ជូនចំពោះគ្រិស្តសាសនិកនៅក្រុងភីលីព ២:១-៣០
២ ដូច្នេះ ប្រសិនបើអ្នករាល់គ្នាលើកទឹកចិត្តគ្នាក្នុងគ្រិស្ត សម្រាលទុក្ខគ្នាដោយសេចក្ដីស្រឡាញ់ យកចិត្តទុកដាក់គ្នាទៅវិញទៅមក មានមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងមានសេចក្ដីមេត្តាករុណា
២ នោះធ្វើឲ្យខ្ញុំមានអំណរខ្លាំងក្រៃលែង ដោយសារអ្នករាល់គ្នាគិតដូចគ្នា មានសេចក្ដីស្រឡាញ់ដូចគ្នា រួមចិត្តតែមួយ* និងមានគំនិតតែមួយ។+
៣ មិនត្រូវធ្វើអ្វីក្នុងបំណងទាស់នឹងអ្នកឯទៀត+ ឬលើកខ្លួនហួសប្រមាណឡើយ។+ ប៉ុន្តែ ចូរមានចិត្តរាបទាប*ដោយចាត់ទុកអ្នកឯទៀតថាប្រសើរជាងខ្លួន។+
៤ ចូរបន្តយកចិត្តទុកដាក់ចំពោះអ្នកឯទៀត+ មិនត្រូវគិតតែអំពីរឿងផ្ទាល់ខ្លួនប៉ុណ្ណោះទេ។+
៥ ចូររក្សាឲ្យមានចិត្តគំនិតបែបនេះជានិច្ច គឺចិត្តគំនិតដូចគ្រិស្តយេស៊ូ។+
៦ ទោះជាលោកធ្លាប់មានសណ្ឋានដូចព្រះក៏ដោយ+ លោកមិនដែលគិតចង់តាំងខ្លួនឲ្យស្មើនឹងព្រះនោះទេ។+
៧ ផ្ទុយទៅវិញ លោកបានលះបង់អ្វីៗទាំងអស់ ហើយយកសណ្ឋានជាខ្ញុំបម្រើ+ រួចកើតជាមនុស្ស។+
៨ មិនត្រឹមតែប៉ុណ្ណោះ ពេលដែលលោកជាមនុស្ស* លោកបានបន្ទាបខ្លួន ហើយចុះចូលស្ដាប់បង្គាប់រហូតដល់ត្រូវស្លាប់+ គឺស្លាប់លើបង្គោលទារុណកម្ម។*+
៩ ដោយហេតុនេះ ព្រះបានលើកតម្កើងលោកឲ្យមានឋានៈខ្ពស់ជាងមុន+ ហើយដោយក្ដីសប្បុរសព្រះក៏ឲ្យនាមដល់លោក ជានាមដែលប្រសើរជាងនាមឯទៀតទាំងអស់+
១០ ដើម្បីឲ្យអ្នកនៅស្ថានសួគ៌ អ្នកនៅផែនដី និងអ្នកនៅក្រោមដី លុតជង្គង់ដោយសារនាមលោកយេស៊ូ។+
១១ ហើយមនុស្សគ្រប់រូបត្រូវប្រកាសទទួលស្គាល់ជាសាធារណៈថា លោកយេស៊ូគ្រិស្តជាម្ចាស់+ ដើម្បីសរសើរតម្កើងព្រះដែលជាបិតា។
