ប្រវត្តិហេតុទី២ ១៤:១-១៥

  • សេចក្ដី​ស្លាប់​របស់​អាប៊ីយ៉ា (​)

  • អេសា​ជា​ស្ដេច​ស្រុក​យូដា (​២​-​៨)

  • អេសា​វាយ​ឈ្នះ​ទ័ព​អេត្យូពី​១.០០០.០០០​នាក់ (​៩​-​១៥)

១៤  ក្រោយ​មក អាប៊ីយ៉ា​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​ជា​មួយ​នឹង​បុព្វ​បុរស​គាត់​នៅ​ក្រុង​ដាវីឌ។+ រួច​មក អេសា​ជា​កូន​របស់​គាត់ ក៏​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។ នៅ​គ្រា​ដែល​គាត់​គ្រប់​គ្រង ស្រុក​មាន​សេចក្ដី​សុខ​សាន្ត​អស់​រយៈ​ពេល​១០​ឆ្នាំ។ ២  អេសា​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​គាត់​ពេញ​ចិត្ត។ ៣  គាត់​បាន​បំផ្លាញ​ទី​បូជា​របស់​ព្រះ​នៃ​ជន​ជាតិ​ដទៃ+ ព្រម​ទាំង​ទី​ខ្ពស់​ពិសិដ្ឋ​នា​នា។ គាត់​ក៏​បំបាក់​បំបែក​បង្គោល​ថ្ម​ពិសិដ្ឋ*+ និង​កាប់​រំលំ​បង្គោល​ឈើ​ពិសិដ្ឋ*ដែរ។+ ៤  បន្ថែម​ទៅ​ទៀត គាត់​បាន​លើក​ទឹក​ចិត្ត​បណ្ដា​ជន​យូដា​ឲ្យ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ ហើយ​ឲ្យ​កាន់​តាម​ច្បាប់​និង​បញ្ញត្តិ​របស់​លោក។ ៥  គាត់​បាន​បំផ្លាញ​ចោល​ទី​ខ្ពស់​ពិសិដ្ឋ​និង​កន្លែង​ដុត​គ្រឿង​ក្រអូប អស់​ពី​ក្រុង​នា​នា​ក្នុង​ស្រុក​យូដា។+ រាជាណាចក្រ​របស់​គាត់​មាន​សេចក្ដី​សុខសាន្តត្រាណ។ ៦  ក្នុង​គ្រា​ដែល​គ្មាន​សង្គ្រាម គាត់​បាន​សង់​ក្រុង​នា​នា​ដ៏​រឹង​មាំ​ក្នុង​ស្រុក​យូដា+ ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ជួយ​ឲ្យ​មាន​សេចក្ដី​សុខសាន្តត្រាណ។+ ៧  គាត់​បាន​និយាយ​ទៅ​កាន់​បណ្ដា​ជន​យូដា​ថា​៖ ​«​ចូរ​ឲ្យ​យើង​សង់​ក្រុង​ទាំង​នេះ ហើយ​សង់​កំពែង​ព័ទ្ធ​ជុំវិញ ដោយ​មាន​ប៉ម+ ទ្វារ និង​រនុក​ផង។ ស្រុក​នេះ​ជា​របស់​យើង​ហើយ ព្រោះ​យើង​បាន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង ហើយ​លោក​បាន​ជួយ​យើង​ឲ្យ​មាន​សេចក្ដី​សុខសាន្តត្រាណ​»។ ម្ល៉ោះ​ហើយ ពួក​គេ​បាន​សាង​សង់​ក្រុង​ទាំង​នោះ​រួច​រាល់​ជា​ស្ថាពរ។+ ៨  អេសា​មាន​ទ័ព​៣០០.០០០​នាក់​ពី​កុលសម្ព័ន្ធ​យូដា ពួក​គេ​ប្រដាប់​ដោយ​ខែល​ធំ​និង​លំពែង។ គាត់​ក៏​មាន​ទ័ព​២៨០.