សៀវភៅម៉ាថាយ ២០:១-៣៤
-
កម្មករនៅចម្ការទំពាំងបាយជូរទទួលប្រាក់ឈ្នួលស្មើគ្នា (១-១៦)
-
លោកយេស៊ូបានប្រាប់ទុកជាមុនម្ដងទៀតថាលោកនឹងត្រូវគេសម្លាប់ (១៧-១៩)
-
សំណូមពរសុំតំណែងក្នុងរាជាណាចក្រ (២០-២៨)
-
លោកយេស៊ូជាថ្លៃលោះសម្រាប់មនុស្សជាច្រើន (២៨)
-
-
បុរសងងឹតភ្នែកពីរនាក់អាចមើលឃើញឡើងវិញ (២៩-៣៤)
២០ «ពីព្រោះរាជាណាចក្រស្ថានសួគ៌គឺប្រៀបដូចជាបុរសម្ចាស់ដីម្នាក់ ដែលបានចេញតាំងពីព្រលឹមទៅជួលកម្មករឲ្យធ្វើការនៅចម្ការទំពាំងបាយជូររបស់គាត់។+
២ ក្រោយពីបានព្រមព្រៀងជាមួយនឹងពួកកម្មករថា គាត់នឹងឲ្យប្រាក់ឈ្នួលពួកគេមួយឌីណារី*ក្នុងមួយថ្ងៃហើយ នោះគាត់បានចាត់ពួកគេឲ្យទៅធ្វើការនៅចម្ការរបស់គាត់។
៣ នៅប្រហែលជាម៉ោងទី៣* គាត់បានចេញទៅម្ដងទៀត ហើយឃើញអ្នកឯទៀតដែលគ្មានការងារធ្វើ កំពុងឈរនៅផ្សារ។
៤ គាត់ប្រាប់អ្នកទាំងនោះថា៖ ‹ចូរអ្នករាល់គ្នាទៅចម្ការរបស់ខ្ញុំដែរទៅ ហើយខ្ញុំនឹងឲ្យប្រាក់ឈ្នួលតាមអ្វីដែលត្រឹមត្រូវ›។
៥ រួចអ្នកទាំងនោះក៏ទៅ។ នៅប្រហែលជាម៉ោងទី៦* និងម៉ោងទី៩* គាត់ក៏បានចេញទៅធ្វើដូច្នោះទៀត។
៦ លុះដល់ប្រហែលជាម៉ោងទី១១* គាត់បានចេញទៅ ហើយឃើញមានអ្នកឯទៀតកំពុងឈរទំនេរ ក៏បានសួរពួកគេថា៖ ‹ហេតុអ្វីបានជាអ្នករាល់គ្នាឈរនៅទីនេះពេញមួយថ្ងៃដោយគ្មានការងារធ្វើដូច្នេះ?›។
៧ ពួកគេបានឆ្លើយថា៖ ‹ពីព្រោះគ្មានអ្នកណាជួលយើងទេ›។ នោះគាត់ប្រាប់ពួកគេថា៖ ‹ចូរអ្នករាល់គ្នាទៅចម្ការរបស់ខ្ញុំដែរទៅ›។
៨ «លុះពេលល្ងាច ម្ចាស់ចម្ការបានប្រាប់អ្នកមើលការខុសត្រូវថា៖ ‹ចូរហៅពួកកម្មករមក ហើយឲ្យប្រាក់ឈ្នួលពួកគេទៅ+ ចាប់ផ្ដើមពីអ្នកដែលមកក្រោយគេ រហូតដល់អ្នកដែលមកមុនគេ›។
៩ នៅពេលពួកកម្មករដែលបានធ្វើការពីម៉ោងទី១១មកដល់ ពួកគេម្នាក់ៗបានទទួលមួយឌីណារី។*
១០ ដូច្នេះ ពេលអ្នកដែលបានចូលធ្វើការមុនគេមកដល់ ពួកគេបានសន្និដ្ឋានថា ពួកគេនឹងទទួលប្រាក់ឈ្នួលច្រើនជាង។ ប៉ុន្តែ ពួកគេក៏បានទទួលប្រាក់ឈ្នួលមួយឌីណារី*ដូចគ្នាដែរ។
១១ ពេលដែលទទួលហើយ ពួកគេចាប់ផ្ដើមត្អូញត្អែរនឹងម្ចាស់ដីនោះ
