សៀវភៅម៉ាកុស ៦:១-៥៦

  • លោក​យេស៊ូ​ត្រូវ​មនុស្ស​មិន​ទទួល​ស្គាល់​នៅ​ស្រុក​កំណើត​របស់​ខ្លួន (​១​-​៦)

  • សាវ័ក​ទាំង​១២​នាក់​បាន​ទទួល​ការ​ណែនាំ​សម្រាប់​កិច្ច​បម្រើ​ផ្សាយ (​៧​-​១៣)

  • យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​ស្លាប់ (​១៤​-​២៩)

  • លោក​យេស៊ូ​ផ្ដល់​អាហារ​ឲ្យ​មនុស្ស​៥.០០០​នាក់ (​៣០​-​៤៤)

  • លោក​យេស៊ូ​ដើរ​លើ​ទឹក (​៤៥​-​៥២)

  • ការ​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ​នៅ​តំបន់​កេណិសារ៉ែត (​៥៣​-​៥៦)

 លោក​បាន​ចេញ​ពី​ទី​នោះ ចូល​ទៅ​ស្រុក​កំណើត​របស់​លោក​វិញ+ ហើយ​ពួក​អ្នក​កាន់​តាម​ក៏​បាន​ទៅ​ជា​មួយ​នឹង​លោក​ដែរ។ ២  លុះ​ដល់​ថ្ងៃ​ឈប់​សម្រាក លោក​ចាប់​ផ្ដើម​បង្រៀន​នៅ​សាលា​ប្រជុំ ហើយ​មនុស្ស​ភាគ​ច្រើន​ដែល​ស្ដាប់​លោក បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ទាំង​និយាយ​ថា​៖ ​«​តើ​បុរស​នេះ​ចេះ​អ្វី​ៗ​ទាំង​នេះ​មក​ពី​ណា?+ ហេតុ​អ្វី​បុរស​នេះ​បាន​ទទួល​ប្រាជ្ញា​បែប​នេះ? ហើយ​ម្ដេច​បាន​ជា​គាត់​អាច​ធ្វើ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​ទាំង​នេះ​បាន?+ ៣  តើ​បុរស​នេះ​មិន​មែន​ជា​ជាង​ឈើ+ ដែល​ជា​កូន​របស់​ម៉ារៀ+ និង​ជា​បង​ប្រុស​របស់​យ៉ាកុប+ យ៉ូសែប យូដាស និង​ស៊ីម៉ូន+ទេ​ឬ? ប្អូន​ស្រី​ៗ​របស់​គាត់​ក៏​នៅ​ទី​នេះ​ជា​មួយ​នឹង​យើង​ដែរ មែន​ទេ?​»។ ដូច្នេះ ពួក​គេ​មិន​ព្រម​ជឿ​លើ​លោក​ឡើយ។ ៤  ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​នៅ​គ្រប់​កន្លែង គេ​តែង​គោរព​អ្នក​ប្រកាស​ទំនាយ លើក​លែង​តែ​នៅ​ស្រុក​កំណើត នៅ​ក្នុង​ញាតិ​សន្ដាន និង​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​»។+ ៥  ដូច្នេះ លោក​មិន​បាន​ធ្វើ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​នៅ​ទី​នោះ​ទេ ក្រៅ​ពី​ដាក់​ដៃ​លើ​មនុស្ស​ឈឺ​ពីរ​បី​នាក់​ឲ្យ​បាន​ជា​សះ​ស្បើយ។ ៦  លោក​បាន​នឹក​ឆ្ងល់ ដោយ​ឃើញ​ថា​ពួក​គេ​គ្មាន​ជំនឿ។ រួច​មក