សៀវភៅម៉ាកុស ៥:១-៤៣
៥ ក្រោយមក លោកនិងពួកគាត់បានទៅដល់ត្រើយម្ខាងសមុទ្រ ដែលនៅជិតតំបន់កេរ៉ាសា។+
២ ពេលលោកយេស៊ូចេញពីទូកភ្លាម បុរសម្នាក់ដែលមានវិញ្ញាណអសោចចូល បានចេញពីទីបញ្ចុះសពមក ហើយបានជួបលោក។
៣ បុរសនោះស្នាក់នៅតាមទីបញ្ចុះសព ហើយមកដល់ពេលនោះ គ្មានអ្នកណាអាចចងគាត់ជាប់ឡើយ សូម្បីតែដាក់ច្រវាក់ក៏មិនជាប់ដែរ។
៤ គាត់ត្រូវគេដាក់ខ្នោះនិងដាក់ច្រវាក់ជាច្រើនដង តែគាត់តែងតែផ្ដាច់ច្រវាក់និងបំបាក់ខ្នោះទាំងនោះ ហើយគ្មានអ្នកណាមានកម្លាំងល្មមនឹងចាប់សង្កត់គាត់បានឡើយ។
៥ គាត់ចេះតែស្រែកទាំងយប់ទាំងថ្ងៃតាមទីបញ្ចុះសពនិងតាមភ្នំ ហើយយកថ្មមកឆូតសាច់ខ្លួនឯងទៀតផង។
៦ ប៉ុន្តែ ពេលដែលគាត់ក្រឡេកឃើញលោកយេស៊ូពីចម្ងាយ គាត់ក៏រត់ទៅលំឱនកាយពីមុខលោក។+
៧ រួចគាត់ស្រែកយ៉ាងខ្លាំងថា៖ «លោកយេស៊ូជាបុត្ររបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត! តើលោកមករំខានខ្ញុំធ្វើអ្វី? លោកត្រូវស្បថនៅមុខព្រះថា លោកនឹងមិនធ្វើទារុណកម្មខ្ញុំឡើយ»។+
៨ វានិយាយដូច្នេះ ដោយសារមុននោះលោកបានបង្គាប់វាថា៖ «វិញ្ញាណអសោច! ចូរចេញពីបុរសនោះទៅ»។+
៩ រួចលោកសួរវាថា៖ «តើអ្នកឈ្មោះអ្វី?» ហើយវាឆ្លើយថា៖ «ឈ្មោះកងពល ពីព្រោះយើងមានគ្នាច្រើន»។
១០ វាបានទទូចអង្វរលោកយេស៊ូ កុំឲ្យបណ្ដេញពួកវាចេញពីស្រុកនោះ។+
១១ នៅពេលនោះ មានជ្រូកមួយហ្វូងធំ+ កំពុងរកចំណីស៊ីនៅលើភ្នំ។+
១២ ដូច្នេះ ពួកវិញ្ញាណបានអង្វរលោកថា៖ «សូមឲ្យយើងចូលក្នុងជ្រូកទាំងនោះ»។
១៣ លោកក៏អនុញ្ញាត។ ដូច្នេះ ពួកវិញ្ញាណអសោចបានចេញពីបុរសនោះ ហើយចូលក្នុងជ្រូកទាំងនោះ។ រួចហ្វូងជ្រូកប្រមាណ២.០០០ក្បាលបានបោលពីច្រាំងចោតធ្លាក់ចូលក្នុងសមុទ្រ ហើយលង់ទឹកងាប់អស់ទៅ។
១៤ ចំណែកពួកអ្នកដែលឃ្វាលសត្វទាំងនោះ ពួកគេបានរត់ទៅប្រាប់មនុស្សនៅក្នុងក្រុងនិងនៅជនបទ រួចមនុស្សបានមកមើលឲ្យដឹងថាមានអ្វីបានកើតឡើង។+
១៥ ពួកគេបានមករកលោកយេស៊ូ ហើយឃើញបុរសដែលធ្លាប់មានពួកវិញ្ញាណកំណាចមួយកងពលចូល កំពុងអង្គុយនៅទីនោះដោយមានសម្លៀកបំពាក់ ព្រមទាំងលែងវង្វេងស្មារតីទៀត។ ដូច្នេះ ពួកគេក៏តាំងភ័យខ្លាច។