១២ ដោយនិយាយថា៖ ‹អ្នកដែលមកក្រោយគេបានធ្វើការតែមួយម៉ោងប៉ុណ្ណោះ ប៉ុន្តែលោកនៅតែឲ្យពួកគេស្មើនឹងយើងដែលបានធ្វើការនឿយហត់ពេញមួយថ្ងៃទាំងហាលក្ដៅទៀតផង!›។
១៣ ប៉ុន្តែ ម្ចាស់ចម្ការតបឆ្លើយនឹងពួកគេម្នាក់ថា៖ ‹សម្លាញ់ ខ្ញុំមិនបានធ្វើអ្វីខុសទេ។ អ្នកបានយល់ព្រមយកប្រាក់ឈ្នួលមួយឌីណារី* មែនទេ?+
១៤ សូមយកប្រាក់ឈ្នួលរបស់អ្នក ហើយទៅចុះ។ ខ្ញុំចង់ឲ្យប្រាក់ឈ្នួលដល់អ្នកដែលមកក្រោយគេ ដូចខ្ញុំបានឲ្យអ្នកដែរ។
១៥ តើខ្ញុំមិនមានសិទ្ធិប្រើប្រាស់ប្រាក់របស់ខ្ញុំតាមចិត្តទេឬ? ឬក៏អ្នកច្រណែន* ដោយសារខ្ញុំចិត្តល្អ?›។+
១៦ គឺយ៉ាងនេះហើយដែលអ្នកក្រោយគេនឹងទៅជាមុនគេ ហើយអ្នកដែលមុនគេ នឹងទៅជាអ្នកក្រោយគេវិញ»។+
១៧ រួចមក ពេលកំពុងធ្វើដំណើរឡើងទៅក្រុងយេរូសាឡិម លោកយេស៊ូនាំអ្នកកាន់តាមទាំង១២នាក់ទៅដាច់ដោយឡែកពីគេ ហើយមានប្រសាសន៍ទៅពួកគាត់នៅតាមផ្លូវថា៖+
១៨ «មើល! យើងកំពុងធ្វើដំណើរឡើងទៅក្រុងយេរូសាឡិម ហើយកូនមនុស្សនឹងត្រូវប្រគល់ឲ្យពួកសង្ឃនាយក និងពួកអ្នកជំនាញខាងច្បាប់។ ពួកគេនឹងកាត់ទោសប្រហារជីវិតលោក+
១៩ រួចនឹងប្រគល់លោកឲ្យជនជាតិដទៃ ដើម្បីឲ្យពួកគេចំអកឲ្យលោក ហើយវាយលោកនឹងរំពាត់ខ្សែតី ព្រមទាំងព្យួរលោកនៅបង្គោល+ រួចនៅថ្ងៃទី៣ លោកនឹងត្រូវប្រោសឲ្យរស់ឡើងវិញ»។+
២០ រួចមក ប្រពន្ធរបស់សេបេដេ+បាននាំកូនប្រុសៗមកឯលោក ក៏បានលំឱនកាយគោរពលោក ហើយមានសំណូមពរមួយ។+
២១ លោកសួរនាងថា៖ «តើចង់បានអ្វី?»។ នាងជម្រាបថា៖ «ខ្ញុំសុំឲ្យកូនប្រុសទាំងពីរនាក់នេះរបស់ខ្ញុំអង្គុយជាមួយនឹងលោកក្នុងរាជាណាចក្ររបស់លោក។ ម្នាក់អង្គុយនៅខាងស្ដាំលោក ហើយម្នាក់ទៀតអង្គុយនៅខាងឆ្វេងលោក»។+
២២ លោកយេស៊ូតបឆ្លើយថា៖ «អ្នកទាំងពីរមិនដឹងថាខ្លួនកំពុងសុំអ្វីនោះទេ។ តើអ្នកអាចផឹកពីពែងដែលខ្ញុំបម្រុងនឹងផឹកបានឬទេ?»។+ ពួកគាត់ឆ្លើយថា៖ «យើងអាចផឹកបាន»។
២៣ លោកមានប្រសាសន៍ថា៖ «អ្នកប្រាកដជានឹងផឹកពីពែងខ្ញុំជាមិនខាន។+ ក៏ប៉ុន្តែ មិនមែនខ្ញុំទេដែលសម្រេចឲ្យអង្គុយនៅខាងស្ដាំឬខាងឆ្វេងខ្ញុំ ព្រោះអស់អ្នកដែលបានត្រូវអនុញ្ញាតឲ្យអង្គុយកន្លែងទាំងនោះ គឺបិតារបស់ខ្ញុំបានសម្រេចហើយ»។+
