ប្រវត្តិហេតុទី២ ៣២:១-៣៣

  • សានហេរីប​គំរាម​កំហែង​ក្រុង​យេរូសាឡិម (​១​-​៨)

  • សានហេរីប​មើល​ងាយ​ព្រះ​យេហូវ៉ា (​៩​-​១៩)

  • ទេវតា​សម្លាប់​កង​ទ័ព​អាស៊ីរី (​២០​-​២៣)

  • ជំងឺ​និង​ចិត្ត​អំណួត​របស់​ហេសេគា (​២៤​-​២៦)

  • សមិទ្ធិ​ផល​របស់​ហេសេគា​និង​សេចក្ដី​ស្លាប់​របស់​គាត់ (​២៧​-​៣៣)

៣២  ក្រោយ​ពី​ស្ដេច​ហេសេគា​បាន​សម្រេច​កិច្ចការ​ទាំង​នេះ​យ៉ាង​ស្មោះ​ត្រង់+ សានហេរីប​ជា​ស្ដេច​ស្រុក​អាស៊ីរី​បាន​ចូល​មក​ឈ្លានពាន​ស្រុក​យូដា។ គាត់​បាន​ឡោម​ព័ទ្ធ​បណ្ដា​ក្រុង​ដ៏​រឹង​មាំ ក្នុង​បំណង​ទម្លាយ​កំពែង​ក្រុង​ដើម្បី​ដណ្ដើម​យក​ក្រុង​ទាំង​នោះ។+ ២  ពេល​ដែល​ហេសេគា​ឃើញ​ថា​សានហេរីប​បាន​មក ដោយ​មាន​បំណង​ច្បាំង​នឹង​ក្រុង​យេរូសាឡិម​ដូច្នេះ ៣  គាត់​ក៏​បាន​ប្រឹក្សា​ជា​មួយ​នឹង​ពួក​អ្នក​គ្រប់​គ្រង​និង​ទាហាន​ពូកែ​អង់អាច​របស់​គាត់។ ក្នុង​ការ​ប្រឹក្សា​នោះ ហេសេគា​សម្រេច​ចិត្ត​បិទ​ប្រភព​ទឹក​ដែល​នៅ​ខាង​ក្រៅ​ក្រុង+ ហើយ​ពួក​អ្នក​ទាំង​នោះ​បាន​គាំទ្រ​គាត់។ ៤  ក្រោយ​មក បណ្ដា​ជន​ជា​ច្រើន​បាន​ប្រមូល​គ្នា​មក​ដើម្បី​បិទ​ប្រភព​ទឹក​ទាំង​អស់​ដែល​ហូរ​កាត់​ស្រុក។ ពួក​គេ​និយាយ​ថា​៖ ​«​យើង​មិន​ឲ្យ​ពួក​ស្ដេច​ស្រុក​អាស៊ីរី​មាន​ទឹក​ប្រើ​ទេ​»។ ៥  បន្ថែម​ទៅ​ទៀត គាត់​បាន​តាំង​ចិត្ត​សង់​កំពែង​ដែល​បាក់​បែក​ឡើង​វិញ ហើយ​សង់​ប៉ម​ពី​លើ​កំពែង​នោះ ថែម​ទាំង​សង់​កំពែង​ខាង​ក្រៅ​មួយ​ជាន់​ទៀត។ គាត់​ក៏​បាន​ឲ្យ​គេ​ជួស​ជុល​មិឡូ*+នៅ​ក្រុង​ដាវីឌ​ឡើង​វិញ​ដែរ ហើយ​គាត់​ឲ្យ​គេ​ធ្វើ​ខែល​និង​លំពែង​ជា​ច្រើន​ថែម​ទៀត។ ៦  គាត់​បាន​តែង​តាំង​ពួក​មេ​ទាហាន​ខ្លះ​ឲ្យ​ត្រួត​លើ​បណ្ដា​ជន ហើយ​ឲ្យ​ពួក​គេ​មក​ជួប​ជុំ​គ្នា​នៅ​ទី​លាន​សាធារណៈ​នៅ​ក្បែរ​ទ្វារ​ក្រុង។ ស្ដេច​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ថា​៖ ៧  ​«​ចូរ​មាន​ចិត្ត​ក្លាហាន​ហើយ​រឹង​មាំ​ឡើង។ ចូរ​កុំ​ភ័យ​តក់​ស្លុត​ឬ​ខ្លាច​ស្ដេច​ស្រុក​អាស៊ីរី+និង​កង​ទ័ព​ដ៏​ច្រើន​របស់​គាត់​ឡើយ ព្រោះ​ខាង​យើង​មាន​គ្នា​ច្រើន​ជាង​ខាង​គាត់​ទៅ​ទៀត។+ ៨  