ពេត្រុសទី១ ៣:១-២២

  • ប្រពន្ធ​និង​ប្ដី​ទាំង​ឡាយ (​១​-​៧)

  • ចូរ​កើត​ទុក្ខ​ជា​មួយ​គ្នា។ ចូរ​ខំ​ប្រឹង​ឲ្យ​មាន​សន្តិភាព (​៨​-​១២)

  • ការ​រង​ទុក្ខ​ដោយ​សារ​សេចក្ដី​សុចរិត (​១៣​-​២២)

    • ប្រុង​ប្រៀប​ជា​និច្ច​ដើម្បី​ការ​ពារ​សេចក្ដី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា (​១៥)

    • ការ​ជ្រមុជ​ទឹក​និង​សមត្ថភាព​វិនិច្ឆ័យ​ល្អ (​២១)

 តាម​របៀប​ដូច​គ្នា​នោះ ចូរ​អ្នក​រាល់​គ្នា​ដែល​ជា​ប្រពន្ធ​ចុះ​ចូល​នឹង​ប្ដី​ខ្លួន+ ដើម្បី​ឲ្យ​ប្ដី​ណា​ដែល​មិន​ធ្វើ​តាម​បណ្ដាំ​របស់​ព្រះ អាច​ទៅ​ជា​អ្នក​ដែល​ធ្វើ​តាម​វិញ តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​អ្នក​រាល់​គ្នា​ដែល​ជា​ប្រពន្ធ ដោយ​មិន​ចាំ​បាច់​ឲ្យ​អ្នក​រាល់​គ្នា​បញ្ចេញ​ពាក្យ​សម្ដី​មួយ​ម៉ាត់​ឡើយ+ ២  ពី​ព្រោះ​ពួក​គេ​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ការ​ប្រព្រឹត្ត​ដ៏​បរិសុទ្ធ​របស់​អ្នក​រាល់​គ្នា+ គួប​ផ្សំ​ជា​មួយ​នឹង​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ។ ៣  កុំ​ឲ្យ​សម្រស់​របស់​អ្នក​រាល់​គ្នា​ជា​សម្រស់​ខាង​ក្រៅ​ឡើយ ពោល​គឺ​ការ​ក្រង​សក់ ពាក់​គ្រឿង​អលង្ការ​មាស+ ឬ​ពាក់​សម្លៀក​បំពាក់​ប្រណីត ៤  តែ​ចូរ​ឲ្យ​សម្រស់​របស់​អ្នក​រាល់​គ្នា​ជា​អ្វី​ក្នុង​ចិត្ត​វិញ ពោល​គឺ​ចិត្ត​ស្ងៀម​ស្ងាត់​និង​ស្លូត​បូត+ ជា​អ្វី​ដែល​មាន​តម្លៃ​ថ្លៃ​ណាស់​ចំពោះ​ព្រះ។ សម្រស់​បែប​នេះ​គឺ​មិន​អាច​ខូច​ទៅ​បាន​ទេ ៥  ព្រោះ​នៅ​សម័យ​មុន ពួក​ស្ត្រី​បរិសុទ្ធ​ដែល​សង្ឃឹម​លើ​ព្រះ​ក៏​មាន​សម្រស់​ដូច្នោះ​ដែរ គឺ​ចុះ​ចូល​នឹង​ប្ដី​ខ្លួន ៦  ដូច​សារ៉ា​បាន​ស្ដាប់​បង្គាប់​អាប្រាហាំ ហើយ​ហៅ​គាត់​ថា​លោក​ម្ចាស់។+ ដូច្នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​បន្ត​ធ្វើ​អំពើ​ល្អ ហើយ​យក​ឈ្នះ​ការ​ភ័យ​ខ្លាច នោះ​អ្នក​រាល់​គ្នា​ទៅ​ជា​កូន​របស់​នាង។+ ៧  តាម​របៀប​ដូច​គ្នា​ដែរ ចូរ​អ្នក​រាល់​គ្នា​ដែល​ជា​ប្ដី បន្ត​រួម​រស់​ជា​មួយ​នឹង​ប្រពន្ធ​ដោយ​ស្គាល់​ចិត្ត​នាង​ច្បាស់។* ចូរ​ឲ្យ​កិត្តិយស​ដល់​នាង+ជា​ភាជនៈ​ខ្សោយ​ជាង ជា​ស្ត្រីភេទ ពុំ​នោះ​សោត សេចក្ដី​អធិដ្ឋាន​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​រា​រាំង