ប្រវត្តិហេតុទី២ ២៥:១-២៨

  • អាម៉ាស៊ា​ជា​ស្ដេច​ស្រុក​យូដា (​១​-​៤)

  • សង្គ្រាម​ជា​មួយ​នឹង​អេដំ (​៥​-​១៣)

  • អាម៉ាស៊ា​គោរព​បូជា​រូប​ព្រះ (​១៤​-​១៦)

  • សង្គ្រាម​ជា​មួយ​នឹង​យេហូអាស​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល (​១៧​-​២៤)

  • សេចក្ដី​ស្លាប់​របស់​អាម៉ាស៊ា (​២៥​-​២៨)

២៥  ពេល​អាម៉ាស៊ា​បាន​ក្លាយ​ទៅ​ជា​ស្ដេច គាត់​មាន​អាយុ​២៥​ឆ្នាំ ហើយ​គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​២៩​ឆ្នាំ។ ម្ដាយ​របស់​គាត់​ឈ្មោះ​យេហូអាដាន​ជា​អ្នក​ក្រុង​យេរូសាឡិម។+ ២  គាត់​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត តែ​មិន​ស្មោះ​អស់​ពី​ចិត្ត​ទេ។ ៣  កាល​ដែល​រាជាណាចក្រ​របស់​គាត់​បាន​រឹង​មាំ​ហើយ គាត់​បាន​ប្រហារ​ជីវិត​ពួក​អ្នក​បម្រើ ដែល​បាន​សម្លាប់​ឪពុក​គាត់។+ ៤  ក៏​ប៉ុន្តែ គាត់​មិន​បាន​សម្លាប់​កូន​ៗ​របស់​ពួក​អ្នក​ទាំង​នោះ​ទេ ព្រោះ​គាត់​បាន​ធ្វើ​តាម​បញ្ញត្តិ​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ច្បាប់​របស់​ម៉ូសេ ដែល​ថា​៖ ​«​ឪពុក​មិន​គួរ​ស្លាប់​ដោយ​សារ​អំពើ​ខុស​ឆ្គង​របស់​កូន​ទេ ហើយ​កូន​ក៏​មិន​គួរ​ស្លាប់​ដោយ​សារ​អំពើ​ខុស​ឆ្គង​របស់​ឪពុក​ដែរ។ ប៉ុន្តែ បុគ្គល​ម្នាក់​ៗ​ត្រូវ​ស្លាប់​ដោយ​សារ​អំពើ​ខុស​ឆ្គង​របស់​ខ្លួន​វិញ​»។+ ៥  អាម៉ាស៊ា​បាន​កោះ​ហៅ​ពួក​យូដា គឺ​ពួក​បុរស​ពី​កុលសម្ព័ន្ធ​យូដា​និង​កុលសម្ព័ន្ធ​បេនយ៉ាមីន ឲ្យ​មក​ជួប​ជុំ​គ្នា។ គាត់​បាន​ឲ្យ​ពួក​គេ​ឈរ​ជា​ក្រុម​ៗ​តាម​វង្ស​ត្រកូល ហើយ​ដឹក​នាំ​ដោយ​ពួក​មេ​លើ​១.០០០​នាក់ និង​ពួក​មេ​លើ​១០០​នាក់។+ រួច​មក គាត់​បាន​ចុះ​ឈ្មោះ​ពួក​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​២០​ឆ្នាំ​ឡើង​ទៅ+ ហើយ​ឃើញ​ថា​មាន​ទាហាន​ពូកែ​អង់អាច​ចំនួន​៣០០.០០០​នាក់ ដែល​អាច​ចូល​ទៅ​ច្បាំង​បាន។ ពួក​គេ​សុទ្ធតែ​ជា​អ្នក​ដែល​ចេះ​ប្រើ​ខែល​និង​លំពែង។ ៦  បន្ថែម​ទៅ​ទៀត គាត់​បាន​ចំណាយ​ប្រាក់​១០០​ថាលិន* ដើម្បី​ជួល​ទាហាន​អង់អាច​ក្លាហាន​ពី​ស្រុក​អ៊ីស្រាអែល​ចំនួន​១០០.