ប្រវត្តិហេតុទី១ ២២:១-១៩

  • ដាវីឌ​បាន​ត្រៀម​ទុក​សម្ភារៈ​សាង​សង់​សម្រាប់​វិហារ (​១​-​៥)

  • ដាវីឌ​ផ្ដែ​ផ្ដាំ​សាឡូម៉ូន (​៦​-​១៦)

  • ពួក​អភិបាល​បាន​ត្រូវ​បង្គាប់​ឲ្យ​ជួយ​សាឡូម៉ូន (​១៧​-​១៩)

២២  ក្រោយ​មក ដាវីឌ​បាន​និយាយ​ថា​៖ ​«​ទី​នេះ​នឹង​ទៅ​ជា​វិហារ​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត និង​សម្រាប់​ជា​ទី​បូជា​ដើម្បី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ជូន​គ្រឿង​បូជា​ដុត​»។+ ២  បន្ទាប់​មក ដាវីឌ​បាន​បង្គាប់​គេ​ឲ្យ​ទៅ​ប្រមូល​ជន​ជាតិ​ដទៃ+ដែល​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល ហើយ​គាត់​បាន​ចាត់​ចែង​ឲ្យ​ពួក​គេ​ធ្វើ​ជា​អ្នក​កាត់​ថ្ម និង​ជា​អ្នក​ដាប់​ថ្ម​សម្រាប់​សាង​សង់​វិហារ​របស់​ព្រះ​ពិត។+ ៣  គាត់​ក៏​បាន​ត្រៀម​ដែក​យ៉ាង​ច្រើន​សន្ធឹក ដើម្បី​ធ្វើ​ដែក​គោល​សម្រាប់​ទ្វារ​និង​ធ្វើ​តម្ពក់។ គាត់​បាន​ត្រៀម​ស្ពាន់​ច្រើន​ក្រៃ​លែង​ដែល​ពុំ​អាច​ថ្លឹង​បាន​ឡើយ។+ ៤  បន្ថែម​ទៅ​ទៀត ដាវីឌ​ក៏​បាន​ត្រៀម​ឈើ​ស៊ីដារ*+យ៉ាង​ច្រើន​ឥត​គណនា​ផង​ដែរ។ ឈើ​ទាំង​នោះ​ពួក​ស៊ីដូន+និង​ពួក​ទីរ៉ុស+បាន​យក​មក​ជូន​គាត់។ ៥  រួច​ដាវីឌ​បាន​និយាយ​ថា​៖ ​«​សាឡូម៉ូន​កូន​ខ្ញុំ​នៅ​ក្មេង​ខ្ចី ហើយ​ខ្វះ​បទ​ពិសោធន៍។+ រីឯ​វិហារ​ដែល​នឹង​ត្រូវ​សាង​សង់​ជូន​ព្រះ​យេហូវ៉ា គឺ​ជា​វិហារ​ដ៏​រុង​រឿង​អស្ចារ្យ+ និង​ត្រូវ​ល្បី​រន្ទឺ+ដល់​គ្រប់​ប្រជា​ជាតិ។+ ដូច្នេះ ខ្ញុំ​នឹង​ត្រៀម​សម្ភារ​សាង​សង់​ទុក​ឲ្យ​គាត់​»។ ម្ល៉ោះ​ហើយ ដាវីឌ​បាន​ត្រៀម​សម្ភារ​សាង​សង់​យ៉ាង​ច្រើន​សន្ធឹក​មុន​គាត់​ស្លាប់។ ៦  ដាវីឌ​បាន​ហៅ​សាឡូម៉ូន​ជា​កូន​គាត់ មក​ផ្ដែ​ផ្ដាំ​ឲ្យ​សង់​វិហារ​សម្រាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។ ៧  ដាវីឌ​និយាយ​ទៅ​កាន់​សាឡូម៉ូន​ថា​៖ ​«​កូន​អើយ! ពុក​មាន​បំណង​សង់​វិហារ​សម្រាប់​នាម​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ពុក។+ ៨  ប៉ុន្តែ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹អ្នក​បាន​ធ្វើ​ចម្បាំង​ធំ​ៗ ហើយ​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​នៅ​ចំពោះ​មុខ​ខ្ញុំ។ ដូច្នេះ អ្នក​មិន​អាច​សង់​វិហារ​សម្រាប់​នាម​ខ្ញុំ​បាន​ទេ។+ ៩  ប៉ុន្តែ អ្នក​នឹង​មាន​កូន​ប្រុស​ម្នាក់+ដែល​ស្រឡាញ់​សន្តិភាព គាត់​នឹង​មាន​ឈ្មោះ​ថា​សាឡូម៉ូន។*+ ខ្ញុំ​នឹង​ការពារ​គាត់​ពី​ខ្មាំង​សត្រូវ​ទាំង​អស់+ ហើយ​នាំ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​គ្រា​របស់​គាត់។+ ១០  គាត់​គឺ​ជា​អ្នក​ដែល​នឹង​សង់​វិហារ​ឲ្យ​ខ្ញុំ។+ ខ្ញុំ​នឹង​ធ្វើ​ជា​ឪពុក​របស់​គាត់ ហើយ​គាត់​នឹង​ធ្វើ​ជា​កូន​របស់​ខ្ញុំ។+ ខ្ញុំ​នឹង​តាំង​រាជ្យ​គាត់​ឲ្យ​នៅ​ស្ថិតស្ថេរ ហើយ​គ្រប់​គ្រង​លើ​ប្រជា​ជាតិ​អ៊ីស្រាអែល​ជា​ដរាប›។+ ១១  ​«​កូន​អើយ! សូម​ឲ្យ​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​កូន ហើយ​សូម​ឲ្យ​កូន​សាង​សង់​វិហារ​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​កូន​ឲ្យ​បាន​សម្រេច ដូច​លោក​បាន​មាន​ប្រសាសន៍​ទុក​ជា​មុន​អំពី​កូន។+ ១២  សូម​ឲ្យ​ព្រះ​យេហូវ៉ា​ជួយ​កូន​ចេះពិចារណា និង​មាន​ការ​យល់​ដឹង+ ក្នុង​គ្រា​ដែល​លោក​ឲ្យ​កូន​គ្រប់​គ្រង​ជា​ស្ដេច​លើ​ប្រជាជាតិ​អ៊ីស្រាអែល ដើម្បី​កូន​អាច​កាន់​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​កូន។+ ១៣  បើ​កូន​ធ្វើ​តាម​បញ្ញត្តិ+និង​ការ​វិនិច្ឆ័យ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ នោះ​កូន​នឹង​សម្រេច​គ្រប់​កិច្ចការ។+ ចូរ​កូន​មាន​ចិត្ត​ក្លាហាន​ហើយ​រឹង​មាំ​ឡើង។ ចូរ​កុំ​ភ័យ​ខ្លាច​ឬ​តក់​ស្លុត​ឡើយ។+ ១៤  ពុក​បាន​ខំ​ប្រឹង​ប្រែង​ត្រៀម​ទុក​មាស​ចំនួន​១០០.០០០​ថាលិន* និង​ប្រាក់​ចំនួន​១.០០០.០០០​ថាលិន សម្រាប់​សង់​វិហារ​របស់​ព្រះ​យេហូវ៉ា។ រីឯ​ស្ពាន់​និង​ដែក​ដែល​ពុក​បាន​ត្រៀម​នោះ​ក៏​មាន​ចំនួន​ច្រើន​សន្ធឹក+ ហើយ​គ្មាន​អ្នក​ណា​អាច​ថ្លឹង​បាន​ឡើយ។ ពុក​ក៏​បាន​ត្រៀម​ឈើ​និង​ថ្ម​ដែរ+ តែ​កូន​នឹង​ត្រូវ​ការ​ថែម​ទៀត។ ១៥  ម្យ៉ាង​ទៀត ពុក​បាន​ត្រៀម​ជាង​ជា​ច្រើន​ដើម្បី​ជួយ​កូន​ក្នុង​ការ​សាង​សង់ គឺ​ជាង​ឈើ ជាង​ថ្ម+ និង​ជាង​ជំនាញ​ឯ​ទៀត​ដែល​ប៉ិន​ប្រសប់​ខាង​កិច្ចការ​គ្រប់​ប្រភេទ។+ ១៦  ចំណែក​មាស​ប្រាក់ ស្ពាន់ និង​ដែក គឺ​មាន​ច្រើន​ឥត​គណនា។+ ចូរ​កូន​ចាប់​ផ្ដើម​កិច្ចការ​សាង​សង់​នោះ​ចុះ ហើយ​សូម​ឲ្យ​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​កូន​»។+ ១៧  បន្ទាប់​មក ដាវីឌ​បាន​បង្គាប់​អភិបាល​ទាំង​អស់​ក្នុង​ស្រុក​អ៊ីស្រាអែល​ឲ្យ​ជួយ​សាឡូម៉ូន។ គាត់​ប្រាប់​ពួក​គេ​ថា​៖ ១៨  ​«​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ស្រាប់​ហើយ លោក​ក៏​បាន​នាំ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​គ្រប់​ទិស​ទី​ដែរ។ លោក​បាន​ប្រគល់​អ្នក​ស្រុក​នេះ​ឲ្យ​មក​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្ញុំ ហើយ​ទឹក​ដី​នេះ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ​យេហូវ៉ា និង​រាស្ត្រ​របស់​លោក។ ១៩  ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ស្វែង​រក​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ចុះ។+ ចូរ​សង់​កន្លែង​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត+ ដើម្បី​យក​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា និង​របស់​របរ​បរិសុទ្ធ​នៃ​ព្រះ​ពិត+ ទៅ​ដាក់​ក្នុង​វិហារ​ដែល​នឹង​ត្រូវ​សង់​សម្រាប់​នាម​របស់​ព្រះ​យេហូវ៉ា​»។+

កំណត់សម្គាល់

ដើម​ឈើ​ប្រណីត​ម្យ៉ាង
ពាក្យ​ភាសា​ហេប្រឺ​មាន​ន័យ​ថា​«​សន្តិភាព​»​
មួយ​ថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