ជូនចំពោះគ្រិស្តសាសនិកនៅក្រុងភីលីព ៤:១-២៣
៤ ដូច្នេះ បងប្អូនជាទីស្រឡាញ់របស់ខ្ញុំ ដែលខ្ញុំចង់ជួបខ្លាំងណាស់ បងប្អូនជាអំណរ និងជាមកុដរបស់ខ្ញុំ។+ ចូរកាន់ជំហរមាំមួន+តាមរបៀបនេះ ក្នុងនាមជាអ្នកកាន់តាមលោកម្ចាស់។
២ ខ្ញុំសូមដាស់តឿនអឺរ៉ូឌានិងស៊ីនទីចឲ្យមានគំនិតតែមួយក្នុងកិច្ចបម្រើលោកម្ចាស់។+
៣ ចំណែកអ្នកដែលជាអ្នករួមការងារយ៉ាងស្មោះជាមួយនឹងខ្ញុំ ខ្ញុំក៏សូមឲ្យអ្នកបន្តជួយស្ត្រីទាំងពីរនេះដែរ។ ពួកនាងនិងក្លេមេន ព្រមទាំងអ្នកឯទៀត បានរួមតស៊ូជាមួយនឹងខ្ញុំដើម្បីដំណឹងល្អ។ ឈ្មោះរបស់ពួកអ្នកទាំងនេះមាននៅក្នុងសៀវភៅជីវិត។+
៤ ចូរអរសប្បាយជានិច្ចដោយសារលោកម្ចាស់។ ខ្ញុំសូមនិយាយម្ដងទៀតថា ចូរអរសប្បាយចុះ!+
៥ ចូរឲ្យមនុស្សទាំងអស់ឃើញថាអ្នករាល់គ្នាជាមនុស្សសមហេតុសមផល។+ លោកម្ចាស់នៅជិត។
៦ កុំខ្វល់ចិត្តអំពីអ្វីឡើយ+ តែចូរជម្រាបព្រះអំពីសំណូមពររបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយអធិដ្ឋាន អង្វរសុំ និងថ្លែងអំណរគុណ។+
៧ យ៉ាងនេះ សេចក្ដីសុខសាន្ត+របស់ព្រះដែលហួសពីការនឹកស្មាន នឹងការពារចិត្ត+និងសមត្ថភាពរិះគិតរបស់អ្នករាល់គ្នា តាមរយៈគ្រិស្តយេស៊ូ។
៨ ជាចុងក្រោយ បងប្អូនអើយ អ្វីៗដែលពិត អ្វីៗដែលថ្លៃថ្នូរ អ្វីៗដែលសុចរិត អ្វីៗដែលបរិសុទ្ធ អ្វីៗដែលគួរឲ្យស្រឡាញ់ អ្វីៗដែលមានកេរ្ដិ៍ឈ្មោះល្អ អ្វីៗដែលប្រកបដោយគុណធម៌ និងអ្វីៗដែលគួរឲ្យសរសើរ ចូរបន្តពិចារណា*អំពីអ្វីៗទាំងនោះ។+
៩ អ្វីៗដែលអ្នករាល់គ្នាបានរៀន ឃើញ ឮ និងទទួលពីខ្ញុំ ចូរប្រព្រឹត្តតាមសេចក្ដីទាំងនោះ+ ហើយព្រះនៃសេចក្ដីសុខសាន្តនឹងនៅជាមួយនឹងអ្នករាល់គ្នា។
១០ ខ្ញុំត្រេកអរខ្លាំងណាស់ក្នុងនាមជាអ្នកបម្រើលោកម្ចាស់ ព្រោះនៅទីបំផុតអ្នករាល់គ្នាចាប់ផ្ដើមគិតអំពីខ្ញុំម្ដងទៀត។+ អ្នករាល់គ្នាពិតជាបានគិតអំពីខ្ញុំមែន តែមិនមានឱកាសបង្ហាញឲ្យឃើញទេ។
១១ ខ្ញុំនិយាយដូច្នេះ មិនមែនដោយសារខ្ញុំខ្វះខាតទេ ព្រោះខ្ញុំបានរៀនឲ្យចេះស្កប់ចិត្ត ទោះជាខ្ញុំនៅក្នុងកាលៈទេសៈណាក៏ដោយ។+