០០០​នាក់។ ៧  ប៉ុន្តែ ពេល​នោះ​មាន​តំណាង​ម្នាក់​របស់​ព្រះ​ពិត​មក​ប្រាប់​គាត់​ថា​៖ ​«​ឱ​ស្ដេច​អាម៉ាស៊ា​អើយ! សូម​កុំ​ឲ្យ​ទ័ព​អ៊ីស្រាអែល​ទៅ​ច្បាំង​ជា​មួយ​នឹង​លោក​អី ព្រោះ​ព្រះ​យេហូវ៉ា​មិន​ជួយ​ពួក​អ៊ីស្រាអែល​ទេ+ គឺ​លោក​មិន​ជួយ​ពួក​អេប្រាអ៊ីម​ឡើយ។ ៨  សូម​លោក​មាន​ចិត្ត​ក្លាហាន ហើយ​ទៅ​ច្បាំង​តែ​ពួក​លោក​បាន​ហើយ ព្រោះ​ព្រះ​ពិត​មាន​ឫទ្ធានុភាព​ជួយ​លោក​បាន+ តែ​បើ​លោក​មិន​ធ្វើ​ដូច្នោះ​ទេ ព្រះ​អាច​ធ្វើ​ឲ្យ​លោក​ចាញ់​ពួក​សត្រូវ​»។ ៩  ក្រោយ​ពី​ស្ដាប់​រួច អាម៉ាស៊ា​បាន​និយាយ​ទៅ​កាន់​តំណាង​ព្រះ​ពិត​ថា​៖ ​«​ចុះ​ប្រាក់​១០០​ថាលិន​ដែល​ខ្ញុំ​បាន​ជួល​ទ័ព​អ៊ីស្រាអែល​នោះ មិន​ខាត​បង់​ទៅ​ហើយ​ឬ?​»។ តំណាង​ព្រះ​ពិត​បាន​តប​ឆ្លើយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​អាច​ផ្ដល់​ឲ្យ​លោក​ច្រើន​ជាង​នោះ​ទៅ​ទៀត​»។+ ១០  ដូច្នេះ អាម៉ាស៊ា​ក៏​បាន​ឲ្យ​ទ័ព​អេប្រាអ៊ីម​ត្រឡប់​ទៅ​ទី​លំនៅ​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​វិញ។ ពួក​អ្នក​ទាំង​នោះ​មាន​កំហឹង​ជា​ខ្លាំង​នឹង​ពួក​យូដា ហើយ​ក៏​ត្រឡប់​ទៅ​វិញ ទាំង​មាន​ចិត្ត​ក្ដៅ​ក្រហាយ។ ១១  បន្ទាប់​មក អាម៉ាស៊ា​តាំង​ចិត្ត​ក្លាហាន ហើយ​ដឹក​នាំ​ទ័ព​គាត់​ទៅ​ជ្រលង​អំបិល+ រួច​ប្រហារ​ពួក​អ្នក​ស្រុក​សៀ​អស់​១០.០០០​នាក់។+ ១២  ទ័ព​យូដា​ចាប់​បាន​១០.០០០​នាក់ ហើយ​នាំ​ពួក​គេ​ទៅ​គែម​ភ្នំ បន្ទាប់​មក​ច្រាន​ទម្លាក់​ពួក​គេ​ពី​ទី​នោះ​ឲ្យ​ស្លាប់​អស់​ទៅ។ សព​របស់​ពួក​គេ​បាន​បែក​ខ្ទេច​ខ្ទី។ ១៣  ឯ​ពួក​ទាហាន​ដែល​អាម៉ាស៊ា​បាន​ឲ្យ​ត្រឡប់​ទៅ​វិញ+ ពួក​គេ​បាន​វាយលុក​បណ្ដា​ក្រុង​ក្នុង​ស្រុក​យូដា គឺ​ចាប់​ពី​ក្រុង​សាម៉ារី+រហូត​ដល់​ក្រុង​បេតហូរ៉ុន។+ ពួក​គេ​បាន​សម្លាប់​បណ្ដា​ជន​យូដា​អស់​៣.០០០​នាក់ ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ជា​ច្រើន។ ១៤  ក្រោយ​ពី​អាម៉ាស៊ា​បាន​មក​ពី​ធ្វើ​ចម្បាំង​នឹង​ពួក​អេដំ គាត់​នាំ​យក​រូប​ព្រះ​របស់​ពួក​អ្នក​ស្រុក​សៀ មក​តម្កល់​ធ្វើ​ជា​ព្រះ​របស់​គាត់។+ គាត់​ក៏​បាន​ក្រាប​គោរព​ចំពោះ​រូប​ព្រះ​ទាំង​នោះ ហើយ​ជូន​គ្រឿង​បូជា*ដល់​រូប​ទាំង​នោះ​ដែរ។ ១៥  ហេតុ​នេះ​ហើយ​ព្រះ​យេហូវ៉ា​ខឹង​នឹង​អាម៉ាស៊ា​ជា​ខ្លាំង រួច​លោក​បាន​ចាត់​អ្នក​ប្រកាស​ទំនាយ​ម្នាក់​ឲ្យ​ទៅ​សួរ​គាត់​ថា​៖ ​«​ហេតុ​អ្វី​អ្នក​គោរព​បូជា​រូប​ព្រះ​របស់​ពួក​គេ ជា​ព្រះ​ដែល​មិន​ទាំង​អាច​ជួយ​សង្គ្រោះ​ពួក​គេ​ពី​កណ្ដាប់​ដៃ​អ្នក​បាន​ផង?​»។+ ១៦  ពេល​នោះ ស្ដេចក៏​បាន​និយាយ​កាត់​ថា​៖ ​«​តើ​អ្នក​ណា​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ទី​ប្រឹក្សា​ខ្ញុំ?+ បើ​អ្នក​មិន​ចង់​ស្លាប់ ឈប់​និយាយ​ទៅ!​»។+ ប៉ុន្តែ មុន​នឹង​ឈប់​និយាយ អ្នក​ប្រកាស​ទំនាយ​បាន​បន្ថែម​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​ព្រះ​បាន​សម្រេច​នាំ​អន្តរាយ​មក​លើ​អ្នក ព្រោះ​អ្នក​បាន​ធ្វើ​ដូច្នេះ ហើយ​មិន​បាន​ស្ដាប់​តាម​ឱវាទ​របស់​ខ្ញុំ​»។+ ១៧  ក្រោយ​មក អាម៉ាស៊ា​បាន​ពិគ្រោះ​គ្នា​ជា​មួយ​នឹង​ទី​ប្រឹក្សា​គាត់ ហើយ​គាត់​ចាត់​អ្នក​នាំ​សារ​ទៅ​ជួប​យេហូអាស​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ត្រូវ​ជា​កូន​យេហូអាហាស​និង​ជា​ចៅ​យេហ៊ូ។ អ្នក​នោះ​នាំ​ពាក្យ​ថា​៖ ​«​ចូរ​ចេញ​មក​ប្រយុទ្ធ​គ្នា​»។+ ១៨  ក្រោយ​ពី​ស្ដាប់​រួច យេហូអាស​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ក៏​បាន​ផ្ញើ​សារ​ត្រឡប់​ទៅ​អាម៉ាស៊ា​ជា​ស្ដេច​ស្រុក​យូដា​វិញ​ថា​៖ ​«​គុម្ព​បន្លា​នៅ​ភ្នំ​លីបង់​បាន​ផ្ញើ​សារ​ទៅ​ដើម​ស៊ីដារ​នៅ​ភ្នំ​លីបង់​ថា​៖ ‹ចូរ​លើក​កូន​ស្រី​អ្នក​ឲ្យ​កូន​ប្រុស​ខ្ញុំ›។ ប៉ុន្តែ សត្វ​ព្រៃ​មួយ​ក្បាល​នៅ​ភ្នំ​លីបង់​បាន​ដើរ​កាត់ ហើយ​ជាន់​គុម្ព​បន្លា​នោះ​ឲ្យ​ខ្ទេច​ខ្ទី​អស់។ ១៩  អ្នក​បាន​និយាយ​ថា​៖ ‹ខ្ញុំ​បាន​វាយ​ឈ្នះ​ពួក​អេដំ›។+ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​មាន​អំណួត ហើយ​ចង់​ទទួល​ការ​សរសើរ​តម្កើង។ ចូរ​អ្នក​នៅ​ក្នុង​វិមាន​របស់​ខ្លួន​ចុះ។ ហេតុ​អ្វី​ក៏​អ្នក​ចង់​នាំ​ឲ្យ​ស្រុក​យូដា​ជួប​អន្តរាយ​ជា​មួយ​នឹង​អ្នក​ដូច្នេះ?​»។ ២០  ប៉ុន្តែ អាម៉ាស៊ា​មិន​ព្រម​ស្ដាប់​តាម​ទេ+ ព្រោះ​ព្រះ​ពិត​បាន​បណ្ដាល​ឲ្យ​រឿង​នេះ​កើត​ឡើង ដើម្បី​ប្រគល់​ពួក​យូដា​ទៅ​ក្នុង​កណ្ដាប់​ដៃ​សត្រូវ។+ នេះ​គឺ​ដោយ​សារ​តែ​ពួក​គេ​បាន​គោរព​បូជា​រូប​ព្រះ​របស់​ពួក​អេដំ។+ ២១  ដូច្នេះ យេហូអាស​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល បាន​ឡើង​ទៅ​ច្បាំង​នឹង​អាម៉ាស៊ា​ជា​ស្ដេច​ស្រុក​យូដា