នៅ​ខាង​គាត់​មាន​តែ​កម្លាំង​មនុស្ស​ប៉ុណ្ណោះ តែ​នៅ​ខាង​យើង​មាន​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង លោក​នឹង​ជួយ​ច្បាំង​ជំនួស​យើង​»។+ ក្រោយ​ពី​បណ្ដា​ជន​ឮ​ពាក្យ​លើក​ទឹក​ចិត្ត​របស់​ហេសេគា​ជា​ស្ដេច​ស្រុក​យូដា ពួក​គេ​ក៏​មាន​ចិត្ត​ក្លាហាន​ឡើង។+ ៩  នៅ​ពេល​នោះ សានហេរីប​ជា​ស្ដេច​ស្រុក​អាស៊ីរី​និង​ទាហាន​ដ៏​ខ្លាំង​ពូកែ​ទាំង​អស់​របស់​គាត់​កំពុង​នៅ​ក្រុង​ឡាគីស។+ ដំណាល​គ្នា​នោះ គាត់​ក៏​បាន​ចាត់​ពួក​អ្នក​បម្រើ​របស់​គាត់ ឲ្យ​ទៅ​ជួប​ហេសេគា​ជា​ស្ដេច​ស្រុក​យូដា​និង​បណ្ដា​ជន​យូដា​ទាំង​អស់​នៅ​ក្នុង​ក្រុង​យេរូសាឡិម។+ ពួក​គេ​បាន​នាំ​ពាក្យ​គាត់​ថា​៖ ១០  ​«​សានហេរីប​ជា​ស្ដេច​ស្រុក​អាស៊ីរី​បាន​មាន​ប្រសាសន៍​ថា​៖ ‹តើ​អ្នក​រាល់​គ្នា​អាង​លើ​អ្វី បាន​ជា​ចង់​បន្ត​នៅ​ក្នុង​ក្រុង​យេរូសាឡិម​ទៀត កាល​ដែល​មាន​ការ​ឡោម​ព័ទ្ធ?+ ១១  ហេសេគា​បាន​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​ច្បាស់​ជា​ជួយ​សង្គ្រោះ​យើង​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស៊ីរី​»។ ចូរ​កុំ​ជឿ​ពាក្យ​បញ្ឆោត​នេះ​ឲ្យ​សោះ ព្រោះ​គាត់​នឹង​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ស្លាប់​ដោយ​ការ​អត់​ឃ្លាន​ជា​មិន​ខាន។+ ១២  គឺ​ហេសេគា​នោះ​ហើយ ដែល​បាន​បំបាត់​ចោល​ទី​ខ្ពស់​ពិសិដ្ឋ+និង​ទី​បូជា​នា​នា+នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា មែន​ទេ? គឺ​គាត់​នោះ​ហើយ​ដែល​បាន​និយាយ​ទៅ​កាន់​បណ្ដា​ជន​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​ថា​៖ ​«​អ្នក​រាល់​គ្នា​គួរ​ក្រាប​គោរព​នៅ​ចំពោះ​ទី​បូជា​តែ​មួយ​ប៉ុណ្ណោះ ហើយ​អ្នក​រាល់​គ្នា​គួរ​ដុត​គ្រឿង​បូជា*នៅ​លើ​ទី​នេះ​វិញ​»​ មែន​ទេ?+ ១៣  តើ​អ្នក​រាល់​គ្នា​មិន​បាន​ដឹង​ថា​ខ្ញុំ​និង​បុព្វ​បុរស​របស់​ខ្ញុំ បាន​ធ្វើ​យ៉ាង​ណា​ចំពោះ​បណ្ដា​ជន​នៅ​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន​ទេ​ឬ?+ តើ​បណ្ដា​ព្រះ​នៃ​ប្រជា​ជាតិ​ទាំង​នោះ​អាច​ជួយ​សង្គ្រោះ​ពួក​គេ​ពី​កណ្ដាប់​ដៃ​របស់​ខ្ញុំ​បាន​ឬ?