ប្រវត្តិហេតុទី១ ២៩:១-៣០

  • វិភាគទាន​ផ្សេង​ៗ​សម្រាប់​វិហារ (​១​-​៩)

  • សេចក្ដី​អធិដ្ឋាន​របស់​ដាវីឌ (​១០​-​១៩)

  • បណ្ដា​ជន​អរ​សប្បាយ។ ការ​គ្រប់​គ្រង​របស់សាឡូម៉ូន (​២០​-​២៥)

  • សេចក្ដី​ស្លាប់​របស់​ដាវីឌ (​២៦​-​៣០)

២៩  ដាវីឌ​បាន​និយាយ​ទៅ​កាន់​បណ្ដា​ជន​ទាំង​អស់​ថា​៖ ​«​សាឡូម៉ូន​កូន​ខ្ញុំ​ដែល​ព្រះ​បាន​ជ្រើស​រើស+ គាត់​មាន​វ័យ​ក្មេង​និង​ខ្វះ​បទ​ពិសោធន៍។+ រីឯ​ការ​សាង​សង់​វិហារ​គឺ​ជា​កិច្ចការ​ធំ​ធេង​ណាស់ ព្រោះ​មិន​មែន​ជា​វិហារ​សម្រាប់​មនុស្ស​ទេ តែ​ជា​វិហារ​សម្រាប់​ព្រះ​យេហូវ៉ា​វិញ។+ ២  ដូច្នេះ ខ្ញុំ​បាន​ប្រឹង​ប្រែង​ត្រៀម​សម្ភារ​ដើម្បី​សង់​វិហារ​របស់​ព្រះ គឺ​មាស​សម្រាប់​ធ្វើ​ប្រដាប់​ប្រដា​មាស និង​ប្រាក់​សម្រាប់​ធ្វើ​ប្រដាប់​ប្រដា​ប្រាក់ ស្ពាន់​សម្រាប់​ធ្វើ​ប្រដាប់​ប្រដា​ស្ពាន់ ដែក​សម្រាប់​ធ្វើ​ប្រដាប់​ប្រដា​ដែក+ និង​ឈើ​សម្រាប់​ធ្វើ​ប្រដាប់​ប្រដា​ឈើ។+ ខ្ញុំ​ក៏​បាន​ត្រៀម​ត្បូង​អូនីក្ស ត្បូង​ដ៏​មាន​តម្លៃ​គ្រប់​ប្រភេទ ត្បូង​ចម្រុះ​ពណ៌ និង​ត្បូង​សម្រាប់​ដាំ​លម្អ ព្រម​ទាំង​ថ្ម​កែវ​យ៉ាង​ច្រើន​សន្ធឹក។ ៣  ម្យ៉ាង​ទៀត ដោយ​សារ​ខ្ញុំ​ស្រឡាញ់​វិហារ​ព្រះ+ ខ្ញុំ​នឹង​ឲ្យ​មាស​ប្រាក់​ជា​ទ្រព្យ​សម្បត្តិ​របស់​ខ្ញុំ​ផ្ទាល់+សម្រាប់​សាង​សង់​វិហារ​បរិសុទ្ធ​របស់​លោក​បន្ថែម​ពី​លើ​អ្វី​ទាំង​នោះ ៤  គឺ​មាស​ពី​អូភា+ចំនួន​៣.០០០​ថាលិន* និង​ប្រាក់​សុទ្ធ​ចំនួន​៧.០០០​ថាលិន សម្រាប់​ស្រោប​ជញ្ជាំង​បន្ទប់​នា​នា ៥  មាស​សម្រាប់​ធ្វើ​ប្រដាប់​ប្រដា​មាស និង​ប្រាក់​សម្រាប់​ធ្វើ​ប្រដាប់​ប្រដា​ប្រាក់ ព្រម​ទាំង​សម្រាប់​គ្រប់​កិច្ចការ​ដែល​ពួក​ជាង​នឹង​ធ្វើ។ ថ្ងៃ​នេះ តើ​អ្នក​ណា​ខ្លះ​ស្ម័គ្រ​ចិត្ត​ជូន​អំណោយ​ដល់​ព្រះ​យេហូវ៉ា?​»។+ ៦  ដូច្នេះ ពួក​ប្រមុខ​គ្រួសារ ពួក​មេ​កុលសម្ព័ន្ធ​នៃ​អ៊ីស្រាអែល ពួក​មេ​លើ​១.០០០​នាក់ ពួក​មេ​លើ​១០០​នាក់+ និង​ពួក​អ្នក​ត្រួត​ពិនិត្យ​កិច្ចការ​របស់​ស្ដេច+ ក៏​បាន​ស្ម័គ្រ​ចិត្ត​ជូន​អំណោយ​ដល់​ព្រះ។ ៧  អំណោយ​ដែល​ពួក​គេ​បាន​ជូន​សម្រាប់​សាង​សង់​វិហារ​របស់​ព្រះ​ពិត​មាន មាស​ចំនួន​៥.០០០​ថាលិន និង​មាស​ចំនួន​១០.០០០​កាក់* ប្រាក់​ចំនួន​១០.០០០​ថាលិន ស្ពាន់​ចំនួន​១៨.០០០​ថាលិន និង​ដែក​ចំនួន​១០០.