ប្រវត្តិហេតុទី១ ១៦:១-៤៣

  • ហឹប​របស់​ព្រះ​បាន​ត្រូវ​ដាក់​នៅ​ក្នុង​ត្រសាល (​១​-​៦)

  • ចម្រៀង​ថ្លែង​អំណរ​គុណ​របស់​ដាវីឌ (​៧​-​៣៦)

    • «​ព្រះ​យេហូវ៉ា​បាន​ក្លាយ​ទៅ​ជា​ស្ដេច​ហើយ!​»​ (​៣១)

  • កិច្ច​បម្រើ​នៅ​មុខ​ហឹប​របស់​ព្រះ (​៣៧​-​៤៣)

១៦  គេ​បាន​យក​ហឹប​របស់​ព្រះ​ពិត ទៅ​ដាក់​ក្នុង​ត្រសាល​ដែល​ដាវីឌ​បាន​រៀបចំ​ទុក។+ បន្ទាប់​មក គេ​បាន​ជូន​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​នៃ​មេត្រី​ភាព​នៅ​ចំពោះ​ព្រះ​ពិត។+ ២  ក្រោយ​ពី​ដាវីឌ​ជូន​គ្រឿង​បូជា​ដុត+និង​គ្រឿង​បូជា​នៃ​មេត្រី​ភាព+រួច​រាល់​ហើយ គាត់​ក៏​ជូន​ពរ​ដល់​បណ្ដា​ជន​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា។ ៣  បន្ថែម​ទៅ​ទៀត ដាវីឌ​បាន​ចែក​ចំណែក​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​ប្រុស​ទាំង​ស្រី​គ្រប់​ៗ​គ្នា គឺ​ម្នាក់​ៗ​ទទួល​បាន​នំ​ប៉័ង​មួយ​ដុំ នំ​លម៉ើ​មួយ​ដុំ និង​នំ​ទំពាំង​បាយ​ជូរ​ក្រៀម​មួយ​ដុំ។ ៤  បន្ទាប់​មក គាត់​បាន​តែង​តាំង​ពួក​លេវី​ខ្លះ​ឲ្យ​បម្រើ​នៅ​មុខ​ហឹប​របស់​ព្រះ​យេហូវ៉ា+ ដើម្បី​លើក​កិត្តិយស ថ្លែង​អំណរ​គុណ និង​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។ ៥  ពួក​គេ​ទាំង​នោះ​មាន​ដូច​ត​ទៅ​៖ អេសាភ+ជា​អ្នក​ដឹក​នាំ អ្នក​បន្ទាប់​ពី​គាត់​គឺ​សាការី ព្រម​ទាំង​យេអែល សិមមីរ៉ាម៉ត យេហែល ម៉ាធីធា អេលាប បេនណាយ៉ា អូបិឌអេដំ និង​យេអែល។+ ពួក​គេ​ជា​អ្នក​លេង​ពិណ+និង​ឧបករណ៍​ភ្លេង​មាន​ខ្សែ ហើយ​អេសាភ​ជា​អ្នក​កាន់​ឆាប។+ ៦  ឯ​បេនណាយ៉ា​និង​យ៉ាហេសែល​ជា​សង្ឃ ពួក​គេ​ជា​អ្នក​ផ្លុំ​ត្រែ​នៅ​មុខ​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​ពិត។ ៧  នៅ​ថ្ងៃ​នោះ​ឯង ជា​លើក​ទី​១​ដែល​ដាវីឌ​បាន​និពន្ធ​ចម្រៀង​ឲ្យ​អេសាភ+និង​បង​ប្អូន​របស់​គាត់​ច្រៀង​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​យេហូវ៉ា។ ចម្រៀង​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ​៖  ៨  ​«​ចូរ​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​យេហូវ៉ា+ ហើយ​ហៅ​រក​នាម​លោកចូរ​ផ្សាយ​អំពី​ស្នា​ដៃ​លោក​ដល់​ប្រជា​ជាតិ​នា​នា!