ប្រវត្តិហេតុទី២ ២១:១-២០

  • យេហូរ៉ាម​ជា​ស្ដេច​ស្រុក​យូដា (​១​-​១១)

  • សារ​ពី​អេលីយ៉ា (​១២​-​១៥)

  • យេហូរ៉ាម​ស្លាប់​ទាំង​វេទនា (​១៦​-​២០)

២១  ក្រោយ​មក យេហូសាផាត​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​ជា​មួយ​នឹង​បុព្វ​បុរស​គាត់​នៅ​ក្រុង​ដាវីឌ។ រួច​មក យេហូរ៉ាម​ជា​កូន​ក៏​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។+ ២  យេហូរ៉ាម​មាន​ប្អូន​ប្រុស​ៗ​ដូច​ត​ទៅ​៖ អាសារៀ យេហែល សាកា​រី អាសារៀ មីកែល និង​សេផាធា។ ពួក​គេ​ទាំង​អស់​សុទ្ធ​តែ​ជា​កូន​របស់​យេហូសាផាត​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ៣  យេហូសាផាត​បាន​ចែក​មាស​ប្រាក់ និង​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ឲ្យ​ពួក​គេ ព្រម​ទាំង​ឲ្យ​ពួក​គេ​គ្រប់​គ្រង​នៅ​ក្រុង​រឹង​មាំ​ទាំង​ឡាយ​ក្នុង​ស្រុក​យូដា។+ ប៉ុន្តែ គាត់​បាន​ប្រគល់​រាជាណាចក្រ​យូដា​ឲ្យ​យេហូរ៉ាម+គ្រប់​គ្រង​វិញ ព្រោះ​យេហូរ៉ាម​ជា​កូន​ច្បង។ ៤  ពេល​យេហូរ៉ាម​ចាប់​ផ្ដើម​គ្រប់​គ្រង​លើ​រាជាណាចក្រ​យូដា គាត់​បាន​សម្លាប់​ប្អូន​ប្រុស​គាត់​ទាំង​អស់+ រួម​ទាំង​អភិបាល​ខ្លះ​ក្នុង​ស្រុក​អ៊ីស្រាអែល ដើម្បី​ពង្រឹង​អំណាច​របស់​គាត់។ ៥  យេហូរ៉ាម​បាន​ក្លាយ​ទៅ​ជា​ស្ដេច​ពេល​គាត់​មាន​អាយុ​៣២​ឆ្នាំ។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​៨​ឆ្នាំ។+ ៦  គាត់​បាន​ដើរ​តាម​គន្លង​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល+ដូច​ពូជ​ពង្ស​អាហាប់​ដែរ ដោយ​សារ​គាត់​បាន​រៀប​ការ​ជា​មួយ​នឹង​កូន​ស្រី​របស់​អាហាប់។+ គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។ ៧  ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​បាន​បំផ្លាញ​ពូជ​ពង្ស​ដាវីឌ​ឲ្យ​សាប​សូន្យ​ទេ ដោយ​យល់​ដល់​កិច្ច​ព្រម​ព្រៀង​ដែល​លោក​បាន​ធ្វើ​ជា​មួយ​នឹង​ដាវីឌ+ ព្រោះ​លោក​បាន​សន្យា​ថា ពូជ​ពង្ស*របស់​គាត់​នឹង​គ្រប់​គ្រង​ជា​រៀង​រហូត។+ ៨  ក្នុង​រាជ្យ​យេហូរ៉ាម ពួក​អេដំ​បាន​បះ​បោរ​ប្រឆាំង​នឹង​ពួក​យូដា+ ហើយ​ពួក​គេ​បាន​តែង​តាំង​ស្ដេច​ឲ្យ​គ្រប់​គ្រង​លើ​ពួក​គេ។+ ៩  ដូច្នេះ យេហូរ៉ាម​និង​ពួក​មេ​ទ័ព​ទាំង​អស់​បាន​ធ្វើ​ដំណើរ​ទៅ​បង្ក្រាប​ពួក​អេដំ។ រួច​គាត់​បាន​ក្រោក​ឡើង​ទាំង​យប់ ទៅ​វាយ​ប្រហារ​ពួក​អេដំ​ដែល​មក​ឡោម​ព័ទ្ធ​គាត់​និង​ពួក​មេ​ទ័ព​រទេះ​ចម្បាំង ដោយ​ទទួល​ជ័យ​ជម្នះ។ ១០  ប៉ុន្តែ ពួក​អេដំ​នៅ​តែ​បះ​បោរ​ប្រឆាំង​នឹង​ពួក​យូដា​រហូត​មក​ដល់​សព្វ​ថ្ងៃ។ នៅ​គ្រា​នោះ ក្រុង​លិបណា+ក៏​បាន​បះ​បោរ​ប្រឆាំង​នឹង​ស្ដេច​យេហូរ៉ាម​ដែរ។ នោះ​បាន​កើត​ឡើង​ដោយ​សារ​តែ​យេហូរ៉ាម​បាន​លះ​ចោល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​គាត់។+ ១១  គាត់​ក៏​បាន​ធ្វើ​ទី​ខ្ពស់​ពិសិដ្ឋ+នៅ​លើ​ភ្នំ​នា​នា​ក្នុង​ស្រុក​យូដា ដែល​នាំ​ឲ្យ​អ្នក​ក្រុង​យេរូសាឡិម​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​នឹង​ព្រះ* ហើយ​នាំ​ឲ្យ​បណ្ដា​ជន​យូដា​បែរ​ចេញ​ពី​លោក។ ១២  ក្រោយ​មក អេលីយ៉ា+ជា​អ្នក​ប្រកាស​ទំនាយ​បាន​ផ្ញើ​សារ​ទៅ​យេហូរ៉ាម។ សារ​នោះ​មាន​សេចក្ដី​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ដាវីឌ​ជា​បុព្វ​បុរស​របស់​អ្នក លោក​មាន​ប្រសាសន៍​ថា​៖ ‹អ្នក​មិន​បាន​ដើរ​តាម​គន្លង​របស់​យេហូសាផាត+ជា​ឪពុក​របស់​អ្នក ឬ​តាម​គន្លង​របស់​អេសា+ជា​ស្ដេច​ស្រុក​យូដា​ឡើយ។ ១៣  ប៉ុន្តែ អ្នក​បាន​ដើរ​តាម​គន្លង​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល​វិញ+ ហើយ​បាន​ធ្វើ​ឲ្យ​បណ្ដា​ជន​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​នឹង​ព្រះ* ដោយ​គោរព​បូជា​ដល់​ព្រះ​មិន​ពិត+តាម​ពូជ​ពង្ស​របស់​អាហាប់។+ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​ក៏​បាន​សម្លាប់​ប្អូន​ប្រុស​ៗ​របស់​អ្នក+ ដែល​ជា​មនុស្ស​ប្រសើរ​ជាង​អ្នក។ ១៤  ហេតុ​នេះ ព្រះ​យេហូវ៉ា​នឹង​វាយ​ប្រហារ​រាស្ត្រ​របស់​អ្នក ប្រពន្ធ​កូន​អ្នក ព្រម​ទាំង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ទាំង​អស់​ផង​ដែរ។ ១៥  ឯ​ចំណែក​អ្នក​វិញ អ្នក​នឹង​រង​ទុក្ខ​ដោយ​ជំងឺ​ជា​ច្រើន រួម​ទាំង​ជំងឺ​ពោះ​វៀន​ផង។ អ្នក​នឹង​ឈឺ​ចាប់​កាន់​តែ​ខ្លាំង​ដោយ​សារ​ជំងឺ​នោះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រហូត​ដល់​ពោះ​វៀន​ចេញ​មក​ក្រៅ›​»។ ១៦  ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ+ជន​ជាតិ​ភីលីស្ទីន+ និង​ជន​ជាតិ​អារ៉ាប់+ដែល​នៅ​ក្បែរ​ជន​ជាតិ​អេត្យូពី ប្រឆាំង​នឹង​យេហូរ៉ាម។ ១៧  ដូច្នេះ ពួក​គេ​បាន​មក​ឈ្លានពាន​ទឹក​ដី​យូដា ហើយ​ប្រមូល​យក​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ពី​វិមាន​ស្ដេច+ ព្រម​ទាំង​ចាប់​ប្រពន្ធ​កូន​ទាំង​អស់​របស់​យេហូរ៉ាម​យក​ទៅ​ជា​មួយ​ដែរ ទុក​ឲ្យ​នៅ​សល់​តែ​យេហូអាហាស*+ជា​កូន​ពៅ​ប៉ុណ្ណោះ។ ១៨  ក្រោយ​ពី​រឿង​ទាំង​នោះ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​គាត់​រង​ទុក្ខ​វេទនា​ដោយ​ជំងឺ​ពោះ​វៀន​ដែល​មិន​អាច​ព្យាបាល​បាន។+ ១៩  លុះ​ពីរ​ឆ្នាំ​ក្រោយ​មក ពោះ​វៀន​គាត់​ធ្លាយ​ចេញ​មក​ក្រៅ ដោយ​សារ​ជំងឺ​នោះ​មាន​សភាព​ធ្ងន់​ធ្ងរ ហើយ​គាត់​ក៏​ស្លាប់​ទៅ​ទាំង​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ ប្រជារាស្ត្រ​របស់​គាត់​មិន​បាន​ធ្វើ​ពិធី​ដុត​គ្រឿង​ក្រអូប​សម្រាប់​គាត់ ដូច​ជា​បាន​ធ្វើ​សម្រាប់​បុព្វ​បុរស​របស់​គាត់​នោះ​ទេ។+ ២០  ពេល​គាត់​បាន​ក្លាយ​ទៅ​ជា​ស្ដេច​គាត់​មាន​អាយុ​៣២​ឆ្នាំ។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​៨​ឆ្នាំ។ ពេល​គាត់​ស្លាប់​គ្មាន​អ្នក​ណា​ម្នាក់​ស្ដាយ​ស្រណោះ​គាត់​ឡើយ។ គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្រុង​ដាវីឌ+ តែ​មិន​មែន​នៅ​ទី​បញ្ចុះ​សព​របស់​បណ្ដា​ស្ដេច​ទេ។+

កំណត់សម្គាល់

ន័យ​ត្រង់​«​ចង្កៀង​»​
ឬ​«​ប្រព្រឹត្ត​អំពើ​ប្រាក​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»។ មើល​និយម​ន័យ​ពាក្យ​«​ស្រី​ពេស្យា​»​
ឬ​«​ប្រព្រឹត្ត​អំពើ​ប្រាក​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»។ មើល​និយម​ន័យ​ពាក្យ​«​ស្រី​ពេស្យា​»​
គាត់​ក៏​មាន​ឈ្មោះ​ថា​អាហាស៊ីយ៉ា