+ ១៤  ក្នុង​ចំណោម​បណ្ដា​ព្រះ​នៃ​ប្រជា​ជាតិ​ទាំង​នោះ តើ​មាន​ព្រះ​មួយ​ណា​ដែល​អាច​សង្គ្រោះ​ប្រជា​ជាតិ​របស់​ពួក​គេ​កុំ​ឲ្យ​បុព្វ​បុរស​របស់​ខ្ញុំ​បំផ្លាញ​ចោល​បាន​ទៅ? បើ​ដូច្នេះ តើ​ព្រះ​របស់​អ្នក​រាល់​គ្នា​អាច​សង្គ្រោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​ខ្ញុំ​ម្ដេច​នឹង​បាន?+ ១៥  ម្ល៉ោះ​ហើយ ចូរ​កុំ​ឲ្យ​ហេសេគា​បញ្ឆោត​អ្នក​រាល់​គ្នា​ឲ្យ​សោះ!+ ចូរ​កុំ​ជឿ​គាត់​ជា​ដាច់​ខាត បើ​ព្រះ​នៃ​ប្រជា​ជាតិ​នា​នា មិន​អាច​សង្គ្រោះ​រាស្ត្រ​គេ​ពី​កណ្ដាប់​ដៃ​របស់​ខ្ញុំ​និង​បុព្វ​បុរស​ខ្ញុំ​បាន​ទៅ​ហើយ ចុះ​ទម្រាំ​តែ​ព្រះ​របស់​អ្នក​រាល់​គ្នា តើ​អាច​សង្គ្រោះ​អ្នក​រាល់​គ្នា​ពី​កណ្ដាប់​ដៃ​ខ្ញុំ​ម្ដេច​នឹង​បាន​ទៅ?›​»។+ ១៦  ពួក​អ្នក​បម្រើ​របស់​សានហេរីប​ថែម​ទាំង​និយាយ​ប្រមាថ​មើល​ងាយ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត និង​ចំអក​ឲ្យ​ហេសេគា​ជា​អ្នក​បម្រើ​របស់​លោក​ទៀត​ផង។ ១៧  បន្ថែម​ទៀត សានហេរីប​បាន​សរសេរ​សំបុត្រ+ប្រមាថ​មើល​ងាយ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល+ថា​៖ ​«​បើ​បណ្ដា​ព្រះ​នៃ​ប្រជា​ជាតិ​នា​នា​មិន​អាច​ជួយ​សង្គ្រោះ​ប្រជារាស្ត្រ​ពួក​គេ​ពី​កណ្ដាប់​ដៃ​ខ្ញុំ​បាន​ផង+ នោះ​ព្រះ​របស់​ហេសេគា​ច្បាស់​ជា​មិន​អាច​សង្គ្រោះ​រាស្ត្រ​របស់​ខ្លួន​ពី​កណ្ដាប់​ដៃ​ខ្ញុំ​បាន​ឡើយ​»។ ១៨  ពួក​អ្នក​បម្រើ​សានហេរីប បាន​ស្រែក​ប្រកាស​យ៉ាង​ខ្លាំង​ៗ​ជា​ភាសា​យូដា ទៅ​កាន់​បណ្ដា​ជន​នៅ​ក្រុង​យេរូសាឡិម​ដែល​កំពុង​ឈរ​នៅ​លើ​កំពែង ដើម្បី​បំភ័យ​ពួក​គេ​ឲ្យ​ស្រយុត​ចិត្ត ក្នុង​បំណង​ដណ្ដើម​យក​ក្រុង​នោះ។+ ១៩  ពួក​គេ​បាន​និយាយ​ប្រមាថ​មើល​ងាយ​ព្រះ​នៃ​ក្រុង​យេរូសាឡិម ដូច​ពួក​គេ​ប្រមាថ​ដល់​បណ្ដា​ព្រះ​នៃ​ប្រជា​ជាតិ​នា​នា ដែល​សុទ្ធតែ​ជា​ស្នា​ដៃ​របស់​មនុស្ស។ ២០  ក្រោយ​ពី​ឮ​ដូច្នោះ ស្ដេច​ហេសេគា​និង​អេសាយ+ជា​កូន​អាម៉ុស​ជា​អ្នក​ប្រកាស​ទំនាយ បាន​អធិដ្ឋាន​ឥត​ឈប់​អំពី​រឿង​នេះ ហើយ​ស្រែក​សុំ​ជំនួយ​ពី​ព្រះ​នៃ​ស្ថាន​សួគ៌។+ ២១  បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​ចាត់​ទេវតា​មួយ​រូប​ឲ្យ​ទៅ​ប្រហារ​ពួក​ទាហាន​ខ្លាំង​ពូកែ+របស់​ស្ដេច​ស្រុក​អាស៊ីរី​ទាំង​អស់ ទាំង​មេ​ទ័ព ទាំង​មេ​កង។ ការ​នេះ​នាំ​ឲ្យ​ស្ដេច​នោះ​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ​ដោយ​អាម៉ាស់​មុខ។ ក្រោយ​មក មាន​ថ្ងៃ​មួយ​គាត់​បាន​ចូល​ទៅ​វិហារ​នៃ​ព្រះ​របស់​គាត់ ពេល​នោះ​កូន​ប្រុស​ខ្លះ​របស់​គាត់​បាន​សម្លាប់​គាត់​ចោល​ទៅ។+ ២២  យ៉ាង​នេះ ព្រះ​យេហូវ៉ា​បាន​ជួយ​សង្គ្រោះ​ហេសេគា​និង​អ្នក​ក្រុង​យេរូសាឡិម​ពី​កណ្ដាប់​ដៃ​សានហេរីប​ជា​ស្ដេច​ស្រុក​អាស៊ីរី​និង​ពី​សត្រូវ​ឯ​ទៀត។ ជា​លទ្ធផល ពួក​គេ​មាន​សេចក្ដី​សុខសាន្តត្រាណ​នៅ​គ្រប់​ទិស​ទី។ ២៣  មនុស្ស​ជា​ច្រើន​បាន​នាំ​យក​អំណោយ​មក​ជូន​ព្រះ​យេហូវ៉ា​នៅ​ក្រុង​យេរូសាឡិម។ ពួក​គេ​ក៏​បាន​យក​របស់​របរ​មាន​តម្លៃ​មក​ជូន​ហេសេគា​ជា​ស្ដេច​ស្រុក​យូដា​ដែរ។+ ចាប់​តាំង​ពី​ពេល​នោះ​មក ហេសេគា​បាន​ទទួល​ការ​គោរព​រាប់​អាន​ពី​ប្រជា​ជាតិ​នា​នា។ ២៤  លុះ​ក្រោយ​មក ហេសេគា​បាន​ធ្លាក់​ខ្លួន​ឈឺ ហៀបនឹង​ស្លាប់។ ពេល​នោះ គាត់​បាន​អធិដ្ឋាន​អង្វរ​ព្រះ​យេហូវ៉ា+ ហើយ​លោក​ក៏​ធ្វើ​តាម​សេចក្ដី​អធិដ្ឋាន​របស់​គាត់ ដោយ​ផ្ដល់​សញ្ញា​សម្គាល់​មួយ។+ ២៥  ប៉ុន្តែ ហេសេគា​មិន​បាន​ដឹង​គុណ​ព្រះ​ដែល​បាន​ប្រព្រឹត្ត​ល្អ​នឹង​គាត់​ទេ ព្រោះ​គាត់​ចាប់​ផ្ដើម​មាន​អំណួត។ ហេតុ​នេះ ព្រះ​ខឹង​នឹង​គាត់ ព្រម​ទាំង​ពួក​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​ផង​ដែរ។ ២៦  ក៏​ប៉ុន្តែ ហេសេគា​និង​អ្នក​ក្រុង​យេរូសាឡិម​បាន​បន្ទាប​ខ្លួន។+ ដូច្នេះ ព្រះ​យេហូវ៉ា​មិន​បាន​ដាក់​ទោស​ពួក​គេ​នៅ​គ្រា​ដែល​ហេសេគា​គ្រប់​គ្រង​ទេ។+ ២៧  ហេសេគា​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​និង​ទ្រព្យ​សម្បត្តិ​ជា​ច្រើន។+ ដូច្នេះ គាត់​បាន​ធ្វើ​ឃ្លាំង​ផ្សេង​ៗ​+ដើម្បី​ដាក់​មាស​ប្រាក់ ត្បូង​មាន​តម្លៃ ប្រេង​ក្រអូប* ខែល និង​របស់​របរ​មាន​តម្លៃ​ឯ​ទៀត។ ២៨  គាត់​បាន​ធ្វើ​ឃ្លាំង​សម្រាប់​ដាក់​ស្រូវ ប្រេង និង​ស្រា​ថ្មី។ គាត់​ក៏​បាន​ធ្វើ​ក្រោល​សម្រាប់​ដាក់​ហ្វូង​សត្វ​ផ្សេង​ៗ និង​ក្រោល​សម្រាប់​ដាក់​ហ្វូង​ចៀម​ដែរ។ ២៩  គាត់​បាន​សង់​ក្រុង​ផ្សេង​ៗ ហើយ​គាត់​មាន​ហ្វូង​សត្វ ហ្វូង​ចៀម ហ្វូង​គោ​យ៉ាង​ច្រើន​សន្ធឹក ព្រោះ​ព្រះ​បាន​ឲ្យ​គាត់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ក្រៃ​លែង។ ៣០  ហេសេគា​បាន​ទប់​ប្រភព​ទឹក+គីហុន+ប៉ែក​ខាង​លើ រួច​បង្វែរ​ផ្លូវ​ទឹក​ឲ្យ​ហូរ​ចុះ​ទៅ​ក្រុង​ដាវីឌ+ប៉ែក​ខាង​លិច។ កិច្ចការ​ណា​ដែល​ហេសេគា​ធ្វើ សុទ្ធតែ​បាន​សម្រេច​ទាំង​អស់។ ៣១  នៅ​គ្រា​មួយ ពួក​អ្នក​គ្រប់​គ្រង​នៅ​ស្រុក​បាប៊ីឡូន​បាន​ចាត់​ពួក​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជួប​ហេសេគា ដើម្បី​សួរ​អំពី​សញ្ញា​សម្គាល់+ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ស្រុក​គាត់។+ ពេល​នោះ ព្រះ​ពិត​បាន​ទុក​ឲ្យ​គាត់​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង ដើម្បី​ល្បង​ល​មើល​ចិត្ត​របស់​គាត់។+ ៣២  រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ហេសេគា​បាន​ធ្វើ និង​ការ​ប្រព្រឹត្ត​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​គាត់+ បាន​ត្រូវ​អេសាយ+ជា​អ្នក​ប្រកាស​ទំនាយ​ដែល​ជា​កូន​អាម៉ុស កត់​ទុក​ក្នុង​កំណត់​ត្រា​ស្ដី​អំពី​អ្វី​ដែល​គាត់​បាន​ឃើញ​ក្នុង​គំនិត។ កំណត់​ត្រា​នោះ​មាន​នៅ​ក្នុង​សៀវភៅ​នៃ​បណ្ដា​ស្ដេច​ស្រុក​យូដា​និង​ស្រុក​អ៊ីស្រាអែល។+ ៣៣  ក្រោយ​មក ហេសេគា​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​ជា​មួយ​នឹង​បុព្វ​បុរស​គាត់ នៅ​ជម្រាល​ភ្នំ​ឡើង​ទៅ​ទី​បញ្ចុះ​សព​របស់​កូន​ចៅ​ដាវីឌ។+ បណ្ដា​ជន​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​បាន​ធ្វើ​ពិធី​បុណ្យ​សព​ដោយ​លើក​កិត្តិយស​គាត់។ រួច​មក ម៉ាណាសេ​ជា​កូន ក៏​បាន​គ្រប់​គ្រង​បន្ទាប់​ពី​គាត់។

កំណត់សម្គាល់

ប្រហែល​ជា​មាន​ន័យ​ថា​«​បន្ទាយ​»​
ឬ​«​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​»​
ឬ​«​ប្រេង​បាលសាម​»​