០០០​ថាលិន។ ៨  អស់​អ្នក​ដែល​មាន​ត្បូង​មាន​តម្លៃ បាន​ជូន​ត្បូង​ទាំង​នោះ​ដល់​ព្រះ​យេហូវ៉ា ហើយ​គេ​ក៏​យក​ទៅ​ទុក​ក្នុង​ឃ្លាំង​វិហារ ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​យេហែល+ជា​កូន​ចៅ​គើសុន។+ ៩  បណ្ដា​ជន​ទាំង​អស់​រីក​រាយ​ត្រេក​អរ ព្រោះ​ពួក​គេ​បាន​ជូន​អំណោយ​ដល់​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត+ ហើយ​ស្ដេច​ដាវីឌ​ក៏​មាន​អំណរ​ក្រៃ​លែង​ដែរ។ ១០  បន្ទាប់​មក ដាវីឌ​បាន​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​នៅ​ចំពោះ​បណ្ដា​ជន​ទាំង​អស់​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ៊ីស្រាអែល​ជា​បិតា​របស់​យើង​អើយ! សូម​លោក​ទទួល​ការ​សរសើរ​តម្កើង​ជា​រៀង​រហូត។ ១១  ឱ​ព្រះ​យេហូវ៉ា​អើយ! លោក​ជា​ព្រះ​ដ៏​ឧត្តុង្គឧត្តម+ ជា​ព្រះ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា។+ លោក​មាន​សិរី​រុង​រឿង​និង​កិត្តិយស+ ព្រោះ​អ្វី​ៗ​ទាំង​អស់​ដែល​នៅ​ស្ថាន​សួគ៌* និង​ផែនដី​សុទ្ធតែ​ជា​របស់​លោក។+ ឱ​ព្រះ​យេហូវ៉ា​អើយ! គឺ​លោក​ហើយ​ជា​ស្ដេច+ ហើយ​លោក​មាន​អំណាច​គ្រប់​គ្រង​លើ​បុគ្គល​ទាំង​អស់។ ១២  ទ្រព្យ​សម្បត្តិ​និង​កិត្តិយស​ទាំង​អស់​សុទ្ធតែ​មក​ពី​លោក។+ លោក​គ្រប់​គ្រង​លើ​អ្វី​ៗ​ទាំង​អស់+ ហើយ​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា។+ លោក​អាច​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​ទៅ​ជា​អស្ចារ្យ+ ព្រម​ទាំង​ផ្ដល់​កម្លាំង​ដល់​បុគ្គល​ទាំង​អស់។+ ១៣  ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ! យើង​សូម​អរគុណ​លោក និង​សូម​សរសើរ​តម្កើង​នាម​ដ៏​ឧត្ដម​របស់​លោក។ ១៤  ​«​តើ​ខ្ញុំ​និង​រាស្ត្រ​របស់​ខ្ញុំ​ជា​អ្វី​ទៅ បាន​ជា​យើង​អាច​ជូន​អំណោយ​ដោយ​ស្ម័គ្រ​ចិត្ត​ច្រើន​បែប​នេះ​បាន? ព្រោះ​អ្វី​ៗ​ទាំង​អស់​គឺ​មក​ពី​លោក ហើយ​អ្វី​ៗ​ទាំង​អស់​ដែល​យើង​បាន​ជូន​លោក​ក៏​ជា​របស់​លោក​ដែរ។ ១៥  នៅ​ចំពោះ​មុខ​លោក យើង​ជា​ជន​បរទេស និង​ជា​អ្នក​ដែល​ស្នាក់​នៅ​បណ្ដោះ​អាសន្ន ដូច​បុព្វ​បុរស​របស់​យើង​ដែរ។+ ជីវិត​យើង​នៅ​ផែនដី គឺ​ប្រៀប​ដូច​ជា​ស្រមោល+ ហើយ​មិន​ស្ថិតស្ថេរ​ឡើយ។ ១៦  ឱ​ព្រះ​យេហូវ៉ា​អើយ! ទ្រព្យ​សម្បត្តិ​ទាំង​អស់​ដែល​យើង​បាន​ត្រៀម​ទុក