+  ៩  ចូរ​ច្រៀង​ជូន​លោក ចូរ​ច្រៀង​សរសើរ​លោក+ចូរ​រំពឹង​គិត*អំពី​ស្នា​ដៃ​ដ៏​អស្ចារ្យ​ទាំង​អស់​របស់​លោក។+ ១០  ចូរ​អួត​អំពី​នាម​បរិសុទ្ធ​របស់​លោក។+ចូរ​ឲ្យ​អ្នក​ដែល​ស្វែង​រក​ព្រះ​យេហូវ៉ា​មាន​ចិត្ត​សប្បាយ។+ ១១  ចូរ​ស្វែង​រក​ព្រះ​យេហូវ៉ា+ និង​សុំ​កម្លាំង​ពី​លោក។ ចូរ​ស្វែង​រក​លោក​ជា​និច្ច។+ ១២  ចូរ​ចង​ចាំ​ស្នា​ដៃ​ដ៏​អស្ចារ្យ​របស់​លោក+ចូរ​ចង​ចាំ​អព្ភូតហេតុ​និង​ការ​វិនិច្ឆ័យ​របស់​លោក ១៣  អ្នក​រាល់​គ្នា​ជា​កូន​ចៅ​អ៊ីស្រាអែល ដែល​ជា​អ្នក​បម្រើ​លោក+អ្នក​រាល់​គ្នា​ជា​កូន​ចៅ​យ៉ាកុប ជា​អ្នក​ដែល​លោក​បាន​ជ្រើស​រើស។+ ១៤  លោក​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​យើង។+លោក​ជា​អ្នក​វិនិច្ឆ័យ​ក្ដី​នៅ​ទូទាំង​ផែនដី។+ ១៥  ចូរ​ចង​ចាំ​កិច្ច​ព្រម​ព្រៀង​របស់​លោក​ជា​ដរាបចូរ​ចង​ចាំ​សេចក្ដី​សន្យា​របស់​លោក​ជា​រៀង​រហូត+ ១៦  គឺ​ជា​កិច្ច​ព្រម​ព្រៀង​ដែល​លោក​បាន​ធ្វើ​ជា​មួយ​នឹង​អាប្រាហាំ+គឺ​ជា​សម្បថ​ដែល​លោក​បាន​ស្បថ​នឹង​អ៊ីសាក+ ១៧  លោក​បាន​ចេញ​ច្បាប់​មួយ​ទុក​ជា​ការ​ធានា​ដល់​យ៉ាកុប+ថា​នោះ​ជា​កិច្ច​ព្រម​ព្រៀង​ដ៏​ស្ថិតស្ថេរ​ជា​មួយ​នឹង​អ៊ីស្រាអែល។ ១៨  លោក​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​នឹង​ឲ្យ​ស្រុក​កាណាន+ដល់​អ្នក​ជា​មត៌ក›។+ ១៩  គឺ​ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា​មាន​ចំនួន​តិច​នៅ​ឡើយគឺ​ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា​នៅ​ក្នុង​ស្រុក​នោះ​ជា​ជន​បរទេស។+ ២០  កាល​នោះ ពួក​គេ​បាន​ដើរ​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយពី​រាជាណាចក្រ​មួយ​ទៅ​រាជាណាចក្រ​មួយ។+ ២១  លោក​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ម្នាក់​សង្កត់​សង្កិន​ពួក​គេ​ឡើយ។+ប៉ុន្តែ លោក​បាន​ប្រដៅ​ស្ដេច​នា​នា​ដើម្បី​ការពារ​ពួក​គេ។+ ២២  លោក​បាន​មាន​ប្រសាសន៍​ថា​៖ ‹កុំ​ប៉ះ​ពាល់​ពួក​អ្នក​ដែល​ខ្ញុំ​បាន​រើស​តាំង​ឲ្យ​សោះហើយ​កុំ​ធ្វើ​បាប​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​ខ្ញុំ​ឡើយ›។+ ២៣  ឱ​បណ្ដា​ជន​នៅ​ផែនដី​អើយ ចូរ​ច្រៀង​ជូន​ព្រះ​យេហូវ៉ា! ចូរ​ប្រកាស​អំពី​សេចក្ដី​សង្គ្រោះ​របស់​លោក​ជា​រៀង​រាល់​ថ្ងៃ!