ប្រវត្តិហេតុទី២ ៨:១-១៨

  • គម្រោង​សាង​សង់​ឯ​ទៀត​របស់​សាឡូម៉ូន (​១​-​១១)

  • ការ​គោរព​ប្រណិប័តន៍​នៅ​ឯ​វិហារ​បាន​ត្រូវ​រៀបចំ (​១២​-​១៦)

  • ក្រុម​សំពៅ​របស់​សាឡូម៉ូន (​១៧, ១៨)

 សាឡូម៉ូន​បាន​ចំណាយ​ពេល​អស់​២០​ឆ្នាំ ដើម្បី​សាង​សង់​វិហារ​ព្រះ​យេហូវ៉ា និង​វិមាន​របស់​គាត់។+ ២  ក្រោយ​មក សាឡូម៉ូន​បាន​សង់​ឡើង​វិញ​នូវ​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ហ៊ីរ៉ាម+បាន​ប្រគល់​ឲ្យ​គាត់។ រួច​មក គាត់​បាន​ចាត់​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​ទៅ​រស់​នៅ​ទី​នោះ។ ៣  បន្ថែម​ទៅ​ទៀត សាឡូម៉ូន​បាន​ទៅ​ច្បាំង​ដណ្ដើម​យក​តំបន់​ហាម៉ាតសូបា។ ៤  បន្ទាប់​មក គាត់​បាន​សង់*ក្រុង​ថាត់ម៉ោរ​នៅ​តំបន់​ស្ងាត់​ជ្រងំ ហើយ​គាត់​ក៏​បាន​សង់​ក្រុង​នា​នា​ក្នុង​ទឹក​ដី​ហាម៉ាត+ទុក​ធ្វើ​ជា​ឃ្លាំង។+ ៥  គាត់​បាន​ពង្រឹង​ក្រុង​បេតហូរ៉ុន​ប៉ែក​ខាង​ក្រោម+និង​ខាង​លើ+ ដោយ​សង់​កំពែង ទ្វារ និង​រនុក។ ៦  សាឡូម៉ូន​ក៏​បាន​សង់​ក្រុង​បាឡាថ+ និង​ក្រុង​ខ្លះ​សម្រាប់​ធ្វើ​ជា​ឃ្លាំង ក្រុង​ខ្លះ​សម្រាប់​ដាក់​រទេះ​ចម្បាំង+ និង​ក្រុង​ខ្លះ​សម្រាប់​ទ័ព​សេះ។ បន្ថែម​ទៅ​ទៀត សាឡូម៉ូន​បាន​សង់​អ្វី​ៗ​ទាំង​អស់​តាម​បំណង​ចិត្ត​គាត់ នៅ​ក្នុង​ក្រុង​យេរូសាឡិម ក្នុង​តំបន់​ភ្នំ​លីបង់ និង​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​គាត់។ ៧  ចំណែក​ឯ​ជន​ជាតិ​មួយ​ចំនួន​ដែល​នៅ​សល់ ពី​ចំណោម​ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ហេត ជន​ជាតិ​ពេរិស៊ីត ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស+ ពួក​គេ​មិន​បាន​ត្រូវ​រាប់​បញ្ចូល​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​ទេ។+ ៨  សាឡូម៉ូន​បាន​កែន​កូន​ចៅ​របស់​ពួក​គេ​មក​ធ្វើ​ការ​ជា​ខ្ញុំ​បម្រើ​រហូត​ដល់​សព្វ​ថ្ងៃ។+ ពួក​គេ​ជា​អ្នក​ដែល​ជន​ជាតិ​អ៊ីស្រាអែល​មិន​បាន​បំផ្លាញ​ចោល។+ ៩  ប៉ុន្តែ សាឡូម៉ូន​មិន​តម្រូវ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ណា​ម្នាក់​ធ្វើ​ជា​ខ្ញុំ​បម្រើ​ទេ+ ព្រោះ​ពួក​គេ​សុទ្ធតែ​ជា​ទាហាន​អង់អាច ជា​នាយ​ទាហាន ជា​មេ​កង​ពល​រទេះ​ចម្បាំង និង​មេ​លើ​កង​ពល​សេះ។+ ១០  ស្ដេច​សាឡូម៉ូន​បាន​តែង​តាំង​មេ​លើ​ពួក​អ្នក​ត្រួត​ពិនិត្យ​ចំនួន​២៥០​នាក់ ឲ្យ​ត្រួត​ត្រា​លើ​ពួក​កំណែន។+ ១១  ក្រោយ​មក