ពី​ព្រោះ​នាង​ក៏​ជា​អ្នក​ទទួល​ជីវិត​ជា​មត៌ក​រួម​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ+ ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ។ ៨  ក្រោយ​បង្អស់ ចូរ​អ្នក​ទាំង​អស់​គ្នា​មាន​ចិត្ត​គំនិត​តែ​មួយ+ ចូរ​កើត​ទុក្ខ​ជា​មួយ​គ្នា ស្រឡាញ់​រាប់​អាន​គ្នា​ជា​បង​ប្អូន មាន​ចិត្ត​អាណិត​មេត្តា+ និង​មាន​ចិត្ត​រាប​ទាប។+ ៩  មិន​ត្រូវ​ធ្វើ​អំពើ​អាក្រក់​សង​អ្នក​ដែល​ធ្វើ​អំពើ​អាក្រក់​មក​លើ​ខ្លួន+ ឬ​ប្រមាថ​តប​ទៅ​អ្នក​ដែល​ប្រមាថ​ខ្លួន​នោះ​ឡើយ។+ ផ្ទុយ​ទៅ​វិញ ចូរ​ឲ្យ​ពរ​គេ+ ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​ត្រូវ​ហៅ​ឲ្យ​មាន​វិថី​ជីវិត​បែប​នេះ ដើម្បី​អ្នក​រាល់​គ្នា​អាច​ទទួល​ពរ។* ១០  ព្រោះ​«​អ្នក​ណា​ដែល​ស្រឡាញ់​ជីវិត ហើយ​ចង់​រស់​នៅ​ដោយ​មាន​សុភមង្គល អ្នក​នោះ​ត្រូវ​ទប់​អណ្ដាត ដោយ​មិន​និយាយ​អ្វី​ដែល​អាក្រក់+ ហើយ​ឃាត់​បបូរ​មាត់ ដោយ​មិន​ពោល​ពាក្យ​បោក​បញ្ឆោត។ ១១  ចូរ​ឲ្យ​អ្នក​នោះ​ជៀស​ចេញ​ពី​អ្វី​ដែល​អាក្រក់+ ហើយ​ធ្វើ​អ្វី​ដែល​ល្អ​វិញ។+ ចូរ​ឲ្យ​អ្នក​នោះ​ខំ​ប្រឹង​ឲ្យ​មាន​សន្តិភាព​ជា​និច្ច។+ ១២  ព្រោះ​ភ្នែក​របស់​ព្រះ​យេហូវ៉ា*មើល​ពួក​អ្នក​សុចរិត ហើយ​ត្រចៀក​របស់​លោក​ស្ដាប់​ការ​អង្វរ​សុំ​របស់​ពួក​គេ+ តែ​ព្រះ​យេហូវ៉ា*ប្រឆាំង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​»។+ ១៣  បើ​អ្នក​រាល់​គ្នា​ខ្នះ​ខ្នែង​ធ្វើ​អំពើ​ល្អ តើ​អ្នក​ណា​នឹង​ធ្វើ​បាប​អ្នក​រាល់​គ្នា?+ ១៤  ប៉ុន្តែ ទោះ​ជា​អ្នក​រាល់​គ្នា​រង​ទុក្ខ​ដោយ​សារ​សេចក្ដី​សុចរិត​ក៏​ដោយ ក៏​អ្នក​រាល់​គ្នា​មាន​សុភមង្គល​ដែរ។+ កុំ​ខ្លាច​អ្វី​ដែល​មនុស្ស​ឯ​ទៀត​ខ្លាច​ឡើយ* ហើយ​កុំ​ព្រួយ​បារម្ភ។+ ១៥  ប៉ុន្តែ ចូរ​ទទួល​ស្គាល់​គ្រិស្ត​ជា​ម្ចាស់​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ហើយ​ប្រុង​ប្រៀប​ជា​និច្ច​ដើម្បី​និយាយ​ការ​ពារ​សេចក្ដី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់ ដែល​ទាម​ទារ​ឲ្យ​អ្នក​រាល់​គ្នា​ប្រាប់​អំពី​មូលហេតុ​ដែល​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សង្ឃឹម​នោះ តែ​ចូរ​ធ្វើ​ដូច្នេះ​ដោយ​ចិត្ត​ស្លូត​បូត+និង​ដោយ​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ។+ ១៦  កុំ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​សមត្ថភាព​វិនិច្ឆ័យ​ផ្ដន្ទា​ទោស​ឡើយ។+ យ៉ាង​នេះ ទោះ​ជា​មាន​អ្នក​ណា​និយាយ​អាក្រក់​ប្រឆាំង​អ្នក​រាល់​គ្នា​តាម​វិធី​ណា​ក៏​ដោយ អ្នក​នោះ​នឹង​ត្រូវ​អាម៉ាស់​ខ្មាស+ ដោយ​សារ​ការ​ប្រព្រឹត្ត​ល្អ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត។+ ១៧  ព្រោះ​ប្រសិន​បើ​ព្រះ​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​រង​ទុក្ខ​ដោយ​សារ​ធ្វើ​អំពើ​ល្អ+ នោះ​ប្រសើរ​ជាង​រង​ទុក្ខ​ដោយ​សារ​ធ្វើ​អំពើ​អាក្រក់។+ ១៨  ពី​ព្រោះ​គ្រិស្ត​ស្លាប់​មួយ​ដង​ជា​ការ​ស្រេច​ដើម្បី​លោះ​ការ​ខុស​ឆ្គង+ គឺ​មនុស្ស​សុចរិត​ស្លាប់​ដើម្បី​មនុស្ស​មិន​សុចរិត។+ លោក​បាន​ធ្វើ​ដូច្នេះ ដើម្បី​នាំ​អ្នក​រាល់​គ្នា​ទៅ​ឯ​ព្រះ។+ ពេលដែល​គេ​សម្លាប់​លោក លោក​ជា​មនុស្ស+ តែ​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​មានជីវិតរស់​ឡើង​វិញ​ជា​វិញ្ញាណ។+ ១៩  ពេល​នោះ លោក​បាន​ទៅ​ផ្សព្វ​ផ្សាយ​ដល់​ពួក​វិញ្ញាណ​ដែល​ជាប់​ឃុំ​ឃាំង+ ២០  ជា​ពួក​វិញ្ញាណ​ដែល​មិន​បាន​ស្ដាប់​បង្គាប់​នៅ​សម័យ​ណូអេ ពេល​ដែល​ព្រះ​រង់​ចាំ​ដោយ​អត់​ធ្មត់+ ខណៈ​ដែល​ទូក​ធំ​កំពុង​ត្រូវ​សង់+ ដែល​ក្នុង​នោះ​មនុស្ស​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​បាន​ត្រូវ​សង្គ្រោះ​ពី​ទឹក* គឺ​មនុស្ស​៨​នាក់។+ ២១  ព្រឹត្តិការណ៍​នោះ​ជា​និមិត្ត​រូប​នៃ​អ្វី​ដែល​កំពុង​សង្គ្រោះ​អ្នក​រាល់​គ្នា​នៅ​ឥឡូវ​នេះ ពោល​គឺ​ការ​ទទួល​ការ​ជ្រមុជ​ទឹក។ អ្នក​បាន​ទទួល​ការ​ជ្រមុជ​ទឹក ដោយ​សារ​អ្នក​មាន​ជំនឿ​លើ​លោក​យេស៊ូ​គ្រិស្ត​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ការ​ជ្រមុជ​ទឹក​មិន​មែន​ជា​ការ​ជម្រះ​រូប​កាយ​ឲ្យ​អស់​ភាព​កខ្វក់​ទេ ប៉ុន្តែ​ជា​ការ​សុំ​ព្រះ​ផ្ដល់​នូវ​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស។+ ២២  លោក​បាន​ទៅ​ស្ថាន​សួគ៌ ហើយ​ឥឡូវ​លោក​នៅ​ខាង​ស្ដាំ​ព្រះ។+ ក្រោយ​មក ទេវតា អំណាច និង​អាជ្ញាធរ​នា​នា​បាន​ត្រូវ​ដាក់​ឲ្យ​នៅ​ក្រោម​អំណាច​របស់​លោក។+

កំណត់សម្គាល់

ឬ​«​ដោយ​ចេះ​គិត​ដល់​នាង​»​ ឬ​«​ដោយ​យល់​អារម្មណ៍​នាង​»​
ន័យ​ត្រង់​«​ទទួល​ពរ​ជា​មត៌ក​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​កុំ​ភ័យ​ខ្លាច​ការ​គំរាម​កំហែង​របស់​មនុស្ស​ឡើយ​»​
ឬ​«​បាន​ត្រូវ​នាំ​កាត់​ទឹក​ដោយ​សុវត្ថិភាព​»​