ប្រវត្តិហេតុទី២ ៣៤:១-៣៣

  • យ៉ូសៀស​ជា​ស្ដេច​ស្រុក​យូដា (​១, ២)

  • ការ​រៀបចំ​ឡើង​វិញ​របស់​យ៉ូសៀស (​៣​-​១៣)

  • សៀវភៅ​ច្បាប់​បាន​ត្រូវ​រក​ឃើញ (​១៤​-​២១)

  • ហ៊ូលដា​ប្រកាស​ទំនាយ​អំពី​សេចក្ដី​វេទនា (​២២​-​២៨)

  • យ៉ូសៀស​អាន​សៀវភៅ​ច្បាប់​ដល់​បណ្ដា​ជន (​២៩​-​៣៣)

៣៤  ពេល​យ៉ូសៀស+បាន​ទៅ​ជា​ស្ដេច គាត់​មាន​អាយុ​៨​ឆ្នាំ។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​៣១​ឆ្នាំ។+ ២  គាត់​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ហើយ​គាត់​បាន​ដើរ​តាម​គន្លង​របស់​ដាវីឌ​ជា​បុព្វ​បុរស​របស់​គាត់ ឥត​ងាក​រេ​ឡើយ។* ៣  នៅ​ឆ្នាំ​ទី​៨​នៃ​រាជ្យ​យ៉ូសៀស កាល​ដែល​គាត់​នៅ​ក្មេង​នៅ​ឡើយ គាត់​បាន​ចាប់​ផ្ដើម​ស្វែង​រក​ព្រះ​របស់​ដាវីឌ។+ ក្រោយ​មក នៅ​ឆ្នាំ​ទី​១២ គាត់​បាន​ចាប់​ផ្ដើម​សម្អាត​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា+ ដោយ​បំបាត់​ចោល​នូវ​ទី​ខ្ពស់​ពិសិដ្ឋ+ និង​បង្គោល​ឈើ​ពិសិដ្ឋ* ព្រម​ទាំង​រូប​ចម្លាក់​នា​នា+ និង​រូប​ព្រះ​ដែល​ធ្វើ​ពី​លោហៈ​ទាំង​អស់។ ៤  បន្ថែម​ទៅ​ទៀត គាត់​បាន​រំលំ​ទី​បូជា​ទាំង​ប៉ុន្មាន​របស់​ព្រះ​បាល ហើយ​កាប់​បំផ្លាញ​ជើង​តាំង​សម្រាប់​ដុត​គ្រឿង​ក្រអូប​ដែល​នៅ​លើ​ទី​បូជា​ទាំង​នោះ។ គាត់​ក៏​បាន​បំបាក់​បង្គោល​ឈើ​ពិសិដ្ឋ* និង​រូប​ចម្លាក់​នា​នា ថែម​ទាំង​រូប​ព្រះ​ដែល​ធ្វើ​ពី​លោហៈ​ទៀត​ផង។ រួច​គាត់​ក៏​វាយ​បំបែក​ឲ្យ​ហ្មត់​ខ្ទេច​ខ្ទី​អស់​ទៅ។ បន្ទាប់​មក គាត់​បាន​យក​កម្ទេច​ទាំង​នោះ​ទៅ​បាច​នៅ​លើ​ផ្នូរ​ពួក​អ្នក​ដែល​ធ្លាប់​ជូន​គ្រឿង​បូជា​ដល់​រូប​ទាំង​នោះ។+ ៥  គាត់​ថែម​ទាំង​យក​ឆ្អឹង​ខ្មោច​របស់​ពួក​សង្ឃ​ទៅ​ដុត​លើ​ទី​បូជា​របស់​ពួក​គេ។+ យ៉ាង​នេះ គាត់​បាន​សម្អាត​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា​ទាំង​មូល។ ៦  ឯ​នៅ​ក្នុង​ក្រុង​នា​នា​ក្នុង​ទឹក​ដី​ម៉ាណាសេ ទឹក​ដី​អេប្រាអ៊ីម+ ទឹក​ដី​ស៊ីម្មាន រហូត​ដល់​ទឹក​ដី​ណែបថាលី និង​កន្លែង​បាក់​បែក​ដែល​នៅ​ជុំវិញ​ក្រុង​ទាំង​នោះ ៧  គាត់​ក៏​បាន​រំលំ​ទី​បូជា​ទាំង​ប៉ុន្មាន ហើយ​បំផ្លាញ​បង្គោល​ឈើ​ពិសិដ្ឋ និង​វាយ​បំបែក​រូប​ចម្លាក់+ឲ្យ​ហ្មត់​ខ្ទេច​ខ្ទី​អស់​ទៅ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​ក៏​បាន​កាប់​បំផ្លាញ​ជើង​តាំង​សម្រាប់​ដុត​គ្រឿង​ក្រអូប​ឲ្យ​អស់​ពី​ស្រុក​អ៊ីស្រាអែល។+ រួច​មក គាត់​បាន​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ។ ៨  នៅ​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​យ៉ូសៀស ក្រោយ​ពី​គាត់​បាន​សម្អាត​វិហារ​និង​ទឹក​ដី​ទាំង​មូល​រួច​រាល់​ហើយ គាត់​ក៏​ចាត់​សាផាន+ជា​កូន​អាសាលៀ ម៉ាអាសៀ​ជា​អភិបាល​ក្រុង និង​យ៉ូអា​ជា​អ្នក​កត់​ត្រា​ត្រូវ​ជា​កូន​យ៉ូអាហាស ឲ្យ​ទៅ​ជួស​ជុល​វិហារ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​គាត់​ឡើង​វិញ។+ ៩  ដូច្នេះ ពួក​គេ​ក៏​ទៅ​ជួប​ហ៊ីលគីយ៉ា​ជា​សម្ដេច​សង្ឃ ហើយ​ឲ្យ​គាត់​នូវ​ប្រាក់​ដែល​បណ្ដា​ជន​យក​មក​ជូន​ព្រះ​នៅ​ឯ​វិហារ គឺ​ប្រាក់​ដែល​ពួក​លេវី​ជា​អ្នក​យាម​ទ្វារ​បាន​ទទួល​ពី​បណ្ដា​ជន​ដែល​មក​ពី​កុលសម្ព័ន្ធ​ម៉ាណាសេ កុលសម្ព័ន្ធ​អេប្រាអ៊ីម និង​ពី​កុលសម្ព័ន្ធ​ឯ​ទៀត​ក្នុង​ស្រុក​អ៊ីស្រាអែល+ ព្រម​ទាំង​ពី​បណ្ដា​ជន​ដែល​មក​ពី​កុលសម្ព័ន្ធ​យូដា កុលសម្ព័ន្ធ​បេនយ៉ាមីន និង​ពី​អ្នក​ក្រុង​យេរូសាឡិម។ ១០  រួច​មក ពួក​គេ​បាន​ប្រគល់​ប្រាក់​នោះ​ឲ្យ​ដល់​ពួក​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​ការ​ជួស​ជុល​វិហារ​ព្រះ​យេហូវ៉ា។ បន្ទាប់​មក អ្នក​ទាំង​នោះ​បាន​ប្រើ​ប្រាក់​នោះ​ដើម្បី​ជួស​ជុល​វិហារ​ព្រះ​យេហូវ៉ា​ឡើង​វិញ។ ១១  អ្នក​ទាំង​នោះ​ក៏​បាន​ប្រគល់​ប្រាក់​ដល់​ជាង​ចម្លាក់​និង​ជាង​សំណង់​ដើម្បី​ឲ្យ​ពួក​គេ​ទិញ​ថ្ម​ដាប់ ហើយ​ទិញ​ឈើ​យក​មក​ធ្វើ​ជា​ផ្ទោង*និង​ធ្នឹម​សម្រាប់​សង់​អគារ​ដែល​បណ្ដា​ស្ដេច​ស្រុក​យូដា​បាន​ទុក​ឲ្យ​ខូច​បង់។+ ១២  ពួក​គេ​បាន​ធ្វើ​ការ​នោះ​យ៉ាង​ស្មោះ​ត្រង់។+ ឯ​ពួក​លេវី​ដែល​បាន​ត្រូវ​តែង​តាំង​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ​មាន យ៉ាហាត​និង​អូបាឌា​ជា​កូន​ចៅ​មេរេរ៉ាយ+ ព្រម​ទាំង​សាការី​និង​មេស៊ូឡាម​ជា​កូន​ចៅ​កូហាត។+ ចំណែក​ពួក​លេវី​ឯ​ទៀត​ដែល​ពូកែ​លេង​ភ្លេង+ ១៣  ពួក​គេ​មើល​ការ​ខុស​ត្រូវ​លើ​កម្មករ​លី​សែង និង​កម្មករ​ឯ​ទៀត​ដែល​ធ្វើ​ការ​គ្រប់​យ៉ាង។ ឯ​ពួក​លេវី​ខ្លះ​ទៀត ពួក​គេ​ជា​លេខាធិការ ជា​អាជ្ញាធរ និង​ជា​អ្នក​យាម​ទ្វារ។+ ១៤  នៅ​ថ្ងៃ​មួយ ពេល​គេ​កំពុង​ប្រមូល​ប្រាក់​ដែល​បណ្ដា​ជន​យក​មក​ជូន​នៅ​វិហារ​ព្រះ​យេហូវ៉ា+ ហ៊ីលគីយ៉ា​ជា​សម្ដេច​សង្ឃ​បាន​រក​ឃើញ​សៀវភៅ​ច្បាប់+ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​តាម​រយៈ​ម៉ូសេ។+ ១៥  នៅ​ពេល​នោះ ហ៊ីលគីយ៉ា​ជា​សម្ដេច​សង្ឃ​បាន​ប្រាប់​សាផាន​ជា​លេខាធិការ​ថា​៖ ​«​ខ្ញុំ​បាន​រក​ឃើញ​សៀវភៅ​ច្បាប់​នៅ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា​»។ រួច​ហ៊ីលគីយ៉ា​បាន​ប្រគល់​សៀវភៅ​នោះ​ទៅ​ឲ្យ​សាផាន។ ១៦  បន្ទាប់​មក សាផាន​បាន​ចូល​ទៅ​ជួប​ស្ដេច ហើយ​ជម្រាប​ថា​៖ ​«​ពួក​អ្នក​បម្រើ​របស់​លោក​កំពុង​ធ្វើ​កិច្ចការ​ដែល​លោក​បាន​បង្គាប់​ហើយ។ ១៧  ពួក​គេ​បាន​ប្រមូល​ប្រាក់​ពី​វិហារ​ព្រះ​យេហូវ៉ា រួច​ប្រគល់​ដល់​ពួក​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​ការ​ជួស​ជុល​វិហារ​និង​ដល់​ពួក​ជាង​»។ ១៨  ខណៈ​នោះ សាផាន​ក៏​បាន​ប្រាប់​ស្ដេច​ដែរ​ថា​៖ ​«​ហ៊ីលគីយ៉ា​ជា​សង្ឃ​បាន​រក​ឃើញ​សៀវភៅ​មួយ ហើយ​គាត់​បាន​ប្រគល់​ឲ្យ​ខ្ញុំ​»។+ រួច​មក សាផាន​បាន​អាន​សៀវភៅ​នោះ​ឲ្យ​ស្ដេច​ស្ដាប់។+ ១៩  ពេល​ដែល​ស្ដេច​បាន​ឮ​ពាក្យ​ក្នុង​សៀវភៅ​នោះ គាត់​ក៏​ចាប់​ហែក​អាវ។+ ២០  ពេល​នោះ ស្ដេច​បាន​បង្គាប់​ហ៊ីលគីយ៉ា អាហាយខាម+ជា​កូន​សាផាន អាប់ដូន​ជា​កូន​មីកាយ៉ា សាផាន​ជា​លេខាធិការ និង​អាសាយ៉ា​ជា​អ្នក​បម្រើ​របស់​ស្ដេច​ថា​៖ ២១  ​«​សូម​អស់​លោក​ទៅ​សួរ​ព្រះ​យេហូវ៉ា ឲ្យ​ខ្ញុំ​និង​បណ្ដា​ជន​ទាំង​អស់​ដែល​នៅ​សេស​សល់​ក្នុង​ស្រុក​យូដា​និង​ស្រុក​អ៊ីស្រាអែល​ផង ថា​សេចក្ដី​ទាំង​ប៉ុន្មាន​ក្នុង​សៀវភៅ​ដែល​ទើប​តែ​រក​ឃើញ​នោះ​មាន​ន័យ​យ៉ាង​ណា។ ព្រះ​យេហូវ៉ា​ខឹង​នឹង​យើង​ជា​ខ្លាំង​ហើយ ព្រោះ​បុព្វ​បុរស​របស់​យើង​មិន​បាន​ធ្វើ​តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា ដោយ​កាន់​តាម​បញ្ញត្តិ​ទាំង​ប៉ុន្មាន​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​នោះ​ទេ​»។+ ២២  ដូច្នេះ ហ៊ីលគីយ៉ា​និង​អស់​អ្នក​ដែល​ស្ដេច​បាន​ចាត់ ក៏​បាន​ទៅ​ជួប​ហ៊ូលដា​ជា​ស្ត្រី​ប្រកាស​ទំនាយ។+ ហ៊ូលដា​គឺ​ជា​ប្រពន្ធ​សាលូម​ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​ខាង​សម្លៀក​បំពាក់ ត្រូវ​ជា​កូន​ធីកវ៉ា និង​ជា​ចៅ​ហាហាក់។ នាង​រស់​នៅ​ក្នុង​សង្កាត់​ថ្មី​ក្នុង​ក្រុង​យេរូសាឡិម។ ពេល​ទៅ​ដល់​ទី​នោះ ពួក​គេ​បាន​សួរ​នាង​តាម​ពាក្យ​ដែល​ស្ដេច​បង្គាប់។+ ២៣  នាង​ក៏​ឆ្លើយ​តប​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​ទៅ​ប្រាប់​អ្នក​ដែល​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​មក​ឯ​ខ្ញុំ​វិញ​ថា​៖ ២៤  ​«​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹ខ្ញុំ​នឹង​នាំ​ឲ្យ​មាន​អន្តរាយ​នៅ​ទី​នេះ រួម​ទាំង​បណ្ដា​ជន​ក្នុង​ស្រុក​នេះ+ ស្រប​តាម​ពាក្យ*ទាំង​ប៉ុន្មាន​ក្នុង​សៀវភៅ+ដែល​គេ​បាន​អាន​ឲ្យ​ស្ដេច​ស្រុក​យូដា​ស្ដាប់។ ២៥  ព្រោះ​ពួក​គេ​បាន​លះ​ចោល​ខ្ញុំ+ ហើយ​បាន​ដុត​គ្រឿង​បូជា*ជូន​ព្រះ​ឯ​ទៀត។ ការ​ប្រព្រឹត្ត​របស់​ពួក​គេ​បាន​បណ្ដាល​ឲ្យ​ខ្ញុំ​ខឹង​ជា​ខ្លាំង។+ ដូច្នេះ ខ្ញុំ​នឹង​បំផ្លាញ​ក្រុង​នេះ​ឲ្យ​សាប​សូន្យ ប្រៀប​ដូច​ជា​ភ្លើង​កំពុង​ឆាប​ឆេះ​ដែល​ពន្លត់​មិន​បាន​ឡើយ›​»។+ ២៦  ចំណែក​ឯ​ស្ដេច​ស្រុក​យូដា​ដែល​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​មក​សួរ​ព្រះ​យេហូវ៉ា សូម​ទៅ​ប្រាប់​គាត់​វិញ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​មាន​ប្រសាសន៍​ថា​៖ ‹អ្នក​បាន​ឮ​ពាក្យ​ក្នុង​សៀវភៅ​នោះ​ហើយ។+ ២៧  អ្នក​បាន​បន្ទន់​ចិត្ត​និង​មាន​ចិត្ត​រាប​ទាប​នៅ​ចំពោះ​ព្រះ កាល​ដែល​អ្នក​បាន​ឮ​ពាក្យ​ដែល​ខ្ញុំ​ទាស់​នឹង​ក្រុង​នេះ ព្រម​ទាំង​ទាស់​នឹង​បណ្ដា​ជន​ក្នុង​ក្រុង​នេះ។ ម្យ៉ាង​ទៀត អ្នក​បាន​បន្ទាប​ខ្លួន ហើយ​ហែក​អាវ ថែម​ទាំង​យំ​នៅ​ចំពោះ​ខ្ញុំ។ ខ្ញុំ​ក៏​បានឮ​អ្នក​ដែរ។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ២៨  ហេតុ​នេះ អ្នក​នឹង​មិន​ឃើញ​អន្តរាយ​ដែល​ខ្ញុំ​នឹង​នាំ​មក​លើ​ក្រុង​នេះ​ឡើយ។ អ្នក​នឹង​ស្លាប់​ដោយ​សុខ​សាន្ត ហើយ​នឹង​ត្រូវ​បញ្ចុះ​ជា​មួយ​នឹង​បុព្វ​បុរស​របស់​អ្នក›​»​›​»។+ ក្រោយ​ពី​ស្ដាប់​រួច ពួក​គេ​ក៏​នាំ​ពាក្យ​ទាំង​នោះ​ទៅ​ជម្រាប​ស្ដេច​វិញ។ ២៩  ពេល​ដែល​ស្ដេច​បាន​ឮ​ពាក្យ​ទាំង​នោះ ស្ដេច​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​បុរស​ចាស់​ទុំ​ទាំង​អស់​នៅ​ក្រុង​យេរូសាឡិម និង​ពី​ស្រុក​យូដា​ទាំង​មូល ឲ្យ​មក​ជួប​គាត់។+ ៣០  បន្ទាប់​មក ស្ដេច​បាន​ឡើង​ទៅ​ឯ​វិហារ​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​ពួក​អ្នក​ស្រុក​យូដា រួម​ទាំង​អ្នក​ដែល​រស់​នៅ​ក្រុង​យេរូសាឡិម និង​បណ្ដា​សង្ឃ ព្រម​ទាំង​ពួក​លេវី ពោល​គឺ​គ្រប់​គ្នា​ទាំង​អស់ ចាប់​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ។ រួច​មក ស្ដេច​បាន​អាន​សៀវភៅ​នៃ​កិច្ចព្រម​ព្រៀង ដែល​គេ​បាន​រក​ឃើញ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា ឲ្យ​ពួក​គេ​ស្ដាប់។+ ៣១  ស្ដេច​បាន​ឈរ​នៅ​កន្លែង​គាត់ ហើយ​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង*+ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ថា​គាត់​នឹង​ដើរ​តាម​ព្រះ​យេហូវ៉ា ហើយ​កាន់​តាម​ច្បាប់ បញ្ញត្តិ និង​សេចក្ដី​រំលឹក​ទាំង​ប៉ុន្មាន​របស់​លោក​យ៉ាង​អស់​ពី​កម្លាំង​កាយ​ចិត្ត+ ដោយ​ខំ​ព្យាយាម​ធ្វើ​តាម​ពាក្យ​ក្នុង​កិច្ច​ព្រម​ព្រៀង​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​នោះ។+ ៣២  បន្ថែម​ទៅ​ទៀត គាត់​បាន​ណែនាំ​ឲ្យ​បណ្ដា​ជន​ទាំង​អស់​នៅ​ក្រុង​យេរូសាឡិម​និង​នៅ​ទឹក​ដី​បេនយ៉ាមីន​ឲ្យ​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង​នោះ​ដែរ។ អ្នក​ក្រុង​យេរូសាឡិម​បាន​ប្រព្រឹត្ត​ស្រប​តាម​កិច្ច​ព្រម​ព្រៀង​ដែល​ពួក​គេ​បាន​ធ្វើ​ជា​មួយ​នឹង​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ។+ ៣៣  បន្ទាប់​មក យ៉ូសៀស​បាន​បំបាត់​ចោល​រូប​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម ចេញ​អស់​ពី​ស្រុក​អ៊ីស្រាអែល។+ គាត់​បាន​បំផុស​ទឹក​ចិត្ត​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​គេ។ ក្នុង​អំឡុង​ពេល​ដែល​គាត់​នៅ​រស់ បណ្ដា​ជន​មិន​បាន​បែរ​ចេញ​ពី​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ​ទេ។

កំណត់សម្គាល់

ន័យ​ត្រង់​«​ឥត​បែរ​ទៅ​ខាង​ឆ្វេង​ឬ​ខាង​ស្ដាំ​ឡើយ​»​
មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​
មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​
ឈ្មោះ​គ្រឿង​មួយ​មុខ​សម្រាប់​ទ្រ​ផ្លាន​ផ្ទះ
ន័យ​ត្រង់​«​បណ្ដាសា​»​
ឬ​«​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​»​
ឬ​«​ធ្វើ​កិច្ច​ព្រម​ព្រៀង​សា​ជា​ថ្មី​»​