សៀវភៅម៉ាថាយ ២២:១-៤៦
២២ លោកយេស៊ូបានឆ្លើយទៅពួកគេតទៅទៀត ដោយប្រើឧទាហរណ៍ថា៖
២ «រាជាណាចក្រស្ថានសួគ៌គឺប្រៀបដូចជាបុរសម្នាក់ជាស្ដេច ដែលបានរៀបចំភោជនាហារអបអរអាពាហ៍ពិពាហ៍+បុត្ររបស់លោក។
៣ លោកបានចាត់ពួកខ្ញុំបម្រើឲ្យទៅហៅអស់អ្នកដែលលោកបានអញ្ជើញមកពិសាភោជនាហារ ប៉ុន្តែពួកគេមិនព្រមមកទេ។+
៤ លោកចាត់ពួកខ្ញុំបម្រើផ្សេងឲ្យទៅម្ដងទៀត ដោយប្រាប់ថា៖ ‹ចូរប្រាប់អ្នកដែលខ្ញុំបានអញ្ជើញថា៖ «មើល! ខ្ញុំបានរៀបចំអាហារថ្ងៃត្រង់រួចហើយ ក៏បានសម្លាប់គោឈ្មោលនិងសត្វធាត់ៗដែរ ហើយអ្វីៗទាំងអស់បានត្រូវរៀបចំជាស្រេច។ សូមអញ្ជើញមកពិសាភោជនាហារចុះ»›។
៥ ប៉ុន្តែ អ្នកទាំងនោះមិនអើពើសោះ ក៏បានចេញទៅ។ អ្នកខ្លះទៅស្រែចម្ការរបស់ខ្លួន ហើយខ្លះទៀតបានទៅធ្វើជំនួញ។+
៦ ចំណែកអ្នកឯទៀតបានចាប់ពួកខ្ញុំបម្រើរបស់លោកធ្វើបាប រួចសម្លាប់ចោល។
៧ «ឮដូច្នេះ ស្ដេចក្ដៅចិត្តខ្លាំងណាស់ ក៏ចាត់កងទ័ពរបស់លោកឲ្យទៅសម្លាប់ឃាតករទាំងនោះ ហើយដុតក្រុងរបស់ពួកគេចោល។+
៨ ក្រោយមក លោកប្រាប់ពួកខ្ញុំបម្រើថា៖ ‹ភោជនាហារបានត្រូវរៀបចំជាស្រេចពិតមែន តែអស់អ្នកដែលបានត្រូវអញ្ជើញមិនសមនឹងមកឡើយ។+
៩ ដូច្នេះ ចូរទៅផ្លូវធំទាំងប៉ុន្មាន ហើយបើជួបអ្នកណា ចូរអញ្ជើញអ្នកនោះមកពិសាភោជនាហារចុះ›។+
១០ ម្ល៉ោះហើយ ពួកខ្ញុំបម្រើទាំងនោះចេញទៅផ្លូវធំទាំងប៉ុន្មាន ហើយប្រមូលមនុស្សទាំងអស់ដែលពួកគេបានជួប ទាំងមនុស្សល្អទាំងមនុស្សអាក្រក់ ហើយសាលពិធីមង្គលការបានពេញទៅដោយមនុស្សកំពុងអង្គុយពិសាភោជនាហារ។
១១ «ពេលដែលស្ដេចចូលមកពិនិត្យមើលភ្ញៀវ នោះលោកក្រឡេកទៅឃើញបុរសម្នាក់មិនស្លៀកសម្លៀកបំពាក់សម្រាប់ចូលរួមពិធីមង្គលការទេ។
១២ ដូច្នេះ លោកសួរបុរសនោះថា៖ ‹សម្លាញ់! ហេតុអ្វីអ្នកអាចចូលមកទីនេះបាន ដោយមិនស្លៀកសម្លៀកបំពាក់សម្រាប់ចូលរួមពិធីមង្គលការ?›។ បុរសនោះរកឆ្លើយអ្វីមិនរួចឡើយ។
១៣ បន្ទាប់មក ស្ដេចបង្គាប់ពួកខ្ញុំបម្រើថា៖ ‹ចូរចងដៃចងជើងបុរសនេះ ហើយបោះទៅខាងក្រៅក្នុងទីងងឹត។ នៅទីនោះ គាត់នឹងយំ ហើយសង្កៀតធ្មេញ›។
១៤ «ព្រោះមនុស្សជាច្រើនបានត្រូវអញ្ជើញ តែមនុស្សតិចទេដែលបានត្រូវជ្រើសរើស»។
១៥ រួចមក ពួកផារិស៊ីបានទៅប្រឹក្សាគ្នារកវិធីដើម្បីនាំឲ្យលោកនិយាយអ្វីដែលពួកគេអាចចោទប្រកាន់លោកបាន។+
