ប្រវត្តិហេតុទី២ ១:១-១៧

  • សាឡូម៉ូន​សុំ​ប្រាជ្ញា​ពី​ព្រះ (​១​-​១២)

  • ទ្រព្យ​សម្បត្តិ​របស់​សាឡូម៉ូន (​១៣​-​១៧)

 សាឡូម៉ូន​ជា​កូន​ដាវីឌ​មាន​អំណាច​គ្រប់​គ្រង​កាន់​តែ​រឹង​មាំ​ឡើង​ៗ។ ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​គាត់ ហើយ​លោក​បាន​ធ្វើ​ឲ្យ​គាត់​រុង​រឿង​ថ្កុំ​ថ្កើង។+ ២  សាឡូម៉ូន​បាន​កោះ​ហៅ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ គឺ​ពួក​មេ​លើ​១.០០០​នាក់ ពួក​មេ​លើ​១០០​នាក់ ពួក​អ្នក​សម្រេច​ក្ដី និង​ពួក​មេ​កុលសម្ព័ន្ធ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។ ពួក​គេ​ទាំង​អស់​សុទ្ធតែ​ជា​ពួក​ប្រមុខ​លើ​វង្ស​ត្រកូល​នា​នា។ ៣  បន្ទាប់​មក សាឡូម៉ូន​និង​ពួក​អ្នក​ទាំង​នោះ បាន​ទៅ​ទី​ខ្ពស់​ពិសិដ្ឋ​នៅ​ឯ​ក្រុង​គីបៀន+ ព្រោះ​ទី​នោះ​មាន​ត្រសាល​ជំនុំ​របស់​ព្រះ​ពិត ជា​ត្រសាល​ដែល​ម៉ូសេ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​កាល​ដែល​នៅ​តំបន់​ស្ងាត់​ជ្រងំ។ ៤  រីឯ​ហឹប​របស់​ព្រះ​ពិត ដាវីឌ​បាន​នាំ​យក​ពី​ក្រុង​គារីអាតយារីម+ ទៅ​ដាក់​ក្នុង​ត្រសាល​ដែល​គាត់​បាន​រៀបចំ​ទុក​នៅ​ក្នុង​ក្រុង​យេរូសាឡិម* តាំង​ពី​សម័យ​គាត់​មក​ម្ល៉េះ។+ ៥  ឯ​ទី​បូជា​ធ្វើ​ពី​ស្ពាន់+ដែល​បេសាលែល+ជា​កូន​យូរ៉ាយ​ត្រូវ​ជា​ចៅ​របស់​ហឺរ​បាន​ធ្វើ​នោះ គេ​បាន​ដាក់​នៅ​មុខ​ត្រសាល​របស់​ព្រះ​យេហូវ៉ា។ សាឡូម៉ូន​និង​បណ្ដា​ជន​តែង​តែ​អធិដ្ឋាន​នៅ​មុខ​ទី​បូជា​នោះ។* ៦  សាឡូម៉ូន​បាន​ជូន​សត្វ​១.០០០​ក្បាល​ជា​គ្រឿង​បូជា​ដុត​ជូន​ព្រះ​យេហូវ៉ា នៅ​លើ​ទី​បូជា​ធ្វើ​ពី​ស្ពាន់+ ខាង​មុខ​ត្រសាល​ជំនុំ។ ៧  នៅ​យប់​នោះ ព្រះ​បាន​លេច​មក​ជួប​សាឡូម៉ូន ហើយ​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​សុំ​អ្វី​ដែល​អ្នក​ចង់​បាន​ពី​ខ្ញុំ​ចុះ​»។+ ៨  ខណៈ​នោះ សាឡូម៉ូន​បាន​ឆ្លើយ​ថា​៖ ​«​លោក​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​ដាវីឌ​ជា​ឪពុក​ខ្ញុំ+ ហើយ​លោក​បាន​ឲ្យ​ខ្ញុំ​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។+ ៩  ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​ឲ្យ​ពាក្យ​ដែល​លោក​បាន​សន្យា​ជា​មួយ​នឹង​ដាវីឌ​ឪពុក​ខ្ញុំ​បាន​ក្លាយ​ទៅ​ជា​ការ​ពិត​ផង+ ព្រោះ​លោក​បាន​លើក​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​បណ្ដា​ជន​ដែល​មាន​ចំនួន​ច្រើន​ឥត​គណនា​ដូច​លម្អង​ធូលី។+ ១០  សូម​ឲ្យ​ខ្ញុំ​មាន​ចំណេះ​និង​ប្រាជ្ញា+ ដើម្បី​ខ្ញុំ​អាច​ដឹក​នាំ​បណ្ដា​ជន​ទាំង​នេះ​បាន។ បើ​មិន​ដូច្នោះ​ទេ តើ​ខ្ញុំ​នឹង​វិនិច្ឆ័យ​រាស្ត្រ​របស់​លោក​ដែល​មាន​ចំនួន​ដ៏​ច្រើន​យ៉ាង​នេះ​ដូច​ម្ដេច​បាន?