១២ ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ អ្នករាល់គ្នាតែងតែស្ដាប់បង្គាប់ ពេលខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា។ សូម្បីតែឥឡូវនេះខ្ញុំមិននៅជាមួយ ក៏អ្នករាល់គ្នានៅតែស្ដាប់បង្គាប់ដែរ ហើយកាន់តែខ្លាំងជាងមុនទៅទៀត។ សូមអ្នករាល់គ្នាបន្តធ្វើដូច្នេះដោយកោតខ្លាចញាប់ញ័រ ដើម្បីឲ្យបានសេចក្ដីសង្គ្រោះ
១៣ ព្រោះព្រះគឺជាអ្នកដែលកំពុងផ្ដល់កម្លាំងឲ្យអ្នករាល់គ្នាតាមដែលលោកពេញចិត្ត ដើម្បីឲ្យអ្នករាល់គ្នាមានបំណងប្រាថ្នានិងមានការប្រព្រឹត្ត។
១៤ ចូរបន្តធ្វើអ្វីៗទាំងអស់ដោយមិនត្អូញត្អែរ+ឬឈ្លោះគ្នាឡើយ+
១៥ ដើម្បីឲ្យអ្នករាល់គ្នាទៅជាមនុស្សដែលគ្មានកន្លែងបន្ទោស មានចិត្តបរិសុទ្ធ និងជាកូនព្រះ+ដែលឥតសៅហ្មងក្នុងចំណោមជំនាន់មនុស្សខូចនិងវៀចវេរ។+ ក្នុងពិភពលោកនេះ អ្នករាល់គ្នាជាពន្លឺដែលកំពុងភ្លឺ+
១៦ កាលដែលអ្នករាល់គ្នាបន្តកាន់ខ្ជាប់តាមបណ្ដាំនៃជីវិត។+ យ៉ាងនេះ ខ្ញុំអាចមានហេតុត្រេកអរនៅថ្ងៃរបស់គ្រិស្ត ព្រោះខ្ញុំដឹងថាខ្ញុំមិនបានរត់ដោយឥតប្រយោជន៍ ឬធ្វើការនឿយហត់ដោយឥតប្រយោជន៍នោះទេ។
១៧ ប៉ុន្តែ ទោះជាខ្ញុំប្រគល់ខ្លួនខ្ញុំដូចគ្រឿងបូជាជាស្រា+ដែលត្រូវច្រួចទៅលើគ្រឿងបូជា+ ដោយជួយក្នុងកិច្ចបម្រើពិសិដ្ឋ*ក៏ដោយ ក៏ខ្ញុំសប្បាយចិត្តហើយត្រេកអរជាមួយនឹងអ្នករាល់គ្នាដែរ ដោយសារជំនឿរបស់អ្នកបានជំរុញឲ្យអ្នកធ្វើដូច្នេះ។
១៨ ដូច្នេះ ចូរអ្នករាល់គ្នាសប្បាយចិត្ត ហើយត្រេកអរជាមួយនឹងខ្ញុំដែរ។
១៩ ខ្ញុំសង្ឃឹមលើលោកម្ចាស់យេស៊ូថា បន្តិចទៀត ខ្ញុំអាចចាត់ធីម៉ូថេ+ឲ្យទៅឯអ្នករាល់គ្នា ដើម្បីខ្ញុំអាចទទួលការលើកទឹកចិត្តពេលបានដំណឹងអំពីអ្នករាល់គ្នា។
២០ ព្រោះខ្ញុំគ្មានអ្នកណាទៀតដែលមានចិត្តគំនិតដូចគាត់ ដែលពិតជានឹងយកចិត្តទុកដាក់ចំពោះអ្នករាល់គ្នាទេ។
២១ ព្រោះអ្នកឯទៀតកំពុងរកតែប្រយោជន៍ផ្ទាល់ខ្លួន មិនមែនរកប្រយោជន៍សម្រាប់លោកយេស៊ូគ្រិស្តឡើយ។
