ប្រវត្តិហេតុទី២ ៩:១-៣១

  • មហា​ក្សត្រី​ស្រុក​សេបា​ទៅ​ជួប​សាឡូម៉ូន (​១​-​១២)

  • ទ្រព្យ​សម្បត្តិ​របស់​សាឡូម៉ូន (​១៣​-​២៨)

  • សេចក្ដី​ស្លាប់​របស់​សាឡូម៉ូន (​២៩​-​៣១)

 មហា​ក្សត្រី​ស្រុក​សេបា+បាន​ឮ​អំពី​កិត្តិ​នាម​របស់​សាឡូម៉ូន។ ដូច្នេះ នាង​បាន​មក​ជួប​សាឡូម៉ូន​ដើម្បី​សួរ​សំណួរ​ជ្រៅ​ៗ។ នាង​បាន​មក​ដល់​ក្រុង​យេរូសាឡិម​ដោយ​ក្បួន​ដង្ហែ​យ៉ាង​អធិកអធម មាន​ទាំង​សត្វ​អូដ្ឋ​ដឹក​ប្រេង​ក្រអូប* និង​ដឹក​មាស​ជា​ច្រើន+ ព្រម​ទាំង​ត្បូង​ដ៏​មាន​តម្លៃ​មក​ជា​មួយ​ផង។ នាង​ក៏​ចូល​ទៅ​ជួប​សាឡូម៉ូន ហើយ​សួរ​គាត់​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​នាង​ចង់​ដឹង។+ ២  សាឡូម៉ូន​បាន​ឆ្លើយ​សំណួរ​ទាំង​អស់​របស់​នាង ហើយ​គ្មាន​សំណួរ​ណា​មួយ​ដែល​គាត់​ឆ្លើយ​មិន​រួច​ឡើយ។ ៣  មហា​ក្សត្រី​ស្រុក​សេបា​នឹក​អស្ចារ្យ​ក្នុង​ចិត្ត ពេល​ឃើញ​ថា​សាឡូម៉ូន​មាន​ប្រាជ្ញា​ដ៏​ឈ្លាស​វៃ+ និង​ឃើញ​វិមាន​ដែល​គាត់​បាន​សង់។+ ៤  នាង​កោត​ស្ញប់​ស្ញែង​យ៉ាង​ខ្លាំង ពេល​ឃើញ​អាហារ​នៅ​លើ​តុ​របស់​សាឡូម៉ូន+ ពួក​អ្នក​កាន់​ពែង របៀប​រៀបចំ​កន្លែង​អង្គុយ​របស់​ពួក​មន្ត្រី ព្រម​ទាំង​របៀប​បម្រើ​នៅ​តុ​និង​ឯកសណ្ឋាន​របស់​ពួក​អ្នក​បម្រើ និង​គ្រឿង​បូជា​ដុត​ទាំង​ប៉ុន្មាន​ដែល​សាឡូម៉ូន​បាន​ជូន​ជា​ទៀង​ទាត់​នៅ​ឯ​វិហារ​របស់​ព្រះ​យេហូវ៉ា។+ អ្វី​ៗ​ទាំង​នេះ ធ្វើ​ឲ្យ​នាង​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ក្រៃ​លែង។ ៥  ម្ល៉ោះ​ហើយ នាង​បាន​និយាយ​ទៅ​កាន់​ស្ដេច​ថា​៖ ​«​ដំណឹង​ដែល​ខ្ញុំ​បាន​ឮ​នៅ​ឯ​ស្រុក​របស់​ខ្ញុំ អំពី​ប្រាជ្ញា​និង​អ្វី​ៗ​ដែល​លោក​បាន​សម្រេច គឺ​ពិត​ដូច​ជា​គេ​និយាយ​មែន។ ៦  ដំបូង​ឡើយ​ខ្ញុំ​មិន​ជឿ​អ្វី​ដែល​គេ​ប្រាប់​នោះ​ទេ ទាល់​តែ​ខ្ញុំ​បាន​មក​ឃើញ​ដោយ​ផ្ទាល់​ភ្នែក+ ហើយ​មើល! អ្វី​ដែល​គេ​បាន​ប្រាប់​គឺ​មិន​ទាំង​ដល់​ពាក់​កណ្ដាល​ផង។+ លោក​មាន​ប្រាជ្ញា​ដ៏​ឈ្លាស​វៃ​និង​មាន​ភាព​ចម្រុង​ចម្រើន លើស​ពី​អ្វី​ដែល​ខ្ញុំ​បាន​ឮ​ឆ្ងាយ​ណាស់។+ ៧  រាស្ត្រ​របស់​លោក​ពិត​ជា​មាន​សុភមង្គល​ហើយ! ចំណែក​ពួក​អ្នក​បម្រើ​របស់​លោក