​»។+ ១១  រួច​មក ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​សាឡូម៉ូន​ថា​៖ ​«​ដោយ​សារ​នេះ​ជា​បំណង​ចិត្ត​របស់​អ្នក ហើយ​អ្នក​មិន​បាន​សុំ​ឲ្យ​មាន​អាយុ​វែង ឬ​សុំ​ឲ្យ​មាន​ទ្រព្យ​សម្បត្តិ​និង​កិត្តិយស ឬ​ក៏​សុំ​ឲ្យ​ពួក​សត្រូវ​អ្នក​ស្លាប់​ទេ តែ​អ្នក​បាន​សុំ​ឲ្យ​មាន​ចំណេះ​និង​ប្រាជ្ញា​វិញ ដើម្បី​វិនិច្ឆ័យ​រាស្ត្រ​របស់​ខ្ញុំ​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​អ្នក+ ១២  នោះ​ខ្ញុំ​នឹង​ឲ្យ​ចំណេះ​និង​ប្រាជ្ញា​ដល់​អ្នក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ខ្ញុំ​ក៏​នឹង​ឲ្យ​អ្នក​មាន​កិត្តិយស​និង​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​លើស​លប់​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​នៅ​មុន​អ្នក​និង​ក្រោយ​អ្នក​មិន​ដែល​មាន​ស្ដេច​ណា​ដូច​អ្នក​ឡើយ​»។+ ១៣  ដូច្នេះ សាឡូម៉ូន​បាន​ចេញ​ពី​ខាង​មុខ​ត្រសាល​ជំនុំ​នៅ​ទី​ខ្ពស់​ពិសិដ្ឋ​នៅ​ឯ​ក្រុង​គីបៀន+ ហើយ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ។ គាត់​បាន​គ្រប់​គ្រង​លើ​ស្រុក​អ៊ីស្រាអែល​ទាំង​មូល។ ១៤  សាឡូម៉ូន​បាន​ប្រមូល​រទេះ​ចម្បាំង​និង​សេះ*ជា​ច្រើន។ គាត់​មាន​រទេះ​ចម្បាំង​ចំនួន​១.៤០០​គ្រឿង និង​សេះ*ចំនួន​១២.០០០​ក្បាល។+ ស្ដេច​ទុក​មួយ​ចំនួន​នៅ​ក្រុង​យេរូសាឡិម+ និង​មួយ​ចំនួន​ទៀត​គាត់​បាន​ទុក​នៅ​ក្រុង​នា​នា​ដែល​សម្រាប់​ដាក់​រទេះ​ចម្បាំង។+ ១៥  នៅ​សម័យ​ស្ដេច​សាឡូម៉ូន ក្រុង​យេរូសាឡិម​មាន​មាស​ប្រាក់​សម្បូរ​ហូរហៀរ​ដូច​ជា​ដុំ​ថ្ម+ ហើយ​មាន​ឈើ​ស៊ីដារ*ច្រើន​សន្ធឹក​ដូច​ជា​ដើម​ល្វា​ព្រៃ​នៅ​តំបន់​សេភីឡា។+ ១៦  សេះ​របស់​ស្ដេច​សាឡូម៉ូន​បាន​ត្រូវ​នាំ​ចូល​មក​ពី​ស្រុក​អេហ្ស៊ីប+ ហើយ​ពួក​ឈ្មួញ​របស់​គាត់​បាន​ទិញ​សេះ​ទាំង​ហ្វូង​ៗ​ តាម​តម្លៃ​កំណត់។+ ១៧  រទេះ​ចម្បាំង​នីមួយ​ៗ​ដែល​នាំ​ចូល​មក​ពី​ស្រុក​អេហ្ស៊ីប​មាន​តម្លៃ​៦០០​កាក់​ធ្វើ​ពី​ប្រាក់ ហើយ​សេះ​មួយ​ក្បាល​មាន​តម្លៃ​១៥០​កាក់​ធ្វើ​ពី​ប្រាក់។ រួច​ពួក​ឈ្មួញ​ក៏​បាន​យក​សេះ​និង​រទេះ​ចម្បាំង​ទៅ​លក់​បន្ត​ឲ្យ​អ្នក​គ្រប់​គ្រង​ទាំង​ប៉ុន្មាន​នៃ​ជន​ជាតិ​ហេត និង​អ្នក​គ្រប់​គ្រង​ទាំង​ឡាយ​នៃ​ស្រុក​ស៊ីរី។

កំណត់សម្គាល់

សព្វ​ថ្ងៃ​នេះ​ហៅ​ថា​ហ៊្សេរុយសាឡិម
ឬ​«​សុំ​ការ​ណែនាំ​ពី​លោក​នៅ​ទី​នោះ​»​
ឬ​«​ទាហាន​សេះ​»​
ឬ​«​ទាហាន​សេះ​»​
ដើម​ឈើ​ប្រណីត​ម្យ៉ាង