ប្រវត្តិហេតុទី២ ១៨:១-៣៤
១៨ ស្ដេចយេហូសាផាតមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងកិត្តិយសរុងរឿង។+ ប៉ុន្តែ គាត់បានចងសម្ព័ន្ធភាពជាមួយនឹងអាហាប់ តាមរយៈចំណងអាពាហ៍ពិពាហ៍។+
២ លុះប៉ុន្មានឆ្នាំក្រោយមក យេហូសាផាតបានធ្វើដំណើរទៅសួរសុខទុក្ខអាហាប់នៅក្រុងសាម៉ារី។+ ពេលនោះ អាហាប់បានសម្លាប់ចៀមនិងគោជាច្រើន* ដើម្បីទទួលយេហូសាផាត និងអស់អ្នកដែលរួមដំណើរជាមួយគាត់។ ក្រោយមក អាហាប់បានបបួលយេហូសាផាតទៅច្បាំងនឹងក្រុងរ៉ាម៉ូតគីលាត។+
៣ អាហាប់ស្ដេចស្រុកអ៊ីស្រាអែលបាននិយាយទៅកាន់យេហូសាផាតស្ដេចស្រុកយូដាថា៖ «តើលោកព្រមទៅច្បាំងជាមួយខ្ញុំនៅរ៉ាម៉ូតគីលាតទេ?»។ យេហូសាផាតបានតបទៅវិញថា៖ «ខ្ញុំក៏ដូចជាលោក ហើយរាស្ត្រខ្ញុំក៏ដូចជារាស្ត្ររបស់លោក។ ខ្ញុំនឹងជួយលោកក្នុងចម្បាំងនេះ»។
៤ ប៉ុន្តែ យេហូសាផាតបាននិយាយទៅកាន់ស្ដេចស្រុកអ៊ីស្រាអែលថា៖ «ដំបូង សូមឲ្យយើងសួរព្រះយេហូវ៉ាសិន»។+
៥ ដូច្នេះ ស្ដេចស្រុកអ៊ីស្រាអែលបានអញ្ជើញអ្នកប្រកាសទំនាយ៤០០នាក់ឲ្យមកជួបជុំគ្នា រួចសួរពួកគេថា៖ «តើខ្ញុំគួរទៅច្បាំងនៅឯរ៉ាម៉ូតគីលាត ឬមិនគួរ?»។ ពួកគេបានឆ្លើយថា៖ «សូមលោកទៅចុះ ព្រះពិតនឹងប្រគល់ទឹកដីនោះមកក្នុងកណ្ដាប់ដៃលោក»។
៦ បន្ទាប់មក យេហូសាផាតបាននិយាយថា៖ «តើនៅទីនេះមានអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ាឬទេ?+ សូមឲ្យយើងសួរគាត់ដែរ»។+
៧ ពេលនោះ ស្ដេចស្រុកអ៊ីស្រាអែលបាននិយាយទៅកាន់យេហូសាផាតថា៖ «នៅមានបុរសម្នាក់ទៀត+ ដែលយើងអាចសួរព្រះយេហូវ៉ាតាមរយៈគាត់។ ប៉ុន្តែ ខ្ញុំស្អប់គាត់ណាស់ ព្រោះគាត់មិនដែលប្រកាសទំនាយល្អអំពីខ្ញុំទេ គាត់ប្រកាសតែទំនាយអាក្រក់ប៉ុណ្ណោះ។+ គាត់ឈ្មោះមីកាយ៉ាជាកូនអ៊ីមឡា»។ ប៉ុន្តែ យេហូសាផាតបាននិយាយទៅកាន់ស្ដេចថា៖ «លោកមិនគួរនិយាយដូច្នេះទេ»។
៨ ដូច្នេះ ស្ដេចស្រុកអ៊ីស្រាអែលបានហៅមន្ត្រីម្នាក់ រួចបង្គាប់ថា៖ «ចូរទៅនាំមីកាយ៉ាជាកូនអ៊ីមឡាឲ្យមកជាប្រញាប់»។+
