ពេត្រុសទី១ ៥:១-១៤
៥ ដូច្នេះ ខ្ញុំសូមបំផុសទឹកចិត្តអ្នកចាស់ទុំទាំងឡាយក្នុងចំណោមអ្នករាល់គ្នា ព្រោះខ្ញុំក៏ជាអ្នកចាស់ទុំដែរ ហើយជាសាក្សីអំពីទុក្ខលំបាករបស់គ្រិស្ត និងជាអ្នករួមចំណែកក្នុងសិរីរុងរឿងដែលនឹងត្រូវបើកបង្ហាញ៖+
២ ចូរឃ្វាលហ្វូងចៀមរបស់ព្រះ+ដែលនៅក្រោមការថែទាំរបស់អ្នករាល់គ្នា មិនមែនឃ្វាលដោយបង្ខំចិត្តទេ តែដោយស្ម័គ្រចិត្តនៅចំពោះព្រះ+ ហើយមិនមែនដោយចង់បានប្រយោជន៍ផ្ទាល់ខ្លួនឡើយ+ តែដោយស្មោះអស់ពីចិត្ត
៣ ក៏មិនមែនដោយធ្វើជាចៅហ្វាយលើពួកអ្នកដែលជាមត៌ករបស់ព្រះដែរ+ តែដោយធ្វើជាគំរូដល់ហ្វូងចៀមវិញ។+
៤ ពេលដែលមេគង្វាល+នឹងត្រូវលេចមក នោះអ្នករាល់គ្នានឹងទទួលមកុដនៃសិរីរុងរឿងដែលមិនអាចសាបសូន្យបានឡើយ។+
៥ តាមរបៀបដូចគ្នា ចូរអ្នករាល់គ្នាដែលជាយុវជន ចុះចូលនឹងបុរសចាស់ទុំ។+ ប៉ុន្តែ ចូរមនុស្សទាំងអស់គ្នាបំពាក់*ខ្លួនដោយចិត្តរាបទាបក្នុងរបៀបដែលប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក ពីព្រោះព្រះប្រឆាំងមនុស្សក្រអឺតក្រទម តែលោកឲ្យគុណដ៏វិសេសលើសលប់ដល់មនុស្សដែលមានចិត្តរាបទាប។+
៦ ដូច្នេះ ចូរអ្នករាល់គ្នាបន្ទាបខ្លួនក្រោមដៃដ៏ខ្លាំងក្លារបស់ព្រះ ដើម្បីឲ្យលោកតម្កើងអ្នករាល់គ្នានៅពេលកំណត់+
៧ កាលដែលអ្នករាល់គ្នាផ្ទេរកង្វល់ទាំងអស់ទៅព្រះ+ ពីព្រោះលោករមែងគិតអំពីអ្នករាល់គ្នា។+
៨ ចូរដឹងខ្លួនជានិច្ច ហើយប្រុងប្រយ័ត្នចុះ!+ មេកំណាច*ដែលជាសត្រូវរបស់អ្នករាល់គ្នា ដើរក្រវែលដូចតោដែលកំពុងគ្រហឹមរកលេបត្របាក់អ្នកណាម្នាក់។+
៩ ប៉ុន្តែ ចូរតស៊ូនឹងវា+ដោយមានជំនឿមាំមួន ហើយដោយដឹងថាបងប្អូនរបស់អ្នករាល់គ្នាពេញពិភពលោកកំពុងឆ្លងកាត់ទុក្ខលំបាកដូចគ្នាដែរ។+
១០ ក៏ប៉ុន្តែ ក្រោយពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈពេលខ្លី ព្រះដែលផ្ដល់គុណដ៏វិសេសលើសលប់គ្រប់យ៉ាង ដែលបានហៅអ្នករាល់គ្នាឲ្យរួបរួមជាមួយនឹងគ្រិស្ត ហើយឲ្យទទួលសិរីរុងរឿងជារៀងរហូត+ នឹងបង្គ្រប់ការហ្វឹកហ្វឺនរបស់អ្នករាល់គ្នា។ លោកនឹងធ្វើឲ្យអ្នករាល់គ្នាមាំមួន+ហើយខ្លាំងក្លា+ លោកនឹងជួយអ្នកមិនឲ្យរង្គោះរង្គើឡើយ។
១១ សូមឲ្យលោកប្រកបដោយកម្លាំងខ្លាំងក្លាជារៀងរហូត។ អាមេន។
១២ តាមរយៈស៊ីលវេនុស*+ដែលខ្ញុំចាត់ទុកជាបងប្រុសស្មោះត្រង់ ខ្ញុំបានសរសេរសំបុត្រទៅកាន់អ្នករាល់គ្នាយ៉ាងខ្លី ដើម្បីលើកទឹកចិត្តអ្នករាល់គ្នា ហើយបញ្ជាក់យ៉ាងស្មោះអស់ពីចិត្តថា នេះហើយជាគុណដ៏វិសេសលើសលប់ដ៏ពិតរបស់ព្រះ។ ចូរកាន់ជំហរមាំមួនក្នុងគុណដ៏វិសេសនេះ។
១៣ ស្ត្រី*ដែលនៅក្រុងបាប៊ីឡូន ដែលបានត្រូវជ្រើសរើសដូចអ្នករាល់គ្នា ផ្ដាំសួរសុខទុក្ខ ហើយម៉ាកុស+ជាកូនរបស់ខ្ញុំ ក៏ផ្ដាំសួរសុខទុក្ខដែរ។
១៤ ចូរសួរសុខទុក្ខគ្នាទៅវិញទៅមកយ៉ាងកក់ក្ដៅ។*
សូមឲ្យអ្នកទាំងអស់គ្នាដែលជាអ្នករួបរួមជាមួយនឹងគ្រិស្ត ប្រកបដោយសេចក្ដីសុខសាន្ត។
កំណត់សម្គាល់
^ ឬ«ក្រវាត់»
^ ភាសាក្រិច«ឌីអាបូឡូស»មានន័យថា«អ្នកបង្កាច់បង្ខូច»
^ ក៏មានឈ្មោះថាស៊ីឡាសដែរ
^ «ស្ត្រី»ទំនងជាសំដៅលើក្រុមជំនុំមួយ
^ ន័យត្រង់«ដោយការថើបដែលប្រកបដោយសេចក្ដីស្រឡាញ់ជាបងប្អូន»