០០០​នាក់​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន​ដែរ ពួក​គេ​សុទ្ធតែ​ជា​ទាហាន​ពូកែ​អង់អាច និង​ជា​អ្នក​កាន់​ខែល​តូច*និង​ធ្នូ។+ ៩  ក្រោយ​មក សេរ៉ា​ជា​ជន​ជាតិ​អេត្យូពី​បាន​លើក​ទ័ព​១.០០០.០០០​នាក់ និង​រទេះ​ចម្បាំង​៣០០​គ្រឿង មក​ប្រយុទ្ធ​នឹង​ពួក​យូដា។+ ពេល​គាត់​មក​ដល់​ក្រុង​ម៉ារីសារ+ ១០  អេសា​ក៏​លើក​ទ័ព​ទៅ​ត​ទល់​នឹង​គាត់​វិញ ហើយ​ពួក​គេ​តម្រៀប​ទ័ព​នៅ​ជ្រលង​ភ្នំ​សេផាថា នៅ​ក្រុង​ម៉ារីសារ។ ១១  បន្ទាប់​មក អេសា​បាន​អង្វរ​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា+ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! ទោះ​ជា​យើង​ខ្លាំង*ឬ​ខ្សោយ​ក៏​ដោយ ក៏​លោក​អាច​ជួយ​យើង​យក​ឈ្នះ​បាន​ដែរ។+ ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​អើយ! សូម​ជួយ​យើង​ផង ព្រោះ​យើង​ទុក​ចិត្ត​លើ​លោក​ហើយ។+ យើង​ចេញ​ទៅ​ច្បាំង​នឹង​ពួក​គេ​ក្នុង​នាម​លោក។+ ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​អើយ! សូម​កុំ​ឲ្យ​មនុស្ស​ឈ្នះ​លោក​ឡើយ​»។+ ១២  ដូច្នេះ ព្រះ​យេហូវ៉ា​បាន​ជួយ​អេសា​យក​ឈ្នះ​លើ​ពួក​អេត្យូពី ហើយ​ពួក​អេត្យូពី​បាន​បាក់​ទ័ព​រត់​ពី​ពួក​យូដា​ទៅ។+ ១៣  អេសា​និង​ទ័ព​យូដា​បាន​ដេញ​តាម​ពួក​អេត្យូពី រហូត​ដល់​តំបន់​ខេរ៉ា។+ ពួក​អេត្យូពី​បាន​ស្លាប់​ទាំង​អស់​គ្មាន​សល់ ព្រោះ​ព្រះ​យេហូវ៉ា​និង​កង​ទ័ព​របស់​លោក​បាន​បំផ្លាញ​ពួក​គេ។ ក្រោយ​មក ពួក​គេ​ប្រមូល​យក​របស់​របរ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។ ១៤  បន្ថែម​ទៅ​ទៀត ទ័ព​យូដា​បាន​ទៅ​វាយ​ប្រហារ​លើ​ក្រុង​នា​នា​នៅ​តំបន់​ខេរ៉ា ហើយ​ពួក​គេ​បាន​ឈ្នះ​ក្រុង​ទាំង​នោះ ដោយ​សារ​អ្នក​នៅ​ក្រុង​ទាំង​នោះ​ភ័យ​ខ្លាច​ព្រះ​យេហូវ៉ា​យ៉ាង​ខ្លាំង។ បន្ទាប់​មក ពួក​យូដា​បាន​ប្រមូល​យក​របស់​របរ​ជា​ច្រើន។ ១៥  ពួក​គេ​ក៏​វាយលុក​ជំរំ​របស់​ពួក​គង្វាល ហើយ​ចាប់​យក​សត្វ​ចៀម​និង​សត្វ​អូដ្ឋ​ជា​ច្រើន។ ក្រោយ​មក ពួក​យូដា​ក៏​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ។

កំណត់សម្គាល់

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ថ្ម​ពិសិដ្ឋ​»​
មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​
ធម្មតា​ពល​ធ្នូ​កាន់​ខែល​តូច
ន័យ​ត្រង់​«​មាន​គ្នា​ច្រើន​»​