១៦ ម្យ៉ាងទៀត អស់អ្នកដែលបានឃើញហេតុការណ៍នោះផ្ទាល់ភ្នែក បានរៀបរាប់ប្រាប់ពួកគេអំពីអ្វីដែលបានកើតឡើងដល់បុរសដែលមានវិញ្ញាណកំណាចចូល និងអំពីសត្វជ្រូកទាំងនោះ។
១៧ ម្ល៉ោះហើយ ពួកគេចាប់ផ្ដើមអង្វរលោកយេស៊ូឲ្យចេញពីតំបន់របស់ពួកគេ។+
១៨ បន្ទាប់មក ពេលដែលលោកកំពុងចូលក្នុងទូក នោះបុរសដែលមានវិញ្ញាណកំណាចចូលបានអង្វរសុំទៅតាមលោក។+
១៩ ក៏ប៉ុន្តែ លោកមិនឲ្យគាត់ទៅទេ តែបានប្រាប់គាត់ថា៖ «ចូរត្រឡប់ទៅផ្ទះវិញ ហើយប្រាប់ញាតិសន្ដានរបស់អ្នកអំពីអ្វីៗដែលព្រះយេហូវ៉ា*បានធ្វើដើម្បីអ្នក និងអំពីរបៀបដែលលោកបានបង្ហាញសេចក្ដីមេត្តាដល់អ្នក»។
២០ ម្ល៉ោះហើយ បុរសនោះបានចេញទៅ រួចចាប់ផ្ដើមប្រកាសនៅតំបន់ដេកាប៉ូល*អំពីអ្វីៗដែលលោកយេស៊ូបានធ្វើដើម្បីគាត់ ហើយមនុស្សទាំងឡាយបាននឹកអស្ចារ្យក្នុងចិត្ត។
២១ ក្រោយពីលោកយេស៊ូឆ្លងទៅត្រើយម្ខាងវិញ មនុស្សមួយក្រុមធំបានមូលគ្នាមករកលោក ពេលលោកនៅឆ្នេរសមុទ្រ។+
២២ ពេលនោះ អ្នកទទួលខុសត្រូវសាលាប្រជុំមួយរូបឈ្មោះយ៉ែរ៉ូស ក៏បានមកដែរ។ ពេលគាត់ឃើញលោក គាត់លំឱនកាយនៅជិតជើងលោក។+
២៣ គាត់បានអង្វរលោកជាច្រើនដងថា៖ «កូនស្រីរបស់ខ្ញុំឈឺធ្ងន់ណាស់។* សូមលោកអញ្ជើញមកដាក់ដៃលើនាង+ ដើម្បីឲ្យនាងបានជាឡើងវិញ ហើយអាចរស់តទៅទៀត»។
២៤ ឮដូច្នេះ លោកបានទៅជាមួយនឹងគាត់ ហើយមនុស្សមួយក្រុមធំបានទៅតាមទាំងប្រជ្រៀតលោក។
២៥ មានស្ត្រីម្នាក់ដែលមានជំងឺធ្លាក់ឈាម+អស់១២ឆ្នាំ។+
២៦ គ្រូពេទ្យជាច្រើនបានព្យាបាលនាង តែបែរជានាំឲ្យនាងឈឺចាប់យ៉ាងខ្លាំង។ នាងបានចំណាយធនធានខ្លួនអស់រលីង តែមិនបានទទួលប្រយោជន៍អ្វីសោះ។ ផ្ទុយទៅវិញ ជំងឺរបស់នាងកាន់តែធ្ងន់ធ្ងរឡើង។
២៧ ពេលនាងបានឮអ្វីដែលមនុស្សនិយាយអំពីលោកយេស៊ូ នាងបានចូលពីក្រោយបណ្ដាជនទៅឯលោក រួចពាល់សម្លៀកបំពាក់ក្រៅរបស់លោក+
២៨ ដោយប្រាប់ខ្លួនឯងម្ដងហើយម្ដងទៀតថា៖ «បើខ្ញុំគ្រាន់តែពាល់សម្លៀកបំពាក់ក្រៅរបស់លោក នោះខ្ញុំនឹងបានជា»។+
២៩ រំពេចនោះ គាត់ឈប់ធ្លាក់ឈាម ហើយមានអារម្មណ៍ថា គាត់បានជាសះស្បើយពីជំងឺដែលបានធ្វើឲ្យគាត់រងទុក្ខ។
៣០ ភ្លាមនោះ លោកយេស៊ូដឹងក្នុងអារម្មណ៍ថា ថាមពល+បានចេញពីខ្លួនលោកទៅ ហើយលោកបែរទៅបណ្ដាជន រួចសួរថា៖ «តើអ្នកណាបានពាល់សម្លៀកបំពាក់ក្រៅរបស់ខ្ញុំ?»។+
