ប្រវត្តិហេតុទី២ ៤:១-២២

  • ទី​បូជា អាង​ទឹក​ធំ និង​ចាន​ក្លាំ (​១​-​៦)

  • ជើង​ចង្កៀង តុ និង​ទី​ធ្លា (​៧​-​១១​ក)

  • ប្រដាប់​ប្រដា​នៅ​វិហារ​បាន​ត្រូវ​ធ្វើ​រួច​រាល់ (​១១ខ​-​២២)

 បន្ទាប់​មក គាត់​បាន​ធ្វើ​ទី​បូជា​ពី​ស្ពាន់+ ដែល​មាន​បណ្ដោយ​២០​ហត្ថ ទទឹង​២០​ហត្ថ និង​កម្ពស់​១០​ហត្ថ។ ២  គាត់​បាន​ធ្វើ​អាង​ធំ+មួយ​ពី​ស្ពាន់។ អាង​នោះ​មាន​រាង​មូល មាត់​វា​ពី​ម្ខាង​ទៅ​ម្ខាង​មាន​ប្រវែង​១០​ហត្ថ និង​កម្ពស់​៥​ហត្ថ ហើយ​បើ​យក​ខ្សែ​មក​វាស់​ជុំវិញ​អាង ឃើញ​មាន​ប្រវែង​៣០​ហត្ថ។+ ៣  នៅ​ក្រោម​គែម​មាត់​អាង មាន​ក្បាច់​ផ្លែ​ឃ្លោក+ជុំវិញ ក្នុង​មួយ​ហត្ថ​មាន​ផ្លែ​ឃ្លោក​១០ ហើយ​មាន​ពីរ​ជួរ។ ក្បាច់​ទាំង​នោះ​បាន​ត្រូវ​ចាក់​ពុម្ព​ក្នុង​កាល​ដែល​គេ​ធ្វើ​អាង​នោះ​តែ​ម្ដង។ ៤  អាង​នោះ​បាន​ត្រូវ​ដាក់​នៅ​លើ​រូប​គោ​១២+ គោ​៣​បែរ​មុខ​ទៅ​ទិស​ខាង​ជើង គោ​៣​បែរ​មុខ​ទៅ​ទិស​ខាង​លិច គោ​៣​បែរ​មុខ​ទៅ​ទិស​ខាង​ត្បូង និង​គោ​៣​បែរ​មុខ​ទៅ​ទិស​ខាង​កើត ហើយ​គោ​ទាំង​អស់​បែរ​គូទ​ចូល​គ្នា។ ៥  អាង​នោះ​មាន​កម្រាស់​មួយ​ទះ* ហើយ​មាត់​វា​មាន​រាង​ដូច​មាត់​ពែង និង​ដូច​ផ្កា​លីលី​រីក។ អាង​នោះ​មាន​ចំណុះ​៣.០០០​បាត។* ៦  បន្ថែម​ទៀត គាត់​បាន​ធ្វើ​ចាន​ក្លាំ​១០ ហើយ​យក​៥​ដាក់​នៅ​ចំហៀង​ខាង​ស្ដាំ​វិហារ ៥​ទៀត​ដាក់​នៅ​ចំហៀង​ខាង​ឆ្វេង។+ គេ​ប្រើ​ទឹក​ក្នុង​ចាន​ក្លាំ​នោះ​ដើម្បី​លាង​សម្អាត​អ្វី​ៗ​ដែល​ទាក់​ទង​នឹង​គ្រឿង​បូជា​ដុត។+ ឯ​ទឹក​ក្នុង​អាង​ធំ​វិញ គឺ​សម្រាប់​ពួក​សង្ឃ​លាង​សម្អាត​ខ្លួន។+ ៧  រួច​មក គាត់​បាន​ធ្វើ​ជើង​ចង្កៀង​១០​ពី​មាស+ ស្រប​តាម​ការ​ណែនាំ​ដែល​គាត់​បាន​ទទួល។+ គាត់​បាន​ដាក់​ជើង​ចង្កៀង​ទាំង​នោះ​នៅ​ក្នុង​វិហារ គឺ​៥​នៅ​ខាង​ស្ដាំ និង​៥​នៅ​ខាង​ឆ្វេង។+ ៨  គាត់​ក៏​បាន​ធ្វើ​តុ​១០​សម្រាប់​ដាក់​ក្នុង​វិហារ គឺ​គាត់​ដាក់​៥​នៅ​ខាង​ស្ដាំ ៥​នៅ​ខាង​ឆ្វេង។+ រួច​មក គាត់​បាន​ធ្វើ​ចាន​គោម​មាស​ចំនួន​១០០។ ៩  គាត់​បាន​សង់​ទី​ធ្លា+សម្រាប់​ពួក​សង្ឃ+ និង​ទី​ធ្លា​ធំ។+ គាត់​ក៏​បាន​ធ្វើ​ទ្វារ​របង​ទី​ធ្លា​ដែរ ហើយ​ស្រោប​ទ្វារ​ទាំង​នោះ​ដោយ​ស្ពាន់។ ១០  គាត់​បាន​ដាក់​អាង​ធំ​នៅ​ខាង​ស្ដាំ​វិហារ នា​ទិស​ខាង​ត្បូង​ឆៀង​ខាង​កើត។+ ១១  ហ៊ីរ៉ាម​ក៏​បាន​ធ្វើ​ធុង​សម្រាប់​ដាក់​ផេះ ប៉ែល និង​ចាន​គោម​ដែរ។+ ដូច្នេះ គាត់​បាន​ធ្វើ​កិច្ចការ​ទាំង​អស់​ឲ្យ​ស្ដេច​សាឡូម៉ូន​សម្រាប់​វិហារ​របស់​ព្រះ​ពិត​ចប់​សព្វ​គ្រប់។ ស្នា​ដៃ​ទាំង​នោះ​មាន​ដូច​ត​ទៅ​៖+ ១២  សសរ​ពីរ​ដើម+ និង​ក្បាល​សសរ​ទាំង​ពីរ​ដែល​មាន​រាង​ដូច​ចាន​ក្រឡូម ក្បាច់​ក្រឡា​អួន+ដែល​លម្អ​លើ​ក្បាល​សសរ​ទាំង​ពីរ​នោះ ១៣  ផ្លែ​ទទឹម​៤០០+សម្រាប់​ដាក់​លើ​ក្បាច់​ក្រឡា​អួន​ទាំង​ពីរ ក្បាច់​ក្រឡា​អួន​នីមួយ​ៗ​មាន​ផ្លែ​ទទឹម​ពីរ​ជួរ ដើម្បី​លម្អ​លើ​ក្បាល​សសរ​ទាំង​ពីរ​នោះ+ ១៤  រទេះ​ទឹក​ចំនួន​១០ និង​ចាន​ក្លាំ​ចំនួន​១០​ដាក់​លើ​រទេះ​ទាំង​នោះ+ ១៥  អាង​ធំ និង​រូប​គោ​ឈ្មោល​១២​ដែល​ទ្រ​អាង​នោះ+ ១៦  ព្រម​ទាំង​ធុង​សម្រាប់​ដាក់​ផេះ ប៉ែល សម+ និង​របស់​របរ​ទាំង​អស់។ ហ៊ីរ៉ាមអេបៀវ+បាន​ធ្វើ​របស់​ទាំង​នោះ​ពី​ស្ពាន់​ខាត់​យ៉ាង​ភ្លឺ ជូន​ស្ដេច​សាឡូម៉ូន​សម្រាប់​វិហារ​ព្រះ​យេហូវ៉ា។ ១៧  ស្ដេច​បាន​ឲ្យ​គេ​ធ្វើ​របស់​របរ​ទាំង​នោះ​ក្នុង​ពុម្ព​ដី​ឥដ្ឋ នៅ​តំបន់​ទន្លេយ៉ូដាន់ ត្រង់​ចន្លោះ​សិកូត+និង​សេរេដា។ ១៨  សាឡូម៉ូន​បាន​ធ្វើ​របស់​របរ​ទាំង​នោះ​យ៉ាង​ច្រើន​ក្រៃ​លែង។ ឯ​ទម្ងន់​ស្ពាន់​ដែល​គេ​ធ្វើ​របស់​ទាំង​នោះ គ្មាន​អ្នក​ណា​ដឹង​ទេ។+ ១៩  សាឡូម៉ូន​បាន​ធ្វើ​របស់​របរ​ទាំង​អស់+សម្រាប់​វិហារ​ព្រះ​ពិត រួម​មាន​៖ ទី​បូជា​ធ្វើ​ពី​មាស+ តុ+សម្រាប់​ដាក់​នំ​ប៉័ង​តាំង​ទុក+ ២០  ចង្កៀង​និង​ជើង​ចង្កៀង​ពី​មាស​សុទ្ធ+ សម្រាប់​ដុត​នៅ​មុខ​បន្ទប់​ខាង​ក្នុង​បំផុត ស្រប​តាម​ការ​ណែនាំ។ ២១  ឯ​ផ្កា ចង្កៀង និង​ប្រដាប់​ពន្លត់​ប្រឆេះ​ក៏​ធ្វើ​ពី​មាស​សុទ្ធ​ដែរ។ ២២  ប្រដាប់​កាត់​ប្រឆេះ ចាន​គោម ពែង និង​ប្រដាប់​ដាក់​រងើក​ភ្លើង សុទ្ធតែ​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់។ ឯ​ទ្វារ​ចូល​វិហារ និង​ទ្វារ​ចូល​បន្ទប់​បរិសុទ្ធ​បំផុត+ ក៏​ធ្វើ​ពី​មាស​ដែរ។+

កំណត់សម្គាល់

ប្រហែល​ជា​៧,៤​សង់ទីម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
មួយ​បាត​ស្មើ​នឹង​២២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