ប្រវត្តិហេតុទី២ ២:១-១៨

  • ការ​រៀបចំ​សម្រាប់​ការ​សាង​សង់​វិហារ (​១​-​១៨)

 ក្រោយ​មក សាឡូម៉ូន​បាន​ចេញ​បញ្ជា​ឲ្យ​គេ​សាង​សង់​វិហារ​សម្រាប់​នាម​ព្រះ​យេហូវ៉ា+ និង​វិមាន​របស់​គាត់។+ ២  សាឡូម៉ូន​មាន​កម្មករ​ចំនួន​៧០.០០០​នាក់ អ្នក​ដាប់​ថ្ម​នៅ​ភ្នំ​ចំនួន​៨០.០០០​នាក់+ និង​ពួក​អ្នក​ត្រួត​ពិនិត្យ​ចំនួន​៣.៦០០​នាក់​មើល​ការ​ខុស​ត្រូវ​លើ​ពួក​គេ។+ ៣  សាឡូម៉ូន​ក៏​បាន​ផ្ញើ​សារ​ទៅ​ហ៊ីរ៉ាម+ស្ដេច​ក្រុង​ទីរ៉ុស​ថា​៖ ​«​សូម​អ្នក​ផ្ញើ​ឈើ​ស៊ីដារ​ឲ្យ​ខ្ញុំ ដូច​ដែល​អ្នក​បាន​ផ្ញើ​ឲ្យ​ដាវីឌ​ឪពុក​ខ្ញុំ កាល​ដែល​គាត់​សង់​វិមាន​របស់​គាត់។+ ៤  ខ្ញុំ​មាន​គម្រោង​សង់​វិហារ​មួយ​សម្រាប់​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្ញុំ​ទុក​ប្រគល់​ជូន​លោក ដើម្បី​ដុត​គ្រឿង​ក្រអូប+ និង​ដាក់​នំ​ប៉័ង​តាំង​ទុក+ ហើយ​ដើម្បី​ជូន​គ្រឿង​បូជា​ដុត​ជា​រៀង​រាល់​ព្រឹក​រៀង​រាល់​ល្ងាច+នៅ​ថ្ងៃ​ឈប់​សម្រាក+ នៅ​ថ្ងៃ​បុណ្យ​ចូល​ខែ​ថ្មី+ និង​ថ្ងៃ​បុណ្យ​ផ្សេង​ៗ​+តាម​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់។ នេះ​ជា​បង្គាប់​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​ធ្វើ​ជា​រៀង​រហូត​ត​ទៅ។ ៥  វិហារ​ដែល​ខ្ញុំ​មាន​គម្រោង​សង់​នេះ នឹង​ទៅ​ជា​វិហារ​រុង​រឿង​អស្ចារ្យ ព្រោះ​ព្រះ​របស់​យើង​ខ្ពង់​ខ្ពស់​ជាង​ព្រះ​ណា​ទាំង​អស់។ ៦  តើ​អ្នក​ណា​មាន​សមត្ថភាព​សាង​សង់​វិហារ​ជូន​លោក​បាន? មេឃ​និង​លំហ​អាកាស​ដ៏​ធំ​ធេង​មិន​ធំ​ល្មម​សម្រាប់​ជា​លំនៅ​របស់​លោក​បាន​ផង។+ ចុះ​ខ្ញុំ​ជា​អ្នក​ណា? ខ្ញុំ​គ្មាន​សមត្ថភាព​សង់​វិហារ​ជូន​លោក​ទេ មាន​តែ​សង់​ទុក​ជា​កន្លែង​សម្រាប់​ដុត​គ្រឿង​បូជា*ជូន​លោក​ប៉ុណ្ណោះ។ ៧  សូម​អ្នក​បញ្ជូន​ជាង​ជំនាញ​ម្នាក់​មក​ឯ​ខ្ញុំ ជា​អ្នក​ដែល​មាន​ថ្វី​ដៃ​ធ្វើ​គ្រឿង​មាស គ្រឿង​ប្រាក់ គ្រឿង​ស្ពាន់+ និង​គ្រឿង​ដែក ព្រម​ទាំង​ចេះ​ជ្រលក់​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ខៀវ ហើយ​ចេះ​ឆ្លាក់​ក្បាច់​គ្រប់​ប្រភេទ។ គាត់​នឹង​ធ្វើ​ការ​នៅ​ស្រុក​យូដា និង​ក្រុង​យេរូសាឡិម ជា​មួយ​នឹង​ជាង​ជំនាញ​ៗ ដែល​ដាវីឌ​ឪពុក​ខ្ញុំ​បាន​ត្រៀម​ទុក។+ ៨  សូម​អ្នក​ផ្ញើ​ឈើ​ស៊ីដារ ឈើ​យូនីពើ+ និង​ឈើ​អាល់កឹម*+ ពី​ភ្នំ​លីបង់​មក​ឲ្យ​ខ្ញុំ ព្រោះ​ខ្ញុំ​ដឹង​ថា​ពួក​អ្នក​បម្រើ​របស់​អ្នក​ពូកែ​ខាង​កាប់​ឈើ​នៅ​ភ្នំ​លីបង់។+ ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​នឹង​ធ្វើ​ការ​ជា​មួយ​ពួក​អ្នក​បម្រើ​របស់​អ្នក+ ៩  ដើម្បី​ត្រៀម​ឈើ​យ៉ាង​ច្រើន​ទុក​សម្រាប់​សង់​វិហារ ព្រោះ​វិហារ​ដែល​ខ្ញុំ​មាន​គម្រោង​សង់​នោះ នឹង​ទៅ​ជា​វិហារ​រុង​រឿង​អស្ចារ្យ។ ១០  ចំណែក​ខ្ញុំ​វិញ ខ្ញុំ​នឹង​ផ្គត់​ផ្គង់​ពួក​អ្នក​បម្រើ​របស់​អ្នក+ដែល​ជា​អ្នក​កាប់​ឈើ ដោយ​ឲ្យ​ស្រូវ​សាលី​ចំនួន​២០.០០០​រង្វាល់* ស្រូវ​បាលី*ចំនួន​២០.០០០​រង្វាល់* ស្រា​ចំនួន​២០.០០០​រង្វាល់* និង​ប្រេង​អូលីវ​ចំនួន​២០.០០០​រង្វាល់​»។ ១១  ក្រោយ​មក ហ៊ីរ៉ាម​ជា​ស្ដេច​ក្រុង​ទីរ៉ុស​បាន​ផ្ញើ​សារ​មក​សាឡូម៉ូន​វិញ​ថា​៖ ​«​ដោយ​សារ​ព្រះ​យេហូវ៉ា​ស្រឡាញ់​រាស្ត្រ​របស់​លោក នោះ​លោក​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ពួក​គេ​»។ ១២  ហ៊ីរ៉ាម​ក៏​បន្ថែម​ទៀត​ថា​៖ ​«​ព្រះ​យេហូវ៉ាជាព្រះ​ដែល​បាន​បង្កើត​មេឃ​និង​ផែនដី និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល សូម​ឲ្យ​លោក​ទទួល​ការ​សរសើរ​តម្កើង ព្រោះ​លោក​បាន​ឲ្យ​ដាវីឌ​នូវ​កូន​ប្រុស​ម្នាក់​ដែល​មាន​ប្រាជ្ញា+ មាន​ការ​យល់​ដឹង​និង​ចេះ​ពិចារណា។+ គាត់​នឹង​សង់​វិហារ​មួយ​ជូន​ព្រះ​យេហូវ៉ា ថែម​ទាំង​សង់​វិមាន​សម្រាប់​ខ្លួន​គាត់​ដែរ។ ១៣  ខ្ញុំ​នឹង​ចាត់​ហ៊ីរ៉ាមអេបាយ​ឲ្យ​ទៅ​ឯ​អ្នក គាត់​ជា​ជាង​ជំនាញ​និង​ប៉ិន​ប្រសប់។+ ១៤  គាត់​ជា​កូន​របស់​ស្ត្រី​ម្នាក់ មក​ពី​កុលសម្ព័ន្ធ​ដាន់ ហើយ​ឪពុក​គាត់​ជា​អ្នក​ក្រុង​ទីរ៉ុស។ ហ៊ីរ៉ាមអេបាយ​មាន​ថ្វី​ដៃ​ខាង​ការ​ធ្វើ​គ្រឿង​មាស គ្រឿង​ប្រាក់ គ្រឿង​ស្ពាន់ គ្រឿង​ដែក ថ្ម​និង​ឈើ ព្រម​ទាំង​ចេះ​ជ្រលក់​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម ពណ៌​ខៀវ និង​ធ្វើ​ក្រណាត់​សាច់​ល្អ។+ គាត់​ចេះ​ឆ្លាក់​ក្បាច់​គ្រប់​ប្រភេទ និង​ចេះ​កែ​ច្នៃ​តាម​គម្រោង​ណា​ដែល​គេ​ឲ្យ។+ គាត់​នឹង​ធ្វើ​ការ​ជា​មួយ​នឹង​ជាង​ជំនាញ​ៗ​របស់​អ្នក និង​ពួក​ជាង​ជំនាញ​ដែល​លោក​ម្ចាស់​ដាវីឌ​ជា​ឪពុក​អ្នក​បាន​ត្រៀម​ទុក។ ១៥  ដូច្នេះ សូម​អ្នក​ផ្ញើ​ស្រូវ​បាលី ស្រូវ​សាលី ប្រេង​អូលីវ និង​ស្រា ដូច​ដែល​អ្នក​បាន​សន្យា​ចុះ។+ ១៦  រីឯ​ពួក​អ្នក​បម្រើ​ខ្ញុំ​វិញ ពួក​គេ​នឹង​កាប់​ឈើ​ពី​ភ្នំ​លីបង់+ តាម​សេចក្ដី​ត្រូវ​ការ​របស់​អ្នក។ ពួក​គេ​នឹង​ចង​ឈើ​ទាំង​នោះ​ជា​ក្បូន​បណ្ដែត​តាម​សមុទ្រ​រហូត​ដល់​យ៉ុបប៉ា។+ រួច​ពួក​អ្នក​បម្រើ​របស់​អ្នក​អាច​ដឹក​ជញ្ជូន​យក​ទៅ​ក្រុង​យេរូសាឡិម​បាន​»។+ ១៧  សាឡូម៉ូន​បាន​រាប់​ចំនួន​ជន​បរទេស​ទាំង​អស់​ដែល​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល+ ដូច​ដាវីឌ​ជា​ឪពុក​គាត់​បាន​ធ្វើ​ដែរ។+ គាត់​ឃើញ​មាន​ចំនួន​១៥៣.៦០០​នាក់។ ១៨  ដូច្នេះ សាឡូម៉ូន​បាន​បែង​ចែក​ពួក​គេ​ឲ្យ​ធ្វើ​ការងារ​ផ្សេង​ៗ គឺ​មាន​កម្មករ​ចំនួន​៧០.០០០​នាក់ ពួក​អ្នក​ដាប់​ថ្ម+នៅ​ភ្នំ​ចំនួន​៨០.០០០​នាក់ ហើយ​គាត់​តែង​តាំង​ពួក​អ្នក​ត្រួត​ពិនិត្យ​ចំនួន​៣.៦០០​នាក់​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ពួក​គេ។+

កំណត់សម្គាល់

ឬ​«​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​»​
ឈើ​ទាំង​នេះ​សុទ្ធ​តែ​ជា​ឈើ​ប្រណីត
ន័យ​ត្រង់​«​គ័រ​»។ មួយ​គ័រ​ស្មើ​នឹង​២២០​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ស្រូវ​ម្យ៉ាង​ដែល​ថោក​ជាង​ស្រូវ​សាលី
ន័យ​ត្រង់​«​គ័រ​»។ មួយ​គ័រ​ស្មើ​នឹង​២២០​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ន័យ​ត្រង់​«​បាត​»។ មួយ​បាត​ស្មើ​នឹង​២២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