ប្រវត្តិហេតុទី១ ៥:១-២៦

  • កូន​ចៅ​របស់​រូបេន (​១​-​១០)

  • កូន​ចៅ​របស់​កាដ (​១១​-​១៧)

  • ពួក​ហាការេន​បាន​ត្រូវ​បង្ក្រាប (​១៨​-​២២)

  • ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ម៉ាណាសេ (​២៣​-​២៦)

 រូបេន+ជា​កូន​ច្បង​របស់​អ៊ីស្រាអែល។ ប៉ុន្តែ ដោយ​សារ​គាត់​បាន​រួម​ដំណេក​ជា​មួយ​នឹង​ប្រពន្ធ​បន្ទាប់​របស់​ឪពុក​គាត់+ សិទ្ធិ​ជា​កូន​ច្បង​បាន​ត្រូវ​ប្រគល់​ឲ្យ​ដល់​កូន​របស់​យ៉ូសែប​វិញ។+ ដូច្នេះ រូបេន​មិន​បាន​ត្រូវ​រាប់​ក្នុង​បញ្ជី​ជា​កូន​ច្បង​ទេ។ កូន​ចៅ​របស់​គាត់​បាន​ត្រូវ​រាយ​នាម​នៅ​ខាង​ក្រោម។ ២  ឯ​យូដា+វិញ ទោះ​ជា​គាត់​ប្រសើរ​ជាង​បង​ប្អូន​របស់​គាត់ ហើយ​មាន​អ្នក​ដឹក​នាំ​ម្នាក់+នឹង​កើត​ចេញ​ពី​គាត់​ក្ដី ក៏​សិទ្ធិ​ជា​កូន​ច្បង​នៅ​តែ​ជា​របស់​យ៉ូសែប។ ៣  កូន​របស់​រូបេន​ដែល​ជា​កូន​ច្បង​របស់​អ៊ីស្រាអែល​មាន ហាណុក ផាលូ ហេស្រុន និង​កាម៉ាយ។+ ៤  រីឯ​កូន​របស់​យ៉ូអែល​គឺ​សិមម៉ាយ៉ា។ កូន​របស់​សិមម៉ាយ៉ា​គឺ​កូក។ កូន​របស់​កូក​គឺ​ស៊ីមម៉ាយ។ ៥  កូន​របស់​ស៊ីមម៉ាយ​គឺ​មីកា។ កូន​របស់​មីកា​គឺ​រ៉េអាយ៉ា។ កូន​របស់​រ៉េអាយ៉ា​គឺ​បាល។ ៦  កូន​របស់​បាល​គឺ​បេអារ៉ា គាត់​ជា​មេ​ដឹក​នាំ​ម្នាក់​ក្នុង​កុលសម្ព័ន្ធ​រូបេន។ ក្រោយ​មក ធីលកាតភីនីសឺ+ជា​ស្ដេច​ស្រុក​អាស៊ីរី បាន​ចាប់​គាត់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ។ ៧  ឯ​បញ្ជី​ឈ្មោះ​ក្រុម​គ្រួសារ​របស់​បង​ប្អូន​បេអារ៉ា​វិញ មាន​ដូច​ត​ទៅ​៖ យេអែល​ជា​ប្រមុខ បន្ទាប់​មក​សាការី ៨  និង​បេឡា។ បេឡា​ជា​កូន​អេសាស ត្រូវ​ជា​ចៅ​សិមម៉ា ហើយ​ត្រូវ​ជា​ចៅ​ទួត​យ៉ូអែល។ ពួក​កូន​ចៅ​បេឡា​រស់​នៅ​ក្រុង​អារ៉ូអ៊ើរ+ រហូត​ដល់​ក្រុង​នេបូរ​និង​បាលមេអន។+ ៩  ពួក​គេ​មាន​ហ្វូង​សត្វ​យ៉ាង​ច្រើន​សន្ធឹក​នៅ​ស្រុក​គីលាត។+ ហេតុ​នេះ ពួក​គេ​ក៏​ពង្រីក​ទឹក​ដី​ទៅ​ទិស​ខាង​កើត​រហូត​ដល់​តំបន់​ស្ងាត់​ជ្រងំ​ក្បែរ​ទន្លេ​អឺប្រាត។+ ១០  នៅ​គ្រា​សុល​គ្រប់​គ្រង ពួក​គេ​បាន​វាយ​ឈ្នះ​ពួក​ហាការេន ហើយ​តាំង​ទី​លំនៅ​ពេញ​ពាស​លើ​ទឹក​ដី​ដែល​នៅ​តំបន់​ខាង​កើត​ស្រុក​គីលាត។ ១១  ឯ​កូន​ចៅ​កាដ ពួក​គេ​រស់​នៅ​ក្បែរ​កូន​ចៅ​រូបេន នៅ​តំបន់​បាសាន​រហូត​ដល់​ក្រុង​សាលកា។+ ១២  នៅ​តំបន់​បាសាន មាន​យ៉ូអែល​ជា​ប្រមុខ បន្ទាប់​ពី​គាត់​គឺ​សាផាម ហើយ​ក៏​មាន​យ៉ាណាយ និង​សាផាត​ដែរ។ ១៣  បង​ប្អូន​របស់​ពួក​គេ​មាន​៧​នាក់​ទៀត​គឺ មីកែល មេស៊ូឡាម សេបា យ៉ូរ៉ាយ យ៉ាកាន សៀយ៉ា និង​ហេបឺរ។ ១៤  ពួក​គេ​ទាំង​នេះ​ជា​កូន​របស់​អាបឺហេល។ អាបឺហេល​ជា​កូន​ហ៊ូរី។ ហ៊ូរី​ជា​កូន​យ៉ារូអា។ យ៉ារូអា​ជា​កូន​គីលាត។ គីលាត​ជា​កូន​មីកែល។ មីកែល​ជា​កូន​យេស៊ីសាយ។ យេស៊ីសាយ​ជា​កូន​យ៉ាដូ។ យ៉ាដូ​ជា​កូន​ប៊ូស។ ១៥  ចំណែក​អេហាយ​ជា​កូន​អាបឌាល ត្រូវ​ជា​ចៅ​គូណាយ គាត់​ជា​ប្រមុខ​លើ​វង្ស​ត្រកូល​គាត់។ ១៦  ពួក​គេ​រស់​នៅ​ក្នុង​តំបន់​គីលាត+ តំបន់បាសាន+ និង​ក្រុង​តូច​ៗ​ដែល​នៅ​ជុំវិញ ព្រម​ទាំង​នៅ​តំបន់​វាល​ស្មៅ​សារ៉ុន​ទាំង​មូល។ ១៧  ឈ្មោះ​អ្នក​ទាំង​នេះ​បាន​ត្រូវ​កត់​ទុក​ក្នុង​បញ្ជី​គ្រួសារ ក្នុង​រាជ្យ​យ៉ូថាម+ជា​ស្ដេច​ស្រុក​យូដា និង​ក្នុង​រាជ្យ​យេរ៉ូបោម*+ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ១៨  រីឯ​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ម៉ាណាសេ ពួក​គេ​មាន​ទាហាន​ដ៏​អង់អាច​ចំនួន​៤៤.៧៦០​នាក់ ដែល​ពូកែ​ខាង​ប្រើ​ខែល ដាវ និង​ពូកែ​បាញ់​ធ្នូ ហើយ​ពួក​គេ​ជា​អ្នក​ថ្នឹក​ចម្បាំង។ ១៩  ពួក​គេ​ធ្វើ​ចម្បាំង​នឹង​ពួក​ហាការេន+ ពួក​យេថឺ ពួក​ណាភីស+ និង​ពួក​ណូដាប់។ ២០  នៅ​ពេល​ច្បាំង ពួក​គេ​បាន​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​ឲ្យ​ពួក​គេ​ច្បាំង​ឈ្នះ​ពួក​ហាការេន និង​អស់​អ្នក​ដែល​ចូល​ដៃ​ជា​មួយ​នឹង​អ្នក​ទាំង​នោះ។ ព្រះ​ក៏​ធ្វើ​តាម​ការ​អធិដ្ឋាន​របស់​ពួក​គេ ដោយ​ឲ្យ​ពួក​គេ​វាយ​ឈ្នះ ព្រោះ​ពួក​គេ​បាន​ទុក​ចិត្ត​លើ​លោក។+ ២១  ពួក​គេ​ចាប់​បណ្ដា​ជន​១០០.