១២ ខ្ញុំចេះរស់នៅដោយមានតែបន្តិចបន្តួច+ ខ្ញុំចេះរស់នៅដោយមានបរិបូរ។ ខ្ញុំបានរៀនអាថ៌កំបាំងអំពីរបៀបស្កប់ចិត្តក្នុងគ្រប់ការទាំងអស់និងនៅគ្រប់កាលៈទេសៈទាំងអស់ ទោះជាឆ្អែត ឬឃ្លានក្ដី ទោះជាមានបរិបូរ ឬខ្វះខាតក្ដី។
១៣ ខ្ញុំមានកម្លាំងសម្រាប់អ្វីៗទាំងអស់ ដោយសារលោកដែលផ្ដល់កម្លាំងឲ្យខ្ញុំ។+
១៤ ទោះជាយ៉ាងនោះក៏ដោយ អ្នករាល់គ្នាបានធ្វើល្អ ដោយរួមចំណែកក្នុងទុក្ខវេទនារបស់ខ្ញុំ។
១៥ តាមការពិត អ្នករាល់គ្នានៅក្រុងភីលីពក៏ដឹងដែរថា ពេលដំបូងដែលអ្នករាល់គ្នាបានរៀនអំពីដំណឹងល្អ និងពេលដែលខ្ញុំបានចាកចេញពីតំបន់ម៉ាសេដូន គ្មានក្រុមជំនុំណាមួយរួមចំណែកជាមួយនឹងខ្ញុំក្នុងការឲ្យនិងការទទួលឡើយ មានតែអ្នករាល់គ្នាប៉ុណ្ណោះ+
១៦ ពីព្រោះកាលដែលខ្ញុំនៅក្រុងថែស្សាឡូនិច អ្នករាល់គ្នាបានផ្ញើជំនួយឲ្យខ្ញុំដល់ទៅពីរដង ដើម្បីបំពេញសេចក្ដីត្រូវការរបស់ខ្ញុំ។
១៧ ខ្ញុំមិនមែនចង់បានអំណោយពីអ្នករាល់គ្នាទេ តែខ្ញុំចង់ឲ្យអ្នករាល់គ្នាប្រព្រឹត្តល្អ ដែលបង្កើនកម្រៃដល់អ្នករាល់គ្នា។
១៨ ក៏ប៉ុន្តែ ខ្ញុំមានអ្វីៗទាំងអស់ដែលខ្ញុំត្រូវការ ហើយមានច្រើនជាងនោះទៅទៀត។ ខ្ញុំមានសព្វគ្រប់អស់ហើយ ខ្ញុំបានទទួលអ្វីដែលអ្នករាល់គ្នាបានផ្ញើឲ្យខ្ញុំតាមរយៈអេប៉ាប្រូឌីត+ មានដូចជាគ្រឿងក្រអូប+ និងគ្រឿងបូជាដែលព្រះពេញចិត្ត។
១៩ ហេតុនេះហើយ ព្រះរបស់ខ្ញុំដែលមានទ្រព្យយ៉ាងច្រើនលើសលប់នឹងផ្ដល់អ្វីៗទាំងអស់ដែលអ្នករាល់គ្នាត្រូវការ+ តាមរយៈគ្រិស្តយេស៊ូ។
២០ សូមឲ្យព្រះដែលជាបិតារបស់យើងប្រកបដោយសិរីរុងរឿងជារៀងរហូតតទៅ។ អាមេន។
២១ ខ្ញុំសូមផ្ដាំសួរសុខទុក្ខពួកអ្នកបរិសុទ្ធទាំងអស់គ្នាដែលជាអ្នកកាន់តាមគ្រិស្តយេស៊ូ។ បងប្អូនដែលនៅជាមួយនឹងខ្ញុំក៏ផ្ដាំសួរសុខទុក្ខដែរ។
២២ ពួកអ្នកបរិសុទ្ធទាំងអស់គ្នា ជាពិសេសអស់អ្នកដែលជាអ្នកផ្ទះរបស់សេសារ*+ សូមផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។
២៣ សូមឲ្យគុណដ៏វិសេសលើសលប់របស់លោកម្ចាស់យេស៊ូគ្រិស្តនៅជាមួយនឹងអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាមានចិត្តគំនិតត្រឹមត្រូវ។