ពេត្រុសទី១ ៤:១-១៩

  • រស់​នៅ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ ដូច​គ្រិស្តបាន​ធ្វើ​ដែរ (​១​-​៦)

  • ទី​បញ្ចប់​នៃ​អ្វី​ៗ​ទាំង​អស់​គឺ​ជិត​ដល់​ហើយ (​៧​-​១១)

  • ការ​រង​ទុក្ខ​ក្នុង​នាម​ជា​គ្រិស្ត​សាសនិក (​១២​-​១៩)

 ដោយ​សារ​គ្រិស្ត​បាន​រង​ទុក្ខ​ពេល​ដែល​លោក​ជា​មនុស្ស+ ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រៀប​ខ្លួន​ដោយ​មាន​ចិត្ត​គំនិត*ដូច​លោក​ដែរ ពី​ព្រោះ​អ្នក​ណា​ដែល​បាន​រង​ទុក្ខ​ក្នុង​សាច់​ឈាម អ្នក​នោះ​បាន​លះ​ចោល​ការ​ខុស​ឆ្គង+ ២  ដើម្បី​រស់​នៅ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ក្នុង​អំឡុង​ពេល​ដែល​អ្នក​នោះ​នៅ​មាន​ជីវិត* មិន​មែន​រស់​នៅ​ដើម្បី​ធ្វើ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​មនុស្ស​ទៀត​ទេ។+ ៣  ព្រោះ​វេលាដែល​អ្នក​រាល់​គ្នា​បាន​ចំណាយ​ក្នុង​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ពិភព​លោក​នេះ​គឺ​ល្មម​ហើយ+ ជា​វេលា​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដោយ​ឥត​កោត​ក្រែង* ដោយតណ្ហាក្រាស់ ការ​ផឹក​ស្រា​ច្រើន​ហួស​ប្រមាណ ការ​ជប់​លៀង​សប្បាយ​ឥត​បើ​គិត ការ​ប្រកួត​គ្នា​ផឹក​ស្រា និង​ការ​គោរព​បូជា​រូប​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម។*+ ៤  ប៉ុន្តែ ពេល​ដែល​អ្នក​រាល់​គ្នា​ឈប់​រត់​ទៅ​ននៀល​ក្នុង​ភក់​ជ្រាំ​នៃ​អបាយមុខ​ជា​មួយ​នឹង​ពួក​គេ​ទៀត នោះ​ធ្វើ​ឲ្យ​ពួក​គេ​ងឿង​ឆ្ងល់។ ដូច្នេះ ពួក​គេ​ក៏​និយាយ​ប្រមាថ​អ្នក​រាល់​គ្នា។+ ៥  ប៉ុន្តែ មនុស្ស​ទាំង​នោះ​នឹង​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​លោក​ដែល​បាន​ប្រុង​ប្រៀប​វិនិច្ឆ័យ​មនុស្ស​រស់​និង​មនុស្ស​ស្លាប់។+ ៦  តាម​ពិត នេះ​ជា​មូលហេតុ​ដែល​ដំណឹង​ល្អ​ក៏​បាន​ត្រូវ​ប្រកាស​ប្រាប់​ដល់​មនុស្ស​ស្លាប់*ដែរ។+ យ៉ាង​នេះ ទោះ​ជា​ពួក​គេ​បាន​ត្រូវ​វិនិច្ឆ័យ​តាម​សម្បក​ក្រៅ​ដោយ​ទស្សនៈ​របស់​មនុស្ស​ក៏​ដោយ តែ​ព្រះ​ចាត់​ទុក​ពួក​គេ​ថា​ជា​អ្នក​ដែល​មាន​ជីវិត​រស់​នៅ​ក្រោម​ការ​ដឹក​នាំ​នៃ​ឫទ្ធានុភាព​របស់​លោក។ ៧  ប៉ុន្តែ ទី​បញ្ចប់​នៃ​អ្វី​ៗ​ទាំង​អស់​គឺ​ជិត​ដល់​ហើយ។ ដូច្នេះ ចូរ​ដឹង​ខុស​ត្រូវ​ជា​និច្ច+ ហើយ​ចាំ​មិន​ភ្លេច​អំពី​សារៈ​សំខាន់​នៃ​ការ​អធិដ្ឋាន។+ ៨  ជា​ពិសេស ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​ខ្លាំង+ ពី​ព្រោះ​សេចក្ដី​ស្រឡាញ់​គ្រប​បាំង​ការ​ខុស​ឆ្គង​ជា​ច្រើន។+ ៩  ចូរ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​រាក់​ទាក់​ដោយ​មិន​រអ៊ូ​រទាំ។+  ១០  ក្នុង​នាម​ជា​អ្នក​ចាត់​ចែង*ល្អ​ប្រសើរ​ដែល​បាន​ទទួល​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​ដែល​បាន​ត្រូវ​ផ្ដល់​ឲ្យ​តាម​របៀប​ផ្សេង​ៗ នោះ​ចូរ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​អំណោយ​ដែល​អ្នក​រាល់​គ្នា​ម្នាក់​ៗ​បាន​ទទួល។+ ១១  ប្រសិន​បើ​អ្នក​ណា​និយាយ អ្នក​នោះ​ត្រូវ​និយាយ​អំពី​ប្រសាសន៍​របស់​ព្រះ។ បើ​អ្នក​ណា​បំពេញ​កិច្ច​បម្រើ អ្នក​នោះ​ត្រូវ​បំពេញ​កិច្ច​បម្រើ​ដោយ​ពឹង​ផ្អែក​លើ​កម្លាំង​ដែល​ព្រះ​ផ្ដល់​ឲ្យ+ ដើម្បី​ឲ្យ​ព្រះ​ទទួល​ការ​លើក​តម្កើង​ក្នុង​គ្រប់​ការ​ទាំង​អស់+ តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត។ សិរី​រុង​រឿង​និង​កម្លាំង​ខ្លាំង​ក្លា​ជា​របស់​លោក​ជា​រៀង​រហូត​ត​ទៅ។ អាមេន។ ១២  បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ កុំ​ភ្ញាក់​ផ្អើល​អំពី​ភ្លើង​ដែល​កំពុង​ឆេះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា+ ហាក់​ដូច​ជា​មាន​អ្វី​ចម្លែក​ដែល​កំពុង​កើត​ឡើង​ដល់​អ្នក​រាល់​គ្នា​ឡើយ ព្រោះ​ភ្លើង​នោះ​កំពុង​កើត​ឡើង​ដើម្បី​ល្បង​ល​អ្នក​រាល់​គ្នា។ ១៣  ក៏​ប៉ុន្តែ ចូរ​បន្ត​អរ​សប្បាយ+ដោយ​សារ​អ្នក​រាល់​គ្នា​រួម​ចំណែក​ក្នុង​ទុក្ខ​លំបាក​របស់​គ្រិស្ត+ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​អរ​សប្បាយ ហើយ​ត្រេក​អរ​យ៉ាង​ខ្លាំង ពេល​ដែល​សិរី​រុង​រឿង​របស់​លោក​នឹង​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ។+ ១៤  ប្រសិន​បើ​គេ​ជេរ​ប្រមាថ*អ្នក​រាល់​គ្នា​ដោយ​សារ​នាម​របស់​គ្រិស្ត នោះ​អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ+ ពី​ព្រោះ​សិរី​រុង​រឿង​នៃ​ឫទ្ធានុភាព គឺ​ឫទ្ធានុភាព​របស់​ព្រះ​កំពុង​សណ្ឋិត​លើ​អ្នក​រាល់​គ្នា។ ១៥  ក៏​ប៉ុន្តែ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ណា​ម្នាក់​រង​ទុក្ខ​ទោស​ដោយ​សារ​ជ្រៀត​ជ្រែក​ក្នុង​រឿង​អ្នក​ឯ​ទៀត ដោយ​សារបាន​សម្លាប់​គេ លួច​គេ ឬ​ធ្វើ​អំពើ​ខុសឆ្គងឡើយ។+ ១៦  ប៉ុន្តែ ប្រសិន​បើ​អ្នក​ណា​រង​ទុក្ខ​ដោយ​សារ​ជា​គ្រិស្ត​សាសនិក អ្នក​នោះ​មិន​ត្រូវ​ខ្មាស​ឡើយ+ តែ​ត្រូវ​បន្ត​លើក​តម្កើង​ព្រះ​ដោយ​រស់​នៅ​ជា​គ្រិស្ត​សាសនិក។ ១៧  ព្រោះ​នេះ​ជា​ពេល​កំណត់​ឲ្យ​ការ​វិនិច្ឆ័យ​ចាប់​ផ្ដើម​ពី​រាស្ត្រ*របស់​ព្រះ។+ ប្រសិន​បើ​ការ​វិនិច្ឆ័យ​ចាប់​ផ្ដើម​ពី​យើង​មុន​គេ+ តើ​អ្វី​នឹង​កើត​ឡើង​ដល់​ពួក​អ្នក​ដែល​មិន​ធ្វើ​តាម​ដំណឹង​ល្អ​របស់​ព្រះ?+ ១៨  ​«​ហើយ​ប្រសិន​បើ​មនុស្ស​សុចរិត​ត្រូវ​ខំ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ នោះ​តើ​អ្នក​ដែល​មិន​គោរព​កោត​ខ្លាច​ព្រះ​និង​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នឹង​ទៅ​ជា​យ៉ាង​ណា​វិញ?​»។+ ១៩  ដូច្នេះ ចូរ​ឲ្យ​ពួក​អ្នក​ដែល​កំពុង​រង​ទុក្ខ​ដោយ​សារ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ បន្ត​ផ្ញើ​ជីវិត*នឹង​ព្រះ​ដែល​ជា​អ្នក​បង្កើត​ដ៏​ស្មោះ​ត្រង់ កាល​ដែល​ពួក​គេ​កំពុង​ប្រព្រឹត្ត​ការ​ល្អ។+

កំណត់សម្គាល់

ឬ​«​ដោយ​ប្ដេជ្ញា​ចិត្ត​»​
ន័យ​ត្រង់​«​នៅ​មាន​ជីវិត​ជា​មនុស្ស​»​
ឬ​«​ប្រព្រឹត្ត​ដោយ​ឥត​អៀន​ខ្មាស​»។ ភាសា​ក្រិច​«​អាសិលគា​»។ មើល​និយម​ន័យ​ពាក្យ​«​ប្រព្រឹត្ត​ដោយ​ឥត​កោត​ក្រែង​»​
ន័យ​ត្រង់​«​ការ​គោរព​បូជា​រូប​ព្រះ​ខុស​ច្បាប់​»​
តាម​មើល​ទៅ​នេះ​សំដៅ​លើ​អ្នក​ដែល​ប្រៀប​ដូច​ជា​បាន​ស្លាប់ ដោយ​សារ​ការ​ខុស​ឆ្គង​របស់​ខ្លួន។ មើល​អេភ ២:១
ឬ​«​អ្នក​ចាត់​ចែង​កិច្ច​ការ​ផ្ទះ​»​
ឬ​«​តិះ​ដៀល​»​
ន័យ​ត្រង់​«​ផ្ទះ​»​
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​