ពេត្រុសទី១ ២:១-២៥
២ ដូច្នេះ ចូរលះចោលអស់ទាំងការអាក្រក់+ ការបោកបញ្ឆោត ពុតត្បុត ចិត្តច្រណែន និងការតិះដៀលគ្រប់យ៉ាង។
២ ដូចទារកដែលទើបនឹងកើត+ ចូរបណ្ដុះការស្រេកឃ្លានចង់បានទឹកដោះសុទ្ធដែលមកពីបណ្ដាំរបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាធំលូតលាស់ឲ្យបានសេចក្ដីសង្គ្រោះតាមរយៈទឹកដោះនោះ+
៣ ព្រោះអ្នករាល់គ្នាបានភ្លក់សេចក្ដីសប្បុរសរបស់លោកម្ចាស់ហើយ។
៤ កាលដែលអ្នករាល់គ្នាមកឯលោក គឺមកឯថ្មដែលមានជីវិតរស់នៅ ដែលមនុស្សមិនព្រមយក+ តែព្រះបានជ្រើសរើស ហើយចាត់ទុកថាថ្លៃវិសេស+
៥ នោះអ្នករាល់គ្នាក៏ជាថ្មដែលមានជីវិតរស់នៅ ហើយកំពុងត្រូវសង់ឡើងជាផ្ទះមួយតាមរយៈឫទ្ធានុភាពរបស់ព្រះ+ ក្នុងបំណងធ្វើជាពួកសង្ឃបរិសុទ្ធ ដើម្បីជូនគ្រឿងបូជាដែលព្រះពេញចិត្ត ក្រោមការដឹកនាំនៃឫទ្ធានុភាពរបស់លោក+ តាមរយៈលោកយេស៊ូគ្រិស្ត។+
៦ ព្រោះបទគម្ពីរចែងថា៖ «មើល! ខ្ញុំកំពុងដាក់ថ្មនៅភ្នំស៊ីយ៉ូន ជាថ្មគ្រឹះដ៏សំខាន់ដែលបានត្រូវជ្រើសរើស ហើយថ្លៃវិសេស។ អ្នកណាដែលបង្ហាញជំនឿលើថ្មនោះ អ្នកនោះនឹងមិនខកចិត្តឡើយ»។*+
៧ ដូច្នេះ គឺអ្នករាល់គ្នាចាត់ទុកថាលោកថ្លៃវិសេស ពីព្រោះអ្នករាល់គ្នាជាអ្នកជឿ ប៉ុន្តែចំពោះអ្នកមិនជឿវិញ «ថ្មដែលអ្នកសាងសង់មិនព្រមយកនោះ+ បានទៅជាថ្មដ៏សំខាន់បំផុត»*+
៨ និងជា«ថ្មមួយដែលនាំឲ្យជំពប់ដួល និងផ្ទាំងថ្មមួយដែលនាំឲ្យប្រព្រឹត្តល្មើស»។+ អ្នកទាំងនោះជំពប់ដួល ពីព្រោះពួកគេមិនធ្វើតាមបណ្ដាំរបស់ព្រះ។ ពួកគេត្រូវជួបចុងបញ្ចប់យ៉ាងដូច្នេះ។
៩ ប៉ុន្តែ អ្នករាល់គ្នាជា«ជនជាតិដែលបានត្រូវជ្រើសរើស និងជាសង្ឃដែលមានតំណែងជាស្ដេច ក៏ជាប្រជាជាតិបរិសុទ្ធ+ និងជារាស្ដ្រដែលជាសម្បត្តិពិសេស+ ដើម្បីឲ្យអ្នករាល់គ្នាប្រកាសនៅទីជិតឆ្ងាយអំពីគុណសម្បត្តិប្រសើរថ្លៃថ្លា»+របស់ព្រះ ដែលបានហៅអ្នករាល់គ្នាចេញពីសេចក្ដីងងឹត ឲ្យចូលក្នុងពន្លឺដ៏អស្ចារ្យរបស់លោក។+
១០ ព្រោះពីមុន អ្នករាល់គ្នាមិនមែនជារាស្ដ្ររបស់ព្រះទេ ប៉ុន្តែឥឡូវអ្នករាល់គ្នាជារាស្ត្ររបស់ព្រះ។+ ពីមុនអ្នករាល់គ្នាធ្លាប់ជាអ្នកដែលមិនទទួលសេចក្ដីមេត្តាករុណា ប៉ុន្តែឥឡូវអ្នករាល់គ្នាជាអ្នកដែលបានទទួលសេចក្ដីមេត្តាករុណាហើយ។+
១១ បងប្អូនជាទីស្រឡាញ់អើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាដែលជាជនបរទេសនិងជាអ្នកស្នាក់នៅបណ្ដោះអាសន្នក្នុងពិភពលោកនេះ+ កុំឲ្យបណ្ដោយខ្លួនទៅតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយ+ ជាសេចក្ដីប៉ងប្រាថ្នាដែលចេះតែប្រយុទ្ធប្រឆាំងនឹងអ្នករាល់គ្នា។+
១២ ចូរអ្នករាល់គ្នាប្រព្រឹត្តល្អប្រសើរជានិច្ចក្នុងចំណោមមនុស្សខាងពិភពលោកនេះ។+ យ៉ាងនោះ ពេលពួកគេចោទប្រកាន់អ្នករាល់គ្នាថាជាអ្នកប្រព្រឹត្តអាក្រក់ នោះពួកគេបែរជាឃើញការប្រព្រឹត្តល្អប្រសើររបស់អ្នករាល់គ្នាវិញ+ ហើយជាលទ្ធផល ពួកគេនឹងសរសើរព្រះនៅថ្ងៃដែលលោកធ្វើការត្រួតពិនិត្យ។