ដើម្បី​សង់​វិហារ​សម្រាប់​នាម​បរិសុទ្ធ​របស់​លោក គឺ​ជា​របស់​លោក​ទេ។ ១៧  ឱ​ព្រះ​នៃ​ខ្ញុំ​អើយ! ខ្ញុំ​ដឹង​ច្បាស់​ថា​លោក​ស្ទង់​មើល​ចិត្ត​មនុស្ស​ទាំង​អស់+ ហើយ​លោក​ពេញ​ចិត្ត​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ឥត​ងាក​រេ។+ ខ្ញុំ​បាន​ជូន​លោក​នូវ​អ្វី​ៗ​ទាំង​នេះ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ហើយ​ខ្ញុំ​ក៏​ត្រេក​អរ​ក្រៃ​លែង​ពេល​ឃើញ​រាស្ត្រ​របស់​លោក​ជូន​អំណោយ​ដល់​លោក​ដោយ​ស្ម័គ្រ​ពី​ចិត្ត។ ១៨  ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អាប្រាហាំ អ៊ីសាក និង​អ៊ីស្រាអែល ជា​បុព្វ​បុរស​របស់​យើង​ខ្ញុំ​អើយ! សូម​លោក​ជួយ​រាស្ត្រ​របស់​លោក​ឲ្យ​រក្សា​ចិត្ត​ស្មោះ​ស្ម័គ្រ​បែប​នេះ ហើយ​សូម​ជួយ​ពួក​គេ​ឲ្យ​បម្រើ​លោក​ដោយ​អស់​ពី​ចិត្ត។+ ១៩  សូម​លោក​ជួយ​សាឡូម៉ូន​កូន​ខ្ញុំ​ឲ្យ​កាន់​តាម​គ្រប់​ទាំង​បញ្ញត្តិ+ ច្បាប់ និង​សេចក្ដី​រំលឹក​របស់​លោក​ដោយ​ស្មោះ​អស់​ពី​ចិត្ត។+ សូម​ជួយ​គាត់​ឲ្យ​សង់​វិហារ​នេះ ដូច​ដែល​ខ្ញុំ​បាន​គ្រោង​និង​រៀបចំ​ទុក​ឲ្យ​»។+ ២០  បន្ទាប់​មក ដាវីឌ​បាន​ប្រាប់​បណ្ដា​ជន​ទាំង​អស់​ថា​៖ ​«​ឥឡូវ​សូម​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​»។ រួច​មក បណ្ដា​ជន​ទាំង​អស់​ក៏​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​បុព្វ​បុរស​ពួក​គេ ហើយ​ក្រាប​គោរព​ព្រះ​យេហូវ៉ា​និង​ស្ដេច។ ២១  បន្ទាប់​មក ពួក​គេ​បាន​ជូន​គ្រឿង​បូជា​ផ្សេង​ៗ និង​ជូន​គ្រឿង​បូជា​ដុត+ដល់​ព្រះ​យេហូវ៉ា ហើយ​នៅ​ថ្ងៃ​បន្ទាប់ ពួក​គេ​ក៏​បន្ត​ជូន​គ្រឿង​បូជា​ដូច​គ្នា​ដល់​ព្រះ​យេហូវ៉ា​ដែរ។ គ្រឿង​បូជា​ទាំង​នោះ​មាន គោ​ស្ទាវ​ចំនួន​១.០០០​ក្បាល ចៀម​ឈ្មោល​ចំនួន​១.០០០​ក្បាល កូន​ចៀម​ចំនួន​១.០០០​ក្បាល ព្រម​ជា​មួយ​គ្រឿង​បូជា​ជា​ស្រា​ផង​ដែរ។+ ពួក​គេ​បាន​ជូន​គ្រឿង​បូជា​យ៉ាង​ច្រើន​សម្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល។+ ២២  នៅ​ពេល​នោះ ពួក​គេ​បាន​ពិសា​អាហារ​ពិសា​ស្រា​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​យ៉ាង​សប្បាយ​រីក​រាយ។+ ពួក​គេ​បាន​ចាក់​ប្រេង​តែង​តាំង​សាឡូម៉ូន​ជា​កូន​ដាវីឌ​ឲ្យ​ឡើង​ធ្វើ​ជា​ស្ដេច​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​លើក​ទី​២។+ ពួក​គេ​ក៏​បាន​តែង​តាំង​សេដុក​ឲ្យ​ធ្វើ​ជា​សង្ឃ​ដែរ។+ ២៣  រួច​មក សាឡូម៉ូន​បាន​អង្គុយ​លើ​បល្ល័ង្ក​របស់​ព្រះ​យេហូវ៉ា+ជំនួស​ដាវីឌ​ឪពុក​គាត់។ រាជ្យ​របស់​សាឡូម៉ូន​បាន​រុង​រឿង​ថ្កុំ​ថ្កើង។ បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​បាន​ស្ដាប់​បង្គាប់​គាត់។ ២៤  ពួក​អ្នក​គ្រប់​គ្រង​ទាំង​អស់+ និង​ពួក​ទាហាន​ពូកែ​អង់អាច+ ថែម​ទាំង​កូន​ៗ​ទាំង​ប៉ុន្មាន​របស់​ស្ដេច​ដាវីឌ+ បាន​ចុះ​ចូល​នឹង​ស្ដេច​សាឡូម៉ូន។ ២៥  ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​សាឡូម៉ូន​កាន់​តែ​ថ្កុំ​ថ្កើង​នៅ​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់។ លោក​ក៏​ធ្វើ​ឲ្យ​សាឡូម៉ូន​មាន​កិត្តិយស​ខ្ពង់​ខ្ពស់ លើស​ស្ដេច​ស្រុក​អ៊ីស្រាអែល​ដែល​នៅ​មុន​គាត់​ទៅ​ទៀត។+ ២៦  ដាវីឌ​ជា​កូន​អ៊ីសាយ​បាន​គ្រប់​គ្រង​លើ​ស្រុក​អ៊ីស្រាអែល​ទាំង​មូល។ ២៧  គាត់​គ្រប់​គ្រង​អស់​រយៈ​ពេល​៤០​ឆ្នាំ គឺ​នៅ​ក្រុង​ហេប្រុន​អស់​រយៈ​ពេល​៧​ឆ្នាំ+ និង​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​៣៣​ឆ្នាំ។+ ២៨  ក្រោយ​មក ដាវីឌ​បាន​ស្លាប់​ក្នុង​កាល​ដែល​គាត់​មាន​អាយុ​ច្រើន។+ គាត់​បាន​ស្កប់​ស្កល់​នឹង​អាយុ​ខ្លួន និង​ទ្រព្យ​សម្បត្តិ​ដែល​គាត់​មាន ព្រម​ទាំង​កិត្តិយស​ខ្ពង់​ខ្ពស់​របស់​គាត់។ សាឡូម៉ូន​កូន​គាត់​បាន​គ្រប់​គ្រង​ជា​ស្ដេច​បន្ទាប់​ពី​គាត់។+ ២៩  រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ដាវីឌ​បាន​ធ្វើ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​របស់​សាំយូអែល​ជា​អ្នក​មើល​ធ្លុះ និង​ក្នុង​សៀវភៅ​របស់​ណាថាន់+ជា​អ្នក​ប្រកាស​ទំនាយ និង​កាដ+ជា​អ្នក​ទទួល​ការ​បើក​បង្ហាញ​ពី​ព្រះ។ ៣០  សៀវភៅ​ទាំង​នោះ​បាន​រៀប​រាប់​អំពី​អំណាច​គ្រប់​គ្រង និង​កិច្ចការ​អស្ចារ្យ​របស់​ដាវីឌ ព្រម​ទាំង​អំពី​ហេតុ​ការណ៍​ផ្សេង​ៗ​ដែល​បាន​កើត​ឡើង​ដល់​គាត់ និង​កើត​ឡើង​នៅ​ស្រុក​អ៊ីស្រាអែល និង​រាជាណាចក្រ​ឯ​ទៀត​ដែល​នៅ​ជុំវិញ។

កំណត់សម្គាល់

មួយ​ថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ឬ​«​ដារីក​»។ ដារីក​គឺ​ជា​កាក់​មាស​របស់​ជន​ជាតិ​ពើស៊ី។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ឬ​«​មេឃ​»​