២២ ប៉ុន្តែ អ្នករាល់គ្នាដឹងហើយថាធីម៉ូថេបានទុកគំរូល្អ គាត់ប្រៀបដូចជាកូន+ដែលធ្វើការជាមួយនឹងឪពុក។ គាត់បានរួមធ្វើការជាមួយនឹងខ្ញុំដូចខ្ញុំបម្រើ ក្នុងការធ្វើឲ្យដំណឹងល្អជឿនទៅមុខ។
២៣ ដូច្នេះ បុរសនេះហើយដែលខ្ញុំសង្ឃឹមថា ខ្ញុំនឹងចាត់ឲ្យទៅឯអ្នករាល់គ្នាក្នុងពេលឆាប់ៗនេះ បន្ទាប់ពីខ្ញុំឃើញថារឿងរបស់ខ្ញុំនឹងទៅជាយ៉ាងណា។
២៤ ខ្ញុំជឿជាក់លើលោកម្ចាស់ថា បន្តិចទៀតខ្ញុំនឹងទៅដែរ។+
២៥ ក៏ប៉ុន្តែ ឥឡូវខ្ញុំគិតថាខ្ញុំត្រូវចាត់អេប៉ាប្រូឌីតឲ្យត្រឡប់ទៅឯអ្នករាល់គ្នាវិញ។ គាត់ជាបងប្រុស ជាអ្នករួមការងារ និងជាអ្នកធ្វើទាហានជាមួយនឹងខ្ញុំ ហើយក៏ជាអ្នកនាំសារដែលអ្នករាល់គ្នាបានចាត់ឲ្យមកបំពេញសេចក្ដីត្រូវការរបស់ខ្ញុំដែរ។+
២៦ ពេលនេះគាត់ចង់ជួបអ្នករាល់គ្នាខ្លាំងណាស់ ហើយគាត់ពិបាកចិត្តព្រោះអ្នករាល់គ្នាបានឮថាគាត់ឈឺ។
២៧ គាត់បានធ្លាក់ខ្លួនឈឺមែន រហូតដល់ជិតស្លាប់ ប៉ុន្តែព្រះបានមេត្តាដល់គាត់។ តាមពិត លោកមិនគ្រាន់តែបានមេត្តាដល់គាត់ប៉ុណ្ណោះទេ តែក៏បានមេត្តាដល់ខ្ញុំដែរ ដើម្បីកុំឲ្យខ្ញុំមានទុក្ខត្រួតពីលើទុក្ខ។
២៨ ដូច្នេះ ខ្ញុំនឹងចាត់គាត់ឲ្យទៅឯអ្នករាល់គ្នាជាប្រញាប់ ដើម្បីឲ្យអ្នករាល់គ្នាត្រេកអរពេលឃើញគាត់ម្ដងទៀត ហើយខ្ញុំក៏អាចស្បើយទុក្ខបន្តិចដែរ។
២៩ ម្ល៉ោះហើយ ចូរទទួលស្វាគមន៍គាត់ដោយស្មោះអស់ពីចិត្ត តាមរបៀបដែលអ្នករាល់គ្នាស្វាគមន៍អស់អ្នកកាន់តាមលោកម្ចាស់ ហើយចូររក្សាការគោរពដ៏ជ្រាលជ្រៅចំពោះបងប្រុសបែបនោះ+
៣០ ពីព្រោះគាត់ជិតបាត់បង់ជីវិតដោយសារកិច្ចការរបស់គ្រិស្ត* គឺបានប្រថុយជីវិតដើម្បីផ្ដល់ជំនួយដល់ខ្ញុំជំនួសអ្នករាល់គ្នា ដោយសារអ្នករាល់គ្នាមិននៅទីនេះ។+
កំណត់សម្គាល់
^ ឬ«រួមសាមគ្គីគ្នា»
^ ឬ«ចូរបន្ទាបខ្លួន»
^ ន័យត្រង់«ពេលដែលលោកឃើញថាលោកមានភាពជាមនុស្សជាតិ»
^ មើលនិយមន័យពាក្យ«បង្គោលទារុណកម្ម»
^ ឬ«កិច្ចបម្រើសាធារណជន»
^ ឬប្រហែលជាមានន័យថា«កិច្ចការរបស់លោកម្ចាស់»