ប្រវត្តិហេតុទី២ ២៧:១-៩

  • យ៉ូថាម​ជា​ស្ដេច​ស្រុក​យូដា (​១​-​៩)

២៧  ពេល​យ៉ូថាម+បាន​ក្លាយ​ទៅ​ជា​ស្ដេច គាត់​មាន​អាយុ​២៥​ឆ្នាំ ហើយ​គាត់​បាន​គ្រប់​គ្រង​ក្នុង​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​១៦​ឆ្នាំ។ ម្ដាយ​របស់​គាត់​ឈ្មោះ​យេរូសា​ជា​កូន​សេដុក។+ ២  គាត់​បន្ត​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ដូច​អូសៀស​ជា​ឪពុក​ដែរ+ តែ​គាត់​មិន​បាន​បំពាន​ចូល​វិហារ​ព្រះ​យេហូវ៉ា​ទេ។+ នៅ​គ្រា​ដែល​គាត់​គ្រប់​គ្រង បណ្ដា​ជន​នៅ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់​ដដែល។ ៣  គាត់​បាន​សង់​ខ្លោង​ទ្វារ​ខាង​លើ​នៃ​វិហារ​ព្រះ​យេហូវ៉ា+ ហើយ​គាត់​ក៏​បាន​ពង្រឹង​កំពែង​នៅ​អូផែល​ដែរ។+ ៤  បន្ថែម​ទៅ​ទៀត គាត់​បាន​សង់​ក្រុង​នា​នា+នៅ​តំបន់​ភ្នំ​ក្នុង​ស្រុក​យូដា+ ព្រម​ទាំង​សង់​បន្ទាយ​មាំ​មួន+និង​ប៉ម​ផ្សេង​ៗ​+នៅ​តាម​ព្រៃ​ទៀត​ផង។ ៥  គាត់​បាន​ធ្វើ​ចម្បាំង​ជា​មួយ​នឹង​ស្ដេច​ស្រុក​អាំម៉ូន+ ហើយ​គាត់​ក៏​បាន​ឈ្នះ​ពួក​គេ។ នៅ​ឆ្នាំ​នោះ ពួក​អាំម៉ូន​បាន​ជូន​គាត់​នូវ​ប្រាក់​១០០​ថាលិន* ស្រូវ​សាលី​១០.០០០​រង្វាល់* និង​ស្រូវ​បាលី​១០.០០០​រង្វាល់។ នៅ​ឆ្នាំ​ទី​២​និង​ទី​៣ ពួក​អាំម៉ូន​ក៏​បាន​ជូន​របស់​ទាំង​នោះ​ដែរ។+ ៦  ដូច្នេះ យ៉ូថាម​កាន់​តែ​មាន​អំណាច​រឹង​មាំ​ឡើង​ៗ ព្រោះ​គាត់​បាន​តាំង​ចិត្ត​ដើរ​តាម​ផ្លូវ​របស់​ព្រះ​យេហូវ៉ា​ជា​និច្ច។ ៧  រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​យ៉ូថាម​បាន​ធ្វើ និង​ការ​ធ្វើ​ចម្បាំង រួម​ទាំង​សកម្មភាព​របស់​គាត់ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​នៃ​បណ្ដា​ស្ដេច​ស្រុក​យូដា​និង​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។+ ៨  ពេល​យ៉ូថាម​បាន​ក្លាយ​ទៅ​ជា​ស្ដេច គាត់​មាន​អាយុ​២៥​ឆ្នាំ ហើយ​គាត់​បាន​គ្រប់​គ្រង​ក្នុង​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​១៦​ឆ្នាំ។+ ៩  ក្រោយ​មក យ៉ូថាម​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្រុង​ដាវីឌ។+ រួច​មក អេហាស​ជា​កូន​របស់​គាត់ ក៏​បាន​ស្នង​រាជ្យ​ពី​គាត់។+

កំណត់សម្គាល់

មួយ​ថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ន័យ​ត្រង់​«​គ័រ​»។ មួយ​គ័រ​ស្មើ​នឹង​២២០​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែកខ​១៤