លោក​បាន​ចេញ​ទៅ​បង្រៀន​តាម​ភូមិ​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ​នោះ។+ ៧  ក្រោយ​មក លោក​ហៅ​សាវ័ក​ទាំង​១២​នាក់​មក ហើយ​ចាប់​ផ្ដើម​ចាត់​ពួក​គាត់​ឲ្យ​ទៅ​ជា​គូ​ៗ​+ ថែម​ទាំង​ផ្ដល់​ឲ្យ​ពួក​គាត់​មាន​អំណាច​លើ​ពួក​វិញ្ញាណ​អសោច​ទៀត​ផង។+ ៨  ម្យ៉ាង​ទៀត លោក​ហាម​ពួក​គាត់​មិន​ឲ្យ​យក​អាហារ* ថង់​យាម ឬ​យក​ប្រាក់*ដាក់​ថង់​សៀត​ចង្កេះ​ទៅ​ជា​មួយ​ឡើយ ក្រៅ​ពី​យក​ដំបង​មួយ​ប៉ុណ្ណោះ+ ៩  ហើយ​មិន​ត្រូវ​យក​សម្លៀក​បំពាក់​មួយ​បន្លាស់​ទៀត​ទៅ​ជា​មួយ​ទេ* ក៏​មិន​ចាំ​បាច់​យក​ស្បែក​ជើង​សង្រែក​មួយ​គូ​ទៀត​ដែរ។ ១០  លោក​មាន​ប្រសាសន៍​បន្ថែម​ថា​៖ ​«​ពេល​ណា​អ្នក​ចូល​ក្នុង​ផ្ទះ​ណា​មួយ ចូរ​នៅ​ទី​នោះ​រហូត​ដល់​អ្នក​ចេញ​ពី​ក្រុង​នោះ។+ ១១  ប៉ុន្តែ នៅ​កន្លែង​ណា​ដែល​មនុស្ស​មិន​ព្រម​ទទួល​ស្វាគមន៍​ឬ​ស្ដាប់​អ្នក​រាល់​គ្នា​ទេ ចូរ​ចេញ​ពី​កន្លែង​នោះ ហើយ​រលាស់​ដី​ពី​ជើង​របស់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ពួក​គេ​ដឹង​ថា​អ្នក​បាន​ព្រមាន​ពួក​គេ​រួច​ហើយ​»។+ ១២  ដូច្នេះ ពួក​គាត់​បាន​ចេញ​ទៅ​ផ្សព្វ​ផ្សាយ ដើម្បី​ឲ្យ​មនុស្ស​ប្រែ​ចិត្ត។+ ១៣  ពួក​គាត់​ក៏​បាន​បណ្ដេញ​វិញ្ញាណ​កំណាច​ជា​ច្រើន+ ថែម​ទាំង​លាប​ប្រេង​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ដែល​ឈឺ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ។ ១៤  លុះ​ក្រោយ​មក រឿង​ទាំង​នេះ​បាន​ឮ​ដល់​ស្ដេច*ហេរ៉ូឌ ព្រោះ​ឈ្មោះ​លោក​យេស៊ូ​ចាប់​ផ្ដើម​ល្បី​សុសសាយ ហើយ​មនុស្ស​កំពុង​និយាយ​ថា​៖ ​«​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​ឲ្យ​គេ បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ហើយ។ ហេតុ​នេះ​ហើយ​បានជា​លោក​អាច​ធ្វើ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​ទាំង​នេះ​បាន​»។+ ១៥  ប៉ុន្តែ អ្នក​ឯ​ទៀត​បាន​និយាយ​ថា​៖ ​«​លោក​គឺ​អេលីយ៉ា​»។ រីឯ​អ្នក​ខ្លះ​ទៀត​បាន​និយាយ​ថា​៖ ​«​លោក​គឺ​ជា​អ្នក​ប្រកាស​ទំនាយ​មួយ​រូប ដូច​អ្នក​ប្រកាស​ទំនាយ​នៅ​សម័យ​បុរាណ​»។+ ១៦  ពេល​ហេរ៉ូឌ​ឮ​ដូច្នេះ គាត់​ពោល​ថា​៖ ​«​យ៉ូហាន​ដែល​ខ្ញុំ​បាន​ឲ្យ​គេ​កាត់​ក្បាល​នោះ បាន​រស់​ឡើង​វិញ​មែន​»។ ១៧  ហេរ៉ូឌ​បាន​រៀប​ការ​ជា​មួយ​នឹង​ហេរ៉ូឌាស ដែល​ជា​ភរិយា​របស់​ភីលីព​ជា​បង។ ហេរ៉ូឌ​បាន​ចាត់​គេ​ឲ្យ​ទៅ​ចាប់​យ៉ូហាន រួច​ចង​គាត់​ដាក់​ក្នុង​គុក ដើម្បី​ផ្គាប់​ចិត្ត​ហេរ៉ូឌាស+ ១៨  ពី​ព្រោះ​យ៉ូហាន​បាន​ជម្រាប​ហេរ៉ូឌ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​៖ ​«​គ្មាន​ច្បាប់​ឲ្យ​អ្នក​យក​ភរិយា​របស់​ប្អូន​ធ្វើ​ជា​ភរិយា​របស់​អ្នក​ទេ​»។+ ១៩  ដូច្នេះ ហេរ៉ូឌាស​បាន​ចង​គំនុំ​នឹង​យ៉ូហាន ហើយ​ចង់​សម្លាប់​គាត់ តែ​សម្លាប់​មិន​បាន ២០  ព្រោះ​ហេរ៉ូឌ​កោត​ក្រែង​យ៉ូហាន។ ហេរ៉ូឌ​ដឹង​ថា​គាត់​ជា​មនុស្ស​សុចរិត​និង​បរិសុទ្ធ។+ ហេតុ​នេះ ហេរ៉ូឌ​បាន​រក្សា​ការ​ពារ​គាត់។ ក្រោយ​ពេល​បាន​ឮ​អ្វី​ដែល​យ៉ូហាន​និយាយ​ប្រាប់ ហេរ៉ូឌ​ទាល់​ប្រាជ្ញា មិន​ដឹង​ថា​គួរ​ធ្វើ​យ៉ាង​ណា​ចំពោះ​គាត់​ឡើយ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ហេរ៉ូឌ​នៅ​តែ​ពេញ​ចិត្ត​ស្ដាប់​គាត់។ ២១  ប៉ុន្តែ​មាន​ឱកាស​ល្អ​មួយ​សម្រាប់​ហេរ៉ូឌាស គឺ​នៅ​ថ្ងៃ​ខួប​កំណើត+របស់​ហេរ៉ូឌ ពេល​ដែល​ហេរ៉ូឌ​ធ្វើ​ពិធី​ជប់​លៀង​ពិសា​អាហារ​ពេល​ល្ងាច សម្រាប់​មន្ត្រី​ជាន់​ខ្ពស់​ទាំង​ឡាយ ពួក​មេ​ទ័ព និង​អ្នក​មាន​មុខ​មាត់​ធំ​ដុំ​ក្នុង​ស្រុកកាលីឡេ។+ ២២  រួច​កូន​ស្រី​របស់​ហេរ៉ូឌាស​បាន​ចូល​មក​រាំ ធ្វើ​ឲ្យ​ហេរ៉ូឌ​និង​អ្នក​រួម​តុ​ជា​មួយ​នឹង​គាត់​ពេញ​ចិត្ត​ខ្លាំង​ណាស់។ បន្ទាប់​មក ស្ដេច​ហេរ៉ូឌ​បាន​ប្រាប់​នាង​ថា​៖ ​«​បើ​នាង​ចង់​បាន​អ្វី ចូរ​សុំ​មក​ចុះ ខ្ញុំ​នឹង​ឲ្យ​នាង​»។ ២៣  គាត់​ថែម​ទាំង​ស្បថ​នឹង​នាង​ថា​៖ ​«​អ្វី​ក៏​ដោយ​ដែល​នាង​សុំ​ពី​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ ទោះ​ជា​សុំ​រាជាណាចក្រ​ខ្ញុំ​មួយ​ចំហៀង​ក៏ដោយ​»។ ២៤  ម្ល៉ោះ​ហើយ នាង​ចេញ​ទៅ​សួរ​ម្ដាយ​របស់​នាង​ថា​៖ ​«​តើ​ខ្ញុំ​គួរ​សុំ​អ្វី?