ប្រវត្តិហេតុទី១ ១១:១-៤៧

  • ដាវីឌ​បាន​ត្រូវ​តែង​តាំង​ជា​ស្ដេច​ដោយ​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់ (​១​-​៣)

  • ដាវីឌ​ដណ្ដើម​យក​ភ្នំ​ស៊ីយ៉ូន (​៤​-​៩)

  • ទាហាន​ដ៏​អង់អាច​របស់​ដាវីឌ (​១០​-​៤៧)

១១  ក្រោយ​មក បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​បាន​មូល​គ្នា​មក​ជួប​ដាវីឌ​នៅ​ក្រុង​ហេប្រុន+ ហើយ​ពួក​គេ​និយាយ​ថា​៖ ​«​មើល! យើង​ជា​បង​ប្អូន​រួម​ជាតិ​នឹង​គ្នា។+ ២  នៅ​គ្រា​ដែល​សុល​គ្រប់​គ្រង​ជា​ស្ដេច អ្នក​ធ្លាប់​ដឹក​នាំ​ទ័ព​អ៊ីស្រាអែល​ចេញ​ទៅ​ច្បាំង។+ ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ថា​៖ ‹អ្នក​នឹង​គ្រប់​គ្រង​លើ​បណ្ដា​ជន​អ៊ីស្រាអែល ហើយ​នឹង​ដឹក​នាំ​ពួក​គេ​ដែល​ជា​រាស្ត្រ​របស់​ខ្ញុំ›​»។+ ៣  ដូច្នេះ ពួក​បុរស​ចាស់​ទុំ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​បាន​មក​ជួប​ដាវីឌ​នៅ​ក្រុង​ហេប្រុន ហើយ​ដាវីឌ​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ពួក​គេ នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ បន្ទាប់​មក ពួក​គេ​ក៏​ចាក់​ប្រេង​តែង​តាំង​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ជន​ជាតិ​អ៊ីស្រាអែល+ ដូច​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​តាម​រយៈ​សាំយូអែល។+ ៤  ក្រោយ​មក ដាវីឌ​និង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​បាន​ទៅ​វាយ​យក​ក្រុង​យេរូសាឡិម គឺ​ក្រុង​យេប៊ូស+ ជា​ក្រុង​ដែល​ជន​ជាតិ​យេប៊ូស+រស់​នៅ។ ៥  ពួក​អ្នក​ក្រុង​យេប៊ូស​បាន​ចំអក​មើល​ងាយ​ដាវីឌ​ថា​៖ ​«​អ្នក​ឯង​គ្មាន​ថ្ងៃ​មក​ជាន់​ក្រុង​នេះ​បាន​ទេ!