១៦ ដូច្នេះ ពួកផារិស៊ីក៏ចាត់អ្នកកាន់តាមរបស់ពួកគេនិងពួកអ្នកគាំទ្រហេរ៉ូឌ ឲ្យទៅឯលោកយេស៊ូ។+ អ្នកទាំងនោះបាននិយាយទៅលោកថា៖ «លោកគ្រូ យើងដឹងថាលោកតែងតែនិយាយពាក្យពិត ហើយបង្រៀនសេចក្ដីពិតអំពីផ្លូវរបស់ព្រះ លោកមិនផ្គាប់ផ្គុនអ្នកណាឡើយ ពីព្រោះលោកមិនចាប់អារម្មណ៍នឹងសម្បកក្រៅរបស់អ្នកណាទេ។
១៧ ដូច្នេះ តើលោកគិតដូចម្ដេច? សូមប្រាប់យើង តើមានច្បាប់ឲ្យបង់ពន្ធជូនសេសារឬទេ?»។*
១៨ ក៏ប៉ុន្តែ លោកយេស៊ូជ្រាបអំពីភាពទុច្ចរិតរបស់ពួកគេ នោះលោកមានប្រសាសន៍ថា៖ «នែ! មនុស្សលាក់ពុត! ហេតុអ្វីអ្នករាល់គ្នាខំល្បងមើលខ្ញុំដូច្នេះ?
១៩ ចូរយកកាក់សម្រាប់បង់ពន្ធដារមកបង្ហាញខ្ញុំ»។ ពួកគេយកប្រាក់ឌីណារី*មួយមកជូនលោក។
២០ រួចលោកសួរពួកគេថា៖ «តើនេះជារូបនិងឈ្មោះរបស់អ្នកណា?»។
២១ ពួកគេឆ្លើយថា៖ «ជារូបនិងឈ្មោះរបស់សេសារ»។ នោះលោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «បើដូច្នេះ អ្វីដែលជារបស់សេសារ ចូរសងសេសារវិញ តែអ្វីដែលជារបស់ព្រះ ចូរសងព្រះវិញ»។+
២២ ពេលដែលឮដូច្នេះ ពួកគេកោតស្ងើចក្នុងចិត្ត រួចបានចេញពីលោកទៅ។
២៣ នៅថ្ងៃនោះ ពួកសាឌូស៊ីដែលជាអ្នកមិនជឿថាមានការប្រោសឲ្យរស់ឡើងវិញ+ បានមកសួរលោកថា៖+
២៤ «លោកគ្រូ ម៉ូសេបានប្រាប់ថា៖ ‹បើបុរសណាម្នាក់ស្លាប់ទៅ តែគ្មានកូន បងឬប្អូនប្រុសរបស់បុរសនោះ ត្រូវរៀបការជាមួយនឹងប្រពន្ធបុរសនោះ ដើម្បីបង្កើតកូនបន្តពូជឲ្យគាត់›។+
២៥ ក្នុងចំណោមយើង ធ្លាប់មានបងប្អូនប្រុស៧នាក់។ បងច្បងបានរៀបការ រួចមកបានស្លាប់ទៅ តែគ្មានកូនទេ ហើយប្អូនបន្ទាប់បានរៀបការជាមួយនឹងប្រពន្ធគាត់។
២៦ ក្រោយពីបានយកនាងធ្វើជាប្រពន្ធ នោះប្អូនបន្ទាប់ក៏បានស្លាប់ តែគ្មានកូនដែរ។ ប្អូនទី២ ប្អូនទី៣ រហូតដល់ប្អូនពៅក៏ដូច្នេះដែរ។
២៧ នៅទីបំផុត ស្ត្រីនោះក៏បានស្លាប់ទៅដែរ។
២៨ ដូច្នេះ ពេលដែលរស់ឡើងវិញ តើអ្នកណាក្នុងចំណោមបងប្អូន៧នាក់នោះត្រូវជាប្ដីរបស់នាង? ព្រោះពួកគេទាំងអស់សុទ្ធតែបានយកនាងធ្វើជាប្រពន្ធ»។
២៩ លោកយេស៊ូតបឆ្លើយទៅពួកគេថា៖ «អ្នករាល់គ្នាយល់ខុសហើយ ពីព្រោះអ្នកមិនស្គាល់បទគម្ពីរ ហើយក៏មិនស្គាល់ឫទ្ធានុភាពរបស់ព្រះដែរ។+
៣០ ព្រោះពេលដែលមនុស្សរស់ឡើងវិញ បុរសនិងស្ត្រីមិនយកគ្នាជាប្ដីប្រពន្ធឡើយ តែពួកគេគឺដូចបណ្ដាទេវតានៅស្ថានសួគ៌វិញ។+