៩ ពេលនោះ ស្ដេចស្រុកអ៊ីស្រាអែលនិងយេហូសាផាតជាស្ដេចស្រុកយូដាកំពុងអង្គុយលើបល្ល័ង្ករៀងខ្លួនដោយស្លៀកសម្លៀកបំពាក់ស្ដេច។ ពួកគាត់នៅទីលានបញ្ជាន់ស្រូវ ក្បែរខ្លោងទ្វារចូលក្រុងសាម៉ារី ហើយពួកអ្នកប្រកាសទំនាយទាំងអស់ដែលនៅទីនោះ កំពុងប្រកាសទំនាយនៅចំពោះមុខស្ដេច។
១០ បន្ទាប់មក សេដេគាជាកូនកេនេអាណា បានធ្វើស្នែងដែក ហើយបាននិយាយថា៖ «ព្រះយេហូវ៉ាបានមានប្រសាសន៍ដូច្នេះថា៖ ‹ដោយឧបករណ៍ទាំងនេះស្ដេចនឹងវាយប្រហារពួកស៊ីរីរហូតដល់ពួកគេវិនាសអស់ទៅ›»។
១១ ឯពួកអ្នកប្រកាសទំនាយផ្សេងទៀតក៏ប្រកាសស្រដៀងនោះដែរ ដោយប្រាប់ថា៖ «ចូរលោកឡើងទៅឯរ៉ាម៉ូតគីលាតចុះ លោកនឹងទទួលជ័យជម្នះជាពុំខាន។+ ព្រះយេហូវ៉ានឹងប្រគល់ទឹកដីនោះមកក្នុងកណ្ដាប់ដៃលោក»។
១២ ពេលនោះ អ្នកនាំសារដែលបានត្រូវចាត់ឲ្យទៅហៅមីកាយ៉ា បាននិយាយទៅកាន់គាត់ថា៖ «មើល! ពួកអ្នកប្រកាសទំនាយសុទ្ធតែនិយាយរឿងល្អៗជម្រាបស្ដេច។ ដូច្នេះ សូមអ្នកនិយាយរឿងល្អជម្រាបស្ដេចដូចពួកគេចុះ»។+
១៣ ប៉ុន្តែ មីកាយ៉ាបានតបទៅវិញថា៖ «ខ្ញុំស្បថដោយនូវនាមព្រះយេហូវ៉ាជាព្រះដែលមានជីវិតរស់នៅថា បើលោកមានប្រសាសន៍មកកាន់ខ្ញុំយ៉ាងណា ខ្ញុំនឹងប្រាប់យ៉ាងនោះ»។+
១៤ រួចមក គាត់ក៏ចូលទៅជួបស្ដេច ហើយស្ដេចបានសួរគាត់ថា៖ «មីកាយ៉ា តើយើងគួរទៅច្បាំងដណ្ដើមយករ៉ាម៉ូតគីលាត ឬមិនគួរ?»។ ភ្លាមនោះ គាត់ឆ្លើយតបថា៖ «សូមលោកទៅចុះ លោកនឹងទទួលជ័យជម្នះ។ ព្រះនឹងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃលោកពុំខាន»។
១៥ ពេលនោះ ស្ដេចបាននិយាយទៅកាន់គាត់ថា៖ «តើខ្ញុំត្រូវប្រាប់អ្នកឲ្យស្បថប៉ុន្មានដងទៀតថា អ្នកត្រូវប្រាប់ខ្ញុំតែពាក្យពិតក្នុងនាមព្រះយេហូវ៉ា?»។
១៦ ដូច្នេះ គាត់បាននិយាយថា៖ «ខ្ញុំឃើញជនជាតិអ៊ីស្រាអែលរត់ខ្ចាត់ខ្ចាយនៅលើភ្នំ ប្រៀបដូចជាហ្វូងចៀមគ្មានគង្វាល។+ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ ‹ពួកគេលែងមានម្ចាស់ទៀតហើយ។ ចូរឲ្យគ្រប់គ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួនដោយសុខសាន្តចុះ›»។