+ ២៤  ចូរ​ប្រកាស​ពី​សិរី​រុង​រឿង​របស់​លោក​ដល់​ប្រជា​ជាតិ​នា​នាចូរ​ថ្លែង​ប្រាប់​ពី​ស្នា​ដៃ​ដ៏​អស្ចារ្យ​របស់​លោក​ដល់​បណ្ដា​ជន​ទាំង​អស់។ ២៥  ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​ឧត្តុង្គឧត្តម និង​គួរ​ឲ្យ​សរសើរ​បំផុត។លោក​ជា​ព្រះ​ដ៏​គួរ​ឲ្យ​កោត​ស្ញប់​ស្ញែង​ជាង​ព្រះ​ណា​ទាំង​អស់។+ ២៦  បណ្ដា​ព្រះ​របស់​ប្រជា​ជាតិ​នា​នា​សុទ្ធតែ​ជា​ព្រះ​ដែល​ឥត​បាន​ការ+ឯ​ព្រះ​យេហូវ៉ា​វិញ លោក​ជា​ព្រះ​ដែល​បាន​បង្កើត​មេឃា។*+ ២៧  នៅ​ជុំវិញ​លោក​មាន​សិរី​រុង​រឿង​និង​ភាព​អស្ចារ្យ។+ ក្នុង​ទី​អាស្រ័យ​លោក​មាន​អំណរ​និង​កម្លាំង​ខ្លាំង​ក្លា។+ ២៨  ចូរ​លើក​កិត្តិយស​ព្រះ​យេហូវ៉ា ឱ​បណ្ដា​ជន​ទាំង​ឡាយ​អើយ! ចូរ​លើក​កិត្តិយស​ព្រះ​យេហូវ៉ា ព្រោះ​លោក​មាន​សិរី​រុង​រឿង​និង​ឫទ្ធានុភាព​ខ្លាំង​ក្លា។+ ២៩  ចូរ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ឲ្យ​សម​នឹង​នាម​របស់​លោក+ចូរ​នាំ​យក​អំណោយ ហើយ​ចូល​មក​ចំពោះ​លោក។+ ចូរ​ក្រាប​គោរព*នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ដោយ​សម្លៀក​បំពាក់​បរិសុទ្ធ។+ ៣០  ឱ​បណ្ដា​ជន​នៅ​ផែនដី​អើយ ចូរ​ស្ញែង​ខ្លាច​លោក​ចុះ! ផែនដី​បាន​ត្រូវ​តាំង​ឡើង​យ៉ាង​មាំ គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​រង្គោះ​រង្គើ​ឡើយ។+ ៣១  ចូរ​ឲ្យ​ស្ថាន​សួគ៌*ពេញ​ដោយ​អំណរ ហើយ​ឲ្យ​ផែនដី​រីក​រាយ​ត្រេក​អរ។+ ចូរ​ប្រកាស​ដល់​ប្រជា​ជាតិ​នា​នា​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​ក្លាយ​ទៅ​ជា​ស្ដេច​ហើយ!›។+ ៣២  ចូរ​ឲ្យ​សមុទ្រ​និង​អ្វី​ៗ​នៅ​ក្នុង​សមុទ្រ​បន្លឺ​សំឡេង​រំពងចូរ​ឲ្យ​ស្រែ​ចម្ការ​និង​អ្វី​ៗ​នៅ​ក្នុង​នោះ​មាន​អំណរ​ក្រៃ​លែង។ ៣៣  ចូរ​ឲ្យ​ព្រៃ​ព្រឹក្សា​ស្រែក​ឡើង​ដោយ​អំណរ​នៅ​ចំពោះ​ព្រះ​យេហូវ៉ាព្រោះ​លោក​កំពុង​មក​វិនិច្ឆ័យ​ផែនដី។ ៣៤  ចូរ​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​យេហូវ៉ា ព្រោះ​លោក​ល្អ។+ សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​នៅ​ស្ថិតស្ថេរ​ជា​ដរាប។+ ៣៥  ចូរ​និយាយ​ថា​៖ ‹ឱ​ព្រះ​នៃ​សេចក្ដី​សង្គ្រោះ​អើយ សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង+សូម​រំដោះ​យើង​ខ្ញុំ ហើយ​ប្រមូល​យើង​ពី​ប្រជា​ជាតិ​នា​នាដើម្បី​យើង​អាច​សរសើរ​នាម​ដ៏​បរិសុទ្ធ​របស់​លោក+ហើយ​សរសើរ​តម្កើង​លោក​ដោយ​ចិត្ត​រីក​រាយ​ត្រេក​អរ។+ ៣៦  សូម​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែលទទួល​ការ​សរសើរ​តម្កើង​ជា​រៀង​រហូត›​»។ ក្រោយ​នោះ បណ្ដា​ជន​ទាំង​អស់​បាន​និយាយ​ថា​៖ ​«​អាមេន!