១៣ ដើម្បីលោកម្ចាស់ ចូរអ្នករាល់គ្នាចុះចូលនឹងអស់អ្នកដែលមានអំណាច+ គឺចុះចូលនឹងស្ដេច+ ដោយសារគាត់មានឋានៈខ្ពស់ជាងអ្នក
១៤ ហើយក៏ត្រូវចុះចូលនឹងអភិបាល ដោយសារស្ដេចចាត់ពួកគេឲ្យដាក់ទោសមនុស្សដែលប្រព្រឹត្តអាក្រក់ និងឲ្យសរសើរមនុស្សដែលប្រព្រឹត្តល្អ។+
១៥ ព្រោះនេះជាបំណងប្រាថ្នារបស់ព្រះ គឺឲ្យអ្នករាល់គ្នាប្រព្រឹត្តល្អ ដើម្បីឃ្លុំមាត់*មនុស្សឥតសមហេតុសមផលដែលនិយាយបែបល្ងង់ខ្លៅ។+
១៦ ចូររស់នៅជាមនុស្សមានសេរីភាព+ តែកុំប្រើសេរីភាពរបស់អ្នករាល់គ្នាជាវិធីបិទបាំង*អំពើអាក្រក់ឡើយ+ តែចូរប្រើសេរីភាពនោះឲ្យសមនឹងឋានៈជាខ្ញុំបម្រើរបស់ព្រះ។+
១៧ ចូរគោរព*មនុស្សគ្រប់ប្រភេទ+ ចូរស្រឡាញ់បងប្អូនរួមជំនឿទាំងអស់+ ចូរកោតខ្លាចព្រះ+ ចូរគោរព*ស្ដេច។+
១៨ ចូរឲ្យអ្នកបម្រើក្នុងផ្ទះចុះចូលនឹងម្ចាស់ខ្លួនដោយគោរពកោតខ្លាចទាំងស្រុង+ មិនគ្រាន់តែចុះចូលនឹងម្ចាស់ដែលមានចិត្តល្អនិងជាមនុស្សសមហេតុសមផលប៉ុណ្ណោះទេ តែចុះចូលនឹងម្ចាស់ដែលពិបាកផ្គាប់ចិត្តដែរ។
១៩ ពីព្រោះប្រសិនបើអ្នកណាស៊ូទ្រាំពេលមនុស្សបៀតបៀន ហើយរងទុក្ខលំបាកដោយសារស្ដាប់បង្គាប់ព្រះ* នោះធ្វើឲ្យព្រះពេញចិត្ត។+
២០ ព្រោះប្រសិនបើអ្នករាល់គ្នាធ្វើអំពើខុសឆ្គង ហើយត្រូវគេវាយ តើមានគុណបំណាច់អ្វីបើអ្នកស៊ូទ្រាំឲ្យគេវាយនោះ?+ ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នារងទុក្ខដោយសារធ្វើអំពើល្អ តែអ្នករាល់គ្នាស៊ូទ្រាំ នោះធ្វើឲ្យព្រះពេញចិត្ត។+
២១ តាមពិត អ្នករាល់គ្នាបានត្រូវហៅឲ្យមានវិថីជីវិតបែបនេះ ពីព្រោះគ្រិស្តបានរងទុក្ខដើម្បីអ្នករាល់គ្នា+ ហើយទុកគំរូដើម្បីឲ្យអ្នករាល់គ្នាខំដើរតាមលំអានដានរបស់លោកឲ្យបានដិតដល់។+
២២ លោកមិនដែលប្រព្រឹត្តអំពើខុសឆ្គងសោះ+ ក៏មិនដែលមានពាក្យបោកបញ្ឆោតចេញពីមាត់លោកដែរ។+
២៣ ពេលដែលលោកត្រូវគេប្រមាថ+ លោកមិនបានប្រមាថគេវិញទេ។+ ពេលដែលលោករងទុក្ខ+ លោកមិនបានគំរាមកំហែងគេឡើយ ប៉ុន្តែលោកតែងតែផ្ញើខ្លួនទៅលើព្រះដែលវិនិច្ឆ័យ+ដោយសុចរិតយុត្តិធម៌។
២៤ លោកបានផ្ទុកការខុសឆ្គងរបស់យើង+ក្នុងរូបកាយរបស់លោកលើបង្គោលឈើ+ ដើម្បីយើងអាចរួចផុតពីការខុសឆ្គង ហើយរស់នៅដើម្បីធ្វើអ្វីដែលសុចរិត។ ម្យ៉ាងទៀត «របួសរបស់លោកបានធ្វើឲ្យអ្នករាល់គ្នាជាសះស្បើយ»។+
២៥ ព្រោះពីមុន អ្នករាល់គ្នាដូចចៀមដែលវង្វេង+ តែឥឡូវអ្នករាល់គ្នាបានត្រឡប់មកឯគង្វាល+ដែលរក្សាការពារជីវិតរបស់អ្នករាល់គ្នា។*
កំណត់សម្គាល់
^ ន័យត្រង់«មិនអាម៉ាស់មុខឡើយ»
^ សំដៅលើដុំថ្មដែលដាក់នៅជំនួបជញ្ជាំងពីរនៅកែងឬជ្រុងសំណង់
^ ឬ«បិទមាត់»
^ ឬ«ជាវិធីដោះសា»
^ ឬ«លើកកិត្តិយស»
^ ឬ«លើកកិត្តិយស»
^ ឬ«ដោយសារសមត្ថភាពវិនិច្ឆ័យរបស់គាត់»
^ ឬ«មកឯលោកដែលជាគង្វាលនិងអ្នកត្រួតពិនិត្យជីវិតរបស់អ្នករាល់គ្នា»