មីកា ១:១-១៦

  • ការ​វិនិច្ឆ័យ​ទោស​ក្រុង​សាម៉ារី​និង​ស្រុក​យូដា (​១​-​១៦)

    • អំពើ​ខុស​ឆ្គង​និង​ការ​បះ​បោរ​បណ្ដាល​ឲ្យ​មាន​បញ្ហា (​)

 នៅ​គ្រា​យ៉ូថាម+ អេហាស+ និង​ហេសេគា+ដែល​ជា​ស្ដេច​ស្រុក​យូដា+ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​មីកា*+នៃ​ក្រុង​ម៉ូរ៉ាស៊ីត។ ពេល​នោះ គាត់​បាន​ទទួល​ការ​បើក​បង្ហាញ​ពី​ព្រះ ស្ដី​អំពី​ក្រុង​សាម៉ារី​និង​ក្រុង​យេរូសាឡិម​ដូច​ត​ទៅ​៖  ២  ​«​ឱ​បណ្ដា​ជន​ទាំង​ឡាយ​អើយ! ចូរ​ស្ដាប់​ចុះ។ ឱ​ផែនដី​និង​អ្វី​ដែល​នៅ​ផែនដី​អើយ! ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់។ ព្រះ​យេហូវ៉ា​ស្ថិត​នៅ​វិហារ​បរិសុទ្ធ​របស់​លោកសូម​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត ធ្វើ​ជា​សាក្សី​ទាស់​នឹង​អ្នក​រាល់​គ្នា។+  ៣  ព្រោះ​មើល! ព្រះ​យេហូវ៉ា​កំពុង​ចេញ​ពី​លំនៅ​របស់​លោកលោក​នឹង​ចុះ​មក ហើយ​ដើរ​លើ​ទី​ខ្ពស់​ៗ​នៅ​ផែនដី។  ៤  ជ្រលង​នឹង​ប្រេះ​ចេញ​ពី​គ្នាហើយ​ភ្នំ​ទាំង​ឡាយ​នឹង​រលាយ​នៅ​ក្រោម​ជើង​លោក+ដូច​ក្រមួន​ត្រូវ​ភ្លើង និង​ដូច​ទឹក​ហូរ​ចុះ​តាម​ជម្រាល​ភ្នំ។  ៥  រឿង​ទាំង​នេះ​កើត​ឡើង ដោយ​សារ​តែ​ការ​បះ​បោរ​ប្រឆាំង​របស់​យ៉ាកុបនិង​ព្រោះ​តែ​អំពើ​ខុស​ឆ្គង​របស់​ពូជ​ពង្ស​អ៊ីស្រាអែល។+ តើ​អ្នក​ណា​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បះ​បោរ​ប្រឆាំង​របស់​យ៉ាកុប? តើ​មិន​មែន​ជា​អ្នក​ក្រុង​សាម៉ារី​ទេ​ឬ?+ តើ​អ្នក​ណា​ទទួល​ខុស​ត្រូវ​ចំពោះ​ទី​ខ្ពស់​ៗ​នៅ​ស្រុក​យូដា?+ តើ​មិន​មែន​ជា​អ្នក​ក្រុង​យេរូសាឡិម​ទេ​ឬ?  ៦  ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ក្រុង​សាម៉ារី​ទៅ​ជា​គំនរ​បាក់​បែក​នៅ​ឯ​វាលហើយ​ទៅ​ជា​ចម្ការ​ទំពាំង​បាយ​ជូរ។ ខ្ញុំ​នឹង​បោះ​ថ្ម​នៃ​ក្រុង​នោះ​ទៅ​ក្នុង​ជ្រលង ឲ្យ​នៅ​សល់​តែ​គ្រឹះ​ប៉ុណ្ណោះ។  ៧  រូប​ចម្លាក់​ទាំង​អស់​របស់​នាង នឹង​ត្រូវ​បំបាក់​បំបែក​ឲ្យ​ខ្ទេច​ខ្ទី+ហើយ​ថ្លៃ​ឈ្នួល​នៃ​ការ​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​របស់​នាង នឹង​ត្រូវ​ដុត​ក្នុង​ភ្លើង។+ ខ្ញុំ​នឹង​បំផ្លាញ​រូប​ព្រះ​ទាំង​អស់​របស់​នាង។ ព្រោះ​នាង​បាន​រូប​ទាំង​នោះ​ពី​ថ្លៃ​ឈ្នួល​នៃ​អំពើ​ពេស្យាចារហើយ​រូប​ទាំង​នោះ​នឹង​ទៅ​ជា​ថ្លៃ​ឈ្នួល​នៃ​អំពើ​ពេស្យាចារ​ម្ដង​ទៀត​»។  ៨  ដោយ​សារ​រឿង​នេះ ខ្ញុំ​នឹង​ទ្រហោ​យំ​ហើយ​ទួញ​សោក+ខ្ញុំ​នឹង​ដើរ​ដោយ​ជើង​ទទេ​និង​ដោយ​គ្មាន​សម្លៀក​បំពាក់​ក្រៅ។+ សំឡេង​ទ្រហោ​យំ​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​សំឡេង​ឆ្កែ​ចចក​លូហើយ​សំឡេង​យំ​កាន់​ទុក្ខ​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​សំឡេង​សត្វ​អូទ្រីស។  ៩  ព្រោះ​របួស​នាង​មិន​អាច​ជា​សះ​ស្បើយ​ទេ+វា​រាល​ដាល​ទៅ​ឆ្ងាយ​រហូត​ដល់​ស្រុក​យូដា។+ សេចក្ដី​វេទនា​នេះ​រាល​ដាល​ទៅ​ដល់​ខ្លោង​ទ្វារ​ក្រុង​របស់​រាស្ត្រ​ខ្ញុំ​គឺ​ដល់​ក្រុង​យេរូសាឡិម។+ ១០  ​«​អ្នក​មិន​ត្រូវ​ប្រកាស​រឿង​នេះ​នៅ​ក្នុង​ក្រុង​កាថ​ទេហើយ​មិន​ត្រូវ​យំ​ស្រណោះ​ឡើយ។ ឱ​អ្នក​មក​ពី​តំបន់​បេតអាប្រា​អើយ ចូរ​ននៀល​នៅ​លើ​ដី​ទៅ។ ១១  ឱ​អ្នក​មក​ពី​តំបន់​សាភា​អើយ! ចូរ​ឆ្លង​ទៅ​ដោយ​សេចក្ដី​អាម៉ាស់​និង​ភាព​អាក្រាត​ទៅ។ រីឯ​អ្នក​ក្រុង​សាអាណាន​វិញ ពួក​គេ​មិន​បាន​ចេញ​មក​ក្រៅ​ទេ។ ក្នុង​ក្រុង​បេតអេសែល​នឹង​មាន​ការ​ទ្រហោ​យំ ហើយ​ពួក​គេ​នឹង​លែង​គាំទ្រ​អ្នក​ទៀត។ ១២  អ្នក​ក្រុង​ម៉ារូត​បាន​រង់​ចាំ​ទទួល​សេចក្ដី​ល្អតែ​សេចក្ដី​អាក្រក់​ពី​ព្រះ​យេហូវ៉ា​បាន​ធ្លាក់​លើ​ខ្លោង​ទ្វារ​ក្រុង​យេរូសាឡិម​វិញ។ ១៣  ឱ​អ្នក​ក្រុង​ឡាគីស​អើយ!+ ចូរ​ទឹម​រទេះ​សេះ​ទៅ។ អ្នក​ហើយ​ជា​អ្នក​នាំ​កូន​ស្រី​ស៊ីយ៉ូន​ឲ្យ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គងព្រោះ​នៅ​ក្នុង​អ្នក​ឃើញ​មាន​ការ​បះ​បោរ​ប្រឆាំង​នៃ​អ៊ីស្រាអែល។+ ១៤  ហេតុ​នេះ អ្នក​នឹង​ឲ្យ​អំណោយ​ដល់​ក្រុង​ម៉ូរ៉ាស៊ីត​កាថ​សម្រាប់​ការ​ចាក​ចេញ​ទៅ។ រីឯ​ពួក​អ្នក​ក្រុង​អាក់ស៊ីប+វិញ ពួក​គេ​បាន​បោក​បញ្ឆោត​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ១៥  ឱ​អ្នក​ក្រុង​ម៉ារីសារ​អើយ!+ ខ្ញុំ​នឹង​នាំ​ពួក​ឈ្លានពាន​មក​ឯ​អ្នក។+ សិរី​រុង​រឿង​របស់​អ៊ីស្រាអែល​នឹង​ទៅ​ឆ្ងាយ​រហូត​ដល់​ក្រុង​អាឌូឡាម។+ ១៦  ចូរ​កោរ​សក់​យំ​ស្រណោះ​កូន​ៗ​ជា​ទី​ស្រឡាញ់​របស់​អ្នក​ទៅ។ ចូរ​ទុក​ក្បាល​ឲ្យ​នៅ​ត្រងោល​ដូច​ក្បាល​សត្វ​ត្មាត*ព្រោះ​គេ​បាន​ពង្រាត់​កូន​ៗ​របស់​អ្នក​ចេញ​ឆ្ងាយ​ពី​អ្នក​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​ហើយ​»។+

កំណត់សម្គាល់

ជា​ឈ្មោះ​កាត់​នៃ​មីកែល (​មាន​ន័យ​ថា​«​តើ​មាន​អ្នក​ណា​ដូច​ព្រះ?») ឬ​មីកាយ៉ា (មាន​ន័យ​ថា«តើ​មាន​អ្នក​ណា​ដូច​ព្រះ​យេហូវ៉ា?»)
ពាក្យ​ភាសា​ហេប្រឺ​ក៏​អាច​សំដៅ​លើ​សត្វ​ឥន្ទ្រី​ដែរ