សៀវភៅម៉ាថាយ ៤:១-២៥

  • មេកំណាច​ល្បួង​លោក​យេស៊ូ (​១​-​១១)

  • លោក​យេស៊ូ​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​នៅ​ស្រុកកាលីឡេ (​១២​-​១៧)

  • ការ​ហៅ​ឲ្យ​មក​ធ្វើ​ជា​អ្នក​កាន់​តាម​ដំបូង (​១៨​-​២២)

  • លោក​យេស៊ូ​ផ្សព្វ​ផ្សាយ បង្រៀន និង​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ (​២៣​-​២៥)

 ក្រោយ​មក ឫទ្ធានុភាព​របស់​ព្រះ​បាន​នាំ​លោក​យេស៊ូ​ទៅ​តំបន់​ស្ងាត់​ជ្រងំ ហើយ​មេកំណាច*+បាន​ល្បួង​លោក។+ ២  ក្រោយ​ពី​លោក​បាន​តម​អាហារ​អស់​៤០​ថ្ងៃ​៤០​យប់ នោះ​លោក​ក៏​ឃ្លាន។ ៣  រួច​មក មេ​ល្បួង+បាន​មក ហើយ​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​ប្រសិន​បើ​អ្នក​ជា​កូន​របស់​ព្រះ​មែន ចូរ​បង្គាប់​ឲ្យ​ដុំ​ថ្ម​ទាំង​នេះ​ក្លាយ​ជា​នំ​ប៉័ង*ទៅ​»។ ៤  ប៉ុន្តែ លោក​តប​ឆ្លើយ​ថា​៖ ​«​បទ​គម្ពីរ​ចែង​ថា​៖ ‹មនុស្ស​មិន​ត្រូវ​រស់​ដោយ​សារ​តែ​នំ​ប៉័ង*ប៉ុណ្ណោះ​ទេ តែ​ដោយ​សារ​គ្រប់​ទាំង​ប្រសាសន៍​ដែល​ចេញ​ពី​មាត់​របស់​ព្រះ​យេហូវ៉ា›​»។*+ ៥  ក្រោយ​មក មេកំណាច​នាំ​លោក​ចូល​ទៅ​ក្នុង​ក្រុង​បរិសុទ្ធ*+ រួច​ដាក់​លោក​នៅ​លើ​ទី​ខ្ពស់​បំផុត*នៃ​កំពែង​វិហា​រ+ ៦  ហើយ​ប្រាប់​ថា​៖ ​«​ប្រសិន​បើ​អ្នក​ជា​កូន​របស់​ព្រះ​មែន ចូរ​លោត​ចុះ​ទៅ​ក្រោម ពី​ព្រោះ​បទ​គម្ពីរ​ចែង​ថា​៖ ‹លោក​នឹង​ឲ្យ​ការ​ណែនាំ​ស្ដី​អំពី​អ្នក ដល់​បណ្ដា​ទេវតា​របស់​លោក› ហើយ​‹ពួក​គេ​នឹង​ទ្រ​អ្នក​លើ​ដៃ​របស់​ពួក​គេ មិន​ឲ្យ​ជើង​របស់​អ្នក​ទង្គិច​នឹង​ថ្ម​ឡើយ›​»។+ ៧  លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​មេកំណាច​ថា​៖ ​«​បទ​គម្ពីរ​ចែង​ទៀត​ថា​៖ ‹អ្នក​មិន​ត្រូវ​ល្បង​ល​ព្រះ​យេហូវ៉ា*ជា​ព្រះ​របស់​អ្នក​ឡើយ›​»។+ ៨  បន្ទាប់​មក មេកំណាច​បាន​យក​លោក​ទៅ​លើ​ភ្នំ​មួយ​ដ៏​ខ្ពស់​ក្រៃ​លែង រួច​បង្ហាញ​លោក​នូវ​រាជាណាចក្រ​ទាំង​ឡាយ​ក្នុង​ពិភព​លោក និង​ភាព​រុង​រឿង​របស់​រាជាណាចក្រ​ទាំង​នោះ+ ៩  ហើយ​និយាយ​ថា​៖ ​«​ខ្ញុំ​នឹង​ឲ្យ​អ្វី​ៗ​ទាំង​នេះ​ដល់​អ្នក ប្រសិន​បើ​អ្នក​ក្រាប​ប្រណិប័តន៍​ខ្ញុំ​ម្ដង​»។ ១០  នោះ​លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​អ្នក​នោះ​ថា​៖ ​«​នែ! សាថាន!* ចូរ​ទៅ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ! ពី​ព្រោះ​បទ​គម្ពីរ​ចែង​ថា​៖ ‹គឺ​ព្រះ​យេហូវ៉ា*ជា​ព្រះ​របស់​អ្នក ដែល​អ្នក​ត្រូវ​គោរព​ប្រណិប័តន៍+ ហើយ​គឺ​សម្រាប់​តែ​លោក​ប៉ុណ្ណោះ ដែល​អ្នក​ត្រូវ​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ›​»។+ ១១  រួច​មេកំណាច​បាន​ចេញ​ពី​លោក​ទៅ+ ហើយ​មើល! ពួក​ទេវតា​បាន​មក​បម្រើ​លោក។+ ១២  ពេល​ដែល​លោក​ឮ​ថា​យ៉ូហាន​បាន​ត្រូវ​ចាប់​ខ្លួន+ នោះ​លោក​ចេញ​ទៅ​ស្រុក​កាលីឡេ។+ ១៣  បន្ថែម​ទៀត ក្រោយ​ពី​លោក​ចេញ​ពី​ក្រុង​ណាសារ៉ែត លោក​បាន​ទៅ​រស់​នៅ​ក្រុង​កាពើណិម+ដែល​នៅ​ក្បែរ​សមុទ្រ ក្នុង​តំបន់​សេប៊ូឡូន និង​តំបន់​ណែបថាលី។ ១៤  នេះ​ដើម្បី​សម្រេច​ទំនាយ​ដែល​បាន​ត្រូវ​ប្រកាស​តាម​រយៈ​អេសាយ។ ទំនាយ​នោះ​ថា​៖ ១៥  ​«​ឱ​ទឹក​ដី​សេប៊ូឡូន​និង​ទឹក​ដី​ណែបថាលី ជា​ស្រុក​កាលីឡេ​នៃ​ប្រជា​ជាតិ​នា​នា​អើយ អ្នក​ជា​ស្រុក​ដែល​នៅ​តាម​ផ្លូវ​ទៅ​ឯ​សមុទ្រ ហើយ​ក៏​នៅ​ខាង​លិច​នៃ​ទន្លេ​យ៉ូដាន់! ១៦  បណ្ដា​ជន​ដែល​កំពុង​រស់​នៅ​ទី​ងងឹត​បាន​ឃើញ​ពន្លឺ​ដ៏​ភ្លឺ​ចិញ្ចាច ហើយ​ចំណែក​អស់​អ្នក​ដែល​នៅ​តំបន់​ដែល​នៅ​ក្រោម​ស្រមោល​នៃ​សេចក្ដី​ស្លាប់ នោះ​ពន្លឺ+បាន​រះ​មក​លើ​ពួក​គេ​»។+ ១៧  ចាប់​ពី​ពេល​នោះ​មក លោក​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ​ថា​៖ ​«​ចូរ​ប្រែ​ចិត្ត ព្រោះ​រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ជិត​ដល់​ហើយ​»។+ ១៨  លុះ​ពេល​ដែល​លោក​កំពុង​ដើរ​តាម​ឆ្នេរ​សមុទ្រ*កាលីឡេ លោក​ឃើញ​បង​ប្អូន​ប្រុស​ពីរ​នាក់​ដែល​ជា​អ្នក​នេសាទ ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ដែល​ហៅ​ថា​ពេត្រុស+ ហើយ​ម្នាក់​ទៀត​ឈ្មោះ​អនទ្រេ​ជា​ប្អូន។ នៅ​ពេល​នោះ ពួក​គាត់​កំពុង​បង់​សំណាញ់​ទៅ​ក្នុង​សមុទ្រ។+ ១៩  លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ចូរ​មក​តាម​ខ្ញុំចុះ! ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​អ្នក​នេសាទ​មនុស្ស​វិញ​»។+ ២០  ពួក​គាត់​បាន​ទុក​សំណាញ់​ចោល​ភ្លាម ហើយ​ទៅ​តាម​លោក។*+ ២១  កាល​បាន​ដើរ​ហួស​ពី​នោះ លោក​ឃើញ​កូន​ប្រុស​ពីរ​នាក់​របស់​សេបេដេ គឺ​យ៉ាកុប​និង​ប្អូន​របស់​គាត់​ឈ្មោះ​យ៉ូហាន។+ ពួក​គាត់​កំពុង​ជួស​ជុល​សំណាញ់​នៅ​ក្នុង​ទូក​ជា​មួយ​នឹង​សេបេដេ​ដែល​ជា​ឪពុក​របស់​ពួក​គាត់។ លោក​ក៏​បាន​ហៅ​ពួក​គាត់​ដែរ។+ ២២  ភ្លាម​នោះ ពួក​គាត់​បាន​ចាក​ចេញ​ពី​ឪពុក​និង​ទូក ហើយ​ទៅ​តាម​លោក។ ២៣  រួច​មក លោក​បាន​ធ្វើ​ដំណើរ​ពេញ​ស្រុកកាលីឡេ​ទាំង​មូល។+ លោក​បាន​បង្រៀន​ក្នុង​សាលា​ប្រជុំ*+ និង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ ក៏​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ​ពី​ជំងឺ​និង​រោគា​គ្រប់​ប្រភេទ។+ ២៤  រួច​ដំណឹង​អំពី​លោក​បាន​លេច​ឮ​ពេញ​ស្រុក​ស៊ីរី​ទាំង​មូល ហើយ​ពួក​គេ​បាន​នាំ​អស់​អ្នក​ដែល​មាន​ទុក្ខ​លំបាក មនុស្ស​ដែល​កំពុង​ឈឺ​ចាប់​ដោយ​ជំងឺ​ផ្សេង​ៗ​+ មនុស្ស​ដែល​មាន​វិញ្ញាណ​កំណាច​ចូល*+ មនុស្ស​ឆ្កួត​ជ្រូក+ និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង មក​ឯ​លោក ហើយ​លោក​បាន​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ជា​សះ​ស្បើយ។ ២៥  ម្ល៉ោះ​ហើយ មនុស្ស​ជា​ច្រើន​ពី​ស្រុក​កាលីឡេ តំបន់​ដេកាប៉ូល* ក្រុង​យេរូសាឡិម តំបន់​យូឌា និង​ពី​ត្រើយ​ម្ខាង​នៃ​ទន្លេ​យ៉ូដាន់ បាន​ទៅ​តាម​លោក។