១៧ រួចមក ស្ដេចស្រុកអ៊ីស្រាអែលបាននិយាយទៅកាន់យេហូសាផាតថា៖ «ដូចខ្ញុំបានជម្រាបលោកហើយថា៖ ‹គាត់មិនប្រកាសទំនាយល្អអំពីខ្ញុំទេ ប្រកាសតែទំនាយអាក្រក់ប៉ុណ្ណោះ›»។+
១៨ រួចមីកាយ៉ាបាននិយាយថា៖ «ដូច្នេះ សូមស្ដាប់ប្រសាសន៍របស់ព្រះយេហូវ៉ា។ ខ្ញុំបានឃើញព្រះយេហូវ៉ាអង្គុយលើបល្ល័ង្ករបស់លោក+ ដោយមានបណ្ដាកងទ័ពទាំងអស់នៅស្ថានសួគ៌+ឈរនៅខាងឆ្វេងនិងខាងស្ដាំលោក។+
១៩ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ ‹តើអ្នកណានឹងទៅបញ្ឆោតអាហាប់ឲ្យឡើងទៅច្បាំងនៅឯរ៉ាម៉ូតគីលាត ដើម្បីឲ្យគាត់ស្លាប់នៅទីនោះ?›។ មានទេវតាមួយឆ្លើយយ៉ាងនេះ ទេវតាមួយឆ្លើយយ៉ាងនោះ។
២០ រួចមក មានទេវតាមួយរូប+ចេញមកឈរនៅចំពោះព្រះយេហូវ៉ា ហើយនិយាយថា៖ ‹ខ្ញុំនឹងទៅបញ្ឆោតគាត់›។ ព្រះយេហូវ៉ាបានសួរគាត់វិញថា៖ ‹តើអ្នកនឹងបញ្ឆោតគាត់ដូចម្ដេច?›។
២១ គាត់បានឆ្លើយថា៖ ‹ខ្ញុំនឹងទៅដាក់ពាក្យបញ្ឆោតនៅក្នុងមាត់របស់ពួកអ្នកប្រកាសទំនាយទាំងអស់›។ ដូច្នេះ ព្រះបានមានប្រសាសន៍ថា៖ ‹ចូរទៅធ្វើដូច្នោះចុះ អ្នកនឹងធ្វើបានសម្រេចមែន›។
២២ ហេតុនេះហើយបានជាព្រះយេហូវ៉ាអនុញ្ញាតឲ្យបុគ្គលវិញ្ញាណនោះ ទៅធ្វើឲ្យពួកអ្នកប្រកាសទំនាយប្រាប់ពាក្យកុហកដល់លោក។+ ប៉ុន្តែ ព្រះយេហូវ៉ាបានប្រកាសថាលោកនឹងជួបអន្តរាយមិនខាន»។
២៣ ពេលនោះ សេដេគា+ជាកូនកេនេអាណា បានចូលមកទះកំផ្លៀងមីកាយ៉ា+ ដោយនិយាយថា៖ «តើឫទ្ធានុភាពរបស់ព្រះយេហូវ៉ាបានចេញពីខ្ញុំតាមផ្លូវណា ទៅនិយាយជាមួយនឹងអ្នក?»។+
២៤ មីកាយ៉ាបានឆ្លើយថា៖ «មើល! អ្នកនឹងដឹងនៅថ្ងៃដែលអ្នកចូលទៅពួនក្នុងបន្ទប់ខាងក្នុងបំផុត»។
២៥ រួចស្ដេចស្រុកអ៊ីស្រាអែលបាននិយាយថា៖ «ចូរនាំមីកាយ៉ាទៅប្រគល់ឲ្យអេម៉ុនជាអភិបាលក្រុងនិងយ៉ូអាសជាកូនស្ដេចទៅ។
២៦ ចូរប្រាប់ពួកគេថា៖ ‹ស្ដេចបានបង្គាប់ដូច្នេះថា៖ «ចូរឃុំបុរសនេះក្នុងគុក+ ហើយឲ្យនំប៉័ងនិងទឹកដល់គាត់តែបន្តិចបន្តួចបានហើយ ចាំរហូតដល់ខ្ញុំត្រឡប់មកវិញដោយសុខសាន្ត»›»។