៣១ ប៉ុន្តែ អ្នកកាន់តាមលោកនិយាយថា៖ «លោកឃើញបណ្ដាជនកំពុងប្រជ្រៀតលោក ហេតុអ្វីក៏លោកសួរថា៖ ‹តើអ្នកណាបានពាល់ខ្ញុំ?›»។
៣២ ទោះជាយ៉ាងនោះក៏ដោយ លោកបានខំរកមើលអ្នកដែលបានពាល់លោក។
៣៣ រីឯស្ត្រីនោះ ដោយសារបានដឹងអ្វីដែលកើតឡើងចំពោះនាង នាងបានភ័យញាប់ញ័រ ហើយក៏មកលុតជង្គង់នៅចំពោះមុខលោក រួចនាងបានជម្រាបលោកពីការពិតទាំងអស់។
៣៤ លោកមានប្រសាសន៍ទៅនាងថា៖ «កូនស្រីអើយ ជំនឿរបស់នាងបានធ្វើឲ្យនាងជាហើយ។ ពេលនេះ នាងបានរួចផុតពីជំងឺដែលបានធ្វើឲ្យរងទុក្ខ+ សូមនាងទៅឲ្យបានសេចក្ដីសុខចុះ»។+
៣៥ ពេលដែលលោកកំពុងមានប្រសាសន៍ បុរសខ្លះពីផ្ទះរបស់អ្នកទទួលខុសត្រូវសាលាប្រជុំ បានមកប្រាប់ថា៖ «កូនស្រីរបស់អ្នកស្លាប់ហើយ! មិនចាំបាច់រំខានលោកគ្រូទៀតទេ»។+
៣៦ ប៉ុន្តែ លោកយេស៊ូឮអ្វីដែលពួកគេបាននិយាយ រួចមានប្រសាសន៍ទៅអ្នកទទួលខុសត្រូវសាលាប្រជុំថា៖ «កុំខ្លាចឡើយ ចូរបង្ហាញជំនឿប៉ុណ្ណោះ»។+
៣៧ លោកមិនបានអនុញ្ញាតឲ្យអ្នកណាទៅជាមួយនឹងលោកឡើយ ក្រៅពីពេត្រុស យ៉ាកុប និងយ៉ូហានដែលជាប្អូនរបស់យ៉ាកុប។+
៣៨ លុះក្រោយមក ពេលដែលលោកនិងពួកគាត់បានទៅដល់ផ្ទះរបស់អ្នកទទួលខុសត្រូវសាលាប្រជុំ នោះលោកឃើញមានភាពជ្រួលច្របល់ ហើយមនុស្សកំពុងស្រែកទ្រហោយំ។+
៣៩ ពេលលោកចូលទៅដល់ក្នុង លោកសួរពួកគេថា៖ «ហេតុអ្វីអ្នករាល់គ្នាកំពុងជ្រួលច្របល់ហើយយំស្រែកដូច្នេះ? ក្មេងនេះមិនបានស្លាប់ទេ តែនាងកំពុងដេកលក់»។+
៤០ ឮដូច្នេះ ពួកគេចាប់ផ្ដើមសើចចំអកឲ្យលោក។ ប៉ុន្តែ ក្រោយពីលោកបានឲ្យពួកគេទាំងអស់គ្នាចេញទៅក្រៅ លោកនាំឪពុកម្ដាយរបស់ក្មេងនោះ និងអ្នកដែលនៅជាមួយនឹងលោក ចូលទៅកន្លែងដែលក្មេងនោះនៅ។
៤១ រួចមក លោកចាប់ដៃរបស់ក្មេងនោះ ហើយមានប្រសាសន៍ទៅនាងថា៖ «ថាលីតា គូមី» ដែលបកប្រែថា«នាងតូចអើយ! ខ្ញុំប្រាប់ថា៖ ‹ចូរក្រោកឡើង!›»។+
៤២ ភ្លាមនោះ នាងក៏ក្រោកឡើង ហើយចាប់ផ្ដើមដើរ (នាងមានអាយុ១២ឆ្នាំ)។ រំពេចនោះ ពួកគាត់ត្រេកអរហួសប្រមាណ។
៤៣ ប៉ុន្តែ លោកហាមពួកគាត់ម្ដងហើយម្ដងទៀត* កុំឲ្យប្រាប់អ្នកណាអំពីរឿងនេះ+ ហើយលោកក៏ប្រាប់ពួកគាត់ឲ្យយកអាហារមកឲ្យនាងបរិភោគ។
កំណត់សម្គាល់
^ ឬ«តំបន់ក្រុងទាំង១០»
^ ឬ«ជិតស្លាប់»
^ ឬ«លោកបង្គាប់ពួកគាត់យ៉ាងម៉ឺងម៉ាត់»