០០០​នាក់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ។ ពួក​គេ​ក៏​រឹប​អូស​បាន​ហ្វូង​សត្វ​ជា​ច្រើន ដូច​ជា​អូដ្ឋ​៥០.០០០​ក្បាល ចៀម​២៥០.០០០​ក្បាល និង​លា​២.០០០​ក្បាល។ ២២  ពួក​ហាការេន​និង​បក្ស​ពួក​របស់​ពួក​គេ​ជា​ច្រើន​នាក់​បាន​ស្លាប់​ក្នុង​ចម្បាំង ដោយ​សារ​ព្រះ​ពិត​បាន​ជួយ​ក្នុង​ចម្បាំង​នោះ។+ បន្ទាប់​មក កុលសម្ព័ន្ធ​ទាំង​នោះ​បាន​រស់​នៅ​លើ​ទឹក​ដី​របស់​ពួក​គេ រហូត​ដល់​គ្រា​ដែល​ត្រូវ​និរទេស។+ ២៣  កូន​ចៅ​នៃ​ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ម៉ាណាសេ+ បាន​រស់​នៅ​លើ​ទឹក​ដី​នោះ ចាប់​ពី​តំបន់បាសាន​ដល់​បាលហឺម៉ូន និង​សេនៀ និង​ភ្នំ​ហឺម៉ូន។+ ពួក​គេ​មាន​ចំនួន​ច្រើន​ឡើង​ៗ។ ២៤  ពួក​អ្នក​ដែល​ជា​ប្រមុខ​នៃ​ក្រុម​គ្រួសារ​មាន​ឈ្មោះ​ដូច​ត​ទៅ​៖ អេផឺ អ៊ីសអាយ អេលៀល អាសរាល យេរេមា ហូដាវា និង​យ៉ាឌាល។ ពួក​គេ​ជា​បុរស​ខ្លាំង​ពូកែ​និង​ល្បី​ឈ្មោះ។ ២៥  ប៉ុន្តែ ពួក​គេ​បាន​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ ហើយ​បាន​បែរ​ទៅ​គោរព​បម្រើ​ព្រះ​នា​នា​របស់​អ្នក​ស្រុក​នោះ+ គឺ​ជា​បណ្ដា​ជន​ដែល​ព្រះ​បាន​បំផ្លាញ​ចេញ​ពី​ពួក​គេ។ ២៦  ដូច្នេះ ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល បាន​ជំរុញ​ចិត្ត​ស្ដេច​ផូល​ជា​ស្ដេច​ស្រុក​អាស៊ីរី+​(​នេះ​សំដៅ​លើ​ស្ដេច​ធីលកាតភីនីសឺ​)+ ឲ្យ​ចាប់​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ម៉ាណាសេ យក​ទៅ​ធ្វើ​ជា​ឈ្លើយ។ រួច​នាំ​ពួក​គេ​ទៅ​តំបន់​ហាឡា តំបន់​ហារ៉ា តំបន់​ហាបោ និង​ទន្លេ​កូសាន។+ ពួក​គេ​ក៏​រស់​នៅ​ទី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។

កំណត់សម្គាល់

នេះ​សំដៅ​លើ​យេរ៉ូបោម​ទី​២