​»។ ម្ដាយ​នាង​ឆ្លើយ​ថា​៖ ​«​ចូរ​សុំ​ក្បាល​របស់​យ៉ូហាន ដែល​ជា​អ្នក​ជ្រមុជ​ទឹក​ឲ្យ​គេ​»។ ២៥  ដូច្នេះ នាង​ក៏​ប្រញាប់​ចូល​ទៅ​សុំ​ស្ដេច​ថា​៖ ​«​ខ្ញុំ​ចង់​បាន​ក្បាល​របស់​យ៉ូហាន​ជា​អ្នក​ជ្រមុជ​ទឹក ដាក់​លើ​ថាស​មក​ឲ្យ​ខ្ញុំ​ភ្លាម​»។+ ២៦  ពិត​មែន​តែ​នេះ​ធ្វើ​ឲ្យ​ស្ដេច​ហេរ៉ូឌ​កើត​ទុក្ខ​យ៉ាង​ខ្លាំង តែ​គាត់​មិន​អាច​បដិសេធ​សំណើ​របស់​នាង​ឡើយ ដោយ​សារ​គាត់​បាន​ស្បថ​នៅ​ចំពោះ​មុខ​អ្នក​ឯ​ទៀត​ដែល​កំពុង​រួម​តុ​ជា​មួយ។ ២៧  ដូច្នេះ ស្ដេច​ក៏​ចាត់​អង្គរក្ស​ម្នាក់​ឲ្យ​ទៅ​យក​ក្បាល​របស់​យ៉ូហាន​មក​ភ្លាម។ ម្ល៉ោះ​ហើយ អ្នក​នោះ​បាន​ចេញ​ទៅ​កាត់​ក្បាល​យ៉ូហាន​នៅ​ក្នុង​គុក ២៨  រួច​ដាក់​ក្បាល​គាត់​លើ​ថាស​មួយ ហើយ​យក​ទៅ​ឲ្យ​នាង។ បន្ទាប់​មក នាង​ក៏​ឲ្យ​ដល់​ម្ដាយ។ ២៩  លុះ​ពេល​អ្នក​កាន់​តាម​យ៉ូហាន​ឮ​អំពី​រឿង​នោះ ពួក​គេ​បាន​មក​យក​សព​យ៉ូហាន​ទៅ​ដាក់​ក្នុង​ទី​បញ្ចុះ​សព។ ៣០  ពួក​សាវ័ក​បាន​មក​ជួប​ជុំ​គ្នា​នៅ​មុខ​លោក​យេស៊ូ ហើយ​រៀប​រាប់​ពី​អ្វី​ៗ​ទាំង​អស់​ដែល​ពួក​គាត់​បាន​ធ្វើ​និង​បង្រៀន។+ ៣១  រួច​លោក​ប្រាប់​ពួក​គាត់​ថា​៖ ​«​សូម​អ្នក​រាល់​គ្នា​មក​ជា​មួយ​នឹង​ខ្ញុំ​ដោយ​ឡែក ទៅ​កន្លែង​ឆ្ងាយ​ពី​គេ ហើយ​សម្រាក​បន្តិច​»។+ លោក​ប្រាប់​ដូច្នេះ ព្រោះ​ថា​មាន​មនុស្ស​ជា​ច្រើន​ទៅ​មក ហើយ​ពួកគាត់​គ្មាន​ពេល​ទំនេរ​សោះ សូម្បី​តែ​រក​ពេល​បរិភោគ​ក៏​មិន​បាន​ផង។ ៣២  ដូច្នេះ លោក​និង​ពួក​គាត់​បាន​ចុះ​ទូក ចេញ​ទៅ​កន្លែង​ឆ្ងាយ​ពី​គេ។+ ៣៣  ក៏​ប៉ុន្តែ បណ្ដា​ជន​បាន​ឃើញ​ពួក​គាត់​ចេញ​ទៅ ហើយ​មនុស្ស​ជា​ច្រើន​ដឹង​កន្លែង​ដែល​ពួក​គាត់​ទៅ។ ដូច្នេះ មនុស្ស​ពី​គ្រប់​ក្រុង​បាន​នាំ​គ្នា​រត់​ទៅ​ទី​នោះ ហើយ​បាន​ទៅ​ដល់​មុន​ពួក​គាត់។ ៣៤  លុះ​ពេល​ឡើង​ពី​ទូក​មក លោក​ឃើញ​មនុស្ស​មួយ​ក្រុម​ធំ ក៏​មាន​ចិត្ត​ក្ដួល​អាណិត​ពួក​គេ+ ពី​ព្រោះ​ពួក​គេ​ប្រៀប​ដូច​ចៀម​ដែល​គ្មាន​គង្វាល។+ រួច​មក លោក​ចាប់​ផ្ដើម​បង្រៀន​ពួក​គេ​អំពី​អ្វី​ៗ​ជា​ច្រើន។+ ៣៥  លុះ​ថ្ងៃ​កាន់​តែ​ជ្រេ​ទៅ ពួក​អ្នក​កាន់​តាម​បាន​មក​ជួប​លោក ហើយ​ជម្រាប​ថា​៖ ​«​កន្លែង​នេះ​នៅ​ដាច់​ឆ្ងាយ​ពី​គេ ហើយ​ថ្ងៃ​ក៏​កាន់​តែ​ជ្រេ​ដែរ។+ ៣៦  