​»។+ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ដាវីឌ​បាន​ដណ្ដើម​យក​បន្ទាយ​នៃ​ភ្នំ​ស៊ីយ៉ូន+ ហើយ​ក្រោយ​មក​ទី​នោះ​ក៏​បាន​ត្រូវ​ហៅ​ថា​ក្រុង​ដាវីឌ។+ ៦  ដូច្នេះ ដាវីឌ​បាន​និយាយ​ថា​៖ ​«​អ្នក​ណា​ដែល​ឡើង​ទៅ​វាយ​ប្រហារ​ពួក​យេប៊ូស​មុន​គេ អ្នក​នោះ​នឹង​ក្លាយ​ទៅ​ជា​មេ​ទ័ព​»។ ពេល​នោះ យ៉ូអាប់+ជា​កូន​សេរូយ៉ា​បាន​ឡើង​ទៅ​វាយ​មុន​គេ ហើយ​គាត់​ក៏​បាន​ក្លាយ​ទៅ​ជា​មេ​ទ័ព។ ៧  បន្ទាប់​មក ដាវីឌ​ក៏​តាំង​ទី​លំនៅ​លើ​ភ្នំ​ស៊ីយ៉ូន។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ទី​នោះ​ថា​ក្រុង​ដាវីឌ។ ៨  ដាវីឌ​បាន​សង់​ក្រុង​នោះ​ឡើង​វិញ ចាប់​ពី​មិឡូ*ដល់​តំបន់​ផ្សេង​ៗ​ដែល​នៅ​ជុំវិញ។ ចំណែក​កន្លែង​ផ្សេង​ទៀត​ដែល​នៅ​សល់ យ៉ូអាប់​បាន​សាង​សង់។ ៩  ដូច្នេះ អំណាច​គ្រប់​គ្រង​របស់​ដាវីឌ​ចេះ​តែ​រឹង​មាំ​ឡើង​ៗ​+ ហើយ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ នៅ​ជា​មួយ​នឹង​គាត់។ ១០  រីឯ​ទាហាន​ដ៏​អង់អាច​របស់​ដាវីឌ និង​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់ ពួក​គេ​បាន​ជួយ​ជ្រោម​ជ្រែង​ដាវីឌ​ឲ្យ​គ្រប់​គ្រង​ជា​ស្ដេច ស្រប​តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ស្ដី​អំពី​ជន​ជាតិ​អ៊ីស្រាអែល។+ ១១  មេ​ទ័ព​ដ៏​ខ្លាំង​ពូកែ​របស់​ដាវីឌ​មាន​ឈ្មោះ​ដូច​ត​ទៅ​៖ យ៉ាសូបៀម+ជា​កូន​ចៅ​ហាក់ម៉ូណាយ។ ក្នុង​ចំណោម​មេ​ទ័ព​ដ៏​ខ្លាំង​ពូកែ​ទាំង​បី​នាក់ គាត់​គឺ​ជា​មេ​លើ​គេ។+ គាត់​បាន​ប្រើ​លំពែង​ដើម្បី​សម្លាប់​សត្រូវ​៣០០​នាក់​នៅ​ពេល​តែ​មួយ។+ ១២  បន្ទាប់​ពី​គាត់ គឺ​អេលាសារ+ជា​កូន​ដូដូ ដែល​ជា​កូន​ចៅ​អាហូហាយ។+ គាត់​ជា​មេ​ទ័ព​ដ៏​ខ្លាំង​ពូកែ​ក្នុង​ចំណោម​បី​នាក់​នោះ។ ១៣  គាត់​នៅ​ជា​មួយ​នឹង​ដាវីឌ​នៅ​ឯ​ផេសដាមីម+ កាល​ដែល​ពួក​ភីលីស្ទីន​ប្រមូល​គ្នា​មក​ច្បាំង​នឹង​ពួក​គាត់។ នៅ​ផេសដាមីម​មាន​ដី​ស្រែ​មួយ​កន្លែង​ដែល​មាន​ស្រូវ​ពេញ ហើយ​ជន​ជាតិ​អ៊ីស្រាអែល​បាន​រត់​ខ្ចាត់​ខ្ចាយ ដោយ​សារ​ខ្លាច​ពួក​ភីលីស្ទីន។ ១៤  ប៉ុន្តែ អេលាសារ​បាន​ឈរ​នៅ​កណ្ដាល​ស្រែ​ដើម្បី​ការពារ​ដី​ស្រែ​នោះ ហើយ​ក៏​សម្លាប់​ពួក​ភីលីស្ទីន​អស់​ជា​ច្រើន​នាក់ ព្រោះ​ព្រះ​យេហូវ៉ា​បាន​ជួយ​ពួក​អ៊ីស្រាអែល​ឲ្យ​មាន​ជ័យ​ជម្នះ​ដ៏​ធំ។+ ១៥  ពេល​មួយ មេ​ទ័ព​៣​នាក់​ក្នុង​ចំណោម​មេ​ទ័ព​៣០​នាក់ បាន​ចុះ​ទៅ​ឯ​ដាវីឌ​នៅ​រអាង​ភ្នំ​អាឌូឡាម+ កាល​ដែល​ទ័ព​ភីលីស្ទីន​បាន​បោះ​ជំរំ​នៅ​ជ្រលង​ភ្នំ​រេផែម។+ ១៦  ពេល​នោះ ដាវីឌ​នៅ​ក្នុង​ជម្រក​ដ៏​រឹង​មាំ ហើយ​ទ័ព​ភីលីស្ទីន​បោះ​ទី​តាំង​នៅ​ក្រុង​បេថ្លេហិម។ ១៧  ថ្ងៃ​មួយ ដាវីឌ​បាន​នឹក​ចង់​ផឹក​ទឹក​នៅ​បេថ្លេហិម ហើយ​និយាយ​ថា​៖ ​«​បើ​ខ្ញុំ​បាន​ផឹក​ទឹក​ពី​អណ្ដូង​នៅ​ក្បែរ​ទ្វារ​កំពែង​ក្រុង​បេថ្លេហិម​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ!​»។+ ១៨  ឮ​ដូច្នេះ មេ​ទ័ព​ទាំង​បី​នាក់​នោះ​បាន​សម្រុក​ចូល​ជំរំ​ទ័ព​ភីលីស្ទីន ហើយ​ដង​ទឹក​អណ្ដូង​នៅ​ក្បែរ​ទ្វារ​កំពែង​ក្រុង​បេថ្លេហិម​យក​មក​ឲ្យ​ដាវីឌ។ ប៉ុន្តែ ដាវីឌ​មិន​ព្រម​ផឹក​ទឹក​នោះ​ទេ ហើយ​ក៏​ចាក់​ច្រួច​ទៅ​ដី ជូន​ព្រះ​យេហូវ៉ា​វិញ។ ១៩  ដាវីឌ​និយាយ​ថា​៖ ​«​ខ្ញុំ​កោត​ខ្លាច​ព្រះ ដូច្នេះ​ខ្ញុំ​នឹង​មិន​ផឹក​ទឹក​នេះ​ជា​ដាច់​ខាត! ព្រោះ​ការ​ផឹក​ទឹក​នេះ​ប្រៀប​ដូច​ជា​ផឹក​ឈាម​របស់​បុរស​ទាំង​នេះ ដែល​បាន​ប្រថុយ​ជីវិត​ទៅ​យក​មក​ឲ្យ​ខ្ញុំ​»។+ ម្ល៉ោះ​ហើយ ដាវីឌ​មិន​បាន​ផឹក​ទឹក​នោះ​ទេ។ ការ​ទាំង​នោះ​ហើយ​ជា​ស្នា​ដៃ​របស់​មេ​ទ័ព​ដ៏​ខ្លាំង​ពូកែ​ទាំង​បី​រូប។ ២០  ឯ​អាប៊ីសាយ+ជា​បង​យ៉ូអាប់+ គាត់​ជា​មេ​ទ័ព​ម្នាក់​ក្នុង​ចំណោម​មេ​ទ័ព​បី​នាក់​ផ្សេង​ទៀត។ គាត់​បាន​ប្រើ​លំពែង​សម្លាប់​សត្រូវ​អស់​៣០០​នាក់ ហើយ​គាត់​ក៏​ល្បី​ឈ្មោះ​ដូច​អ្នក​ទាំង​បី​ខាង​លើ​ដែរ។+ ២១  ក្នុង​ចំណោម​មេ​ទ័ព​បី​នាក់ គាត់​មាន​កិត្តិយស​ជាង​ពីរ​នាក់​ទៀត ហើយ​គាត់​ជា​មេ​លើ​ពួក​គេ។ ប៉ុន្តែ គាត់​មិន​មាន​ឋានៈ​ស្មើ​នឹង​មេ​ទ័ព​បី​នាក់​ខាង​ដើម​ទេ។ ២២  ចំណែក​បេនណាយ៉ា+ជា​កូន​យេហូយ៉ាដា​វិញ គាត់​ជា​បុរស​ដ៏​អង់អាច គាត់​មាន​ស្នា​ដៃ​ដ៏​អស្ចារ្យ​ជា​ច្រើន​នៅ​ក្រុង​កាបសៀល។+ គាត់​បាន​សម្លាប់​កូន​ពីរ​នាក់​របស់​អេរៀល​ដែល​ជា​ជន​ជាតិ​ម៉ូអាប់។ នៅ​ថ្ងៃ​ដែល​មាន​ព្រិល​ធ្លាក់ គាត់​បាន​ចុះ​ក្នុង​រណ្ដៅ​មួយ ហើយ​សម្លាប់​សត្វ​តោ​មួយ​ក្បាល។+ ២៣  គាត់​ក៏​បាន​សម្លាប់​បុរស​ជន​ជាតិ​អេហ្ស៊ីប​ម្នាក់ ដែល​មាន​មាឌ​ធំ​សម្បើម និង​មាន​កម្ពស់​ប្រាំ​ហត្ថ។*+ គាត់​បាន​កាន់​ដំបង​ទៅ​ប្រយុទ្ធ​នឹង​បុរស​នោះ ទោះ​ជា​បុរស​នោះ​មាន​លំពែង​ទំហំ​ប៉ុន​ក្ដារ​កី​ក៏​ដោយ។+ ពេល​កំពុង​ប្រយុទ្ធ គាត់​បាន​កញ្ឆក់​យក​លំពែង​ពី​ដៃ​បុរស​នោះ ហើយ​ចាក់​សម្លាប់​គាត់​ដោយ​លំពែង​នោះ​ទៅ។+ ២៤  នេះ​ជា​អ្វី​ដែល​បេនណាយ៉ា​បាន​ធ្វើ ហើយ​គាត់​ក៏​ល្បី​ឈ្មោះ​ដូច​មេ​ទ័ព​បី​នាក់​នោះ​ដែរ។ ២៥  ទោះ​ជា​គាត់​មាន​កិត្តិយស​ជាង​៣០​នាក់​ទៀត​ក្ដី គាត់​មិន​មាន​ឋានៈ​ស្មើ​នឹង​មេ​ទ័ព​បី​នាក់​នោះ​ទេ។+ យ៉ាង​ណា​មិញ ដាវីឌ​បាន​តែង​តាំង​គាត់​ឲ្យ​ធ្វើ​ជា​មេ​លើ​ពួក​អង្គរក្ស។ ២៦  ទាហាន​ខ្លាំង​ពូកែ​ក្នុង​ពល​ទ័ព​មាន​ដូច​ត​ទៅ​៖ អាសាអែល+ជា​ប្អូន​យ៉ូអាប់ អែលហាណាន​ជា​កូន​ដូដូ​ជា​អ្នក​ក្រុង​បេថ្លេហិម+ ២៧  សាំម៉ត​ជា​អ្នក​មក​ពី​ហារ៉ុដ ហេលែស​ជា​អ្នក​មក​ពី​ពេឡូន ២៨  អាយរ៉ា+ជា​កូន​អ៊ីកកេស​ជា​អ្នក​ក្រុង​ថេកូអា អាប៊ីអ៊ីសឺ+ជា​អ្នក​ក្រុង​អាណាថោត ២៩  ស៊ីបាកាយ+ជា​អ្នក​មក​ពី​ហ៊ូសា អាយឡាយ​ជា​កូន​ចៅ​អាហូហាយ ៣០  ម៉ាហារ៉ាយ+ជា​អ្នក​ភូមិ​ណេថូផា ហេលែត+ជា​កូន​បាអាណា​ជា​អ្នក​ភូមិ​ណេថូផា ៣១  អ៊ីតតាយ​ជា​កូន​រីបាយ​ជា​អ្នក​ក្រុង​គីបៀ​ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន+ បេនណាយ៉ា​ជា​អ្នក​ក្រុង​ពីរ៉ាថូន ៣២  ហ៊ូរ៉ាយ​ជា​អ្នក​មក​ពី​ជ្រលង​ភ្នំ​កាអាស+ អាបែល​ជា​អ្នក​ក្រុង​បេតអារ៉ាបា ៣៣  អាសម៉ាវែត​ជា​អ្នក​ភូមិ​បាហ៊ូរីម អេឡាយអាបា​ជា​អ្នក​ក្រុង​ស្អាលប៊ីម ៣៤  កូន​ចៅ​ហាសិម​ជា​អ្នក​មក​ពី​គីសូន យ៉ូណាថាន​ជា​កូន​សាគី​ជា​អ្នក​មក​ពី​តំបន់​ហារ៉ា ៣៥  អាហេម​ជា​កូន​សាកា​ជា​អ្នក​មក​ពី​តំបន់​ហារ៉ា អេលីផាល​ជា​កូន​អឺ ៣៦  ហេផឺ​ជា​អ្នក​មក​ពី​មេកេរ៉ា អាហាយ៉ា​ជា​អ្នក​ស្រុក​ពេឡូន ៣៧  ហេស្រូ​ជា​អ្នក​ក្រុង​កើមែល ណាអារ៉ាយ​ជា​កូន​អេសបាយ ៣៨  យ៉ូអែល​ជា​ប្អូន​ណាថាន់ មីបហា​ជា​កូន​ហាក្រាយ ៣៩  សេលេក​ជា​ជន​ជាតិ​អាំម៉ូន ណាហារ៉ាយ​ជា​អ្នក​ក្រុង​បៀរ៉ូត គាត់​ជា​អ្នក​កាន់​គ្រឿង​ចម្បាំង​ឲ្យ​យ៉ូអាប់​ជា​កូន​សេរូយ៉ា ៤០  អាយរ៉ា​និង​ការេប​ជា​កូន​ចៅ​អ៊ីស្រៃ ៤១  អ៊ូរី+ជា​ជន​ជាតិ​ហេត សាបាត​ជា​កូន​អាឡាយ ៤២  អាឌីណា​ជា​កូន​ស៊ីសា គាត់​ជា​មេ​ដឹក​នាំ​ម្នាក់​ពី​កុលសម្ព័ន្ធ​រូបេន​ដែល​មាន​ទាហាន​៣០​នាក់​នៅ​ក្រោម​បង្គាប់​គាត់ ៤៣  ហាណាន​ជា​កូន​ម៉ាអាកា យ៉ូសាផាត​ជា​អ្នក​មក​ពី​មីតនី ៤៤  អូសាយ៉ា​ជា​អ្នក​ក្រុង​អាសថារ៉ូត សាម៉ា​និង​យេអែល​ជា​កូន​ហូថាម​ជា​អ្នក​ក្រុង​អារ៉ូអើ ៤៥  យេដាយអែល​និង​យ៉ូហា​ជា​កូន​ស៊ីមរ៉ាយ​ជា​អ្នក​មក​ពី​ធីសា ៤៦  អេលៀល​ជា​អ្នក​មក​ពី​ម៉ាហាវីម យេរីបាយ​និង​យ៉ូសាវៀ​ជា​កូន​អេលណេម អ៊ីតម៉ា​ជា​ជន​ជាតិ​ម៉ូអាប់ ៤៧  អេលៀល អូបិឌ និង​យ៉ាអាសែល​ជា​អ្នក​មក​ពី​មេសូបាយ៉ា។

កំណត់សម្គាល់

ឬ​«​ទួល​»។ ពាក្យ​ភាសា​ហេប្រឺ​«​មិឡូ​»​មាន​ន័យ​ថា​«​លើក​ដី​»​
គាត់​មាន​កម្ពស់​ប្រហែល​២,២៣​ម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