២៤ ពេលដែលសាវ័ក១០នាក់ទៀតឮអំពីរឿងនេះ ពួកគាត់ទាស់ចិត្តនឹងបងប្អូនទាំង២នាក់នោះណាស់។+
២៥ ប៉ុន្តែ លោកយេស៊ូហៅពួកគាត់មក រួចមានប្រសាសន៍ថា៖ «អ្នករាល់គ្នាដឹងថា អ្នកគ្រប់គ្រងប្រជាជាតិនានាត្រួតត្រាលើបណ្ដាជន ហើយអ្នកធំក៏ប្រើអំណាចលើពួកគេដែរ។+
២៦ ក្នុងចំណោមអ្នករាល់គ្នាគឺមិនដូច្នេះឡើយ។+ ផ្ទុយទៅវិញ អ្នកណាដែលចង់ធ្វើជាអ្នកធំក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវបម្រើអ្នករាល់គ្នា+
២៧ ហើយអ្នកណាដែលចង់ធ្វើជាអ្នកនាំមុខក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវធ្វើជាខ្ញុំបម្រើរបស់អ្នករាល់គ្នាវិញ។+
២៨ ដូចកូនមនុស្សក៏មិនបានមកដើម្បីឲ្យគេបម្រើលោកដែរ តែបានមកដើម្បីបម្រើគេវិញ+ ហើយឲ្យជីវិត*ខ្លួនជាថ្លៃលោះសម្រាប់មនុស្សជាច្រើនផង»។+
២៩ កាលដែលលោកនិងពួកគាត់កំពុងចេញពីក្រុងយេរីខូ នោះមានមនុស្សមួយក្រុមយ៉ាងធំទៅតាមលោក។
៣០ មើល! មានបុរសងងឹតភ្នែកពីរនាក់កំពុងអង្គុយក្បែរផ្លូវ។ ពេលដែលឮថាលោកយេស៊ូកំពុងដើរកាត់ នោះពួកគេបានស្រែកឡើងថា៖ «លោកម្ចាស់! បុត្រដាវីឌ! សូមមេត្តាជួយយើងផង!»។+
៣១ ប៉ុន្តែ បណ្ដាជនស្ដីបន្ទោសពួកគេឲ្យនៅស្ងៀម តែពួកគេស្រែកកាន់តែខ្លាំងថា៖ «លោកម្ចាស់! បុត្រដាវីឌ! សូមមេត្តាជួយយើងផង!»។
៣២ ដូច្នេះ លោកយេស៊ូបានឈប់ ហើយហៅពួកគេមក ក៏បានសួរថា៖ «តើចង់ឲ្យខ្ញុំធ្វើអ្វីដើម្បីអ្នក?»។
៣៣ ពួកគេជម្រាបលោកថា៖ «លោកម្ចាស់ សូមឲ្យភ្នែកយើងបានភ្លឺផង»។
៣៤ លោកយេស៊ូមានចិត្តក្ដួលអាណិត ក៏បានពាល់ភ្នែករបស់ពួកគេ។+ រំពេចនោះ ពួកគេក៏មើលឃើញ ហើយបានទៅតាមលោក។
កំណត់សម្គាល់
^ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
^ ប្រហែលជាម៉ោង៩ព្រឹក
^ ប្រហែលជាម៉ោង១២ថ្ងៃត្រង់
^ ប្រហែលជាម៉ោងបីរសៀល
^ ប្រហែលជាម៉ោងប្រាំល្ងាច
^ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
^ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
^ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
^ ន័យត្រង់«ឬក៏ភ្នែករបស់អ្នកទុច្ចរិត»
^ មើលនិយមន័យពាក្យ«ជីវិត»