សូម​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​វិញ ដើម្បី​ពួក​គេ​អាច​ទៅ​ទិញ​អាហារ​បរិភោគ នៅ​ជនបទ​និង​នៅ​ភូមិ​ជិត​ៗ​នេះ​»។+ ៣៧  លោក​តប​ឆ្លើយ​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​ឲ្យ​អាហារ​ពួក​គេ​បរិភោគ​ចុះ​»។ រួច​ពួក​គាត់​និយាយ​ថា​៖ ​«​តើ​ចង់​ឲ្យ​យើង​យក​ប្រាក់​២០០​ឌីណារី* ទៅ​ទិញ​នំ​ប៉័ង​ឲ្យ​មនុស្ស​ទាំង​នេះ​បរិភោគ​ឬ?​»។+ ៣៨  លោក​សួរ​ពួក​គាត់​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​មាន​នំ​ប៉័ង​ប៉ុន្មាន​ដុំ? ចូរ​ទៅ​មើល!​»។ ក្រោយ​ពេល​បាន​មើល​ហើយ ពួក​គាត់​ឆ្លើយ​ថា​៖ ​«​មាន​នំ​ប៉័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​»។+ ៣៩  បន្ទាប់​មក លោក​ប្រាប់​បណ្ដា​ជន​ឲ្យ​អង្គុយ​ជា​ក្រុម​ៗ​លើ​ស្មៅ​ខៀវ​ខ្ចី។+ ៤០  រួច​បណ្ដា​ជន​បាន​អង្គុយ​ជា​ក្រុម​ៗ ក្រុម​ខ្លះ​១០០​នាក់ និង​ក្រុម​ខ្លះ​៥០​នាក់។ ៤១  ក្រោយ​មក លោក​យក​នំ​ប៉័ង​ប្រាំ​ដុំ​និង​ត្រី​ពីរ​កន្ទុយ​នោះ ងើយ​ភ្នែក​មើល​ទៅ​ស្ថាន​សួគ៌ ហើយ​អធិដ្ឋាន។+ រួច​មក លោក​កាច់​នំ​ប៉័ង ហើយ​ឲ្យ​អ្នក​កាន់​តាម​លោក​ចែក​ដល់​បណ្ដា​ជន។ លោក​ក៏​បាន​ចែក​ត្រី​ពីរ​កន្ទុយ​នោះ​ដល់​គ្រប់​ៗ​គ្នា​ដែរ។ ៤២  ដូច្នេះ គ្រប់​គ្នា​បាន​បរិភោគ​ឆ្អែត។ ៤៣  បន្ទាប់​មក ពួក​គាត់​បាន​ប្រមូល​នំ​ប៉័ង​ដែល​នៅ​សល់ បាន​១២​កញ្ជើ ដោយ​មិន​រាប់​ត្រី​ដែល​នៅ​សល់​ទេ។+ ៤៤  ចំនួន​បុរស​ដែល​បាន​បរិភោគ​នំ​ប៉័ង​នោះ មាន​៥.០០០​នាក់។ ៤៥  បន្ទាប់​មក ដោយ​មិន​បង្អែ​បង្អង់ លោក​បាន​បង្គាប់​ឲ្យ​អ្នក​កាន់​តាម​ចុះ​ទូក ឆ្លង​ទៅ​ក្រុង​បេតសេដា​មុន​លោក ទុក​ឲ្យ​លោក​ជា​អ្នក​ប្រាប់​បណ្ដា​ជន​ឲ្យ​ត្រឡប់​ទៅ​វិញ។+ ៤៦  ប៉ុន្តែ ក្រោយ​ពេល​លោក​បាន​លា​ពួក​គេ​ហើយ លោក​ឡើង​ទៅ​លើ​ភ្នំ​ដើម្បី​អធិដ្ឋាន។+ ៤៧  លុះ​ដល់​ពេល​ព្រលប់ ទូក​នោះ​នៅ​កណ្ដាល​សមុទ្រ តែ​លោក​នៅ​លើ​គោក​ម្នាក់​ឯង។+ ៤៨  ពេល​ជិត​យាម​ទី​៤* លោក​ឃើញ​ពួក​គាត់​កំពុង​អុំទូក​ទាំង​លំបាក ដោយ​សារ​អុំ​បញ្ច្រាស​ខ្យល់។ ដូច្នេះ លោក​បាន​ទៅ​ឯ​ពួក​គាត់ ដោយ​ដើរ​លើ​ទឹក​សមុទ្រ ប៉ុន្តែ​មើល​ទៅ​ដូច​ជា​លោក​មាន​បំណង​ដើរ​ហួស​ពួក​គាត់។ ៤៩  ពេល​ដែល​ពួក​គាត់​ក្រឡេក​ទៅ​ឃើញ​លោក​កំពុង​ដើរ​លើ​ទឹក​សមុទ្រ ពួក​គាត់​និយាយ​គ្នា​ថា​៖ ​«​តើ​នោះ​ជា​អ្វី​ហ្នឹង!