កុំ​បិទ​ត្រចៀក​ឡើយ​ពេល​ខ្ញុំ​ស្រែក​សុំ​លោក​ឲ្យ​ជួយ។ ៥៧  នៅ​ថ្ងៃ​ដែល​ខ្ញុំ​ហៅ​រក​លោក លោក​បាន​ចូល​មក​ជិត​ខ្ញុំ ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​កុំ​ភ័យ​ខ្លាច​ឡើយ​»។ ר [​រ៉េស​] ៥៨  ឱ​ព្រះ​យេហូវ៉ា លោក​បាន​ការ​ពារ​ក្ដី​ឲ្យ​ខ្ញុំ ហើយ​លោក​បាន​លោះ​ជីវិត​ខ្ញុំ។+ ៥៩  ឱ​ព្រះ​យេហូវ៉ា​អើយ លោក​បាន​ឃើញ​ហើយ​ថា គេ​បាន​ធ្វើ​ខុស​ចំពោះ​ខ្ញុំ​សូម​លោក​ផ្ដល់​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង។+ ៦០  លោក​បាន​ឃើញ​ការ​សង​សឹក​និង​គម្រោង​ទាំង​អស់​ដែល​ពួក​គេ​បាន​រៀបចំ​ប្រឆាំង​នឹង​ខ្ញុំ។ ש [​ស៊ីន​] ឬ [​ហ្ស៊ីន​] ៦១  ឱ​ព្រះ​យេហូវ៉ា លោក​បាន​ឮ​ការ​ប្រមាថ​មើល​ងាយ​របស់​ពួក​គេ​និង​គម្រោង​ទាំង​អស់​ដែល​ពួក​គេ​បាន​រៀបចំ​ប្រឆាំង​នឹង​ខ្ញុំ។+ ៦២  លោក​បាន​ឮ​ពួក​អ្នក​ដែល​ប្រឆាំង​ពេប​ជ្រាយ​ឲ្យ​ខ្ញុំ ហើយ​ឮ​ពួក​គេ​ខ្សឹបខ្សៀវ​គ្នា​ទាស់​នឹង​ខ្ញុំ​ពេញ​មួយ​ថ្ងៃ។ ៦៣  សូម​មើល​ពួក​គេ​ចុះ។ ទោះ​ជា​ពួក​គេ​អង្គុយ​ឬ​ឈរ​ក៏​ដោយ ពួក​គេ​ច្រៀង​ឡកឡឺយ​ឲ្យ​ខ្ញុំ! ת [​ថាវ​] ៦៤  ឱ​ព្រះ​យេហូវ៉ា លោក​នឹង​សង​ពួក​គេ​ស្រប​តាម​ការ​ប្រព្រឹត្ត​របស់​ពួក​គេ។ ៦៥  លោក​នឹង​ដាក់​បណ្ដាសា​ឲ្យ​ពួក​គេ​មាន​ចិត្ត​រឹង​ចចេស។ ៦៦  ដោយ​សារ​កំហឹង ព្រះ​យេហូវ៉ា​នឹង​ដេញ​តាម​ពួក​គេ ហើយ​បំផ្លាញ​ពួក​គេ​ឲ្យ​វិនាស​អស់​ពី​ផែនដី។

កំណត់សម្គាល់

ឬ​«​រា​រាំង ឬ​បិទ​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ដេក​ស្ងៀម​មិន​កម្រើក​»​
ឬ​«​នៅ​ស្ងៀម​»​