ក៏​មាន​សុភមង្គល​ដែរ! ព្រោះ​ជា​រៀង​រាល់​ថ្ងៃ ពួក​គេ​អាច​ស្ដាប់​សម្ដី​របស់​លោក​ដែល​ប្រកប​ដោយ​ប្រាជ្ញា។ ៨  សូម​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​លោក​បាន​ទទួល​ការ​សរសើរ​តម្កើង ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​លោក​ពេញ​ចិត្ត​ឲ្យ​លោក​គ្រប់​គ្រង​ជា​ស្ដេច​តាង​នាម​លោក។ ដោយ​សារ​ព្រះ​របស់​លោក​ស្រឡាញ់​ជន​ជាតិ​អ៊ីស្រាអែល+ ហើយ​ចង់​ឲ្យ​ពួក​គេ​នៅ​គង់​វង្ស​ជា​រៀង​រហូត នោះ​ព្រះ​បាន​តែង​តាំង​លោក​ឲ្យ​ធ្វើ​ជា​ស្ដេច​គ្រប់​គ្រង​ដោយ​សុចរិត​យុត្តិធម៌​»។ ៩  រួច​នាង​បាន​ជូន​ស្ដេច​នូវ​មាស​ទម្ងន់​១២០​ថាលិន*+ និង​ប្រេង​ក្រអូប​យ៉ាង​សន្ធឹក ព្រម​ទាំង​ត្បូង​ដ៏​មាន​តម្លៃ។ តាំង​ពី​ពេល​នោះ​មក មិន​ដែល​មាន​អ្នក​ណា​យក​ប្រេង​ក្រអូប​យ៉ាង​សន្ធឹក​មក​ជូន​ស្ដេច​សាឡូម៉ូន ដូច​មហា​ក្សត្រី​ស្រុក​សេបា​ឡើយ។+ ១០  បន្ថែម​ទៅ​ទៀត ពួក​អ្នក​បម្រើ​របស់​ហ៊ីរ៉ាម​និង​អ្នក​បម្រើ​សាឡូម៉ូន​បាន​ដឹក​ជញ្ជូន​មាស​ពី​អូភា+ ហើយ​នាំ​យក​ឈើ​អាល់កឹម*ជា​ច្រើន រួម​ទាំង​ត្បូង​ដ៏​មាន​តម្លៃ​មក​ជា​មួយ​ដែរ។+ ១១  ស្ដេច​បាន​យក​ឈើ​អាល់កឹម​មក​ធ្វើ​ជា​ជណ្ដើរ​សម្រាប់​វិហារ​របស់​ព្រះ​យេហូវ៉ា+ និង​វិមាន​របស់​គាត់។+ ស្ដេច​ក៏​យក​ឈើ​នោះ​ទៅ​ធ្វើ​ពិណ​និង​ឧបករណ៍​ភ្លេង​មាន​ខ្សែ​សម្រាប់​លេង​អម​ជា​មួយ​នឹង​ពួក​អ្នក​ចម្រៀង។+ តាំង​ពី​មុន​មក មិន​ដែល​ឃើញ​មាន​ឈើ​អាល់កឹម​នៅ​ក្នុង​ស្រុក​យូដា​ច្រើន​ដូច​នេះ​ឡើយ។ ១២  ស្ដេច​សាឡូម៉ូន​ក៏​បង្ហាញ​ចិត្ត​ទូលាយ​ដោយ​ជូន​អំណោយ​ដល់​មហា​ក្សត្រី​ស្រុក​សេបា​នូវ​អ្វី​ៗ​ក៏​ដោយ​ដែល​នាង​ចង់​បាន គឺ​ច្រើន​ជាង​អំណោយ​ដែល​នាង​បាន​យក​មក​ជូន​សាឡូម៉ូន​ទៅ​ទៀត។ រួច​មក នាង​បាន​ត្រឡប់​ទៅ​ស្រុក​របស់​នាង​វិញ​ជា​មួយ​នឹង​ពួក​អ្នក​បម្រើ​របស់​នាង។+ ១៣  ក្នុង​មួយ​ឆ្នាំ​ៗ សាឡូម៉ូន​ទទួល​បាន​មាស​ទម្ងន់​៦៦៦​ថាលិន។+ ១៤  ក្រៅ​ពី​នោះ គាត់​បាន​ទទួល​ប្រាក់​ចំណូល​ពី​ពួក​ឈ្មួញ និង​ប្រាក់​ចំណេញ​ពី​ការ​ធ្វើ​ជំនួញ ព្រម​ទាំង​ពី​សួយសារអាករ​របស់​អ្នក​គ្រប់​គ្រង​ទាំង​ឡាយ​នៃ​ស្រុក​អារ៉ាប់។ បន្ថែម​ទៅ​ទៀត ពួក​អភិបាល​ក្នុង​ស្រុក​ក៏​នាំ​យក​មាស​ប្រាក់​មក​ប្រគល់​ឲ្យ​សាឡូម៉ូន​ដែរ។+ ១៥  ស្ដេច​សាឡូម៉ូន​បាន​យក​មាស​ធ្វើ​ខែល​ធំ+ចំនួន​២០០ (​ខែល​ធំ​នីមួយ​ៗ​មាន​ធាតុ​មាស​ទម្ងន់​៦០០​ហ្សេគិល​)*+ ១៦  និង​ខែល​តូច*ពី​មាស​ចំនួន​៣០០ (​ខែល​តូច​នីមួយ​ៗ​មាន​ធាតុ​មាស​ទម្ងន់​បី​មិណា​)។* រួច​មក ស្ដេច​យក​ខែល​ទាំង​នោះ​ទៅ​ដាក់​ក្នុង​មន្ទីរ​ព្រៃ​លីបង់។+ ១៧  ស្ដេច​ក៏​ធ្វើ​បល្ល័ង្ក​ដ៏​ធំ​មួយ​ពី​ភ្លុក ហើយ​ស្រោប​ដោយ​មាស​សុទ្ធ។+ ១៨  បល្ល័ង្ក​នោះ​មាន​ភ្នាក់ដៃ​សង​ខាង មាន​រូប​តោ​ពីរ+ឈរ​នៅ​សង​ខាង​ភ្នាក់ដៃ និង​មាន​កំណល់​ជើង​ធ្វើ​ពី​មាស​ដែល​នៅ​ជាប់​បល្ល័ង្ក ព្រម​ទាំង​មាន​ជណ្ដើរ​៦​កាំ​ចុះ​ពី​បល្ល័ង្ក។ ១៩  មាន​រូប​តោ​១២+ឈរ​អម​សង​ខាង​ជណ្ដើរ​ទាំង​៦​កាំ​នោះ គឺ​នៅ​កាំ​នីមួយ​ៗ​មាន​រូប​តោ​២។ គ្មាន​រាជាណាចក្រ​ណា​ទៀត​មាន​បល្ល័ង្ក​ដូច​នេះ​ឡើយ។ ២០  ឯ​ពែង​ទាំង​ប៉ុន្មាន​របស់​ស្ដេច​សាឡូម៉ូន គឺ​សុទ្ធតែ​ធ្វើ​ពី​មាស ហើយ​ប្រដាប់​ប្រដា​ក្នុង​មន្ទីរ​ព្រៃ​លីបង់ ក៏​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់​ដែរ។ គ្មាន​អ្វី​ធ្វើ​ពី​ប្រាក់​ឡើយ ព្រោះ​នៅ​គ្រា​សាឡូម៉ូន​គេ​មិន​ចាត់​ទុក​ប្រាក់​ថា​មាន​តម្លៃ​ទេ។+ ២១  ព្រោះ​ស្ដេច​មាន​សំពៅ​មួយ​ចំនួន ហើយ​ពួក​អ្នក​បម្រើ​ស្ដេច​ជិះ​សំពៅ​ទាំង​នោះ​ធ្វើ​ដំណើរ​ទៅ​តើស៊ីស+ជា​មួយ​នឹង​អ្នក​បម្រើ​របស់​ហ៊ីរ៉ាម។+ រៀង​រាល់​បី​ឆ្នាំ​ម្ដង ក្រុម​សំពៅ​តើស៊ីស​ត្រឡប់​មក​វិញ ដោយ​នាំ​យក​មាស​ប្រាក់ ភ្លុក+ ស្វា និង​ក្ងោក​មក​ផង។ ២២  ស្ដេច​សាឡូម៉ូន​មាន​ទ្រព្យ​សម្បត្តិ​និង​ប្រាជ្ញា​លើស​អស់​ទាំង​ស្ដេច​នៅ​ផែនដី។+ ២៣  ស្ដេច​នា​នា​នៅ​ផែនដី​បាន​មក​ជួប​សាឡូម៉ូន ដើម្បី​ស្ដាប់​សម្ដី​របស់​គាត់​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ពី​ព្រះ​ពិត។+ ២៤  រៀង​រាល់​ឆ្នាំ ពួក​គេ​ម្នាក់​ៗ​ក៏​នាំ​យក​អំណោយ​មក​ជូន​ស្ដេច។ អំណោយ​ទាំង​នោះ​រួម​មាន​៖ គ្រឿង​មាស គ្រឿង​ប្រាក់ គ្រឿង​ចម្បាំង សម្លៀក​បំពាក់+ ប្រេង​ក្រអូប* សេះ និង​លា។ ២៥  សាឡូម៉ូន​មាន​ទ្រុង​៤.