៣១ ប៉ុន្តែ ស្ដីអំពីការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញនោះ តើអ្នកមិនធ្លាប់អានទេឬ នូវអ្វីដែលព្រះបានមានប្រសាសន៍ទៅកាន់អ្នករាល់គ្នាថា៖
៣២ ‹ខ្ញុំជាព្រះរបស់អាប្រាហាំ និងជាព្រះរបស់អ៊ីសាក ហើយជាព្រះរបស់យ៉ាកុប›?+ លោកមិនមែនជាព្រះរបស់មនុស្សស្លាប់ឡើយ តែជាព្រះរបស់មនុស្សរស់»។+
៣៣ ពេលឮសេចក្ដីបង្រៀនរបស់លោក បណ្ដាជនបាននឹកអស្ចារ្យក្នុងចិត្តក្រៃលែង។+
៣៤ ក្រោយពីពួកផារិស៊ីបានឮថា លោកបានធ្វើឲ្យពួកសាឌូស៊ីបាត់មាត់ នោះពួកគេបានមូលគ្នាជាក្រុមមួយ
៣៥ ហើយពួកគេម្នាក់ដែលចេះច្បាប់ស្ទាត់ បានល្បងមើលលោក ដោយសួរថា៖
៣៦ «លោកគ្រូ ក្នុងច្បាប់*តើបញ្ញត្ដិមួយណាសំខាន់ជាងគេ?»។+
៣៧ លោកមានប្រសាសន៍ទៅគាត់ថា៖ «‹អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ា*ជាព្រះរបស់អ្នក ឲ្យអស់ពីដួងចិត្ត អស់ពីជីវិត* និងអស់ពីសមត្ថភាពរិះគិត›។+
៣៨ នេះជាបញ្ញត្ដិទី១ ហើយជាបញ្ញត្ដិសំខាន់ជាងគេ។
៣៩ បញ្ញត្ដិសំខាន់ទី២ក៏ស្រដៀងនឹងនេះដែរ គឺ៖ ‹អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក›។+
៤០ បញ្ញត្ដិទាំងពីរនេះជាមូលដ្ឋាននៃច្បាប់ទាំងមូល និងជាសេចក្ដីបង្រៀនរបស់ពួកអ្នកប្រកាសទំនាយ»។+
៤១ ពេលដែលពួកផារិស៊ីនៅជុំគ្នានោះ លោកយេស៊ូសួរពួកគេថា៖+
៤២ «តើអ្នករាល់គ្នាគិតដូចម្ដេចអំពីគ្រិស្ត? តើលោកជាបុត្ររបស់អ្នកណា?»។ ពួកគេឆ្លើយថា៖ «បុត្ររបស់ដាវីឌ»។+
៤៣ លោកមានប្រសាសន៍ទៅពួកគេថា៖ «ចុះហេតុអ្វីបានជាឫទ្ធានុភាពរបស់ព្រះបានបណ្ដាលឲ្យដាវីឌ+ហៅគ្រិស្តថាលោកម្ចាស់ ពេលគាត់និយាយថា៖
៤៤ ‹ព្រះយេហូវ៉ា*មានប្រសាសន៍ទៅកាន់លោកម្ចាស់ខ្ញុំថា៖ «ចូរអង្គុយនៅខាងស្ដាំដៃខ្ញុំ រហូតដល់ខ្ញុំដាក់ពួកសត្រូវរបស់អ្នកនៅក្រោមបាតជើងអ្នក»›?+
៤៥ ដូច្នេះ ប្រសិនបើដាវីឌហៅគ្រិស្តថាលោកម្ចាស់ នោះតើលោកអាចជាបុត្ររបស់ដាវីឌដូចម្ដេចបាន?»។+
៤៦ គ្មានអ្នកណាម្នាក់អាចតបឆ្លើយមួយម៉ាត់ទៅលោកបានឡើយ ហើយគ្មានអ្នកណាម្នាក់ហ៊ានសួរលោកតទៅទៀតចាប់តាំងពីថ្ងៃនោះមក។
កំណត់សម្គាល់
^ ឬ«តើការបង់ពន្ធជូនសេសារជាការត្រឹមត្រូវទេ?»
^ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
^ នេះសំដៅលើច្បាប់ដែលព្រះបានឲ្យជនជាតិអ៊ីស្រាអែលតាមរយៈម៉ូសេ
^ មើលនិយមន័យពាក្យ«ជីវិត»