សាឡូម៉ូន​បាន​នាំ​កូន​ស្រី​របស់​ផារ៉ូ+ពី​ក្រុង​ដាវីឌ​ទៅ​នៅ​វិមាន​ដែល​គាត់​បាន​សង់​ឲ្យ​នាង+ ព្រោះ​គាត់​ប្រាប់​ថា​៖ ​«​ទោះ​នាង​ជា​ភរិយា​ខ្ញុំ​ក៏​ដោយ នាង​មិន​គួរ​អាស្រ័យ​នៅ​ក្នុង​វិមាន​ស្ដេច​ដាវីឌ​ទេ ព្រោះ​កន្លែង​ដែល​មាន​ហឹប​របស់​ព្រះ​យេហូវ៉ា​ជា​កន្លែង​បរិសុទ្ធ​»។+ ១២  បន្ទាប់​មក សាឡូម៉ូន​បាន​ជូន​គ្រឿង​បូជា​ដុត+ដល់​ព្រះ​យេហូវ៉ា នៅ​លើ​ទី​បូជា+របស់​ព្រះ​យេហូវ៉ា ដែល​គាត់​បាន​សង់​នៅ​មុខ​សាល​វិហារ។+ ១៣  គាត់​បាន​ជូន​គ្រឿង​បូជា​ជា​រៀង​រាល់​ថ្ងៃ ហើយ​គាត់​ជូន​គ្រឿង​បូជា​ស្រប​តាម​បង្គាប់​របស់​ម៉ូសេ សម្រាប់​ថ្ងៃ​ឈប់​សម្រាក+ ថ្ងៃ​បុណ្យ​ចូល​ខែ​ថ្មី+ និង​បុណ្យ​បី​ដង​ក្នុង​មួយ​ឆ្នាំ+ ពោល​គឺ​បុណ្យ​នំ​ប៉័ង​ឥត​ដំបែ+ បុណ្យ​អាទិត្យ​ទី​៧+ និង​បុណ្យ​ខ្ទម។+ ១៤  បន្ថែម​ទៅ​ទៀត សាឡូម៉ូន​បាន​បែង​ចែក​ពួក​សង្ឃ​ជា​ក្រុម​ៗ​+ ឲ្យ​បំពេញ​កិច្ច​បម្រើ​របស់​ពួក​គេ​ស្រប​តាម​ការ​ណែនាំ​របស់​ដាវីឌ​ឪពុក​គាត់។ គាត់​ក៏​បាន​ចាត់​ចែង​ពួក​លេវី​ឲ្យ​ឈរ​តាម​កន្លែង​របស់​ពួក​គេ​រៀង​ៗ​ខ្លួន ដើម្បី​សរសើរ​ព្រះ+និង​បម្រើ​លោក​ជា​មួយ​នឹង​ពួក​សង្ឃ តាម​ទម្លាប់​ប្រចាំ​ថ្ងៃ។ គាត់​ក៏​បាន​បែង​ចែក​ក្រុម​អ្នក​យាម​ទ្វារ ឲ្យ​យាម​ទ្វារ​ផ្សេង​ៗ​+ ស្រប​តាម​បង្គាប់​ដាវីឌ​ជា​តំណាង​ព្រះ​ពិត។ ១៥  ដូច្នេះ គេ​បាន​ធ្វើ​តាម​បង្គាប់​ទាំង​ប៉ុន្មាន ដែល​ស្ដេច​បាន​ឲ្យ​ដល់​ពួក​សង្ឃ​និង​ពួក​លេវី ស្ដី​អំពី​ឃ្លាំង​នានា និង​រឿង​ផ្សេង​ទៀត។ ១៦  ស្ដេច​សាឡូម៉ូន​បាន​បំពេញ​កិច្ចការ​ទាំង​ប៉ុន្មាន​យ៉ាង​រៀប​រយ តាំង​ពី​ថ្ងៃ​ដែល​ដាក់​គ្រឹះ​វិហារ​របស់​ព្រះ​យេហូវ៉ា+ រហូត​ដល់​ថ្ងៃ​សង់​រួច​រាល់។ ដូច្នេះ វិហារ​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​សង់​ចប់​ជា​ស្ថាពរ។+ ១៧  នៅ​គ្រា​នោះ ស្ដេច​សាឡូម៉ូន​បាន​ធ្វើ​ដំណើរ​ទៅ​អេស៊ានកេបឺ+ និង​អេឡូត+ ដែល​នៅ​តំបន់​ឆ្នេរ​សមុទ្រ​ក្នុង​ស្រុក​អេដំ។+ ១៨  ហ៊ីរ៉ាម+បាន​ចាត់​អ្នក​បម្រើ​របស់​គាត់​ឲ្យ​នាំ​យក​សំពៅ​ទៅ​ឲ្យ​សាឡូម៉ូន ហើយ​ក៏​ចាត់​អ្នក​ស្ទាត់​ជំនាញ​ខាង​សមុទ្រ​ឲ្យ​ទៅ​ដែរ។ ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​អូភា+ជា​មួយ​នឹង​អ្នក​បម្រើ​របស់​សាឡូម៉ូន រួច​បាន​នាំ​យក​មាស​៤៥០​ថាលិន*+ មក​ជូន​ស្ដេច​សាឡូម៉ូន។+

កំណត់សម្គាល់

ឬ​«​សង់​ឡើង​វិញ​»​
មួយ​ថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