០០០ សម្រាប់​ដាក់​សេះ​ដែល​ទឹម​រទេះ​ចម្បាំង ហើយ​មាន​សេះ*១២.០០០​ក្បាល។+ គាត់​បាន​ទុក​មួយ​ចំនួន​នៅ​ក្រុង​យេរូសាឡិម និង​មួយ​ចំនួន​ទៀត​គាត់​បាន​ទុក​នៅ​ក្រុង​នា​នា​ដែល​សម្រាប់​ដាក់​រទេះ​ចម្បាំង។+ ២៦  សាឡូម៉ូន​បាន​គ្រប់​គ្រង​លើ​រាជាណាចក្រ​ទាំង​ប៉ុន្មាន ចាប់​ពី​ទន្លេ​អឺប្រាត​ទៅ​ដល់​ទឹក​ដី​របស់​ជន​ជាតិ​ភីលីស្ទីន ហើយ​រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​អេហ្ស៊ីប។+ ២៧  នៅ​សម័យ​សាឡូម៉ូន ក្រុង​យេរូសាឡិម​មាន​ប្រាក់​សម្បូរ​ហូរហៀរ​ដូច​ជា​ដុំ​ថ្ម ហើយ​មាន​ឈើ​ស៊ីដារ*ច្រើន​សន្ធឹក​ដូច​ជា​ដើម​ល្វា​ព្រៃ​នៅ​តំបន់​សេភីឡា។+ ២៨  មិន​ត្រឹម​តែ​ប៉ុណ្ណោះ គេ​បាន​នាំ​យក​សេះ​ពី​ស្រុក​អេហ្ស៊ីប+និង​ស្រុក​នា​នា មក​ជូន​សាឡូម៉ូន។ ២៩  រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​សាឡូម៉ូន+បាន​ធ្វើ​ពី​ដើម​ដល់​ចប់ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​របស់​ណាថាន់+ជា​អ្នក​ប្រកាស​ទំនាយ ក្នុង​សៀវភៅ​ទំនាយ​របស់​អាហាយ៉ា+ជា​អ្នក​ក្រុង​ស៊ីឡូរ។ នោះ​ក៏​បាន​ត្រូវ​កត់​ក្នុង​សៀវភៅ​របស់​អ៊ីតដូ+ជា​អ្នក​មើល​ធ្លុះ។ គាត់​បាន​កត់​ត្រា​អ្វី​ដែល​គាត់​បាន​ឃើញ​ក្នុង​គំនិត​ស្ដី​អំពី​យេរ៉ូបោម+ជា​កូន​ណេបាត។ ៣០  សាឡូម៉ូន​បាន​គ្រប់​គ្រង​ក្នុង​ក្រុង​យេរូសាឡិម​លើ​ជន​ជាតិ​អ៊ីស្រាអែល អស់​រយៈ​ពេល​៤០​ឆ្នាំ។ ៣១  ក្រោយ​មក គាត់​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​ជា​មួយ​នឹង​បុព្វ​បុរស​គាត់​នៅ​ក្រុង​របស់​ដាវីឌ​ជា​ឪពុក+ ហើយ​រេហូបោម​ជា​កូន​របស់​គាត់​បាន​ក្លាយ​ទៅ​ជា​ស្ដេច​បន្ទាប់​ពី​គាត់។+

កំណត់សម្គាល់

ឬ​«​ប្រេង​បាលសាម​»​
មួយ​ថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ដើម​ឈើ​ប្រណីត​ម្យ៉ាង
មួយ​ហ្សេគិល​ស្មើ​នឹង​១១,៤​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ក្នុង​បទ​គម្ពីរ​ភាសា​ហេប្រឺ មួយ​មិណា​ស្មើ​នឹង​៥៧០​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ធម្មតា​ពល​ធ្នូ​កាន់​ខែល​តូច
ឬ​«​ប្រេង​បាលសាម​»​
ឬ​«​ទាហាន​សេះ​»​
ដើម​ឈើ​ប្រណីត​ម្យ៉ាង