នៅ​ក្រុង​បេតសេមែស+ជា​ទឹក​ដី​ស្រុក​យូដា។ ២២  ក្នុង​ចម្បាំង​នោះ ពួក​យូដា​បាន​ចាញ់​ពួក​អ៊ីស្រាអែល ហើយ​ពួក​គេ​បាន​រត់​ទៅ​លំនៅ​របស់​គេ​រៀង​ៗ​ខ្លួន។ ២៣  នៅ​ក្រុង​បេតសេមែស យេហូអាស​ស្ដេច​ស្រុក​អ៊ីស្រាអែល បាន​ចាប់​អាម៉ាស៊ា​ស្ដេច​ស្រុក​យូដា ជា​កូន​យេហូអាស ត្រូវ​ជា​ចៅ​យេហូអាហាស។* បន្ទាប់​មក ពួក​គេ​បាន​ទៅ​ក្រុង​យេរូសាឡិម ហើយ​យេហូអាស​បាន​វាយ​រំលំ​កំពែង​ក្រុង​យេរូសាឡិម ចាប់​ពី​ទ្វារអេប្រាអ៊ីម+ទៅ​ដល់​ទ្វារជ្រុងកំពែង+ អស់​ប្រវែង​៤០០​ហត្ថ។* ២៤  រួច​យេហូអាស​បាន​ប្រមូល​យក​មាស​ប្រាក់​និង​ប្រដាប់​ប្រដា​ទាំង​អស់​ពី​វិហារ​ព្រះ ដែល​នៅ​ក្រោម​ការ​មើល​ខុស​ត្រូវ​របស់​អូបិឌអេដំ។ យេហូអាស​ក៏​បាន​ប្រមូល​ទ្រព្យ​ពី​ឃ្លាំង​វិមាន​ស្ដេច​ផង​ដែរ។+ គាត់​បាន​ចាប់​បណ្ដា​ជន​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​សឹក។ បន្ទាប់​មក គាត់​ក៏​ត្រឡប់​ទៅ​ក្រុង​សាម៉ារី​វិញ។ ២៥  ក្រោយ​ពី​យេហូអាស+ជា​កូន​យេហូអាហាស​ស្ដេច​ស្រុក​អ៊ីស្រាអែល+បាន​ស្លាប់ អាម៉ាស៊ា+ជា​កូន​យេហូអាស​ស្ដេច​ស្រុក​យូដា​រស់​នៅ​បាន​១៥​ឆ្នាំ​ទៀត។ ២៦  រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អាម៉ាស៊ា​បាន​ធ្វើ​តាំង​ពី​ដើម​ដល់​ចប់ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​នៃ​បណ្ដា​ស្ដេច​ស្រុក​យូដា​និង​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ២៧  តាំង​ពី​ពេល​ដែល​អាម៉ាស៊ា​បាន​ឈប់​កាន់​តាម​ព្រះ​យេហូវ៉ា មាន​គេ​ឃុប​ឃិត​គ្នា​ក្បត់+នឹង​គាត់​នៅ​ក្រុង​យេរូសាឡិម។ ដូច្នេះ គាត់​ក៏​បាន​រត់​ទៅ​ក្រុង​ឡាគីស។ ប៉ុន្តែ​គេ​បាន​ចាត់​បុរស​ខ្លះ​ឲ្យ​ទៅ​តាម​គាត់​នៅ​ក្រុង​នោះ ហើយ​បាន​សម្លាប់​គាត់​ចោល​ទៅ។ ២៨  ដូច្នេះ គេ​បាន​ដាក់​សព​គាត់​លើ​រទេះ​សេះ ហើយ​នាំ​យក​មក​បញ្ចុះ​ជា​មួយ​នឹង​បុព្វ​បុរស​គាត់​នៅ​ក្នុង​ក្រុង​នៃ​ស្រុក​យូដា។

កំណត់សម្គាល់

មួយថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ឬ​«​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​»​
គាត់​ក៏​មាន​ឈ្មោះ​ថា​អាហាស៊ីយ៉ា
ប្រហែល​ជា​ប្រវែង​១៧៨​ម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