ប្រវត្តិហេតុទី១ ១៧:១-២៧

  • ដាវីឌ​មិន​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​សង់​វិហារ (​១​-​៦)

  • កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ដាវីឌ​ស្ដី​អំពី​រាជាណាចក្រ (​៧​-​១៥)

  • សេចក្ដី​អធិដ្ឋាន​ថ្លែង​អំណរ​គុណ​របស់​ដាវីឌ (​១៦​-​២៧)

១៧  ក្រោយ​ពី​ដាវីឌ​បាន​ទៅ​រស់​នៅ​ក្នុង​វិមាន​របស់​គាត់ គាត់​បាន​និយាយ​ទៅ​កាន់​ណាថាន់+ជា​អ្នក​ប្រកាស​ទំនាយ​ថា​៖ ​«​មើល! ខ្ញុំ​រស់​នៅ​ក្នុង​វិមាន​ដែល​សង់​ពី​ឈើ​ស៊ីដារ+ តែ​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា គឺ​ស្ថិត​នៅ​ក្នុង​ត្រសាល​វិញ​»។+ ២  ណាថាន់​ប្រាប់​ដាវីឌ​ថា​៖ ​«​សូម​អ្នក​ធ្វើ​តាម​បំណង​ចិត្ត​របស់​អ្នក​ចុះ ព្រោះ​ព្រះ​ពិត​នៅ​ជា​មួយ​នឹង​អ្នក​ហើយ​»។ ៣  នៅ​យប់​នោះ ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ណាថាន់​ថា​៖ ៤  ​«​ចូរ​ទៅ​ប្រាប់​ដាវីឌ​ជា​អ្នក​បម្រើ​ខ្ញុំ​ថា​៖ ‹ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​មិន​មែន​អ្នក​ទេ​ដែល​នឹង​សង់​វិហារ​ឲ្យ​ខ្ញុំ​នៅ+ ៥  ព្រោះ​តាំង​ពី​ថ្ងៃ​ដែល​ខ្ញុំ​បាន​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​មក ខ្ញុំ​មិន​បាន​នៅ​ក្នុង​វិហារ​ណា​មួយ​ទេ តែ​ខ្ញុំ​តែង​តែ​ចេញ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ពី​ត្រសាល​មួយ​ទៅ​ត្រសាល​មួយ។+ ៦  ក្នុង​អំឡុង​ពេល​ដែល​ខ្ញុំ​នៅ​ជា​មួយ​នឹង​ជន​ជាតិ​អ៊ីស្រាអែល ខ្ញុំ​បាន​តែង​តាំង​ពួក​អ្នក​សម្រេច​ក្ដី​ឲ្យ​ធ្វើ​ជា​គង្វាល​លើ​រាស្ត្រ​របស់​ខ្ញុំ។ តើ​ខ្ញុំ​ធ្លាប់​សុំ​ពួក​គេ​ឲ្យ​សង់​វិហារ​ពី​ឈើ​ស៊ីដារ​សម្រាប់​ខ្ញុំ​ឬ​ទេ?​»​›។ ៧  ​«​ចូរ​ប្រាប់​ដាវីឌ​ជា​អ្នក​បម្រើ​ខ្ញុំ​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​កាល​អ្នក​នៅ​ជា​គង្វាល​ចៀម​នៅ​ឡើយ ខ្ញុំ​បាន​យក​អ្នក​ពី​វាល​ស្មៅ​មក ដើម្បី​ឲ្យ​អ្នក​ធ្វើ​ជា​អ្នក​ដឹក​នាំ​លើ​ជន​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ខ្ញុំ។+ ៨  នៅ​កន្លែង​ណា​ដែល​អ្នក​ទៅ ខ្ញុំ​នឹង​ទៅ​ជា​មួយ​អ្នក​ដែរ+ ហើយ​ខ្ញុំនឹង​បំផ្លាញ​ខ្មាំង​សត្រូវ​របស់​អ្នក​ចេញ​ពី​មុខ​អ្នក។+ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ឈ្មោះ​របស់​អ្នក​ល្បី​រន្ទឺ ហើយ​អ្នក​នឹង​ក្លាយ​ទៅ​ជា​អ្នក​ល្បី​ល្បាញ​ម្នាក់​នៅ​ផែនដី។+ ៩  ខ្ញុំ​នឹង​ឲ្យ​ទឹក​ដី​មួយ​កន្លែង​ដល់​ជន​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ខ្ញុំ។ ពួក​គេ​នឹង​រស់​នៅ​ទី​នោះ​ដោយ​សុខ​សាន្ត ហើយ​គ្មាន​មនុស្ស​អាក្រក់​ណា​ម្នាក់​មក​សង្កត់​សង្កិន​ពួក​គេ ដូច​កាល​ពី​មុន​ទេ+ ១០  ហើយ​ក៏​មិន​ដូច​នៅ​គ្រា​ដែល​ខ្ញុំ​បាន​តែង​តាំង​ពួក​អ្នក​សម្រេច​ក្ដី​ឲ្យ​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ខ្ញុំ​ដែរ។+ ខ្ញុំ​នឹង​បង្ក្រាប​ខ្មាំង​សត្រូវ​ទាំង​អស់​របស់​អ្នក។+ បន្ថែម​ទៅ​ទៀត ខ្ញុំ​ប្រាប់​អ្នក​ថា​៖ ‹ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ពូជ​ពង្ស​របស់​អ្នក​គ្រប់​គ្រង​ជា​ស្ដេច​ត​ទៅ›។ ១១  ​«​‹​«​ក្រោយ​ពី​អ្នក​ស្លាប់​ទៅ ហើយ​បាន​ត្រូវ​បញ្ចុះ​ជា​មួយ​នឹង​បុព្វ​បុរស​របស់​អ្នក ខ្ញុំ​នឹង​តែង​តាំង​កូន​ចៅ*ម្នាក់​របស់​អ្នក​ឲ្យ​ធ្វើ​ជា​ស្ដេច+ ហើយ​ខ្ញុំ​នឹង​ពង្រឹង​អំណាច​គ្រប់​គ្រង​របស់​គាត់​ឲ្យ​រឹង​មាំ។+ ១២  គាត់​គឺ​ជា​អ្នក​ដែល​នឹង​សង់​វិហារ​ឲ្យ​ខ្ញុំ+ ហើយ​ខ្ញុំ​នឹង​តាំង​រាជ្យ​គាត់​ឲ្យ​នៅ​ស្ថិតស្ថេរ​ជា​ដរាប។+ ១៣  ខ្ញុំ​នឹង​ធ្វើ​ជា​ឪពុក​របស់​គាត់ ហើយ​គាត់​នឹង​ធ្វើ​ជា​កូន​របស់​ខ្ញុំ។+ ខ្ញុំ​នឹង​មិន​ឈប់​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​គាត់+ ដូច​ដែល​ខ្ញុំ​បាន​ឈប់​បង្ហាញ​ចំពោះ​បុគ្គល​ដែល​នៅ​មុន​អ្នក​នោះ​ឡើយ។+ ១៤  ខ្ញុំ​នឹង​ឲ្យ​គាត់​អង្គុយ​លើ​បល្ល័ង្ក​របស់​ខ្ញុំ​ជា​រៀង​រហូត+ ហើយ​អំណាច​គ្រប់​គ្រង​និង​ពូជ​ពង្ស​របស់​គាត់​នឹង​ស្ថិតស្ថេរ​ជា​ដរាប​ត​ទៅ​»​›​»។+ ១៥  ណាថាន់​បាន​ប្រាប់​ដាវីឌ​នូវ​ប្រសាសន៍​ទាំង​នេះ​និង​អ្វី​ដែល​គាត់​បាន​ឃើញ​ក្នុង​គំនិត។ ១៦  ក្រោយ​ពី​ស្ដាប់​រួច ស្ដេច​ដាវីឌ​ក៏​ចូល​ទៅ​អង្គុយ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​និយាយ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! តើ​ខ្ញុំ​និង​ក្រុម​គ្រួសារ​ខ្ញុំ​ជា​អ្វី​ទៅ បាន​ជា​លោក​ធ្វើ​ការ​ល្អ​ទាំង​នេះ​ដល់​ខ្ញុំ?+ ១៧  មិន​ត្រឹម​តែ​ប៉ុណ្ណោះ ឱ​ព្រះ​យេហូវ៉ា​អើយ! លោក​ក៏​បាន​ប្រាប់​ថា​ពូជ​ពង្ស​របស់​ខ្ញុំ​នឹង​ស្ថិតស្ថេរ​ជា​រៀង​រហូត​ត​ទៅ​ដែរ។+ លើស​ពី​នោះ​ទៅ​ទៀត លោក​ក៏​ចាត់​ទុក​ខ្ញុំ​ជា​បុគ្គល​ដ៏​សំខាន់។ ១៨  តើ​ខ្ញុំ​អាច​រក​ពាក្យ​អ្វី​ដើម្បី​ថ្លែង​ប្រាប់​ដល់​លោក​អំពី​កិត្តិយស​ដែល​ខ្ញុំ​បាន​ទទួល​នោះ? ព្រោះ​លោក​ស្គាល់​ខ្ញុំ​ច្បាស់​ហើយ។+ ១៩  ឱ​ព្រះ​យេហូវ៉ា​អើយ! លោក​បាន​ធ្វើ​ការ​អស្ចារ្យ​ទាំង​នោះ ហើយ​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ស្នា​ដៃ​ដ៏​ខ្លាំង​ក្លា​របស់​លោក ដោយ​សារ​លោក​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ និង​ដោយ​សារ​ការ​ទាំង​នោះ​ជា​បំណង​ប្រាថ្នា​របស់​លោក។+ ២០  ឱ​ព្រះ​យេហូវ៉ា​អើយ គ្មាន​ព្រះ​ណា​ដូច​លោក​ទេ+ ហើយ​ក៏​គ្មាន​ព្រះ​ណា​ទៀត​ក្រៅ​ពី​លោក​ដែរ។+ អ្វី​ទាំង​អស់​ដែល​យើង​បាន​ឮ បញ្ជាក់​ថា​មាន​តែ​លោក​ប៉ុណ្ណោះ​ជា​ព្រះ។ ២១  នៅ​ផែនដី​គ្មាន​ប្រជា​ជាតិ​ណា​ដូច​ប្រជា​ជាតិ​អ៊ីស្រាអែល​ទេ+ ព្រោះ​លោក​បាន​ទៅ​រំដោះ​ពួក​គេ​ពី​ស្រុក​អេហ្ស៊ីប+ ហើយ​យក​ពួក​គេ​ធ្វើ​ជា​រាស្ត្រ​របស់​លោក​ផ្ទាល់ ព្រម​ទាំង​បណ្ដេញ​ប្រជា​ជាតិ​នា​នា​ចេញ​ពី​មុខ​ពួក​គេ​ទៀត​ផង។+ យ៉ាង​នេះ លោក​បាន​ធ្វើ​ឲ្យ​នាម​របស់​លោក​ល្បី​ល្បាញ​ដោយ​សារ​ស្នា​ដៃ​អស្ចារ្យ​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច​របស់​លោក។+ ២២  ឱ​ព្រះ​យេហូវ៉ា​អើយ លោក​បាន​យក​ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​ជា​រាស្ត្រ​របស់​លោក​ជា​រៀង​ដរាប+ ហើយ​លោក​បាន​ក្លាយ​ទៅ​ជា​ព្រះ​របស់​ពួក​គេ។+ ២៣  ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​ឲ្យ​ពាក្យ​ដែល​លោក​សន្យា​ចំពោះ​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​និង​តំណ​វង្ស​ខ្ញុំ បាន​ក្លាយ​ទៅ​ជា​ការ​ពិត​ជា​រៀង​រហូត ហើយ​សូម​លោក​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក​ផង។+ ២៤  សូម​ឲ្យ​នាម​របស់​លោក​ទទួល​ការ​សរសើរ​តម្កើង​និង​ស្ថិតស្ថេរ​ជា​រៀង​រហូត*+ ហើយ​សូម​លោក​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក។ យ៉ាង​នោះ មនុស្ស​ទាំង​អស់​អាច​និយាយ​ថា​៖ ‹ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល គឺ​ជា​ព្រះ​នៅ​ខាង​ជន​ជាតិ​អ៊ីស្រាអែល›។ សូម​ឲ្យ​ពូជ​ពង្ស​របស់​ខ្ញុំ​បាន​តាំង​ឡើង​យ៉ាង​រឹង​មាំ​ជា​និច្ច។+ ២៥  ឱ​ព្រះ​ខ្ញុំ​អើយ! លោក​បាន​ឲ្យ​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​ដឹង​នូវ​គោល​បំណង​របស់​លោក ដែល​ថា​លោក​នឹង​ឲ្យ​ពូជ​ពង្ស​របស់​ខ្ញុំ​ធ្វើ​ជា​ស្ដេច​ត​ទៅ។ ហេតុ​នេះ​ហើយ ខ្ញុំ​មាន​ចិត្ត​ក្លាហាន​អធិដ្ឋាន​ពាក្យ​ទាំង​នេះ​ទៅ​កាន់​លោក។ ២៦  ឱ​ព្រះ​យេហូវ៉ា​អើយ! លោក​គឺ​ជា​ព្រះ​ពិត ហើយ​លោក​បាន​សន្យា​ឲ្យ​អ្វី​ល្អ​ទាំង​នេះ​ដល់​ខ្ញុំ​ជា​អ្នក​បម្រើ​លោក។ ២៧  សូម​លោក​ពេញ​ចិត្ត​ឲ្យ​ពរ​ដល់​ពូជ​ពង្ស​ខ្ញុំ ដើម្បី​ឲ្យ​ពួក​គេ​បាន​ស្ថិតស្ថេរ​នៅ​ចំពោះ​លោក​ជា​ដរាប។ ឱ​ព្រះ​យេហូវ៉ា​អើយ អស់​អ្នក​ណា​ដែល​លោក​ឲ្យ​ពរ អ្នក​នោះ​នឹង​ទទួល​ពរ​ជា​រៀង​រហូត​»។

កំណត់សម្គាល់

ន័យ​ត្រង់​«​ពូជ​»​
ឬ​«​និង​ស្មោះ​ត្រង់​»​