​»។* នោះ​ពួក​គាត់​បាន​ស្រែក​ឡើង ៥០  ពី​ព្រោះ​ពួក​គាត់​ទាំង​អស់​គ្នា​បាន​ឃើញ​លោក រួច​ចាប់​ផ្ដើម​វិល​វល់​ក្នុង​គំនិត។ ប៉ុន្តែ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ភ្លាម​ថា​៖ ​«​ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង! គឺ​ខ្ញុំ​ទេ កុំ​ខ្លាច​ឡើយ​»។+ ៥១  រួច​លោក​ចូល​ក្នុង​ទូក​ជា​មួយ​នឹង​ពួក​គាត់ ហើយ​ខ្យល់​ក៏​ស្ងប់​ទៅ។ ឃើញ​ដូច្នេះ ពួក​គាត់​បាន​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ៥២  ព្រោះ​ពួក​គាត់​មិន​បាន​យល់​អត្ថន័យ​នៃ​ការ​អស្ចារ្យ​អំពី​នំ​ប៉័ង​នោះ​ទេ។ ពួក​គាត់​នៅ​តែ​គិត​មិន​យល់។ ៥៣  លុះ​ឆ្លង​ដល់​ត្រើយ​ហើយ លោក​និង​អ្នក​កាន់​តាម​បាន​ចូល​តំបន់​កេណិសារ៉ែត ហើយ​បោះ​យុថ្កា​នៅ​ឆ្នេរ​ជិត​នោះ។+ ៥៤  ប៉ុន្តែ ភ្លាម​នោះ ពេល​ដែល​លោក​និង​ពួក​គាត់​ឡើង​ពី​ទូក មនុស្ស​ក៏​បាន​ស្គាល់​លោក។ ៥៥  ពួក​គេ​បាន​រត់​ទៅ​គ្រប់​កន្លែង​ក្នុង​តំបន់​នោះ ហើយ​យក​មនុស្ស​ឈឺ​ដាក់​លើ​គ្រែ​ស្នែង រួច​នាំ​ទៅ​កន្លែង​ដែល​ពួក​គេ​ឮ​ថា​លោក​នៅ។ ៥៦  ម្ល៉ោះ​ហើយ កាល​ណា​លោក​ចូល​ក្នុង​ភូមិ ក្រុង ឬ​ជនបទ មនុស្ស​តែង​នាំ​អ្នក​ដែល​ឈឺ​ទៅ​ដាក់​នៅ​ឯ​ផ្សារ។ រួច​ពួក​គេ​បាន​អង្វរ​សុំ​ពាល់​តែ​ជាយ​សម្លៀក​បំពាក់​លោក​ប៉ុណ្ណោះ+ ហើយ​អស់​អ្នក​ណា​ដែល​បាន​ពាល់ ក៏​បាន​ជា​សះ​ស្បើយ។

កំណត់សម្គាល់

ន័យ​ត្រង់​«​ស្ពាន់​»​
ន័យ​ត្រង់​«​នំ​ប៉័ង​»​
ន័យ​ត្រង់​«​មិន​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​ពីរ​ជាន់​ទេ​»​
តាម​ពិត​ហេរ៉ូឌ​ជា​អភិបាល​ស្រុក ប៉ុន្តែ​បណ្ដា​ជន​និយម​ហៅ​គាត់​ថា​«​ស្ដេច​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ប្រហែល​ជា​ម៉ោង​៣​ព្រឹក​រហូត​ដល់​ថ្ងៃ​រះ​ប្រហែល​ម៉ោង​៦​ព្រឹក
ឬ​«​នេះ​ជា​ការ​យល់​សប្ដិ​ទេ!​»​