​»។* រួច​មក ពួក​គេ​បាន​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា។ ៣៧  បន្ទាប់​មក ដាវីឌ​បាន​ចាក​ចេញ​ទៅ ហើយ​ប្រគល់​ភារកិច្ច​ដល់​អេសាភ+និង​បង​ប្អូន​របស់​គាត់ ឲ្យ​បម្រើ​នៅ​មុខ​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង+របស់​ព្រះ​យេហូវ៉ា​ជា​រៀង​រាល់​ថ្ងៃ ដូច​បាន​ត្រូវ​កំណត់​ទុក។+ ៣៨  ឯ​អូបិឌអេដំ​និង​បង​ប្អូន​របស់​គាត់​ចំនួន​៦៨​នាក់ ព្រម​ទាំង​អូបិឌអេដំ​ជា​កូន​យេឌូថិន និង​ហូសា ពួក​គេ​ជា​អ្នក​យាម​ទ្វារ។ ៣៩  សេដុក+ជា​សង្ឃ​និង​សង្ឃ​ឯ​ទៀត បម្រើ​នៅ​មុខ​ត្រសាល​ព្រះ​យេហូវ៉ា​នៅ​លើ​ទី​ខ្ពស់​ពិសិដ្ឋ​នៅ​ឯ​គីបៀន+ ៤០  ដើម្បី​ជូន​គ្រឿង​បូជា​ដុត​ដល់​ព្រះ​យេហូវ៉ា រាល់​ព្រឹក​រាល់​ល្ងាច នៅ​លើ​ទី​បូជា​សម្រាប់​គ្រឿង​បូជា​ដុត។ ពួក​គេ​ត្រូវ​បំពេញ​ភារកិច្ច​ស្រប​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា ដែល​លោក​បាន​ឲ្យ​ដល់​ជន​ជាតិ​អ៊ីស្រាអែល។+ ៤១  ចំណែក​ហេម៉ាន​និង​យេឌូថិន+ ព្រម​ទាំង​ពួក​បុរស​ឯ​ទៀត​ដែល​បាន​ត្រូវ​ជ្រើស​រើស ពួក​គេ​មាន​ភារកិច្ច​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​យេហូវ៉ា+ ព្រោះ​«​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​នៅ​ស្ថិតស្ថេរ​ជា​ដរាប​»។+ ៤២  បន្ថែម​ទៅ​ទៀត ហេម៉ាន+និង​យេឌូថិន​គឺ​ជា​អ្នក​ផ្លុំ​ត្រែ គោះ​ឆាប និង​លេង​ឧបករណ៍​ភ្លេង​ឯ​ទៀត ដើម្បី​សរសើរ​តម្កើង​ព្រះ​ពិត។ ឯ​កូន​ចៅ​យេឌូថិន​វិញ+ ពួក​គេ​បំពេញ​ភារកិច្ច​នៅ​មាត់​ទ្វារ។ ៤៣  ក្រោយ​មក បណ្ដា​ជន​ទាំង​អស់​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួក​គេ​រៀង​ៗ​ខ្លួន។ ឯ​ដាវីឌ​ក៏​ជូន​ពរ​ដល់​ពួក​អ្នក​ផ្ទះ​របស់​គាត់។

កំណត់សម្គាល់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ថ្លែង​ប្រាប់​»​
ឬ​«​ស្ថាន​សួគ៌​»​
ឬ​«​គោរព​ប្រណិប័តន៍​»​
ឬ​«​មេឃ​»​
ឬ​«​សូម​ឲ្យ​កើត​ឡើង!​»​