ប្រវត្តិហេតុទី២ ៣៦:១-២៣

  • យេហូអាហាស​ជា​ស្ដេច​ស្រុក​យូដា (​១​-​៣)

  • យេហូយ៉ាគីម​ជា​ស្ដេច​ស្រុក​យូដា (​៤​-​៨)

  • យេហូយ៉ាគីន​ជា​ស្ដេច​ស្រុក​យូដា (​៩, ១០)

  • សេដេគា​ជា​ស្ដេច​ស្រុក​យូដា (​១១​-​១៤)

  • ការ​បំផ្លាញ​ក្រុង​យេរូសាឡិម (​១៥​-​២១)

  • ស៊ីរូស​ចេញ​ច្បាប់​ឲ្យ​សង់​វិហារ​ឡើង​វិញ (​២២, ២៣)

៣៦  រួច​មក បណ្ដា​ជន​បាន​លើក​យេហូអាហាស+ជា​កូន​យ៉ូសៀស ឲ្យ​ឡើង​ធ្វើ​ជា​ស្ដេច​បន្ទាប់​ពី​ឪពុក​គាត់។+ ២  ពេល​យេហូអាហាស​បាន​ទៅ​ជា​ស្ដេច គាត់​មាន​អាយុ​២៣​ឆ្នាំ។ គាត់​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​បាន​បី​ខែ។ ៣  ក្រោយ​មក ស្ដេច​ស្រុក​អេហ្ស៊ីប​បាន​ទម្លាក់​គាត់​ពី​តំណែង​ជា​ស្ដេច​នៅ​ក្រុង​យេរូសាឡិម ហើយ​បាន​តម្រូវ​ឲ្យ​បណ្ដា​ជន​ស្រុក​យូដា​បង់​សួយ​អាករ​ជា​ប្រាក់​ចំនួន​១០០​ថាលិន* និង​មាស​ចំនួន​១​ថាលិន។+ ៤  រួច​មក នេកូ​ជា​ស្ដេច​ស្រុក​អេហ្ស៊ីប​បាន​តែង​តាំង​អេលាគីម​ជា​ប្អូន​ប្រុស​របស់​យេហូអាហាស ឲ្យ​ឡើង​ធ្វើ​ជា​ស្ដេច​លើ​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា​ជំនួស​វិញ ហើយ​គាត់​បាន​ប្ដូរ​ឈ្មោះ​អេលាគីម​ទៅ​ជា​យេហូយ៉ាគីម។ ចំណែក​ឯ​យេហូអាហាស​វិញ នេកូ+បាន​នាំ​យក​ទៅ​ស្រុក​អេហ្ស៊ីប។+ ៥  ពេល​យេហូយ៉ាគីម+បាន​ទៅ​ជា​ស្ដេច គាត់​មាន​អាយុ​២៥​ឆ្នាំ។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​១១​ឆ្នាំ។ គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។+ ៦  នៅ​គ្រា​មួយ នេប៊ូក្នេសា+ជា​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​លើក​ទ័ព​មក​ច្បាំង​នឹង​គាត់ ហើយ​ចាប់​គាត់​ដាក់​ខ្នោះ​ស្ពាន់ រួច​នាំ​គាត់​ទៅ​ស្រុក​បាប៊ីឡូន។+ ៧  នេប៊ូក្នេសា​ក៏​បាន​ប្រមូល​យក​ប្រដាប់​ប្រដា​ខ្លះ​ពី​វិហារ​ព្រះ​យេហូវ៉ា​ទៅ​ស្រុក​បាប៊ីឡូន ហើយ​យក​ប្រដាប់​ប្រដា​ទាំង​នោះ​ទៅ​ដាក់​ក្នុង​វិមាន​របស់​គាត់។+ ៨  រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​យេហូយ៉ាគីម​បាន​ធ្វើ និង​ការ​ប្រព្រឹត្ត​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​របស់​គាត់ ព្រម​ទាំង​ទោស​កំហុស​ទាំង​ប៉ុន្មាន​របស់​គាត់ គឺ​សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​នៃ​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល​និង​បណ្ដា​ស្ដេច​ស្រុក​យូដា។ ក្រោយ​មក យេហូយ៉ាគីន​ជា​កូន​របស់​គាត់ ក៏​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។+ ៩  ពេល​យេហូយ៉ាគីន+បាន​ទៅ​ជា​ស្ដេច គាត់​មាន​អាយុ​១៨​ឆ្នាំ។ គាត់​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​បាន​៣​ខែ​១០​ថ្ងៃ។ គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។+ ១០  នៅ​ដើម​ឆ្នាំ* ស្ដេច​នេប៊ូក្នេសា​បាន​ចាត់​ទ័ព​របស់​គាត់ ឲ្យ​ទៅ​ចាប់​យេហូយ៉ាគីន​យក​ទៅ​ស្រុក​បាប៊ីឡូន+ ថែម​ទាំង​ឲ្យ​ប្រមូល​យក​របស់​របរ​មាន​តម្លៃ​ពី​វិហារ​ព្រះ​យេហូវ៉ា​ទៅ​ជា​មួយ​ផង​ដែរ។+ បន្ទាប់​មក នេប៊ូក្នេសា​បាន​តែង​តាំង​សេដេគា​ជា​ឪពុកមា​របស់​យេហូយ៉ាគីន ឲ្យ​ឡើង​ធ្វើ​ជា​ស្ដេច​លើ​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា។+ ១១  ពេល​សេដេគា+បាន​ទៅ​ជា​ស្ដេច គាត់​មាន​អាយុ​២១​ឆ្នាំ។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​១១​ឆ្នាំ។+ ១២  គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។ គាត់​មិន​បាន​បន្ទាប​ខ្លួន​ទេ កាល​ដែល​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ​ទៅ​ព្រមាន​គាត់+ ស្រប​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា។ ១៣  បន្ថែម​ទៅ​ទៀត គាត់​បាន​បះ​បោរ​ប្រឆាំង​នឹង​ស្ដេច​នេប៊ូក្នេសា+ ជា​អ្នក​ដែល​បាន​ឲ្យ​គាត់​ស្បថ​ក្នុង​នាម​ព្រះ។ សេដេគា​នៅ​តែ​មាន​ចិត្ត​រឹង​រូស ហើយ​មិន​ព្រម​បែរ​មក​រក​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ទេ។ ១៤  រីឯ​បណ្ដា​សង្ឃនាយក​និង​បណ្ដា​ជន​ទាំង​អស់ ពួក​គេ​កាន់​តែ​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ថែម​ទៀត។ ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​តាម​ប្រជា​ជាតិ​នា​នា ថែម​ទាំង​បន្ទាប​បន្ថោក​វិហារ​ព្រះ​យេហូវ៉ា+ក្នុង​ក្រុង​យេរូសាឡិម​ទៀត​ផង គឺ​ជា​វិហារ​ដែល​លោក​បាន​ញែក​ជា​បរិសុទ្ធ។ ១៥  ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ តែង​តែ​ព្រមាន​ពួក​គេ​ម្ដង​ហើយ​ម្ដង​ទៀត តាម​រយៈ​ពួក​អ្នក​នាំ​សារ​របស់​លោក ពី​ព្រោះ​លោក​អាណិត​មេត្តា​ដល់​រាស្ត្រ​លោក ហើយ​គិត​ដល់​វិហារ​របស់​លោក។* ១៦  ក៏​ប៉ុន្តែ ពួក​គេ​តែង​តែ​សើច​ចំអក​ឲ្យ​ពួក​អ្នក​នាំ​សារ​របស់​ព្រះ​ពិត+ ហើយ​មិន​ព្រម​ស្ដាប់​ប្រសាសន៍​របស់​លោក​ទេ។+ ពួក​គេ​ថែម​ទាំង​ប្រមាថ​មើល​ងាយ​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា+ជា​ច្រើន​លើក​ច្រើន​សា រហូត​ដល់​លោក​ខឹង​នឹង​ពួក​គេ​ជា​ខ្លាំង។+ លោក​កែ​តម្រង់​ពួក​គេ​លែង​បាន​ហើយ។ ១៧  ហេតុ​នេះ ព្រះ​បាន​បណ្ដាល​ឲ្យ​ស្ដេច​នៃ​ពួក​ខាល់ដេ​លើក​ទ័ព​មក​ច្បាំង​នឹង​ពួក​គេ។+ ស្ដេច​នោះ​បាន​សម្លាប់​ពួក​យុវជន+ក្នុង​វិហារ+ដោយ​គ្មាន​មេត្តា ហើយ​ក៏​បាន​ប្រហារ​ពួក​ស្រី​ក្រមុំ មនុស្ស​ចាស់​ជរា និង​ពួក​អ្នក​ទន់​ខ្សោយ ដោយ​ឥត​ត្រា​ប្រណី​ដែរ។+ ព្រះ​បាន​ប្រគល់​ពួក​គេ​និង​អ្វី​ៗ​ទាំង​អស់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្ដេច​នោះ។+ ១៨  ស្ដេច​នៃ​ពួក​ខាល់ដេ​ក៏​បាន​ប្រមូល​យក​ប្រដាប់​ប្រដា​ទាំង​អស់ ទាំង​តូច​ទាំង​ធំ​ពី​វិហារ​របស់​ព្រះ​ពិត។ បន្ថែម​ទៅ​ទៀត គាត់​បាន​ប្រមូល​យក​ទ្រព្យ​សម្បត្តិ​ពី​វិហារ​ព្រះ​យេហូវ៉ា ពី​វិមាន​ស្ដេច​និង​ផ្ទះ​របស់​ពួក​អភិបាល យក​ទៅ​ស្រុក​បាប៊ីឡូន។+ ១៩  គាត់​ក៏​បាន​ដុត​បំផ្លាញ​វិហារ​របស់​ព្រះ​ពិត+ និង​ប៉ម​រឹង​មាំ​ទាំង​អស់ ហើយ​រំលំ​កំពែង​ក្រុង​យេរូសាឡិម+ ព្រម​ទាំង​បំផ្លាញ​របស់​របរ​ដែល​មាន​តម្លៃ​ផង​ដែរ។+ ២០  បន្ទាប់​មក គាត់​បាន​ចាប់​ពួក​អ្នក​ដែល​នៅ​រស់ យក​ទៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​គាត់​និង​កូន​ចៅ​គាត់​នៅ​ស្រុក​បាប៊ីឡូន។+ ពួក​អ្នក​ទាំង​នោះ​បន្ត​ធ្វើ​ជា​ខ្ញុំ​បម្រើ​ពួក​គេ+ រហូត​ដល់​រាជាណាចក្រ​ពើស៊ី​ចាប់​ផ្ដើម​គ្រប់​គ្រង។+ ២១  នេះ​បាន​កើត​ឡើង​ស្រប​តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​តាម​រយៈ​យេរេមា។+ ទឹក​ដី​បាន​ត្រូវ​ទុក​ចោល​រហូត​ដល់​គម្រប់​ពេល​ដែល​ទឹក​ដី​នោះ​មិន​បាន​សម្រាក+ គឺ​បាន​ត្រូវ​ទុក​ចោល​អស់​រយៈ​ពេល​៧០​ឆ្នាំ​គត់ ជា​រយៈ​ពេល​ដែល​ពួក​គេ​មិន​បាន​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​ដោយ​ទុក​ឲ្យ​ដី​សម្រាក​ទេ។+ ២២  នៅ​ឆ្នាំ​ទី​១​ក្នុង​រាជ្យ​ស៊ីរូស+ជា​ស្ដេច​ស្រុក​ពើស៊ី ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​ចិត្ត​គាត់​ចេញ​សេចក្ដី​ប្រកាស​មួយ​នៅ​ទូ​ទាំង​រាជាណាចក្រ​របស់​គាត់។+ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ប្រសាសន៍​របស់​លោក​តាម​រយៈ​យេរេមា+បាន​ក្លាយ​ជា​ការ​ពិត។ សេចក្ដី​ប្រកាស​នោះ​មាន​ដូច​ត​ទៅ​៖ ២៣  ​«​ស្ដេច​ស៊ីរូស​ជា​ស្ដេច​ស្រុក​ពើស៊ី​បាន​មាន​ប្រសាសន៍​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ស្ថាន​សួគ៌​បាន​ប្រគល់​រាជាណាចក្រ​ទាំង​អស់​នៅ​ផែនដី+ មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ ហើយ​លោក​បាន​ចាត់​ខ្ញុំ​ឲ្យ​សង់​វិហារ​មួយ​ជូន​លោក នៅ​ក្រុង​យេរូសាឡិម​ក្នុង​ស្រុក​យូដា។+ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​ជា​រាស្ត្រ​របស់​លោក ចូរ​ទៅ​ក្រុង​យេរូសាឡិម​វិញ។ សូម​ឲ្យ​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​ពួក​គេ›​»។+

កំណត់សម្គាល់

មួយ​ថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ប្រហែល​ជា​អំឡុង​ខែ​មេសា​និង​ឧសភា។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៥
ន័យ​ត្រង់​«​ទី​អាស្រ័យ​នៅ​របស់​លោក​»​