ប្រវត្តិហេតុទី២ ១០:១-១៩

  • បណ្ដា​ជន​អ៊ីស្រាអែល​បះ​បោរ​ប្រឆាំង​នឹង​រេហូបោម (​១​-​១៩)

១០  រេហូបោម​បាន​ទៅ​ឯ​ក្រុង​ស៊ីគឹម+ ព្រោះ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​បាន​មក​ដើម្បី​លើក​គាត់​ឲ្យ​ធ្វើ​ជា​ស្ដេច។+ ២  រីឯ​យេរ៉ូបោម+ជា​កូន​នេបាត​វិញ ពេល​គាត់​បាន​ឮ​អំពី​រឿង​នេះ គាត់​ក៏​ចាក​ចេញ​ពី​ស្រុក​អេហ្ស៊ីប​ត្រឡប់​មក​វិញ (​ពេល​នោះ​គាត់​នៅ​ស្រុក​អេហ្ស៊ីប​នៅ​ឡើយ ព្រោះ​គាត់​បាន​រត់​គេច​ពី​ស្ដេច​សាឡូម៉ូន​)។+ ៣  បន្ទាប់​មក បណ្ដា​ជន​អ៊ីស្រាអែល​បាន​អញ្ជើញ​យេរ៉ូបោម​ឲ្យ​មក​ជួប​ពួក​គេ ហើយ​គាត់​និង​បណ្ដា​ជន​ទាំង​អស់​បាន​ទៅ​ជួប​ជុំ​គ្នា​នៅ​មុខ​រេហូបោម ហើយ​និយាយ​ថា​៖ ៤  ​«​ឪពុក​របស់​លោក​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​មក​លើ​យើង។+ ប៉ុន្តែ បើ​លោក​ធ្វើ​ឲ្យ​នឹម​ដ៏​ធ្ងន់​នោះ​ទៅ​ជា​ស្រាល​ជាង ហើយ​ធ្វើ​ឲ្យ​តម្រូវ​ការ​ដ៏​ច្រើន​របស់​ឪពុក​លោក​ទៅ​ជា​តិច​ជាង នោះ​យើង​នឹង​បម្រើ​លោក​»។ ៥  ខណៈ​នោះ រេហូបោម​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​ចូរ​ទៅ​សិន​ចុះ ចាំ​បី​ថ្ងៃ​ទៀត​សឹម​ត្រឡប់​មក​ជួប​ខ្ញុំ​វិញ​»។ ដូច្នេះ បណ្ដា​ជន​ក៏​ចាក​ចេញ​ទៅ។+ ៦  បន្ទាប់​មក ស្ដេច​រេហូបោម​បាន​ប្រឹក្សា​ជា​មួយ​នឹង​ពួក​បុរស​ចាស់​ទុំ​ដែល​ធ្លាប់​បម្រើ​សាឡូម៉ូន​ជា​ឪពុក​កាល​ដែល​គាត់​នៅ​រស់។ រេហូបោម​បាន​សួរ​ពួក​គាត់​ថា​៖ ​«​តាម​យោបល់​អ្នក​រាល់​គ្នា តើ​ខ្ញុំ​គួរ​ឆ្លើយ​តប​នឹង​បណ្ដា​ជន​ទាំង​នេះ​យ៉ាង​ណា?​»។ ៧  ពួក​គាត់​បាន​ឆ្លើយ​ថា​៖ ​«​បើ​លោក​ធ្វើ​ល្អ​ចំពោះ​បណ្ដា​ជន​នេះ ហើយ​ព្រម​ធ្វើ​តាម​សំណូម​ពរ​របស់​ពួក​គេ នោះ​ពួក​គេ​នឹង​បម្រើ​លោក​រហូត​ត​ទៅ​»។ ៨  ប៉ុន្តែ រេហូបោម​មិន​បាន​ធ្វើ​តាម​យោបល់​របស់​ពួក​បុរស​ចាស់​ទុំ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​សួរ​យោបល់​ពី​ពួក​បុរស​ដែល​ធំ​ឡើង​ជា​មួយ​គាត់ ហើយ​ពួក​គេ​ជា​អ្នក​បម្រើ​របស់​គាត់​ផ្ទាល់។+ ៩  ដំបូង គាត់​ប្រាប់​ថា​៖ ​«​ពួក​បណ្ដា​ជន​បាន​ស្នើ​មក​ខ្ញុំ​ថា​៖ ‹សូម​លោក​ធ្វើ​ឲ្យ​នឹម​ដែល​ឪពុក​លោក​បាន​ដាក់​មក​លើ​យើង​ទៅ​ជា​ស្រាល​ជាង›​»។ រួច​គាត់​ក៏​សួរ​អ្នក​បម្រើ​ទាំង​នោះ​ថា​៖ ​«​តាម​យោបល់​អ្នក​រាល់​គ្នា តើ​យើង​គួរ​ឆ្លើយ​តប​នឹង​ពួក​គេ​យ៉ាង​ណា?​»។ ១០  ដូច្នេះ ពួក​គេ​បាន​តប​ទៅ​គាត់​វិញ​ថា​៖ ​«​ចំពោះ​សម្ដី​របស់​ពួក​បណ្ដា​ជន​ដែល​ថា​៖ ‹ឪពុក​របស់​លោក​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​មក​លើ​យើង តែ​លោក​គួរ​ធ្វើ​ឲ្យ​នឹម​នោះ​ទៅ​ជា​ស្រាល​ជាង› លោក​គួរ​តប​ទៅ​វិញ​ថា​៖ ‹កូន​ដៃ​របស់​ខ្ញុំ​នឹង​ទៅ​ជា​ធំ​ជាង​ត្រគាក​របស់​ឪពុក​ខ្ញុំ។ ១១  