ប្រវត្តិហេតុទី២ ៣:១-១៧

  • សាឡូម៉ូន​ចាប់​ផ្ដើម​សាង​សង់​វិហារ (​១​-​៧)

  • បន្ទប់​បរិសុទ្ធ​បំផុត (​៨​-​១៤)

  • សសរ​ស្ពាន់​ពីរ (​១៥​-​១៧)

 បន្ទាប់​មក សាឡូម៉ូន​ចាប់​ផ្ដើម​សាង​សង់​វិហារ​ជូន​ព្រះ​យេហូវ៉ា+នៅ​ក្រុង​យេរូសាឡិម​លើ​ភ្នំ​ម៉ូរីយ៉ា+ ជា​កន្លែង​ដែល​ព្រះ​យេហូវ៉ា​បាន​លេច​មក​ជួប​ដាវីឌ​ជា​ឪពុក​គាត់+ គឺ​កន្លែង​ដែល​ដាវីឌ​បាន​រៀបចំ​ទុក​នៅ​ទី​លាន​បញ្ជាន់​ស្រូវ​របស់​អូណាន+ជា​ជន​ជាតិ​យេប៊ូស។ ២  គាត់​បាន​ចាប់​ផ្ដើម​សង់​វិហារ​នៅ​ថ្ងៃ​ទី​២ ខែ​ទី​២ ក្នុង​ឆ្នាំ​ទី​៤​នៃ​រាជ្យ​របស់​គាត់។ ៣  គាត់​បាន​សង់​វិហារ​របស់​ព្រះ​ពិត​នៅ​លើ​គ្រឹះ​ដែល​មាន​បណ្ដោយ​៦០​ហត្ថ ទទឹង​២០​ហត្ថ+ តាម​ខ្នាត​ប្រវែង​ចាស់។* ៤  សាល​ដែល​នៅ​ជាប់​ខាង​មុខ​វិហារ​មាន​បណ្ដោយ​២០​ហត្ថ ស្មើ​ប្រវែង​ទទឹង​វិហារ ហើយ​មាន​កម្ពស់​១២០។* នៅ​ផ្នែក​ខាង​ក្នុង​សាល គាត់​បាន​ស្រោប​ដោយ​មាស​សុទ្ធ។+ ៥  គាត់​ស្រោប​វិហារ​ដោយ​ក្ដារ​យូនីពើ ហើយ​ពី​លើ​ក្ដារ​នោះ​គាត់​ស្រោប​ដោយ​មាស​សុទ្ធ។+ បន្ទាប់​មក គាត់​ឆ្លាក់​ក្បាច់​ដើម​លម៉ើ+និង​លម្អ​ដោយ​ខ្សែ​ច្រវាក់​មាស។+ ៦  បន្ថែម​ទៀត គាត់​បាន​ដាំ​ត្បូង​មាន​តម្លៃ+នៅ​ក្នុង​វិហារ។ ឯ​មាស+ដែល​គាត់​បាន​ប្រើ​នោះ គេ​បាន​យក​មក​ពី​ស្រុក​ផាវែម។ ៧  គាត់​បាន​ស្រោប​វិហារ​ដោយ​មាស រួម​ទាំង​ធ្នឹម ជញ្ជាំង ទ្វារ និង​ក្ដារ​កំណល់​ទ្វារ។+ គាត់​ក៏​បាន​ឆ្លាក់​រូប​ចេរូប៊ីន​នៅ​លើ​ជញ្ជាំង​ទាំង​នោះ​ដែរ។+ ៨  គាត់​បាន​ធ្វើ​បន្ទប់​បរិសុទ្ធ​បំផុត+ ដែល​មាន​បណ្ដោយ​ស្មើ​នឹង​ទទឹង​វិហារ​គឺ​២០​ហត្ថ ហើយ​ក៏​មាន​ទទឹង​២០​ហត្ថ​ដែរ។ គាត់​ស្រោប​បន្ទប់​នោះ​ដោយ​មាស​សុទ្ធ​៦០០​ថាលិន។*+ ៩  ឯ​ទម្ងន់​មាស​ដែល​ប្រើ​សម្រាប់​ធ្វើ​ដែក​គោល គឺ​៥០​ហ្សេគិល។* ចំណែក​បន្ទប់​ខាង​លើ​វិញ ក៏​បាន​ត្រូវ​ស្រោប​ដោយ​មាស​ដែរ។ ១០  បន្ទាប់​មក គាត់​បាន​ធ្វើ​រូប​ចេរូប៊ីន​ពីរ សម្រាប់​ដាក់​នៅ​ក្នុង​បន្ទប់​បរិសុទ្ធ​បំផុត ហើយ​គាត់​ស្រោប​ចេរូប៊ីន​ទាំង​នោះ​ដោយ​មាស។+ ១១  ប្រវែង​ស្លាប​របស់​ចេរូប៊ីន​ទាំង​ពីរ+ គឺ​២០​ហត្ថ។ ស្លាប​ម្ខាង​របស់​ចេរូប៊ីន​ទី​១​មាន​ប្រវែង​ប្រាំ​ហត្ថ ហើយ​ចុង​ស្លាប​ម្ខាង​របស់​ចេរូប៊ីន​នោះ​ទល់​នឹង​ជញ្ជាំង។ ឯ​ស្លាប​ម្ខាង​ទៀត​ក៏​មាន​ប្រវែង​ប្រាំ​ហត្ថ​ដែរ ហើយ​ចុង​ស្លាប​ចេរូប៊ីន​នោះ​ទល់​នឹង​ចុង​ស្លាប​ម្ខាង​ទៀត​របស់​ចេរូប៊ីន​ទី​២។ ១២  ស្លាប​ម្ខាង​របស់​ចេរូប៊ីន​ទី​២​មាន​ប្រវែង​ប្រាំ​ហត្ថ ហើយ​ចុង​ស្លាប​ម្ខាង​របស់​ចេរូប៊ីន​នោះ​ទល់​នឹង​ជញ្ជាំង។ ឯ​ស្លាប​ម្ខាង​ទៀត​ក៏​មាន​ប្រវែង​ប្រាំ​ហត្ថ​ដែរ ហើយ​ចុង​ស្លាប​ចេរូប៊ីន​នោះ​ទល់​នឹង​ចុង​ស្លាប​ម្ខាង​ទៀត​របស់​ចេរូប៊ីន​ទី​១។ ១៣  រូប​ចេរូប៊ីន​ទាំង​ពីរ​ឈរ​ត្រដាង​ស្លាប ដែល​មាន​ប្រវែង​សរុប​២០​ហត្ថ ហើយ​មុខ​ចេរូប៊ីន​ទាំង​នោះ​បែរ​ទៅ​បន្ទប់​បរិសុទ្ធ។ ១៤  គាត់​ក៏​ធ្វើ​វាំងនន+ពី​ក្រណាត់​ពណ៌​ខៀវ ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពី​ក្រណាត់​សាច់​ល្អ ហើយ​ប៉ាក់​រូប​ចេរូប៊ីន​នៅ​លើ​វាំងនន​នោះ។+ ១៥  បន្ទាប់​មក គាត់​ក៏​ធ្វើ​សសរ​ស្ពាន់​ពីរ+សម្រាប់​ដាក់​បញ្ឈរ​នៅ​មុខ​វិហារ។ សសរ​នីមួយ​ៗ​មាន​ប្រវែង​៣៥​ហត្ថ ហើយ​ក្បាល​សសរ​នីមួយ​ៗ​មាន​ប្រវែង​ប្រាំ​ហត្ថ។+ ១៦  គាត់​បាន​ធ្វើ​កម្រង​ច្រវាក់​ដាក់​លើ​ក្បាល​សសរ ហើយ​ធ្វើ​ផ្លែ​ទទឹម​១០០ ដាក់​លើ​កម្រង​ច្រវាក់​នោះ។ ១៧  គាត់​បាន​ដាក់​បញ្ឈរ​សសរ​ទាំង​ពីរ​នៅ​មុខ​វិហារ។ មួយ​នៅ​ខាង​ស្ដាំ​ដៃ* គាត់​ឲ្យ​ឈ្មោះ​ថា​យ៉ាគីន* មួយ​នៅ​ខាង​ឆ្វេង​ដៃ* គាត់​ឲ្យ​ឈ្មោះ​ថា​បូអូស។*

កំណត់សម្គាល់

តាម​ធម្មតា​មួយ​ហត្ថ​ស្មើ​នឹង​៤៤,៥​សង់ទីម៉ែត្រ។ ប៉ុន្តែ អ្នក​ខ្លះ​គិត​ថា​«​ខ្នាត​ប្រវែង​នៅ​សម័យ​មុន​»​ សំដៅ​លើ​មួយ​ហត្ថ​វែង ដែល​ស្មើ​នឹង​៥១,៨​សង់ទីម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ខ្នាត​ប្រវែង​មិន​ប្រាកដ
មួយ​ថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
មួយ​ហ្សេគិល​ស្មើ​នឹង​១១,៤​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ឬ​«​ទិស​ខាង​ត្បូង​»​
មាន​ន័យ​ថា​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​តាំង​ឡើង​យ៉ាង​មាំ​»​
ឬ​«​ទិស​ខាង​ជើង​»​
ប្រហែល​ជា​មាន​ន័យ​ថា​«​ដោយ​កម្លាំង​ខ្លាំង​ក្លា​»​