ប្រវត្តិហេតុទី២ ២២:១-១២
២២ បន្ទាប់មក ពួកអ្នកក្រុងយេរូសាឡិមបានលើកអាហាស៊ីយ៉ាជាកូនពៅយេហូរ៉ាម ឲ្យឡើងធ្វើជាស្ដេចគ្រប់គ្រងលើស្រុកយូដា។ ពេលមុន ជនជាតិអារ៉ាប់បានចូលមកវាយលុកស្រុកយូដា ហើយក្រុមចោរប្លន់ដែលមកជាមួយនឹងពួកគេ បានសម្លាប់បងៗរបស់អាហាស៊ីយ៉ាទាំងអស់។+ ហេតុនេះហើយបានជាគេលើកអាហាស៊ីយ៉ាឲ្យធ្វើជាស្ដេច។+
២ ពេលអាហាស៊ីយ៉ាបានក្លាយជាស្ដេចគាត់មានអាយុ២២ឆ្នាំ។ គាត់បានគ្រប់គ្រងនៅក្រុងយេរូសាឡិមបានមួយឆ្នាំ។ ម្ដាយរបស់គាត់ឈ្មោះអាថាលៀ+ជាចៅរបស់អំរី។+
៣ គាត់បានដើរតាមគន្លងពូជពង្សរបស់អាហាប់+ ដោយសារម្ដាយរបស់គាត់ជាអ្នកផ្ដល់គំនិតឲ្យគាត់ធ្វើអំពើអាក្រក់។
៤ គាត់តែងតែប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត ដូចពូជពង្សអាហាប់បានប្រព្រឹត្តដែរ ព្រោះក្រោយពេលឪពុកគាត់ស្លាប់ ពួកអ្នកទាំងនោះជាទីប្រឹក្សាគាត់។ ជាលទ្ធផល គាត់បានទទួលសេចក្ដីហិនវិនាស។
៥ អាហាស៊ីយ៉ាបានធ្វើតាមឱវាទរបស់ទីប្រឹក្សាគាត់ ហើយទៅជាមួយនឹងយេហូរ៉ាមជាកូនអាហាប់ស្ដេចស្រុកអ៊ីស្រាអែល ដើម្បីធ្វើចម្បាំងនឹងហាសេអែល+ស្ដេចស្រុកស៊ីរីនៅឯក្រុងរ៉ាម៉ូតគីលាត។+ នៅទីនោះពលធ្នូបានបាញ់ត្រូវយេហូរ៉ាម ហើយគាត់ក៏រងរបួសធ្ងន់។
៦ ដូច្នេះ ស្ដេចយេហូរ៉ាមបានត្រឡប់ទៅក្រុងយេសរៀលវិញ+ ដើម្បីព្យាបាលរបួសរបស់គាត់។+ គាត់បានរងរបួសពេលដែលច្បាំងនឹងហាសេអែលជាស្ដេចស្រុកស៊ីរី+នៅក្រុងរ៉ាម៉ា។
ឯអាហាស៊ីយ៉ា*ជាកូនយេហូរ៉ាម+ស្ដេចស្រុកយូដា គាត់បានចុះទៅក្រុងយេសរៀលដើម្បីសួរសុខទុក្ខយេហូរ៉ាម+ជាកូនអាហាប់។
៧ ប៉ុន្តែ ព្រះបានប្រើឱកាសនោះ ដើម្បីឲ្យអាហាស៊ីយ៉ាជួបអន្តរាយ។ ពេលអាហាស៊ីយ៉ាទៅដល់ក្រុងយេសរៀល គាត់និងយេហូរ៉ាមបានចេញទៅជួបយេហ៊ូ+ជាចៅនីមសាយ។ យេហ៊ូនេះហើយដែលព្រះយេហូវ៉ាបានតែងតាំងឲ្យបំផ្លាញពូជពង្សអាហាប់ឲ្យសាបសូន្យទៅ។+
៨ កាលដែលយេហ៊ូចាត់វិធានការដាក់ទោសពូជពង្សអាហាប់ គាត់បានឃើញពួកអភិបាលនៃស្រុកយូដា ក្មួយៗអាហាស៊ីយ៉ា និងពួកមន្ត្រីរបស់អាហាស៊ីយ៉ា ហើយគាត់ក៏សម្លាប់ពួកគេទាំងអស់ទៅ។+
៩ បន្ទាប់មក យេហ៊ូបានឲ្យគេទៅស្វែងរកអាហាស៊ីយ៉ា។ គេបានរកឃើញអាហាស៊ីយ៉ាកំពុងលាក់ខ្លួននៅក្រុងសាម៉ារី ហើយគេបានចាប់គាត់យកទៅឲ្យយេហ៊ូ។ រួចមកគេបានសម្លាប់គាត់ ហើយយកសពគាត់ទៅបញ្ចុះ+ ព្រោះគេនិយាយថា៖ «គាត់ជាចៅរបស់យេហូសាផាតដែលជាអ្នកស្វែងរកព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ត»។+ ក្នុងពូជពង្សអាហាស៊ីយ៉ាគ្មានអ្នកណាម្នាក់មានសមត្ថភាពគ្រប់គ្រងរាជាណាចក្រយូដាទេ។
១០ ឯអាថាលៀ+ជាម្ដាយរបស់ស្ដេចអាហាស៊ីយ៉ា ពេលដែលដឹងថាអាហាស៊ីយ៉ាបានស្លាប់ នាងក៏ចាត់វិធានការសម្លាប់កូនស្ដេចទាំងអស់ក្នុងពូជពង្សយូដា។+
១១ ប៉ុន្តែ យេហូសាបៀរជាកូនស្រីស្ដេចយេហូរ៉ាម+ បានលួចយកយេហូអាស+ជាកូនអាហាស៊ីយ៉ាពីចំណោមកូនប្រុសទាំងអស់ដែលនឹងត្រូវគេសម្លាប់ ហើយនាងលាក់ទុកកូននោះក្នុងបន្ទប់ខាងក្នុងមួយជាមួយនឹងមេដោះដែលមើលថែទាំគាត់។ យេហូសាបៀរជាបងស្រីរបស់អាហាស៊ីយ៉ា និងត្រូវជាប្រពន្ធយេហូយ៉ាដា+ជាសង្ឃ។ នាងបានលាក់យេហូអាសមិនឲ្យអាថាលៀឃើញទេ ដើម្បីកុំឲ្យនាងសម្លាប់គាត់។+
១២ យេហូអាសបានត្រូវលាក់បំពួននៅក្នុងវិហារព្រះពិតអស់រយៈពេល៦ឆ្នាំ កាលដែលអាថាលៀគ្រប់គ្រងលើស្រុកយូដា។
កំណត់សម្គាល់
^ ក្នុងឯកសារបុរាណខ្លះជាភាសាហេប្រឺ គាត់បានត្រូវហៅថា«អាសារៀ»