ប្រវត្តិហេតុទី២ ៣៥:១-២៧

  • យ៉ូសៀស​រៀបចំ​ពិធី​បុណ្យ​រំលង​ដ៏​ធំ (​១​-​១៩)

  • យ៉ូសៀស​បាន​ត្រូវ​ផារ៉ូ​នេកូ​សម្លាប់ (​២០​-​២៧)

៣៥  យ៉ូសៀស​បាន​ធ្វើ​ពិធី​បុណ្យ​រំលង+ជូន​ព្រះ​យេហូវ៉ា​នៅ​ក្រុង​យេរូសាឡិម។ នៅ​ថ្ងៃ​ទី​១៤ ខែ​ទី​១+ គេ​បាន​សម្លាប់​សត្វ​ដែល​ត្រូវ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​ពិធី​បុណ្យ​រំលង​នោះ។+ ២  គាត់​បាន​ចាត់​ចែង​ឲ្យ​ពួក​សង្ឃ​បំពេញ​ភារកិច្ច​រៀង​ៗ​ខ្លួន ហើយ​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​បំពេញ​កិច្ច​បម្រើ​នៅ​វិហារ​ព្រះ​យេហូវ៉ា។+ ៣  ចំណែក​ពួក​លេវី​ដែល​ជា​អ្នក​បង្ហាត់​បង្រៀន​បណ្ដា​ជន​អ៊ីស្រាអែល+ និង​ជា​អ្នក​បរិសុទ្ធ​ចំពោះ​ព្រះ​យេហូវ៉ា យ៉ូសៀស​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​ចូរ​ដាក់​ហឹប​បរិសុទ្ធ​ក្នុង​វិហារ​ដែល​សាឡូម៉ូន​ជា​កូន​ដាវីឌ​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​សង់​ចុះ។+ អ្នក​រាល់​គ្នា​មិន​ចាំ​បាច់​សែង​ហឹប​នេះ​ទៀត​ឡើយ។+ ចាប់​ពី​ពេល​នេះ​ត​ទៅ អ្នក​រាល់​គ្នា​ត្រូវ​បម្រើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា និង​បម្រើ​បណ្ដា​ជន​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​លោក។ ៤  ចូរ​អ្នក​រាល់​គ្នា​ត្រៀម​ខ្លួន តាម​ក្រុម​តាម​វង្ស​ត្រកូល​នីមួយ​ៗ ស្រប​តាម​ការ​ណែនាំ​ដែល​បាន​ត្រូវ​កត់​ទុក​ដោយ​ដាវីឌ+ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល និង​ដោយ​សាឡូម៉ូន​ជា​កូន​របស់​គាត់។+ ៥  ចូរ​ឈរ​នៅ​កន្លែង​បរិសុទ្ធ​តាម​វង្ស​ត្រកូល ដើម្បី​បម្រើ​បណ្ដា​ជន​តាម​វង្ស​ត្រកូល​គ្រួសារ ស្រប​តាម​ភារកិច្ច​ដែល​ខ្លួន​បាន​ទទួល។ ៦  ចូរ​សម្លាប់​សត្វ​ដែល​ត្រូវ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​ពិធី​បុណ្យ​រំលង​ចុះ។+ ចូរ​ញែក​ខ្លួន​អ្នក​រាល់​គ្នា​ជា​បរិសុទ្ធ ហើយ​ធ្វើ​ការ​រៀបចំ​ឲ្យ​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ចុះ ដើម្បី​បំពេញ​តាម​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​តាម​រយៈ​ម៉ូសេ​»។ ៧  យ៉ូសៀស​បាន​ឲ្យ​កូន​ចៀម​ឈ្មោល និង​កូន​ពពែ​ឈ្មោល ចំនួន​៣០.០០០​ក្បាល និង​គោ​ចំនួន​៣.០០០​ក្បាល​ពី​ហ្វូង​សត្វ​របស់​គាត់​ផ្ទាល់ ដើម្បី​ជូន​ជា​គ្រឿង​បូជា​ក្នុង​ពិធី​បុណ្យ​រំលង​សម្រាប់​បណ្ដា​ជន​ទាំង​អស់​ដែល​បាន​មក​ចូល​រួម។+ ៨  ឯ​ពួក​អភិបាល​វិញ ពួក​គេ​ក៏​បាន​ឲ្យ​វិភាគទាន​ជា​គ្រឿង​បូជា​ស្ម័គ្រ​ពី​ចិត្ត សម្រាប់​បណ្ដា​ជន សម្រាប់​ពួក​សង្ឃ​និង​ពួក​លេវី​ដែរ។ ចំណែក​ហ៊ីលគីយ៉ា+ សាការី និង​យេហែល ជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​វិហារ​របស់​ព្រះ​ពិត ពួក​គេ​ក៏​បាន​ឲ្យ​ចៀម​និង​ពពែ​ចំនួន​២.៦០០​ក្បាល ព្រម​ទាំង​គោ​ចំនួន​៣០០​ក្បាល ដល់​ពួក​សង្ឃ​សម្រាប់​ជា​គ្រឿង​បូជា​នៃ​ពិធី​បុណ្យ​រំលង។ ៩  ឯ​កូណានា សិមម៉ាយ៉ា​និង​នេថានេល​ជា​បង​ប្អូន​របស់​គាត់ រួម​ទាំង​ហាសាបៀ យេអែល​និង​យ៉ូសាបាត​ដែល​ជា​មេ​លើ​ពួក​លេវី ពួក​គេ​ទាំង​នោះ​បាន​ឲ្យ​ពួក​លេវី​នូវ​ចៀម​និង​ពពែ​ចំនួន​៥.០០០​ក្បាល និង​គោ​ចំនួន​៥០០​ក្បាល ជា​គ្រឿង​បូជា​សម្រាប់​ពិធី​បុណ្យ​រំលង។ ១០  ដូច្នេះ ពិធី​បុណ្យ​នោះ​បាន​ត្រូវ​រៀបចំ​ជា​ស្រេច ហើយ​ពួក​សង្ឃ​បាន​បំពេញ​ភារកិច្ច​តាម​កន្លែង​របស់​ពួក​គេ​រៀង​ខ្លួន។+ ឯ​ពួក​លេវី​ក៏​បាន​បំពេញ​ភារកិច្ច​តាម​ក្រុម​របស់​ពួក​គេ​ដែរ ដូច​ដែល​ស្ដេច​បាន​បង្គាប់។ ១១  ពួក​លេវី​បាន​សម្លាប់​សត្វ​ដែល​ត្រូវ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​ពិធី​បុណ្យ​រំលង+ រួច​យក​ឈាម​សត្វ​ទៅ​ប្រគល់​ឲ្យ​ពួក​សង្ឃ។ បន្ទាប់​មក ពួក​សង្ឃ​បាន​យក​ឈាម​នោះ​ទៅ​ប្រោះ​នៅ​លើ​ទី​បូជា+ ហើយ​ពួក​លេវី​ឯ​ទៀត​ក៏​ពន្លាត់​ស្បែក​សត្វ​នៅ​ពេល​នោះ​ដែរ។+ ១២  បន្ទាប់​ពី​នោះ ពួក​លេវី​បាន​រៀបចំ​គ្រឿង​បូជា​ដុត ដើម្បី​បែង​ចែក​ដល់​បណ្ដា​ជន​តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ។ យ៉ាង​នេះ បណ្ដា​ជន​អាច​ជូន​ទៅ​ព្រះ​យេហូវ៉ា ដូច​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ម៉ូសេ។ ពួក​គេ​ក៏​ធ្វើ​ដូច្នោះ​ដែរ​ចំពោះ​សត្វ​គោ​ដែល​ត្រូវ​ជូន​ជា​គ្រឿង​បូជា។ ១៣  ពួក​គេ​ចម្អិន*សាច់​សត្វ​ដែល​ត្រូវ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​ពិធី​បុណ្យ​រំលង​នៅ​លើ​ភ្លើង ស្រប​តាម​ទំនៀម​ទម្លាប់+ ហើយ​ក៏​បាន​ចម្អិន​គ្រឿង​បូជា​បរិសុទ្ធ​នៅ​ក្នុង​ឆ្នាំង ក្នុង​ថ្លាង​ដែក និង​ខ្ទះ។ ក្រោយ​មក ពួក​គេ​ប្រញាប់​យក​សាច់​នោះ​ទៅ​ឲ្យ​បណ្ដា​ជន។ ១៤  រួច​មក ពួក​គេ​បាន​រៀបចំ​អាហារ​សម្រាប់​ខ្លួន និង​សម្រាប់​ពួក​សង្ឃ ដោយ​សារ​ពួក​សង្ឃ​ដែល​ជា​កូន​ចៅ​អេរ៉ុន កំពុង​ជាប់​រវល់​ជូន​គ្រឿង​បូជា​ដុត​និង​ខ្លាញ់​នៃ​គ្រឿង​បូជា រហូត​ដល់​យប់។ ១៥  ឯ​ពួក​អ្នក​ចម្រៀង​ជា​កូន​ចៅ​អេសាភ+ ពួក​គេ​បំពេញ​ភារកិច្ច​នៅ​តាម​កន្លែង​រៀង​ៗ​ខ្លួន​ស្រប​តាម​ការ​ណែនាំ​របស់​ដាវីឌ+ តាម​ការ​ណែនាំ​ពី​អេសាភ+ ហេម៉ាន និង​យេឌូថិន+ជា​អ្នក​ទទួល​ការ​បើក​បង្ហាញ​ពី​ព្រះ​ដើម្បី​ណែនាំ​ស្ដេច។ ចំណែក​អ្នក​យាម​ទ្វារ ពួក​គេ​យាម​នៅ​ទ្វារ​ផ្សេង​ៗ។+ ពួក​គេ​មិន​ចាំ​បាច់​ចាក​ចេញ​ពី​កន្លែង​ធ្វើ​ការ​របស់​ខ្លួន​ទេ ព្រោះ​ពួក​លេវី​ជា​បង​ប្អូន​របស់​ពួក​គេ​បាន​រៀបចំ​អាហារ​ឲ្យ​ហើយ។ ១៦  ដូច្នេះ នៅ​ថ្ងៃ​នោះ ពួក​គេ​បាន​បង្ហើយ​ការ​រៀបចំ​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ាបាន​តម្រូវ​សម្រាប់​ធ្វើ​ពិធី​បុណ្យ​រំលង+ និង​ដើម្បី​ជូន​គ្រឿង​បូជា​ដុត​នៅ​លើ​ទី​បូជា​របស់​ព្រះ​យេហូវ៉ា ស្រប​តាម​បង្គាប់​របស់​ស្ដេច​យ៉ូសៀស។+ ១៧  ឯ​បណ្ដា​ជន​អ៊ីស្រាអែល​ដែល​មាន​វត្តមាន​នៅ​ទី​នោះ ពួក​គេ​បាន​ធ្វើ​បុណ្យ​រំលង ហើយ​ធ្វើ​បុណ្យ​នំ​ប៉័ង​ឥត​ដំបែ​អស់​៧​ថ្ងៃ។+ ១៨  តាំង​ពី​គ្រា​សាំយូអែល​ជា​អ្នក​ប្រកាស​ទំនាយ​មក មិន​ដែល​មាន​បុណ្យ​រំលង​ណា​ដូច​បុណ្យ​រំលង​នេះ​ទេ ហើយ​តាំង​ពី​គ្រា​ស្ដេច​ស្រុក​អ៊ីស្រាអែល​មក ក៏​មិន​ដែល​មាន​ស្ដេច​ណា​ដែល​បាន​ធ្វើ​ពិធី​បុណ្យ​រំលង​ដូច​ស្ដេច​យ៉ូសៀស+បាន​ធ្វើ​ដែរ។ ក្នុង​ពិធី​បុណ្យ​នេះ​បណ្ដា​សង្ឃ ពួក​លេវី បណ្ដា​ជន​អ៊ីស្រាអែល បណ្ដា​ជន​យូដា និង​អ្នក​ក្រុង​យេរូសាឡិម​ទាំង​អស់ បាន​សហការ​គ្នា​ប្រារព្ធ​ពិធី​នេះ​ឡើង​យ៉ាង​អធិកអធម។ ១៩  ពិធី​បុណ្យ​រំលង​នេះ​បាន​ត្រូវ​ធ្វើ​ឡើង​នៅ​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​យ៉ូសៀស។ ២០  ក្រោយ​ពី​យ៉ូសៀស​បាន​ធ្វើ​ពិធី​បុណ្យ​នេះ​និង​បាន​រៀបចំ​វិហារ​ព្រះ​រួច មាន​ថ្ងៃ​មួយ នេកូ+ជា​ស្ដេច​ស្រុក​អេហ្ស៊ីប​បាន​មក​ច្បាំង​នៅ​ឯ​កាកេមីស ដែល​នៅ​ក្បែរ​ទន្លេ​អឺប្រាត។ ពេល​នោះ យ៉ូសៀស​បាន​ឡើង​ទៅ​ច្បាំង​នឹង​នេកូ។+ ២១  ដូច្នេះ នេកូ​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រាប់​យ៉ូសៀស​ថា​៖ ​«​ឱ​ស្ដេច​ស្រុក​យូដា​អើយ! តើ​អ្នក​និង​ខ្ញុំ​មាន​រឿង​អ្វី​នឹង​គ្នា? ថ្ងៃ​នេះ ខ្ញុំ​មិន​មែន​មក​ច្បាំង​នឹង​អ្នក​ទេ តែ​ទៅ​ច្បាំង​នឹង​រាជាណាចក្រ​ផ្សេង​ទៀត​ទេ​តើ ហើយ​ព្រះ​បាន​បង្គាប់​ឲ្យ​ខ្ញុំ​ទៅ​ជា​ប្រញាប់។ បើ​ចង់​សុខ​ខ្លួន កុំ​មក​ប្រឆាំង​នឹង​ព្រះ​ដែល​កំពុង​គាំទ្រ​ខ្ញុំ​ឡើយ ពុំ​នោះ​ទេ​លោក​នឹង​ធ្វើ​ឲ្យ​អ្នក​វិនាស​ជា​មិន​ខាន​»។ ២២  ប៉ុន្តែ យ៉ូសៀស​មិន​បាន​ស្ដាប់​សម្ដី​របស់​នេកូ ដែល​ជា​ប្រសាសន៍​របស់​ព្រះ​នោះ​ទេ ហើយ​ក៏​មិន​បាន​ដក​ថយ​ពី​នេកូ​ដែរ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​បន្លំ​ខ្លួន+ចូល​ទៅ​ច្បាំង​នឹង​នេកូ​នៅ​វាល*មេគីដោ។+ ២៣  ក្នុង​ចម្បាំង​នោះ ពល​ធ្នូ​បាន​បាញ់​ត្រូវ​ស្ដេច​យ៉ូសៀស។ រួច​យ៉ូសៀស​ក៏​ប្រាប់​ពួក​អ្នក​បម្រើ​គាត់​ថា​៖ ​«​ចូរ​នាំ​ខ្ញុំ​ចេញ​ពី​ទី​នេះ​ជា​ប្រញាប់ ព្រោះ​ខ្ញុំ​ត្រូវ​របួស​ធ្ងន់​ណាស់​»។ ២៤  ដូច្នេះ ពួក​អ្នក​បម្រើ​របស់​គាត់​បាន​យក​គាត់​ចេញ​ពី​រទេះ​ចម្បាំង​ដែល​គាត់​កំពុង​ជិះ ហើយ​ដាក់​គាត់​នៅ​រទេះ​ចម្បាំង​មួយ​ទៀត* រួច​នាំ​គាត់​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ។ យ៉ូសៀស​ក៏​បាន​ស្លាប់​ទៅ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្នុង​ផ្នូរ​ជា​មួយ​នឹង​បុព្វ​បុរស​គាត់។+ បណ្ដា​ជន​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​បាន​យំ​ស្រណោះ​គាត់។ ២៥  យេរេមា+បាន​ស្មូត​បទ​ទំនួញ​រំលឹក​អំពី​យ៉ូសៀស ហើយ​អ្នក​ចម្រៀង​ទាំង​អស់​ទាំង​ប្រុស​ទាំង​ស្រី+ បាន​ច្រៀង​បទ​ទំនួញ​រំលឹក​អំពី​គាត់​រហូត​ដល់​សព្វ​ថ្ងៃ។ ពួក​គេ​បាន​សម្រេច​ច្រៀង​បទ​ទំនួញ​នោះ​នៅ​ស្រុក​អ៊ីស្រាអែល ហើយ​គេ​ក៏​បាន​កត់​ទុក​បទ​ទំនួញ​នោះ​ជា​មួយ​នឹង​បទ​ទំនួញ​ឯ​ទៀត​ដែរ។ ២៦  ឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​យ៉ូសៀស​បាន​ធ្វើ និង​ទង្វើ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់ ក្នុង​ការ​កាន់​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា ២៧  ព្រម​ទាំង​ការ​ប្រព្រឹត្ត​ទាំង​អស់​របស់​គាត់​តាំង​ពី​ដើម​ដល់​ចប់ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​នៃ​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល និង​បណ្ដា​ស្ដេច​ស្រុក​យូដា។+

កំណត់សម្គាល់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​អាំង​»​
ឬ​«​ជ្រលង​ភ្នំ​»​
ឬ​«​រទេះ​ចម្បាំង​មួយ​ទៀត​របស់​ស្ដេច​»​