ឪពុក​ខ្ញុំ​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​មក​លើ​អ្នក​រាល់​គ្នា តែ​ខ្ញុំ​នឹង​បន្ថែម​ទម្ងន់​ទៅ​លើ​នឹម​នោះ​ឲ្យ​កាន់​តែ​ធ្ងន់។ ឪពុក​ខ្ញុំ​បាន​ដាក់​ទោស​អ្នក​រាល់​គ្នា​ដោយ​ខ្សែ​តី តែ​ខ្ញុំ​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​ដោយ​ខ្សែ​តី​មុត​ស្រួច​វិញ›​»។ ១២  លុះ​ដល់​ថ្ងៃ​ទី​៣ យេរ៉ូបោម​និង​បណ្ដា​ជន​ទាំង​ឡាយ​បាន​ចូល​មក​ជួប​ស្ដេច​រេហូបោម ដូច​ដែល​ស្ដេច​បាន​បង្គាប់​ថា​៖ ​«​ចាំ​បី​ថ្ងៃ​ទៀត​សឹម​ត្រឡប់​មក​ជួប​ខ្ញុំ​វិញ​»។+ ១៣  ស្ដេច​មិន​បាន​ឆ្លើយ​តាម​យោបល់​របស់​ពួក​បុរស​ចាស់​ទុំ​ទេ តែ​បាន​ឆ្លើយ​តប​នឹង​បណ្ដា​ជន​យ៉ាង​តឹងរ៉ឹង​វិញ។ ១៤  គាត់​បាន​តប​ឆ្លើយ​ទៅ​បណ្ដា​ជន​តាម​យោបល់​របស់​ពួក​អ្នក​បម្រើ​គាត់​ដែល​មាន​អាយុ​ស្រករ​គ្នា​ថា​៖ ​«​ឪពុក​ខ្ញុំ​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​មក​លើ​អ្នក​រាល់​គ្នា តែ​ខ្ញុំ​នឹង​បន្ថែម​ទម្ងន់​ទៅ​លើ​នឹម​នោះ​ឲ្យ​កាន់​តែ​ធ្ងន់។ ឪពុក​ខ្ញុំ​បាន​ដាក់​ទោស​អ្នក​រាល់​គ្នា​ដោយ​ខ្សែ​តី តែ​ខ្ញុំ​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​ដោយ​ខ្សែ​តី​មុត​ស្រួច​វិញ​»។ ១៥  ដូច្នេះ ស្ដេច​មិន​ព្រម​ស្ដាប់​តាម​បណ្ដា​ជន​ទេ ព្រោះ​ព្រះ​ពិត​បាន​បណ្ដាល​ឲ្យ​រឿង​នេះ​កើត​ឡើង+ ដើម្បី​ឲ្យ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ទៅ​កាន់​យេរ៉ូបោម​ជា​កូន​ណេបាត តាម​រយៈ​អាហាយ៉ា+ជា​អ្នក​ក្រុង​ស៊ីឡូរ បាន​ក្លាយ​ជា​ការ​ពិត។ ១៦  ពេល​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​បាន​ឃើញ​ថា​ស្ដេច​មិន​ព្រម​ស្ដាប់​តាម​ពួក​គេ នោះ​ពួក​គេ​បាន​តប​ឆ្លើយ​ទៅ​ស្ដេច​ថា​៖ ​«​យើង​គ្មាន​អ្វី​ទាក់​ទង​នឹង​ដាវីឌ​ទេ យើង​ក៏​គ្មាន​ចំណែក​មត៌ក​អ្វី​រួម​ជា​មួយ​នឹង​កូន​របស់​អ៊ីសាយ​ដែរ។ ឱ​បណ្ដា​ជន​អ៊ីស្រាអែល​អើយ! ចូរ​ទៅ​តាម​ព្រះ​របស់​អ្នក​រាល់​គ្នា​រៀង​ខ្លួន​ទៅ។ ឱ​ដាវីឌ​អើយ!+ ចូរ​មើល​ថែ​ពូជ​ពង្ស​របស់​លោក​ដោយ​ខ្លួន​លោក​ចុះ​»។ រួច​មក បណ្ដា​ជន​អ៊ីស្រាអែល​ក៏​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួក​គេ​វិញ។+ ១៧  ប៉ុន្តែ រេហូបោម​បាន​បន្ត​គ្រប់​គ្រង​លើ​បណ្ដា​ជន​អ៊ីស្រាអែល​ដែល​រស់​នៅ​ក្រុង​ផ្សេង​ៗ​ក្នុង​ទឹក​ដី​យូដា។+ ១៨  ក្រោយ​មក ស្ដេច​រេហូបោម​បាន​ចាត់​ហាតដូរ៉ាម+ដែល​ជា​មេ​លើ​ពួក​កំណែន ឲ្យ​ទៅ​ជួប​កូន​ចៅ​អ៊ីស្រាអែល តែ​ពួក​គេ​បាន​យក​ថ្ម​គប់​សម្លាប់​គាត់​ចោល។ ស្ដេច​រេហូបោម​ក៏​ប្រញាប់​ប្រញាល់​ឡើង​ជិះ​រទេះ​គាត់​រត់​គេច​ទៅ​ក្រុង​យេរូសាឡិម​វិញ។+ ១៩  ចាប់​ពី​ពេល​នោះ​មក បណ្ដា​ជន​អ៊ីស្រាអែល​បាន​បះ​បោរ​ប្រឆាំង​នឹង​ពូជ​ពង្ស​របស់​ដាវីឌ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

កំណត់សម្គាល់