២៧ ប៉ុន្តែ មីកាយ៉ាបាននិយាយថា៖ «បើស្ដេចត្រឡប់មកវិញដោយសុខសាន្ត នោះព្រះយេហូវ៉ាមិនបានមានប្រសាសន៍តាមរយៈខ្ញុំទេ»។+ រួចគាត់បន្ថែមថា៖ «សូមបណ្ដាជនទាំងឡាយចាំមើលអំពីរឿងនេះចុះ»។
២៨ ដូច្នេះ ស្ដេចស្រុកអ៊ីស្រាអែលនិងយេហូសាផាតជាស្ដេចស្រុកយូដា បានឡើងទៅឯរ៉ាម៉ូតគីលាត។+
២៩ ពេលនោះ ស្ដេចស្រុកអ៊ីស្រាអែលបាននិយាយទៅកាន់យេហូសាផាតថា៖ «ខ្ញុំនឹងបន្លំខ្លួនចូលទៅច្បាំង។ ចំណែកលោកវិញ សូមលោកស្លៀកសម្លៀកបំពាក់ស្ដេចចុះ»។ ដូច្នេះ ស្ដេចស្រុកអ៊ីស្រាអែលក៏បន្លំខ្លួន ហើយចូលច្បាំងទៅ។
៣០ រីឯស្ដេចស្រុកស៊ីរីវិញ គាត់បានបង្គាប់ពួកមេទ័ពរទេះចម្បាំងរបស់គាត់ថា៖ «កុំប្រយុទ្ធនឹងអ្នកណាឡើយ ទោះជាកូនទាហានឬមេទាហាន*ក្ដី។ ចូរប្រយុទ្ធតែជាមួយស្ដេចស្រុកអ៊ីស្រាអែលប៉ុណ្ណោះ»។
៣១ ពេលដែលពួកមេទ័ពរទេះចម្បាំងបានឃើញយេហូសាផាត ភ្លាមនោះពួកគេបានគិតថា៖ «នោះច្បាស់ជាស្ដេចស្រុកអ៊ីស្រាអែលហើយ»។ ដូច្នេះ ពួកគេបានបែរទៅប្រយុទ្ធនឹងយេហូសាផាតវិញ ហើយយេហូសាផាតបានស្រែកសុំជំនួយ។+ ពេលនោះ ព្រះយេហូវ៉ាបានជួយគាត់ ហើយបង្វែរពួកសត្រូវចេញពីគាត់ភ្លាម។
៣២ កាលដែលពួកមេទ័ពរទេះចម្បាំងបានឃើញថាអ្នកដែលពួកគេកំពុងតាមមិនមែនជាស្ដេចស្រុកអ៊ីស្រាអែលទេ ភ្លាមនោះពួកគេក៏ឈប់ដេញតាមទៅ។
៣៣ ក្នុងចម្បាំងនោះ មានទាហានម្នាក់យឹតធ្នូបាញ់ព្រាវទៅ ក៏ចំស្ដេចស្រុកអ៊ីស្រាអែល ត្រូវត្រង់ប្រឡោះអាវក្រោះគាត់។ ដូច្នេះ ស្ដេចបាននិយាយទៅកាន់អ្នកបររទេះរបស់គាត់ថា៖ «ចូរបកក្រោយ នាំខ្ញុំចេញពីចម្បាំងនេះទៅ ព្រោះខ្ញុំត្រូវរបួសធ្ងន់ណាស់»។+
៣៤ ស្ថានភាពចម្បាំងនៅថ្ងៃនោះកាន់តែខ្លាំងឡើងៗ ហើយស្ដេចឈរបែរមុខទៅពួកស៊ីរី ក្នុងរទេះចម្បាំងដោយមានអ្នកគ្រាហ៍។ លុះដល់ថ្ងៃលិចស្ដេចក៏ស្លាប់ទៅ។+
កំណត់សម្គាល់
^ ឬ«អាហាប់បានជូនចៀមនិងគោជាច្រើនជាគ្រឿងបូជា»
^ ន័យត្រង់«អ្នកតូចឬអ្នកធំ»