កំណត់សម្គាល់

ភាសា​ក្រិច​«​ឌីអាបូឡូស​»​មាន​ន័យ​ថា​«​អ្នក​បង្កាច់​បង្ខូច​»​
ឬ​«​អាហារ​»​
ឬ​«​អាហារ​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
នេះ​សំដៅ​លើ​ក្រុង​យេរូសាឡិម
ឬ​«​ប៉ម​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
ភាសា​ក្រិច​«​សាថាណាស​»​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»​ឬ​«​សត្រូវ​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
តាម​ពិត​ជា​បឹង​មួយ។ គម្ពីរ​ក៏​ហៅ​ថា​បឹង​កេណិសារ៉ែត សមុទ្រ​កាលីឡេ និង​សមុទ្រ​ទិបេរៀស
ក្នុង​ខ​នេះ ពាក្យ​ថា​«​ទៅ​តាម​លោក​»​សំដៅ​លើ​ការ​ក្លាយ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ
កន្លែង​ដែល​ជនជាតិ​យូដា​ជួប​ជុំ​ដើម្បី​អធិដ្ឋាន​ហើយ​អាន​បទ​គម្ពីរ
ភាសា​ក្រិច​«​ដាយម៉ូនីហ្សូម៉ាយ​»។ សំដៅ​លើ​មនុស្ស​ដែល​មាន​ទេវតា​អាក្រក់​ចូល
ឬ​«​តំបន់​ក្រុង​ទាំង​១០​»​