ប្រវត្តិហេតុទី១ ១៣:១-១៤
១៣ នៅគ្រានោះ ដាវីឌបានប្រឹក្សានឹងពួកមេលើ១.០០០នាក់និងពួកមេលើ១០០នាក់ ព្រមទាំងពួកអ្នកដឹកនាំទាំងអស់។+
២ រួចមក ដាវីឌនិយាយទៅកាន់បណ្ដាជនអ៊ីស្រាអែលទាំងអស់ថា៖ «បើអ្នករាល់គ្នាយល់ស្រប ហើយបើនេះជាបំណងប្រាថ្នារបស់ព្រះយេហូវ៉ាជាព្រះរបស់យើង សូមឲ្យយើងអញ្ជើញបងប្អូនទាំងអស់របស់យើងដែលនៅសល់នៅគ្រប់តំបន់ក្នុងស្រុកអ៊ីស្រាអែល ព្រមទាំងអញ្ជើញពួកសង្ឃនិងពួកលេវីពីបណ្ដាក្រុង+ដែលមានវាលស្មៅ ឲ្យពួកគេទាំងអស់មកជួបជុំគ្នាជាមួយយើង។
៣ សូមឲ្យយើងនាំយកហឹបរបស់ព្រះ+នៃយើងត្រឡប់មកវិញ»។ ដាវីឌចង់ធ្វើដូច្នេះ ព្រោះតាំងពីសម័យដែលសុលគ្រប់គ្រង បណ្ដាជនមិនបានថែរក្សាហឹបនោះទេ។+
៤ បណ្ដាជនទាំងអស់ក៏ពេញចិត្ត ហើយយល់ស្របនឹងការរៀបចំនោះ។
៥ ដូច្នេះ ដាវីឌបានប្រមូលបណ្ដាជនអ៊ីស្រាអែលទាំងអស់ តាំងពីទន្លេអេហ្ស៊ីបរហូតដល់លេបូហាម៉ាត*+ ដើម្បីដង្ហែនាំយកហឹបរបស់ព្រះពិត ពីក្រុងគារីអាតយារីម។+
៦ ដាវីឌនិងបណ្ដាជនអ៊ីស្រាអែលទាំងអស់បានឡើងទៅក្រុងបាឡា+ គឺក្រុងគារីអាតយារីមក្នុងស្រុកយូដា ដើម្បីយកហឹបរបស់ព្រះពិត។ ហឹបនោះឯងដែលបណ្ដាជនហៅរកនាមព្រះយេហូវ៉ា ជាព្រះដែលអង្គុយពីលើ*ចេរូប៊ីនទាំងពីរ។+
៧ ក៏ប៉ុន្តែ ពួកគេដាក់ហឹបនៃព្រះពិតលើរទេះថ្មីមួយ+ ហើយដឹកចេញពីផ្ទះអាប៊ីណាដាប ដោយមានអ៊ូសានិងអាហាយយ៉ូជាអ្នកនាំមុខរទេះ។+
៨ ពេលនោះ ដាវីឌនិងបណ្ដាជនអ៊ីស្រាអែលទាំងអស់បានអរសប្បាយជាខ្លាំងនៅចំពោះព្រះពិត ទាំងមានការប្រគុំភ្លេងដោយប្រើពិណ ស្គរ*+ ឆាប+ ត្រែ+ និងឧបករណ៍ភ្លេងឯទៀត។
៩ ប៉ុន្តែ ពេលទៅដល់ទីលានបញ្ជាន់ស្រូវគីដូន អ៊ូសាបានលូកដៃទៅទប់ហឹប ព្រោះគោធ្វើឲ្យហឹបនោះផ្អៀងហៀបនឹងធ្លាក់។
១០ ដោយសារអ៊ូសាបានលូកដៃទៅទប់ហឹប+ ព្រះយេហូវ៉ាបានខឹងនឹងគាត់ជាខ្លាំង ហើយលោកក៏ប្រហារគាត់ឲ្យស្លាប់នៅទីនោះតែម្ដង។+
១១ ពេលដាវីឌឃើញព្រះយេហូវ៉ាបញ្ចេញកំហឹង*ទៅលើអ៊ូសាដូច្នេះ គាត់បានអាក់អន់ចិត្តជាខ្លាំង។ រួចគេក៏បានដាក់ឈ្មោះកន្លែងនោះថាពេរេសអ៊ូសា* រហូតដល់សព្វថ្ងៃ។
១២ នៅថ្ងៃនោះ ដាវីឌភ័យខ្លាចព្រះពិត ហើយក៏និយាយថា៖ «តើខ្ញុំអាចនាំយកហឹបនៃព្រះពិតមកឯកន្លែងដែលខ្ញុំរស់នៅដូចម្ដេចបាន?»។+
១៣ ដូច្នេះ ដាវីឌមិនបាននាំយកហឹបនោះមកឯក្រុងដាវីឌទេ។ ប៉ុន្តែ គាត់បានឲ្យគេនាំយកទៅដាក់នៅផ្ទះរបស់អូបិឌអេដំជាអ្នកក្រុងកាថវិញ។
១៤ ហឹបនៃព្រះពិតបានត្រូវតម្កល់ទុកនៅក្នុងផ្ទះរបស់អូបិឌអេដំអស់រយៈពេលបីខែ ហើយក្នុងអំឡុងពេលនោះព្រះយេហូវ៉ាបានឲ្យពរដល់ក្រុមគ្រួសាររបស់គាត់ ព្រមទាំងអ្វីៗទាំងអស់ដែលគាត់មាន។+
កំណត់សម្គាល់
^ ឬ«ដល់ច្រកចូលហាម៉ាត»
^ ឬប្រហែលជាមានន័យថា«រវាង»
^ នេះជាស្គរតូចមានរាងសំប៉ែត
^ ន័យត្រង់«ព្រះយេហូវ៉ាបានទម្លាយចេញ»
^ មានន័យថា«ទម្លាយចេញទៅលើអ៊ូសា»