ប្រវត្តិហេតុទី១ ២០:១-៨

  • ក្រុង​រ៉ាបា​ត្រូវ​ផ្ដួល​រំលំ (​១​-​៣)

  • ពួក​បុរស​ភីលីស្ទីន​ដែល​មាន​មាឌ​ធំ​សម្បើម បានត្រូវ​សម្លាប់ (​៤​-​៨)

២០  នៅ​ដើម​ឆ្នាំ* ជា​រដូវ​ដែល​ស្ដេច​នា​នា​ចេញ​ទៅ​ធ្វើ​ចម្បាំង យ៉ូអាប់+បាន​នាំ​ទ័ព​ទៅ​បំផ្លាញ​ស្រុក​របស់​ពួក​អាំម៉ូន។ គាត់​ក៏​បាន​ឡោម​ព័ទ្ធ​ក្រុង​រ៉ាបា។+ ប៉ុន្តែ​ពេល​នោះ ដាវីឌ​បាន​នៅ​ក្នុង​ក្រុង​យេរូសាឡិម។+ យ៉ូអាប់​បាន​ផ្ដួល​រំលំ​ក្រុង​រ៉ាបា។+ ២  បន្ទាប់​មក ដាវីឌ​បាន​ដោះ​មកុដ​ពី​ក្បាល​ព្រះ​ម៉ាលខាម ហើយ​ឃើញ​ថា​មកុដ​នោះ​ដាំ​ដោយ​ត្បូង​មាន​តម្លៃ ហើយ​មាន​ទម្ងន់​មាស​មួយ​ថាលិន។* គេ​បាន​បំពាក់​មកុដ​នោះ​ឲ្យ​ដាវីឌ។ ដាវីឌ​ក៏​រឹប​អូស​យក​របស់​របរ​ដ៏​ច្រើន​សន្ធឹក​ពី​ក្រុង​នោះ​ដែរ។+ ៣  ដាវីឌ​បាន​ចាប់​បណ្ដា​ជន​ក្នុង​ក្រុង​នោះ​ឲ្យ​ធ្វើ​ការ​ឲ្យ​គាត់+ គឺ​ឲ្យ​ពួក​គេ​អារ​ថ្ម និង​ធ្វើ​កិច្ចការ​ផ្សេង​ទៀត​ដោយ​ប្រើ​ពូថៅ​និង​ឧបករណ៍​ដែល​មាន​មុខ​មុត។ ដាវីឌ​បាន​ធ្វើ​ដូច្នោះ​នៅ​ក្រុង​ទាំង​អស់​របស់​ពួក​អាំម៉ូន។ ក្រោយ​មក ដាវីឌ​និង​កង​ទ័ព​ទាំង​អស់​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ។ ៤  ក្រោយ​ពី​នោះ ពួក​អ៊ីស្រាអែល​បាន​ធ្វើ​ចម្បាំង​ជា​មួយ​នឹង​ពួក​ភីលីស្ទីន​នៅ​ក្រុង​គីសឺ។ ពេល​នោះ ស៊ីបាកាយ+ជា​អ្នក​មក​ពី​ហ៊ូសា បាន​សម្លាប់​ស៊ីបផាយ​ជា​កូន​ចៅ​ពួក​រេផែម។+ ដូច្នេះ ពួក​អ៊ីស្រាអែល​បាន​បង្ក្រាប​ពួក​ភីលីស្ទីន។ ៥  ក្រោយ​មក​ក៏​មាន​ចម្បាំង​នឹង​ពួក​ភីលីស្ទីន​ម្ដង​ទៀត។ ពេល​នោះ អែលហាណាន​ជា​កូន​យ៉ាអៀ បាន​សម្លាប់​ឡាម៉ាយ​ជា​ប្អូន​របស់​កូលីយ៉ាត+ជា​អ្នក​ក្រុង​កាថ។ ដង​លំពែង​របស់​ឡាម៉ាយ​មាន​ទំហំ​ប៉ុន​ក្ដារ​កី​របស់​ជាង​តម្បាញ។+ ៦  កន្លង​ក្រោយ​មក ក៏​មាន​សង្គ្រាម​ម្ដង​ទៀត​នៅ​ក្រុង​កាថ។+ នៅ​ទី​នោះ មាន​បុរស​ម្នាក់​មាន​មាឌ​ធំ​សម្បើម+ ដៃ​ម្ខាង​ៗ​មាន​ម្រាម​៦ និង​ជើង​ម្ខាង​ៗ​មាន​ម្រាម​៦ ម្រាម​ទាំង​អស់​របស់​គាត់​មាន​២៤។ គាត់​ក៏​ជា​កូន​ចៅ​ពួក​រេផែម​ដែរ។+ ៧  គាត់​ចេះ​តែ​និយាយ​ឡកឡឺយ+ដាក់​ជន​ជាតិ​អ៊ីស្រាអែល។ ដូច្នេះ យ៉ូណាថាន​ជា​កូន​ស៊ីមមៀ+ត្រូវ​ជា​ក្មួយ​ដាវីឌ បាន​សម្លាប់​គាត់​ចោល​ទៅ។ ៨  ពួក​គេ​ទាំង​នោះ​សុទ្ធតែ​ជា​កូន​ចៅ​រេផែម+ដែល​រស់​នៅ​ក្រុង​កាថ។+ ពួក​គេ​បាន​ស្លាប់​ក្រោម​ដៃ​ដាវីឌ និង​ក្រោម​ដៃ​អ្នក​បម្រើ​របស់​ដាវីឌ។

កំណត់សម្គាល់

ប្រហែល​ជា​អំឡុង​ខែ​មេសា​និង​ឧសភា។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៥
មួយ​ថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